ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ណែនាំប្រាប់ក្រុមហ៊ុន និងវិនិយោគិនជនជាតិអាមេរិកាំងឱ្យប្រុងប្រយ័ត្នមុននឹងបណ្តាក់ទុនវិនិយោគលើវិស័យប្រកបដោយហានិភ័យខ្ពស់មួយចំនួននៅកម្ពុជា។
ការណែនាំនេះ ធ្វើឡើងនៅក្នុង សេចក្តីជូនដំណឹងមួយរបស់ស្ថានទូត ផ្សាយកាលពីថ្ងៃទី១០ ខែវិច្ឆិកា ស្របពេលដែលអាមេរិកប្រកាសដាក់ ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងរឹតត្បិតទិដ្ឋាការលើមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាពីររូប គឺនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក។
បើតាមស្ថានទូតសហរដ្ឋអាមេរិក វិស័យប្រកបដោយហានិភ័យខ្ពស់នៅកម្ពុជាទាំងនោះ រួមមាន វិស័យហិរញ្ញវត្ថុ អចលនទ្រព្យ កាស៊ីណូ និងហេដ្ឋារចនាសម្ព័ន្ធ។ ក្រៅពីនោះ ស្ថានទូតក៏ណែនាំប្រាប់ឱ្យក្រុមហ៊ុនអាមេរិកាំងប្រុងប្រ័យត្នចំពោះការធ្វើអាជីវកម្មជាមួយនឹងក្រុមហ៊ុនសញ្ជាតិកម្ពុជាទាំងឡាយដែលអាចជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស សត្វព្រៃ និងគ្រឿងញៀន ព្រមទាំងហានិភ័យជាច្រើនទៀតនៅក្នុងវិស័យកម្មន្តសាល និងឈើហ៊ុប។
ស្ថានទូតសហរដ្ឋអាមេរិក ណែនាំដល់ក្រុមហ៊ុន និងវិនិយោគិនជនជាតិអាមេរិកាំងឱ្យយល់ដឹងអំពីហានិភ័យផ្នែកកេរ្តិ៍ឈ្មោះ សេដ្ឋកិច្ច និងច្បាប់ ដែលពួកគេអាចប្រឈមនៅពេលរកស៊ីជាមួយនឹងក្រុមហ៊ុននៅកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្ស សកម្មភាពឧក្រិដ្ឋ ឬអំពើពុករលួយជាដើម។ ស្ថានទូតផ្តល់អនុសាសន៍ថា ដើម្បីកាត់បន្ថយនូវហានិភ័យទាំងនេះ ក្រុមហ៊ុនអាមេរិកាំងទាំងអស់ គួរតែអនុវត្តនូវគោលនយោបាយ និងនីតិវិធីនៃការពិនិត្យពិច័យផ្ទៀងផ្ទាត់ និងស្រាវជ្រាវឱ្យបានហ្មត់ចត់មុននឹងសម្រេចវិនិយោគនៅកម្ពុជា។
ចាប់តាំងពីឆ្នាំ២០១៧ រហូតមកទល់សព្វថ្ងៃនេះ កម្ពុជាជាប់ឈ្មោះក្នុងបញ្ជី «ប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខ្ពស់ផ្នែកអំពើលាងលុយកខ្វក់នៅលើពិភពលោក របស់អង្គការអន្តរជាតិឃ្លាំមើលអំពើលាងលុយកខ្វក់ឈ្មោះ ក្រុមការងារហិរញ្ញវត្ថុ (FATF)។ ក្រោយមក ស្ថាប័នហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏ដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីឃ្លាំមើលនៃក្រុមប្រទេសមានហានិភ័យខ្ពស់ផ្នែកអំពើលាងលុយកខ្វក់នេះដែរ។
ជាក់ស្តែង ស្ថានទូតបញ្ចេញភស្តុតាងថា មានមុខសញ្ញាឧក្រិដ្ឋជនជនជាតិចិន និងជនជាតិកូរ៉េខាងជើង ជាប់ពាក់ព័ន្ធក្នុងវិស័យកាស៊ីណូនៅកម្ពុជា។ បុគ្គលពីររូបនោះ មានឈ្មោះថា វ៉ាន គួក គ័យ (Wan Kuok Koi) ហៅ «ធ្មេញបាក់» គឺជាសមាជិកមួយរូបនៃសន្និបាតពិគ្រោះយោបល់នយោបាយប្រជាជនចិននៃគណបក្សកុម្មុយនិស្តចិន និងម្នាក់ទៀតឈ្មោះ គឹម ចូលសុខ (Kim Chol Sok) ហៅ «សុខា» ជាជនជាតិកូរ៉េខាងជើង។ ឧក្រិដ្ឋជនទាំងពីររូបនេះ ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងរឹតត្បិតទិដ្ឋាការ មិនខុសពីមន្ត្រីជាន់ខ្ពស់គ្រាក់ៗរបស់កម្ពុជាមួយចំនួន ដូចជា លោក ហ៊ីង ប៊ុនហៀង លោក គន់ គីម លោក ទ្រី ភាព ហើយចុងក្រោយនេះ គឺលោក ទៀ វិញ និងលោក ចៅ ភិរុណ ដែលពួកគេទាំងនេះ សុទ្ធតែជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
សហរដ្ឋអាមេរិក បានហាមប្រាមមិនឱ្យជនជាតិ ឬក្រុមហ៊ុនអាមេរិកាំងទាំងអស់ រកស៊ី ឬធ្វើប្រតិបត្តិការសាច់ប្រាក់ ពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលកម្ពុជាទាំងនេះឡើយ។ សហរដ្ឋអាមេរិក ចាត់ទុកថា អំពើពុករលួយកំពុងរីករាលដាលខ្លាំង និងចាក់ស្រេសនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
