ប្រជាពលរដ្ឋ និងមន្ត្រីរាជការមួយចំនួន ទទូចដល់រដ្ឋាភិបាល លោក ហ៊ុន សែន ឱ្យប្រញាប់ស្តារស្ថានការណ៍ធ្លាក់ចុះការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីរក្សាការអនុគ្រោះពន្ធ EBA។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពេលគណៈកម្មការអឺរ៉ុបបានសម្រេចដកការអនុគ្រោះពន្ធ ២០% ពីកម្ពុជា និងទុកពេលឱ្យរដ្ឋាភិបាលក្រុងភ្នំពេញកែប្រែខ្លួនឡើងវិញ មុនសេចក្តីសម្រេចនេះចូលជាធរមាននៅថ្ងៃទី១២ ខែសីហា ខាងមុខ។
ក្រុមពលរដ្ឋ និងមន្ត្រីរាជការ លើកឡើងថា ប្រសិនបើរដ្ឋាភិបាលសព្វថ្ងៃ គិតពីប្រយោជន៍ជាតិមែន នោះរដ្ឋាភិបាលត្រូវតែបំពេញទៅតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដែលស្នើឱ្យមានការកែលម្អស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា។
តំណាងសហគមន៍សាមគ្គីចេកមាស និងជាកសិករមួយរូបនៅខេត្តស្វាយរៀង អ្នកស្រី យស់ សោភ័ណ្ឌ ថ្លែងថា នៅពេលអឺរ៉ុបសម្រេចយកពន្ធលើទំនិញកម្ពុជា មិនមែនប៉ះពាល់វិស័យកាត់ដេរតែមួយនោះទេ ប៉ុន្តែវាក៏ប៉ះពាល់វិស័យស្រូវអង្ករដែរ។ អ្នកស្រីបន្តថា ករណី EBA នេះ ជាបញ្ហាធំ ដែលរដ្ឋាភិបាលត្រូវដោះស្រាយដោយយកចិត្តទុកដាក់ មិនមែនត្រឹមប្រាប់ប្រជាពលរដ្ឋកុំឱ្យភ័យនោះទេ៖ «កសិករដែលគាត់នៅតាមជនបទ ភាគច្រើនគឺគាត់រំពឹងលើបងប្អូនដែលធ្វើការនៅរោងចក្រ ហើយម្នាក់ៗជំពាក់លុយធនាគារ ហើយចុះបើគាត់គ្មានការងារធ្វើ សួរថាគាត់បានលុយពីណាទៅបង់ធនាគារ។ ខ្ញុំគិតថា បើផ្តាច់ EBA ហ្នឹង បញ្ហាសំខាន់តែលើកសិករ និងកម្មកររោងចក្រទេ។ ចំពោះគេអ្នកមានធំៗ គេអត់ខ្វល់។ ខ្ញុំគិតថា គេអត់ខ្វល់ វាត្រូវហើយ ព្រោះលុយគេចាយមិនអស់ផង។ លុយគេមានវាល់លាន លុយគេនៅប្រទេសនេះ ប្រទេសនោះមួយគំនរគរដី។ អ្នកដែលវេទនា វេទនាតែយើងរាស្ត្រទេតើ»។
ចំណែក មន្ត្រីរាជការមួយរូបនៅខេត្តព្រៃវែងដែលថ្លែងសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា លោកមានសាច់ញាតិជាច្រើននាក់ធ្វើការរោងចក្រហើយពួកគេកំពុងតែភ័យព្រួយខ្លាចបាត់បង់ការងារធ្វើ នៅពេលលឺដំណឹងថា អឺរ៉ុបដកការអនុគ្រោះពន្ធមួយផ្នែកពីកម្ពុជា។ លោកទទួលស្គាល់ថា ការបាត់បង់ EBA អាចមិនសូវប៉ះពាល់ដល់រូបលោកជាមន្ត្រីរាជការទេ ក៏ប៉ុន្តែលោកថា ទាំងសាច់ញាតិរបស់លោក និងពលរដ្ឋខ្មែរជាច្រើននាក់ទៀត កំពុងស្ថិតក្នុងហានិភ័យខ្ពស់ ព្រោះពួកគេជំពាក់បំណុលធនាគារ ហើយបើគ្មានការងារធ្វើទេ នោះពួកគេនឹងជួបការលំបាកកាន់តែខ្លាំង៖ «សំណូមពរដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល កុំនិយាយអ្វីរកតែដោះខ្លួន។ ត្រូវគិតប្រយោជន៍ជាតិជាធំ ប្រយោជន៍ប្រជាពលរដ្ឋជាធំ ព្រោះអស់លោកបានធ្វើការរាល់ថ្ងៃនេះ មិនមែនបានដោយគ្រួសារលោកដំឡើងនោះទេ ដោយសារប្រជាពលរដ្ឋទេដែលបោះឆ្នោតឱ្យដឹកនាំរាល់ថ្ងៃនេះ។កុំឱ្យប្រជាពលរដ្ឋរងទុក្ខតទៅទៀត សុំថាមិនបាច់ចែកអំណោយឱ្យប្រជាពលរដ្ឋទេ សុំតែឱ្យមានការងារធ្វើទៅបានហើយ»។
ស្រដៀងគ្នានេះ មន្ត្រីរាជការមួយរូបទៀតនៅខេត្តតាកែវ មានប្រសាសន៍ថា ប្រសិនបើកម្ពុជាបាត់បង់ការអនុគ្រោះពន្ធ EBA ហើយវិបត្តិនេះបង្កជាផលប៉ះពាល់ធំធេងដល់ប្រជាជាតិខ្មែរ នោះគឺជាកំហុសរបស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។ លោកថា ក្នុងរយៈពេលប៉ុន្មានខែទៅមុខទៀត លោកនាយករដ្ឋមន្ត្រីត្រូវតែប្រឹងប្រែងស្តារស្ថានការណ៍ស្រុកទេសឡើងវិញតាមលក្ខខណ្ឌរបស់គណៈកម្មការអឺរ៉ុប ប្រសិនបើមិនចង់ជាប់ឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រកម្ពុជា៖ « ប្រសិនបើទៅថ្ងៃអនាគត វាអាចរីករាលដាលធំជាងនេះ អ្នកដែលត្រូវទទួលខុសត្រូវធ្ងន់ជាងគេ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គាត់នឹងទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ ហើយចំពោះមុខប្រជាជាតិខ្មែរទាំងមូល។ គាត់មិនអាចទម្លាក់ទៅលើអ្នកណា ឬក៏បក្សប្រឆាំង ឬក៏ជនណាមួយក្រៅពីគាត់បានទេ ព្រោះប្រទេសខ្មែរស្ថិតនៅលើកណ្ដាប់ដៃរបស់គាត់។ បើនិយាយឱ្យចំកូនសោរស្ថិតនៅលើកណ្ដាប់ដៃរបស់គាត់ហើយ»។
ដោយឡែក យុវជនមួយរូប កញ្ញា យាន ស្រីយ៉ាន ថ្លែងថា សាច់ញាតិរបស់កញ្ញាជាច្រើននាក់ដែលជាកម្មកររោងចក្រកំពុងព្រួយបារម្ភអំពីការបាត់បង់ការងារ និងប្រាក់ចំណូល បន្ទាប់ពីគណៈកម្មការអឺរ៉ុបសម្រេចយកពន្ធ២០% ពីកម្ពុជា។ កញ្ញាស្នើឱ្យរដ្ឋាភិបាលពិចារណាអនុវត្តតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដើម្បីរក្សាការអនុគ្រោះពន្ធ EBA ដែលនឹងជួយឱ្យកម្មករមានការងារធ្វើបន្តទៅទៀត៖ «បើរដ្ឋាភិបាលរបស់យើងនៅតែធ្វើអ៊ីចឹងទៀត គឺមានន័យថា រំលោភសិទ្ធិមនុស្សកាន់តែខ្លាំងៗទៅ ហើយគឺគាត់ដូចថាអត់ទុកឱ្យកាសឱ្យប្រជាពលរដ្ឋរស់ស្រួល ហើយកាលណាប្រព័ន្ធ EBA គេផ្តាច់ទៅ អ៊ីចឹងធ្វើឱ្យប្រជាពលរដ្ឋអត់មានការងារធ្វើ ហើយគាត់ក៏ចំណាកស្រុកទៅប្រទេសផ្សេងៗក៏ច្រើននាក់ដែរ»។
សហភាពអឺរ៉ុបបានសម្រេចដកហូតការអនុគ្រោះពន្ធ២០% ពីកម្ពុជា កាលពីថ្ងៃទី១២ កុម្ភៈ កន្លងទៅ បន្ទាប់ពីរកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា ហើយកំណត់ត្រាអាក្រក់នេះ មិនត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន កែលម្អនោះឡើយ។ សេចក្តីសម្រេចនេះ នឹងចូលជាធរមាននៅថ្ងៃទី១២ ខែសីហា ខាងមុខ ប្រសិនបើគ្មានការជំទាស់ពីសភា និងក្រុមប្រឹក្សាអឺរ៉ុបទេនោះ។ ពេលនោះ កម្ពុជាត្រូវជាប់កាតព្វកិច្ចពន្ធប្រមាណជាជាង១០០ លានដុល្លារអាមេរិកចំពោះទំនិញនាំទៅសហភាពអឺរ៉ុប ដែលពីមុនមក កម្ពុជាបានរួចកាតព្វកិច្ចពន្ធទាំងស្រុងចំនួនជិត ៧០០លានដុល្លារ។
ជុំវិញការលើកឡើងពីកង្វល់ទាំងឡាយរឿង EBA និងការស្នើឱ្យស្តារស្ថានភាពសិទ្ធិមនុស្សនេះ អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន ចាត់ទុកថា ជាមតិធ្វើឡើងក្នុងទិសដៅប្រស់ឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ដែលលោកថា ផ្ទុយនឹងច្បាប់កម្ពុជា។ លោកបញ្ជាក់ថា ការបាត់បង់ EBA ត្រឹម ២០% មិនប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជាឡើយ ហើយរដ្ឋាភិបាលនៅតែអាចធានាបាននូវអត្ថប្រយោជន៍សម្រាប់កម្មករ៖ «ការចង់បានទាំងអស់ហ្នឹងហើយ សុទ្ធតែពាក់ព័ន្ធនឹងបញ្ហាការយកច្បាប់កម្ពុជាធ្វើជាល្បែងប្រជាធិបតេយ្យ យកច្បាប់កម្ពុជាធ្វើជាសិទ្ធិមនុស្ស ហើយយើងយល់ថា បើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះ ហើយសិទ្ធិមនុស្សមានការរំលោភធ្ងន់ធ្ងរ កម្ពុជាក្លាយទៅជាអ៊ីរ៉ាក់ អ៊ីរ៉ង់ ហើយ មិនមែនសុខសន្តិភាពបញ្ហាប៉ុណ្ណឹងទេ»។
ផ្ទុយពីការអះអាងនេះ ក្រុមសហជីពឯករាជ្យលើកឡើងថា កម្ពុជាអាចនឹងបាត់បង់ការអនុគ្រោះពន្ធច្រើនជាង២០% ទៀតនៅថ្ងៃខាងមុខ ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន មិនព្រមកែលម្អស្ថានភាពសិទ្ធិមនុស្សតាមការទាមទាររបស់គណៈកម្មការអឺរ៉ុបទេនោះ។ ជាមួយគ្នានេះ ពួកគេថា ផលប៉ះពាល់អាចមានទំហំធំធេងជាងនេះទៅទៀត ប្រសិនបើក្រុមហ៊ុនរបស់បស្ចិមលោកកាត់បន្ថយ ឬផ្អាកការបញ្ជាទិញទំនិញពីកម្ពុជា ដោយសារតែកំណត់ត្រាអាក្រក់ផ្នែកសិទ្ធិមនុស្សនេះ។
ក្រោយសេចក្តីសម្រេចរបស់ សហភាពអឺរ៉ុបមក ក្រុមហ៊ុនម៉ាកយីហោជាង៦០ ហើយនិងក្រុមហ៊ុនសំលៀកបំពាក់លំដាប់ពិភពលោក H&M បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ គាំទ្រវិធានការរបស់សហភាពអឺរ៉ុបលើកម្ពុជា ដែលធ្វើឡើងក្នុងគោលដៅប្រឆាំងតបតនឹងទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ក្រុមហ៊ុនទាំងនោះ បានជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន បំពេញទៅតាមលក្ខខណ្ឌរបស់គណៈកម្មការអឺរ៉ុប ដើម្បីឱ្យអឺរ៉ុបផ្លាស់ប្ដូរការសម្រេចចិត្តរបស់ខ្លួនវិញ ស្របទៅតាមបទបញ្ញត្តិស្ដីពីការអនុគ្រោះពន្ធទូទៅ។ លក្ខខណ្ឌទាំងនោះ រួមមាន ការកែលម្អទង្វើរំលោភបំពានធ្ងន់ធ្ងរផ្ទុយពីកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ព្រមទាំងការលើកស្ទួយសិទ្ធិការងារឱ្យស្របទៅតាមបទដ្ឋានរបស់អង្គការអន្តរជាតិខាងការងារ (ILO)។ ពួកគេព្រមានថា ប្រសិនបើស្ថានភាពអាក្រក់នេះមិនត្រូវបានកែលម្អទេ ហើយ EBA ត្រូវបាត់បង់មែន នោះវានឹងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា ជាពិសេសគឺប៉ះពាល់ដល់ទំនុកចិត្តនៃការវិនិយោគរបស់ពួកគេនៅប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។