កម្មករ​អូស​រទេះ​នៅ​ក្រុង​ប៉ោយប៉ែត​ចោទ​មន្ត្រី​គយ​ថា មិន​ឲ្យ​ពួក​គេ​ស៊ីឈ្នួល​ដឹក​ទំនិញ​នៅ​តំបន់​ព្រំដែន

0:00 / 0:00

កម្មករ​អូស​រទេះ​នៅ​ក្រុង​ប៉ោយប៉ែត ចោទ​មន្ត្រី​គយ​ថា មិន​ឲ្យ​ពួក​គេ​រកស៊ី​ឈ្នួល ដឹក​ទំនិញ​នៅ​តំបន់​ព្រំដែន ខេត្ត​បន្ទាយ​មាន​ជ័យ។ ការ​លើក​ឡើង​របស់​ពលរដ្ឋ​នេះ ដោយសារ​តែ​មន្ត្រី​គយ​ច្រក​ទ្វារ​ព្រំដែន​ក្រុង​ប៉ោយប៉ែត ហាមឃាត់​ពលរដ្ឋ​មិន​ឱ្យ​អូស​រទេះ​ដឹក​ទំនិញ ដោយ​តម្រូវ​ឱ្យ​ពួក​គេ​ដឹក​ទំនិញ​តាម​រថយន្ត​ជំនួសវិញ និង​ចាប់​ទំនិញ​របស់​ជន​ពិការ​ម្នាក់។ មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា មន្ត្រី​គយ​ច្រក​ទ្វារ​ព្រំដែន និង​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​បន្ធូរបន្ថយ​ដល់​ពលរដ្ឋ​ក្រីក្រ ដើម្បី​ឱ្យ​ពួក​គាត់​មាន​ការងារ​ធ្វើ និង​រក​ប្រាក់​ចំណូល​ដោះ​ស្រាយ​ជីវភាព។

កម្មករ​អូស​រទេះ​ដឹក​ទំនិញ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​អនុញ្ញាត​ឱ្យ​ពួក​គេ​អូស​រទេះ​ដឹក​ទំនិញ​ដូច​ដើម​ឡើង​វិញ ដើម្បី​រក​ប្រាក់​ចំណូល​ដោះ​ស្រាយ​ជីវភាព​គ្រួសារ។ ពួក​គាត់​លើក​ឡើង​ថា មន្ត្រី​គយ​នៅ​ច្រក​ព្រំដែន​ហាមឃាត់​មិន​ឱ្យ​អូស​រទេះ​ដឹក​ទំនិញ ធ្វើ​ឱ្យ​ពួក​គាត់​បាត់បង់​ប្រភព​ចំណូល និង​ជួប​ទុក្ខ​លំបាក​ក្នុង​ជីវភាព ។

កម្មករ​អូស​រទេះ ដឹក​ជញ្ជូន​ទំនិញ​ដែល​ជា​ជន​ពិការ​ជើង​ឆ្វេង​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត លោក ពៅ ចន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៦ កញ្ញា ថា គ្រួសារ​លោក​មាន​ជីវភាព​ខ្វះខាត ហើយ​ប្រកប​របរ​លក់​ដក់ដឿ និង​ចង្រិត​លក់​ឱ្យ​អ្នក​បំពង​លក់​គ្រាន់​បាន​ប្រាក់ ដើម្បី​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​ជា​ប្រចាំ។ លោក​បន្ត​ថា មន្ត្រី​គយ​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន បាន​ចាប់​ចង្រិត និង​ដក់ដឿ​របស់​លោក ដែល​ដឹក​ចេញ​តាម​ច្រក និង​បាន​នាំ​ខ្លួន​លោក​ទៅ​ធ្វើ​កិច្ចសន្យា​មិន​ឱ្យ​ដឹក​ជញ្ជូន​ទៀត​ឡើយ ដែល​ធ្វើ​ឱ្យ​ចង្រិត និង​ដក់ដឿ​របស់​លោក​ខូច​អស់។ លោក ពៅ ចន បន្ថែមថា ច្រក​ប៉ោយប៉ែត តាំង​ពី​បើក​ច្រក​មក គឺ​ពិបាក​ធ្វើ​ការងារ​រក​ប្រាក់​ចំណូល​ដោះ​ស្រាយ​ជីវភាព ដោយសារ​តែ​អាជ្ញាធរ​នៅ​តំបន់​ព្រំដែន​គាប​សង្កត់​ពលរដ្ឋ​ក្រីក្រ​ដឹក​ទំនិញ​បន្តិចបន្តួច៖ «គាត់​ចាប់​ដក់ដឿ​ខ្ញុំ ចាប់​ចង្រិត​ខ្ញុំ ដឹក១ ជើង២ ជើង​គាត់​ឱ្យ​មែន ដល់​ពេល​ចុង​ក្រោយ​គាត់​លែង​ឱ្យ លែង​ឱ្យ​យើង​ដឹក លែង​ឱ្យ​យើង​រកស៊ី។ ម៉្លោះ​ហើយ​ខ្ញុំ​ថា បើ​អត់​ឱ្យ​ខ្ញុំ​រកស៊ី​មាន​ពី​ណា​ចិញ្ចឹម​ប្រពន្ធ​កូន​ខ្ញុំ ហើយ​ខ្ញុំ​ពិការ​ជរា រកស៊ី​បន្តិចបន្តួច លោក​ឯង​បិទ​សិទ្ធិ​មិន​ឱ្យ​ខ្ញុំ​រកស៊ី។ ដល់ពេលដឹកមកជើងទី២គេចាប់ខ្ញុំបណ្ដោយ ជើងទី១គេអោយទៅ ចាប់​មិន​ឱ្យ​យើង​ដឹក​តែ​ម្ដង បិទ​មិន​ឱ្យ​យើង​រកស៊ី​តែ​ម្ដង​ផ្លូវ​ហ្នឹង។ អា​រឿង​ល្ពៅ​ចេះ​តែ​ខុស​ហើយ ដក់ដឿ​ចង្រិត​សោះ គេ​ថា គេ​អត់​ខុស ស្អី​ក៏​ខុសៗ ស្អី​ក៏​ចាប់ៗ ពិបាក​ណាស់​បង​អើយ អា​កន្លែង​ហ្នឹង ស្រេច​តែ​គេ​ថា បើ​គេ​អ្នក​ខាង​ជំនាញ​ហ្នឹង​ហើយ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​ប៉ោយប៉ែត លោក ងួន កុសល និង​អភិបាល​ក្រុង​ប៉ោយប៉ែត លោក គាត់ ហ៊ុល ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ ថ្ងៃ​ទី២៦ កញ្ញា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។ ប៉ុន្តែ​មន្ត្រី​គយ ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ចោទ​ប្រជាពលរដ្ឋ​ថា មូលហេតុ​ដែល​ហាមឃាត់​ពលរដ្ឋ​ស៊ីឈ្នួល​ដឹក​ទំនិញ ដោយសារ​ពួក​គេ​លួច​បង្កប់​ទំនិញ​ហាមឃាត់។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក ពៅ ចន បាន​បដិសេធ​ថា លោក និង​កម្មករ​អូស​រទេះ​ផ្សេង​ទៀត មិន​បាន​បង្កប់​ទំនិញ​ហាមឃាត់​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ឡើយ។ លោក​បញ្ជាក់​ថា ពួក​លោក គ្រាន់តែ​ដឹក​ចង្រិត និង​ដក់ដឿ ដើម្បី​លក់​រក​ប្រាក់​ចំណូល​ដោះ​ស្រាយ​ជីវភាព​តែ​ប៉ុណ្ណោះ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន ពៅ យល់​ឃើញ​ថា អាជ្ញាធរ​នៅ​តាម​ច្រក​ព្រំដែន និង​អភិបាល​ខេត្ត​ទទួល​បន្ទុក គួរតែ​សម្រួល​ដល់​ពលរដ្ឋ​ក្រីក្រ ដែល​ប្រកប​របរ​អូស​រទេះ និង​ដឹក​ឥវ៉ាន់​បន្តិចបន្តួច ដើម្បី​ឱ្យ​ពួក​គាត់​អាច​រក​ប្រាក់ ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ លោក​បន្ត​ថា ពលរដ្ឋ​ក្រីក្រ​គ្មាន​លទ្ធភាព​ទិញ​ឡាន ឬ​ដឹក​ជញ្ជូន​តាម​ឡាន​ឡើយ ហើយ​មន្ត្រី​គយ មិន​គួរ​ផ្ដាច់​សេដ្ឋកិច្ច​ពលរដ្ឋ ដោយ​មិន​ខ្វល់​ពី​ទុក្ខ​លំបាក​ពលរដ្ឋ និង​អត្ថប្រយោជន៍​ជីវភាព​កម្មករ​នោះ​ឡើយ។ លោក​បន្ថែម​ថា ការ​ដែល​ឈ្មួញ​យក​ឡាន​ធំៗ ដឹក​ទំនិញ​ជា​ការ មិន​បាន​ផ្ដល់​ឱកាស​ដល់​ពលរដ្ឋ ហើយ​ស្នើ​លោក​ឱ្យ​អាជ្ញាធរ​ពិនិត្យ​ឡើង​វិញ​ពី​ការ​ដឹក​ទំនិញ​របស់​រថយន្ត​ថៃ ដោយ​ដាក់​ទំនិញ ត្រឹម​ព្រំដែន ដើម្បី​ពលរដ្ឋ​ក្រីក្រ​មាន​ឱកាស​ដឹក​ទំនិញ​រក​ប្រាក់​ចំណូល​បាន៖ «ទី១ គឺ​រដ្ឋ​ត្រូវ​តែ​ពិនិត្យ​មើល​សម្រាប់​ឱកាស​មន្ត្រី​ពុក​រលួយ​មួយ​ចំនួន​នៅ​តាម​ច្រក​បណ្ដោយ​ទ្វារ​ព្រំដែន​ហ្នឹង ដែល​យក​ឱកាស​នៃ​ការ​បើក​ទ្វារ​ឡើង​វិញ គឺ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ ទី២ គឺ រឿងរ៉ាវ​នៅ​តាម​ព្រំដែន​ជា​ច្រើន ត្រូវ​ពិនិត្យ​ឡើងវិញ ត្រូវ​ផ្តល់​ឱកាស​ឱ្យ​ព័ត៌មាន​ទាំង​អស់ បើក​ទូលាយ​ក្នុង​ការ​យក​ព័ត៌មាន ហើយ​មួយ​ទៀត ទាក់ទង​ទៅ​នឹង​បណ្ដាញ​ព័ត៌មាន​នៅ​តាម​ព្រំដែន ក៏​មួយ​ចំនួន ត្រូវ​បាន​បិទ​ព័ត៌មាន​ដែរ។ ទី៣ គឺ​រដ្ឋ​ត្រូវ​ពិនិត្យ​មើល​ថា តើ​ស្ថានភាព​នៅ​តាម​ព្រំដែន ការ​ឃុបឃិត​របស់​មន្ត្រី​ពុក​រលួយ​ហ្នឹង​យ៉ាង​ណា ហើយ​ត្រូវ​ពិនិត្យ​មើល​មន្ត្រី​ទាំង​អស់​ហ្នឹង ថាតើ កម្រិត​នៃ​ការ​ធ្វើការ​ហ្នឹង មន្ត្រី​ហ្នឹង​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ប្រជាពលរដ្ឋ ជា​ពិសេស ទាក់ទង​ទៅ​នឹង​អំពើ​ពុក​រលួយ​នៅ​តាម​ច្រក​ទ្វារ​ហ្នឹង​ផង​ដែរ បើសិនជា​នៅតែ​បណ្ដែត​បណ្ដោយ​ទេ អា​រឿង​ដដែល គឺ​នៅ​តែ​ជា​ដដែល»

កាលពីថ្ងៃទី២១កញ្ញា កម្មករ​អូស​រទេះ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​នាំ​គ្នា​តវ៉ា​ជាមួយ​ក្រុម​សមត្ថកិច្ច​គយ ដែល​ឈរ​នៅ​ប្រចាំ​ការ​ទីនោះ ដោយ ពួក​គេ​ចោទ​មន្ត្រី​គយ​ថា ចាប់​ពួក​គេ​មិន​ឱ្យ​អូស​រទេះ​ដឹក​ឥវ៉ាន់​នោះ​ទេ កម្មករ​អូស​រទេះ​លើក​ឡើង​ថា ខាង​មន្ត្រី​គយ​តម្រូវ​ឲ្យ​ឈ្មួញ​កណ្ដាល​ដឹក​ទំនិញ​តាម​រថយន្ត​វិញ ដែល​មាន​ការ​បង់​លុយ​ដល់​មន្ត្រី​គយ ប៉ុន្តែ​ពួក​គេ​មិន​ព្រម ព្រោះ​ធ្វើ​ឱ្យ​បាត់បង់​មុខ​របរ​អូស​រទេះ​ចិញ្ចឹម​ជីវិត​របស់​កម្មករ។

អាជ្ញាធរ​កម្ពុជា និង​ថៃ​បាន​ឯកភាព​គ្នា​បើក​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ឡើង​វិញ កាល​ពី​ថ្ងៃ​ទី១ ឧសភា​កន្លង​ទៅ ប៉ុន្តែ​ការ​បើក​ច្រក​នេះ ដោយ​ច្រក​ទ្វារ​ព្រំដែន​ស្ទើរតែ​គ្រប់​កន្លែង​អាជ្ញាធរ​ថៃ​បាន​ហាមឃាត់​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ចូល​ទៅ​អូស​រទេះ​ឆ្លងកាត់​ព្រំដែន ឬ​ទៅ​ប្រកប​របរ​នៅ​ខាង​ទឹកដី​ថៃ​បាន​ដូច​ពេល​មុន​ឡើយ។

ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល អំពាវនាវ​ដល់​រដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ថា គួរ​ពិនិត្យ បើក​ទូលាយ​ព័ត៌មាន​នៅ​តាម​ព្រំដែន ដើម្បី​សិក្សា​រក​យន្តការ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ ហើយ​ចៀសវាង​នាំ​ឱ្យ​មាន​ពលរដ្ឋ​ចំណាក​ស្រុក និង​វិបត្តិ​ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ​នៅ​តាម​ព្រំដែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។