ពលករខ្មែរនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូងស្ដីបន្ទោសរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ករណីទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ ពួកគេជំរុញទៅរដ្ឋាភិបាលឱ្យគិតគូរឡើងវិញតាមសំណើរបស់សហភាពអឺរុប ក្នុងរយៈពេល ៦ខែទៀតមុនទណ្ឌកម្មនេះចូលជាធរមាន។
ពលករនៅប្រទេសកូរ៉េខាងត្បូង និងជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់លោក ម៉ាត់ វណ្ណនី យល់ថា ទណ្ឌកម្មរបស់សហភាពអឺរ៉ុបបែបនេះ គឺធ្វើឲ្យប៉ះពាល់ដល់កម្មករ និងអ្នកធ្វើការងារទាក់ទងវិស័យនេះ ព្រមទាំងសាច់ញាតិរបស់កម្មករផង។ លោកបន្តថា ទោះលោកជាពលករនៅក្រៅប្រទេស ដែលមិនរងគ្រោះ ព្រោះបញ្ហានេះក្តី ប៉ុន្តែលោកថា លោកឈឺចិត្តអាណិតពលរដ្ឋខ្មែរដូចគ្នា ដែលរងការប៉ះពាល់ព្រោះបញ្ហានេះ៖ «»
ស្រដៀងគ្នានេះដែរ ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនម្នាក់លោកស្រី សៀ ណៃគួយ លោកស្រីយល់ថា បញ្ហារបស់កម្មករនេះ គឺមកពីរដ្ឋាភិបាលលោក ហ៊ុន សែន ដែលមិនព្រមស្ដាប់តាមការទាមទាររបស់សហភាពអឺរ៉ុប។ លោកស្រីបន្តថា ស្ថានភាពរបស់កម្មករកម្មការិនីនៅកម្ពុជាសព្វថ្ងៃកំពុងជួបការលំបាកស្រាប់ទៅហើយ ដូច្នេះបញ្ហានេះនឹងធ្វើឲ្យកម្មកររឹតតែក្រថែមទៀត៖ «»
ជុំវិញកង្វល់ និងការលើកឡើងរបស់ពលករខ្មែរនៅក្រៅប្រទេសបែបនេះ អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី១៣ ខែកុម្ភៈ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា ការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធនេះមិនប៉ះពាល់សេដ្ឋកិច្ចកម្ពុជាទេ។
ប្រធានចលនាយុវជនសង្គ្រោះជាតិនៅប្រទេសជប៉ុន លោក ហៃ វណ្ណា យល់ថា ការដែលសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធត្រឹម ២០ភាគរយពីកម្ពុជានេះ គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ លោកបន្តថា បើរដ្ឋាភិបាលនៅតែរឹងរូសមិនធ្វើតាមសំណើរបស់សហភាពអឺរ៉ុប គឺកម្ពុជាអាចនឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីអឺរ៉ុបទាំងអស់តែម្ដង៖ «»
លោក ហៃ វណ្ណា ដែលតែងតែដឹកនាំធ្វើបាតុកម្មនៅក្រៅប្រទេសប្រឆាំងរដ្ឋាភិបាលថា ពេលនេះក្រុមលោកកំពុងប្រជុំផ្ទៃក្នុង ដើម្បីរិះរកមធ្យោបាយទាមទារដាក់សម្ពាធទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីឲ្យងាកមកស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។