ពលករ​ខ្មែរ​នៅ​ថៃ​រិះគន់​លោក ហ៊ុន សែន ដែល​នៅ​តែ​មិន​ខ្វល់​ពី​ការ​ព្យួរ EBA ថា ជា​ការ​មិន​គិតគូរ​ដល់​អ្នក​ក្រ

ដោយ សេក បណ្ឌិត
2020-02-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ​ទិវា ៧ មករា ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០២០។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ​ទិវា ៧ មករា ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ពលករ​ខ្មែរ​មួយ​ចំនួន​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ប្រតិកម្ម​នឹង​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​មិន​​ធ្វើ​តាម​អនុសាសន៍​របស់​សហភាព​អឺរ៉ុប​ឱ្យ​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ​ ដើម្បី​រក្សា​ការ​អនុគ្រោះ​ពន្ធ EBA ថា ​ជា​ការ​ធ្វើ​ឡើង​ដើម្បី​​តែ​រក្សា​អំណាច​របស់​ខ្លួន​ទៅ​មុខ​ទៀត​​ ដោយ​មិន​​គិត​​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​ឡើយ។

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​​​នៅ​ក្នុង​ស្រុក​ងើប​តវ៉ា​​​​បណ្ដេញ​លោក ហ៊ុន សែន​ ​ចេញ​ពី​តំណែង​ ដើម្បី​រក្សា​ពន្ធ EBA ពី​សហភាព​អឺរ៉ុប។

ពលករ​ធ្វើ​នៅ​ខេត្ត​សមុទ្រ​ប្រាកាណ ​(Samut Prakan) ​លោក​ ថន ស្ដើង​ ថ្លែង​នៅ​ថ្ងៃ​ទី​១១ ​កុម្ភៈ​ថា ប្រព័ន្ធ​អនុគ្រោះ​​ពន្ធ EBA ជា​រឿង​សំខាន់​​ដល់​ការ​រក​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ ​​ដោយ​មិន​អាច​អត់​បាន​ឡើយ ​ពី​ព្រោះ​ជួយ​ឱ្យ​ពលរដ្ឋ​ក្រី​ក្រ​​រាប់​សែន​នាក់​មាន​ការងារ​ធ្វើ​ដោយ​មិន​បាច់​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ឡើយ។ពលករ​​រូប​នេះ បន្ថែម​ទៀត​ថា ពួកគាត់​​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​ត្រូវ​ថៅកែ​មើល​ងាយ​មើល​ថោក​ និង​ចំណាយ​ប្រាក់​កាស​ធ្វើ​លិខិត​ស្នាម​អស់​ច្រើន​ ដើម្បី​បាន​ធ្វើ​ការ​ស្របច្បាប់​ ដូច្នេះ​លោក​មិន​គាំទ្រ​​នឹង​សម្ដី​របស់​លោក ហ៊ុន សែន ​ដែល​ទុក​ឱ្យ​សហភាព​អឺរ៉ុប​​​ព្យួរ​ EBA ​នោះ​ឡើយ៖ «អីចឹង​អ្វី​ដែល​លោក ហ៊ុន សែន ហ្នឹង​គឺ ដើម្បី​តែ​ក្រុម​គ្រួសារ​បក្ស​ពួកគាត់​ទេ អ្វី​ដែល​ជាតិ​បាត់បង់ ប្រជាពលរដ្ឋ​អត់​ការងារ​ធ្វើ គឺ​គាត់​អត់​បាន​ការ​ព្រួយបារម្ភ​ផង ព្រោះ​លោក ហ៊ុន សែន និង​កូន​ចៅ​របស់​គាត់​បាន​កេងប្រវ័ញ្ច​ទ្រព្យ​សម្បត្តិ​ជាតិ មាន​លុយ​ចាយ​មិន​អស់ ដែល​ប្រជាពលរដ្ឋ​ស្លូតត្រង់​ទៅ​ធ្វើ​ខ្ញុំ​គេ​នៅ​ប្រទេស​ថៃ​យ៉ាង​លំបាក​វេទនា»

ស្រដៀង​គ្នា​នេះ​ដែរ​​ពលករ​ខ្មែរ​នៅ​ខេត្ត​រ៉ាក់យ៉ង (Rayong) លោក សាន សំបូរ វិញ​ ថ្លែង​ថា មេ​ដឹក​នាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ធ្វើ​ការ​ដើម្បី​តែ​រក្សា​អំណាច​របស់​ខ្លួន​ ទើប​​មិន​ធ្វើ​តាម​​សហភាព​អឺរ៉ុប​បែប​នេះ។​ លោក​ចាត់​ទុក​សម្ដី​របស់​លោក ហ៊ុន សែន​ នេះ​ថា ជា​ទង្វើ​ក្បត់ជាតិ ពី​ព្រោះ​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​របស់​ពលរដ្ឋ​ពិតប្រាកដ​៖‍ «គាត់​ខ្វល់​ពី​អំណាច​គាត់​ខ្វល់​ពី​បក្ស​របស់​គាត់​មិន​ខ្វល់​ពី​ប្រជា​ពលរដ្ឋ ខ្ញុំ​ឃើញ​ទង្វើ​របស់​គាត់​អ៊ីចឹង​ខ្ញុំ​មិន​ពេញ​ចិត្ត​ទេ។ បើ​គាត់​ជា​មេ​ដឹក​នាំ​ល្អ​គាត់​ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ ហើយ​រឿង EBA ហ្នឹង បើ​គាត់​មិន​ដោះ​ស្រាយ​ទេ ដឹង​តែ​ចប់​ហើយ​​ខ្មែរ​យើង​ហ្នឹង​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន​ឡើង​ ហើយ​កាន់​តែ​ក្រ​ខ្លាំង។ ខ្ញុំ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ព្រោះ​ខ្ញុំ​ជា​កូន​ខ្មែរ ឃើញ​មេ​ដឹក​នាំ ហ៊ុន សែន ជា​មេ​ដឹក​នាំ​មិន​ល្អ​ មិន​ចេះ​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​អ៊ីចឹង។ ខ្ញុំ​ចង់​បាន​មេ​ដឹក​នាំ​ណា​ល្អ​ចេះ​ដោះ​ស្រាយ​ទុក្ខ​លំបាក​ជូន​ពលរដ្ឋ និង​ចេះ​ការពារ EBA»

ប្រតិកម្ម​របស់​ពលករ​ខ្មែរ​នេះ​ បន្ទាប់​ពី​លោក ហ៊ុន សែន​ បាន​ប្រកាស​ជា​ថ្មី​ទៀត​ថា​ លោក​មិន​ខ្វល់​ពី​ការ​បាត់​បង់​ EBA ពី​កម្ពុជា​ឡើយ​។​លោក ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​​​ផ្លូវ​ជាតិ​លេខ​២​ឡើង​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​កុម្ភៈ​ថា ទោះ​បី​ស្ថិត​ក្នុង​ស្ថានការណ៍​បែប​ណា​ក៏​ដោយ​ក៏​មិន​អាច​​យក​សន្តិភាព​ អធិបតេយ្យ​របស់​ជាតិ​ទៅ​ប្ដូរ​យក​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​បាន​ដែរ៖ «ប្រសិន​បើ​គេ​មិន​យល់​ពី​យើង​ហើយ​ចាប់​បង្ខំ​យើង​ក៏​យើង​មិន​ព្រម​តាម​ដែរ។ យើង​ធ្លាប់​ភ្លក់​រស់​ជាតិ​រួច​មក​ហើយ​នៃ​សង្គ្រាម​សោកនាដកម្ម​រាប់​មិន​អស់ ដែល​ពួកគេ​បាន​កសាង​ឡើង​សម្រាប់​យើង។ អ៊ីចឹង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​សូម​ងើប​ឈរ​ឡើង​ទាំង​គ្នា ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យភាព និង​សន្តិភាព​របស់​កម្ពុជា»

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ​នេះ មេ​សហជីព​នៅ​កម្ពុជា​យល់​ថា ការ​យល់​ព្រម​ធ្វើ​តាម​អនុសាសន៍​របស់​សហភាព​អឺរ៉ុប​មិន​ធ្វើ​ឱ្យ​កម្ពុជា​ បាត់បង់​សន្តិភាព​និង​អធិបតេយ្យ​របស់​ជាតិ​នោះ​ឡើយ។

ប្រធាន​សហជីព​កម្ពុជា លោក អាត់ ធន មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​មិន​ធ្វើ​តាម​សំណើ​របស់​អឺរ៉ុប​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាត​បង់​អត្ថប្រយោជន៍​ជា​ច្រើន ជា​ពិសេស​​ធ្វើ​ឱ្យ​កម្មករ​រោង​ចក្រ​ជា​ច្រើន​ប្រឈម​នឹង​អត់​ការងារ ដោយសារ​ត្រូវ​​រោងចក្រ​បិទ​ទ្វារ​មិន​ដំណើរការ ​បាត់បង់​ការ​អនុគ្រោះ​ពន្ធ EBA«យើង​អត់​ចង់​ឃើញ​ការ​មិន​ត្រូវ​គ្នា​រវាង​រដ្ឋាភិបាល​ហ្នឹង​សហភាព​អឺរ៉ុប​រហូត​ដល់​មាន​ការ​កាត់​ប្រព័ន្ធ​ការ​អនុគ្រោះ​ទេ។អ៊ីចឹង​បើ​ទោះ​បី​ជា​កាត់​ក្នុង​ទំហំ​តិច ឬ​ច្រើន​យ៉ាង​ណា​ក៏​ដោយ កាល​ណា​កាត់​ទៅ​យើង​បារម្ភ​ខ្លាច​ប៉ះពាល់​ទៅ​ដល់​ការងារ​របស់​កម្មករ និង​និយោជិក ហើយ​យើង​ក៏​មិន​ដឹង​រដ្ឋាភិបាល គាត់​និយាយ​បែប​ហ្នឹង គាត់​មាន​អ្វី​ដើម្បី​ជំនួស នៅ​ពេល​ដែល​កម្មករ​បាត់បង់​ការងារ​យើង​អត់​ទាន់​ដឹង​ទេ»

របាយការណ៍​បឋម​របស់​គណៈកម្មការ​អឺរ៉ុប​ កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា​កន្លង​ទៅ ស្ដីពី​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ដែល​មាន​កម្រាស់ ៧០ទំព័រ ដែល​​​​អាស៊ី​សេរី​ទទួល​បាន​​បង្ហាញ​​ថា​ បញ្ហា​​រំលោភ​សិទ្ធិ​មនុស្ស​ និង​​បំផ្លាញ​​ប្រជា​អធិបតេយ្យ​ ដែល​គណៈកម្មការ​នេះ​បាន​ស្នើ​ឲ្យ​ស្ដារ​​ឡើង​វិញ​នោះ​ រឹត​តែ​អាក្រក់​ជាង​មុន។ ទោះជា​យ៉ាង​នេះ​ក្តី​ គណៈកម្មការ​​អឺរ៉ុប​ទទួល​ស្គាល់​​ថា​ មាន​​ការ​​ប្រសើរ​ឡើង​​ខ្លះ​ដែរ​ ក្នុង​​ផ្នែក​​សិទ្ធិ​ដី​ធ្លី​ និង​​សិទ្ធិ​ការងារ​។​ ប៉ុន្តែ ​គណៈកម្មការ​ថា ភាព​​ប្រសើរ​ឡើង​​ខ្លះ​នេះ គឺ​​នៅ​តិចតួច​ណាស់ ដែល​មិន​គ្រប់​គ្រាន់​ ក្នុង​ការ​​បំពេញ​​តាម​លក្ខខណ្ឌ​ ដែល​អាច​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​​ពន្ធ EBA តទៅ​ទៀត​នោះ​ទេ។

គណៈកម្មការ​អឺរ៉ុប​គ្រោង​​ប្រកាស​លទ្ធផល​​នៃ​សេចក្ដី​​សម្រេច​របស់​ខ្លួន​ស្ដីពី​​ការ​ព្យួរ ឬ​មិន​ព្យួរ ឬ​ព្យួរ​ខ្លះ​នូវ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជា​ផ្លូវ​ការ​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល