កម្មករ​រោងចក្រ R.G. Footwear តវ៉ា​សាជាថ្មី​ទាមទារ​ឱ្យ​ថៅកែ​ដោះស្រាយ​ប្រាក់​ឈ្នួល

ដោយ ហ៊ុំ ចំរើន
2024.03.25
កម្មករ​រោងចក្រ R.G. Footwear តវ៉ា​សាជាថ្មី​ទាមទារ​ឱ្យ​ថៅកែ​ដោះស្រាយ​ប្រាក់​ឈ្នួល កម្មករ​​រោងចក្រ អ.ជី ហ៊្វូតវែរ នៅ​ស្រុកអ្គស្នួល ខេត្ត​កណ្ដាល ប្រមាណ ៤០០នាក់ នាំ​គ្នា​តវ៉ា​នៅ​ខាងមុខ​រោងចក្រ​ នៅ​ថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ២០២៤ ទាមទារ​ថៅកែ​រោងចក្រ​ឱ្យ​ដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​ពួក​គាត់។
រូប៖ ហ្វេសប៊ុកអង្គការ សង់ត្រាល់ (CENTRAL)

ក្រុម​កម្មករ​ធ្វើ​ការ​នៅ​រោងចក្រ​ផលិត​ស្បែក​ជើង អ.ជី ហ៊្វូតវែរ ខេមបូឌា (R.G. Footwear Cambodia CO., Ltd) ចេញ​តវ៉ា​សា​ជា​ថ្មី ទាមទារ​ឱ្យ​ថៅកែ​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ឱ្យ​ពួកគាត់​តាម​ច្បាប់​ការងារ។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​ការងារ​ថា រដ្ឋាភិបាល​គួរតែ​ពិនិត្យ​លើ​សំណើ និង​បញ្ហា​ប្រឈម​របស់​កម្មករ​ជៀសវាង​មាន​ការ​កេងប្រវ័ញ្ច​ផល​ប្រយោជន៍​កម្មករ។

កម្មករ​ធ្វើ​ការ​នៅ​រោងចក្រ អ.ជី ហ៊្វូតវែរ ប្រមាណ ៤០០នាក់ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​ខាងមុខ​រោងចក្រ​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២៥ ខែមីនា ទាមទារ​ថៅកែ​រោងចក្រ​ឱ្យ​ដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល ដើម្បី​ពួក​គាត់​អាច​មាន​លទ្ធភាព​សង​បំណុល​ធនាគារ និង​ទិញ​អាហារ​ហូប​ចុក។

កម្មការិនី​ធ្វើ​ការ​នៅ​រោងចក្រ អ.ជី ហ៊្វូតវែរ លោកស្រី ផែន ស្រីរ័ត្ន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៥ ខែមីនា ថា គោលបំណង ដែល​លោកស្រី​ចេញ​តវ៉ា​នេះ គឺ​ដោយសារ​ថៅកែ​រោងចក្រ​គេចវេះ​មិន​ព្រម​ទូទាត់​ប្រាក់​សំណង​ឱ្យ​កម្មករ ដែល​មាន​អតីត​ភាព​ការងារ​យូរ​ឆ្នាំ។ លោកស្រី​បន្ត​ថា រោងចក្រ​មួយ​នេះ កាល​ពី​ដើម​មាន​ឈ្មោះ​ថា រីជិន ហ៊្វូតវែរ (Regence Footwear) ក្រោយ​មក​ប្ដូរ​ឈ្មោះ​ទៅ​ជា​រោងចក្រ អ.ជី ហ៊្វូតវែរ វិញ កាល​ពី​ចុងឆ្នាំ២០២២។ ទោះ​ជា​បែប​នេះ​ក្ដី លោកស្រី ផែន ស្រីរ័ត្ន ថា តាម​ច្បាប់​ការងារ​កម្មករ​នៅ​តែ​ទទួល​បាន​ប្រាក់​អតីតភាព​ការងារ។

លោកស្រី ភែន ស្រីរ័ត្ន៖ «កាល​ដែល​មាន​អគ្គិភ័យ​ឆាបឆេះ​នៅ​រោងចក្រ អ.ជី ហ្នឹង រដ្ឋបាល​រោងចក្រ​ធ្លាប់​ប្រជុំ​ប្រាប់​ថា នឹង​យក​កម្មករ​នៅ អ.ជី ហ្នឹង យក​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ អិល.វ៉ាយ។ ដល់​ពេល​ឥឡូវ​ហ្នឹង បែរជា​ចេញ​ប្រកាស​ថា រើស​តែ ១ពាន់​នាក់​ទេ។ សម្រាប់​អ្នក​ចូល​ធ្វើ​ការ​អាយុ​ក្រោម ៣៥ឆ្នាំ ទើប​យក។ អាយុ ៣៥ឆ្នាំ​ឡើង អត់​យក​ទេ។ អ៊ីចឹង ធ្វើ​ឱ្យ​បងប្អូន​កម្មករ​យើង​ជា​ច្រើន ដែល​បាត់បង់​ការងារ និង​អត្ថប្រយោជន៍​ផ្សេងៗ ទៀត គឺ​បាត់បង់​ទាំងស្រុង»

កាល​ពី​ថ្ងៃទី២៤ ខែមីនា ក្រសួង​ការងារ​បាន​ជូន​ដំណឹង​ស្ដីពី​ការ​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ឱ្យ​កម្មករ​នៅ​រោងចក្រ​មួយ​នេះ បន្ទាប់​ពី​រោងចក្រ​នេះ​មាន​អគ្គិភ័យ​ឆាបឆេះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ភាគី​ថៅកែ​រោងចក្រ​ព្រម​ទូទាត់​ប្រាក់​សំណង​ឱ្យ​កម្មករ​ចំនួន​តែ ៣ចំណុច​ប៉ុណ្ណោះ គឺ​មិន​គ្រប់​ទៅ​តាម​លក្ខខណ្ឌ​ច្បាប់​ការងារ​ឡើយ។ កម្មករ​អះអាង​ថា ការ​ទូទាត់​ប្រាក់​បំណាច់ ពាក់ព័ន្ធ​នឹង​ប្រាក់​អតីតភាព​ការងារ ប្រាក់​អំឡុង​ពេល​មាន​មាតុភាព និង​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត​ជា​ដើម គឺ​ថៅកែ​មិន​បាន​ទូទាត់​ឱ្យ​កម្មករ​ឡើយ។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​សហជីព​សេរី​ឯករាជ្យ​ប្រចាំ​រោងចក្រ អ.ជី ហ៊្វូតវែរ លោក ប៉ឹង ចំរើន ថ្លែង​ថា លោក​មិន​ទុក​ចិត្ត​លើ​ថៅកែ​រោងចក្រ​នេះ​ឡើយ ពីព្រោះ​ការ​ដោះស្រាយ​បញ្ហា​បើក​លុយ​ឱ្យ​កម្មករ​កន្លង​ទៅ នៅ​មាន​ភាព​ចម្រូងចម្រាស និង​មិន​ច្បាស់លាស់។ លោក​ទាមទារ​ឱ្យ​ថៅកែ​ទូទាត់​ប្រាក់​សំណង​ឱ្យ​កម្មករ​ស្របតាម​លក្ខខណ្ឌ​ការងារ និង​កុំ​រើសអើង​សមាជិក​សហជីព​នៅ​កន្លែង​ការងារ ។

លោក ប៉ឹង ចំរើន៖ «ជាក់ស្ដែង​បងប្អូន​កម្មករ​គាត់​ថា ធ្វើ​ការ​នៅ​ហ្នឹង ៤ឆ្នាំ ១០ឆ្នាំ​ហើយ។ អ៊ីចឹង ការ​ទូទាត់​ហ្នឹង​ឱ្យ​សមរម្យ​ទៅ ពីព្រោះ​ឃើញ​ស្រាប់​ហើយ រោងចក្រ អិល.វ៉ាយ ជា​បុត្រ​សម្ព័ន្ធ​របស់​រោងចក្រ អ.ជី និង​រោងចក្រ លី.យ៉ីន.គ្រុប ជា​ក្រុមហ៊ុន​មេ​របស់ អ.ជី នៅ​ដំណើរការ​ធម្មតា ហើយ​រោងចក្រ​នេះ​ផលិត​ស្បែក​ជើង​ឱ្យ​ក្រុមហ៊ុន ប្រ៊ុន ហ៊្វូតវែរ (Brunt Footwear) សហរដ្ឋ​អាមេរិក និង​ក្រុមហ៊ុន​ពូម៉ា (Puma) របស់​អាល្លឺម៉ង់»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ប្រធាន​ធនធាន​មនុស្ស​នៃ​រោងចក្រ អ.ជី លោកស្រី កែវ ចាន់ លីដា និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក កត្តា អ៊ន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៥ ខែមីនា។

ជុំវិញ​បញ្ហា​នេះ​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ប្រសិនបើ​ថៅកែ​រោងចក្រ​យក​លេស​ប្ដូរ​ឈ្មោះ​រោងចក្រ និង​ការ​ប្រកាស​ក្ស័យធន ដើម្បី​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​សង​ប្រាក់​ឱ្យ​កម្មករ រដ្ឋាភិបាល​គួរតែ​ដាក់​ទោស​ថៅកែ​រោងចក្រ​តាម​នីតិវិធី​ច្បាប់។

លោក អាត់ ធន់៖ «ដូច​ករណី​ក្រុមហ៊ុន​ចាស់ ក្រុមហ៊ុន​ថ្មី​អ៊ីចឹង អា​ហ្នឹង​ជា​ល្បិច​របស់​ម្ចាស់​ក្រុមហ៊ុន​អ៊ីចឹង​ឯង ហើយ​ជ្រុល​ជា​គាត់​បញ្ចប់​កិច្ចសន្យា​ហើយ គួរតែ​ដោះស្រាយ​ឱ្យ​បាន​ចប់ ពីព្រោះ​តែ​ច្បាប់​បាន​បញ្ជាក់​ថា នៅ​ពេល​បញ្ចប់​កិច្ចសន្យា​ប្រាក់​ឈ្នួល និង​ប្រាក់​នូវ​ជំពាក់ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ដាច់​ខាត​ត្រូវ​បើក​ឱ្យ​គាត់»

កាល​ពី​ថ្ងៃ​ទី២៣ ខែមីនា កម្មករ​រោងចក្រ អ.ជី បាន​ចេញ​តវ៉ា​ម្ដង​រួច​មក​ហើយ បន្ទាប់ពី​ថៅកែ​រោងចក្រ​ប្រកាស​ថា រោងចក្រ​របស់​ខ្លួន​ជួប​វិបត្តិ​ក្ស័យធន ដោយសារ​អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​ធ្ងន់ធ្ងរ​មិន​អាច​ស្ដារ​ឡើង​វិញ​បាន។ ប៉ុន្តែ​កម្មករ​អះអាង​ថា ការ​ប្រកាស​ក្ស័យធន​នេះ គឺ​ថៅកែ​មាន​ចេតនា​គេចវេះ​មិន​ចង់​ទទួល​ខុសត្រូវ​សង​សំណង​ដល់​កម្មករ ខណៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ អិល.វ៉ាយ ហ៊្វូតវែរ (LY Footwear Cambodia) និង​ក្រុមហ៊ុន លី.យ៉ីន.គ្រុប (LI Yuen Group) របស់​រោងចក្រ​នេះ​នៅ​តែ​បន្ត​នាំ​ផលិតផល​ចេញ។ កម្មករ​ឱ្យ​ដឹង​ថា កម្មករ​ប្រមាណ​ជាង ៥0ភាគ​រយ (៥០%) ដែល​បាត់បង់​ប្រាក់​អតីតភាព​ការងារ និង​កម្មករ​មួយ​ចំនួន​ប្រឈម​បាត់បង់​ការងារ​ធ្វើ​ទាំង​ស្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។