ទឹកជំនន់​ប៉ះពាល់​ពលរដ្ឋ ២សែន​គ្រួសារ និង​ស្រូវ​ជាង ១សែន​ហិកតារ គិត​ត្រឹម​ថ្ងៃ​ទី១៥ តុលា

ដោយ សេក បណ្ឌិត
2020-10-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​នៅ​តំបន់​រង្វង់​មូល​កួរ​ស្រូវ ផ្សារ​ព្រែក​ជ្រៃ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ជញ្ជូន​ឥវ៉ាន់​ជម្លៀស​ចេញ​ពី​ទឹក​ជំនន់ នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០២០។
ពលរដ្ឋ​នៅ​តំបន់​រង្វង់​មូល​កួរ​ស្រូវ ផ្សារ​ព្រែក​ជ្រៃ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ជញ្ជូន​ឥវ៉ាន់​ជម្លៀស​ចេញ​ពី​ទឹក​ជំនន់ នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

ទឹកជំនន់​នៅតែ​បន្ត​ហក់​ឡើង​ខ្លាំង​បណ្ដាល​ឱ្យ​លិច​ផ្នែក​ខ្លះ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាល​ខេត្ត​នានា​ ​ប៉ុន្តែ​មាន​ខេត្ត​ខ្លះ​ទៀត​ ​ទឹក​ក៏​ចាប់​ផ្តើម​ស្រក​ជា​បណ្តើរៗ ​ដែរ។ មន្ត្រី​រដ្ឋាភិបាល​ថា មក​ទល់​ពេលនេះ​ ​គ្រោះ​ទឹកជំនន់​បង្ក​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​ ២សែន​គ្រួសារ ស្រូវ​ក្នុង​នោះ​មាន​ពលរដ្ឋ​ប្រមាណ​ ​៣ពាន់​គ្រួសារ​ ​ត្រូវ​ជម្លៀស​ទៅកាន់​ទីកន្លែង​មាន​សុវត្ថិភាព។

មន្ត្រី​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​ប្រាប់​អាស៊ី​សេរី​ថា​  ​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី១៥ តុលា​នេះ​ ​គ្រោះ​ទឹកជំនន់​បង្ក​ប៉ះពាល់​ពលរដ្ឋ​ចំនួន​ ​១​៩​ខេត្ត​ក្រុង​ ​ក្នុង​នោះ​ ​មាន​ខេត្ត​ពោធិ៍សាត់​បាត់​ដំបង​ ​ប៉ៃលិន​ ​បន្ទាយ​មានជ័យ​ ​និង​ ​ខណ្ឌ​ដង្កោ​ ​ក្នុង​រាជ​ធា​នៅ​ភ្នំពេញ​ ​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​លោក​ ​ឃុន​ ​សុខា​ ​ថ្លែង​ថា​   ​ទឹកជំនន់​បាន​បង្ក​ផល​ប៉ះពាល់​ដល់​លំនៅឋាន​ពលរដ្ឋ​ ​៤​ម៉ឺន​ខ្នង​(​៤​០​.០​០​០​) ​សាលារៀន​ ​៤​រយ​ខ្នង​ (​៤​០​០​) ​លិច​ស្រូវ​ជាង​ ​១​សែន​ ​៣​ម៉ឺន​ហិកតារ​ (​១​៣​១​.​៣​០​០​)  ​និង​ខូចខាត​ផលដំណាំ​ជាង​ ​៦​ពាន់​ហិកតារ​ (​៦​.៣​០​០​)​។​ ​លោក​ថា​ ​លើស​ពី​នេះ​ទៀត​ ​ទឹកជំនន់​បាន​ធ្វើ​ឱ្យ​ខូចខាត​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ដូចជា​ ​ទំនប់ទឹក​ ​ស្ពាន​ ​ផ្លូវថ្នល់​ ​និង​ផ្លូវលំ​តាម​ជនបទ​ ​ជាច្រើន​កន្លែង​ទៀត​។​ ​លោក​ ​ឃុន​ ​សុខា​ ​ថ្លែង​ទៀត​ថា​ ​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​បន្ត​ប្រតិបត្តិការ​ជួយសង្គ្រោះ​ពលរដ្ឋ​ដោយ​មិន​ថមថយ​នោះ​ឡើយ៖ «ទូទាំង​ប្រទេស​វា​ ​១​៩​ ​ខេត្ត​រង​ផល​ប៉ះពាល់​តាំងពី​ថ្ងៃ​ទី​១​ ​ដល់​ថ្ងៃ​ទី​១​៥​ ​តុលា​ ​រងគ្រោះ​ធ្ងន់ជាង​គេ មាន​ពោធិ៍សាត់​ ​មាន​បាត់​ដំបង​ ​រាជធានី​ភ្នំពេញ​ ​ប៉ះពាល់​ខណ្ឌ​ដង្កោ​មួយ​ ​ហើយនិង​ខេត្ត​ប៉ៃលិន និង​បន្ទាយ​មានជ័យ​។​ ​ប៉ះពាល់​ទូទាំង​ប្រទេស​ ​៦​៩​ ​ស្រុក​ ​និង​សរុប​ឃុំ​ ​មាន​ ​២​៥​៨​ ​ឃុំ​/​សង្កាត់»

ផ្ទះ​ពលរដ្ឋ​នៅ​ភូមិ​ឆ្មា​ពួន ឃុំ​ជើងកើប ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល លិច​ដោយ​សារ​ទឹក​ជំនន់ នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ
ផ្ទះ​ពលរដ្ឋ​នៅ​ភូមិ​ឆ្មា​ពួន ឃុំ​ជើងកើប ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល លិច​ដោយ​សារ​ទឹក​ជំនន់ នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ

ពលរដ្ឋ​រស់នៅ​ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ​ ​លោក​ ​វង្ស​ ​សា​រាំ​ ឱ្យ​ដឹង​ថា​ ​ផ្ទះ​របស់​លោក​ត្រូវ​ទឹកជន់​លិច​កម្ពស់​ជិត​ ​២​ម៉ែត្រ​ ​ហើយ​គ្រួសារ​របស់​លោក​ ​បាន​បង្ខំចិត្ត​ជម្លៀស​ចេញពី​លំនៅឋាន​ ​២​ថ្ងៃ​មក​ហើយ​។​ ​លោក​ថា​ ​ពលរដ្ឋ​ភាគច្រើន​ ​កំពុង​រស់នៅ​លើ​ទី​ទួល​សុវត្ថិភាព​ ​ប្រឈម​ខ្វះ​ស្បៀងអាហារ​ ​ទឹក​ស្អាត​ ​និង​បញ្ហា​សុខភាព​ ​មាន​ខ្លះ​កើត​រមាស់​ស្បែក​ទៀត​ផង​។​ ​លោក​ចាត់​ទុក​ ​គ្រោះ​ទឹកជំនន់​ឆ្នាំនេះ​ ​ជា​គ្រោះ​មហន្តរាយ​ពុំ​ធ្លាប់​មាន​ ​បណ្តាល​ឱ្យ​ពលរដ្ឋ​លំបាក​វេទនា​មួយ​កម្រិត​ទៀត៖ «នៅ​មិនទាន់​ទទួល​បាន​អំណោយ​ទេ​ ​ចេះតែ​ខ្វះ​ហើយ​ ​ខ្វះ​អង្ក​ ​និង​ខ្វះ​គ្រឿង​ឧបភោគ បរិភោគ​ដែរ​ហ្នឹង​ក្មួយ។ ទឹកឡើង​ជូន​ណា​ ​អាច​បិទ​អូរ​ ​និង​ស្ទឹង​ ​ដល់ពេល​អ៊ីចឹង​ ​វា​អាច​ជន់​វា​ហូរ​មិនទាន់»

ចំណែក​ពលរដ្ឋ​រស់នៅ​ខេត្ត​បាត់​ដំបង​ ​កញ្ញា​ ​ហុង​ ឈៀ​ង​ហ្វុ​ង​ ​ប្រាប់​អាស៊ី​សេរី​ថា​ ​ស្ថានភាព​ទឹកជំនន់​ខេត្ត​នេះ​ ​ស្រក​ជា​បណ្តើរៗ ​ហើយ​ ​ហើយ​អាជ្ញាធរ​បាន​ចុះ​ជួយសង្គ្រោះ​ពលរដ្ឋ​ ​និង​ផ្តល់​ជំនួយ​មនុស្សធម៌​ ដូចជា​ ​អង្ករ​ ​ទឹកត្រី​ ​មី​ ​និង​សម្ភារ​មួយ​ចំនួន​ទៀត​។​ ​កញ្ញា​ថា​ ​អាជ្ញាធរ​បាន​យកចិត្តទុកដាក់​ ​ជួយសង្គ្រោះ​ពលរដ្ឋ​ដល់​ទីកន្លែង​កើតហេតុ​ ​និង​​​ជួយ​ដឹកជញ្ជូន​ស​ម្ភារៈ​​របស់​ពលរដ្ឋ​ ​ទៅកាន់​ទី​ទួល​មាន​សុវត្ថិភាព​។​

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព​ ​លោក​ ​យង់​ គិ​ម​អេង​ ​ថ្លែង​ថា​ ​ទឹកជំនន់​ឆ្នាំនេះ​ប៉ះពាល់​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ធ្ងន់ធ្ងរ​ ​ដែល​លោក​ពុំ​ធ្លាប់​ជួប​ទាល់តែសោះ​។​ ​លោក​ទម្លាក់​កំហុស ចំពោះ​ចាក់​លុប​បឹង​មួយ​ចំនួន​ ​ក្នុង​រាជធានី​ភ្នំពេញ​បណ្តាល​ឱ្យ​គ្មាន​កន្លែង​រំដោះ​ទឹក​ចេញ​ពី​ទី​ក្រុងភ្នំពេញ ហើយ​លោក​បារម្ភ​ថា គ្រោះ​ធម្មជាតិ​នេះ​នឹង​កើត​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ​ប្រសិនបើ​នៅតែ​បន្ត​ចាក់​លុប​បឹង​ដែល​សេសសល់៖ «ក្នុង​វិស័យ​ផ្ទះល្វែង​ផ្សេងៗ​ ​មានការ​លុប​បឹង​អស់​ច្រើន​ ​អភិវឌ្ឍន៍​មួយ​ចំនួន​ ​អត់​បាន​គិត​ពី​ផ្លូវទឹក​ ​និង​ការ​រំដោះ​ទឹក​ ​ពីព្រោះ​សំខាន់​ណាស់​ ​រដ្ឋាភិបាល​កម្ពុជា​ ​អាច​ស្វែងយល់​អំពី​ ​គ្រោះ​ទឹកជំនន់​នេះ​ ​ហើយ​អាច​នឹង​មាន​គិត​ពី​ ​ការ​អភិវឌ្ឍ​ទៅ​ថ្ងៃ​អនាគត​ ​គួរតែ​មាន​កន្លែង​ ​ដើម្បី​រំដោះ​ទឹក​ ​កុំ​ឱ្យ​មានការ​ជន់​លិច»

គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​អះអាង​ថា​ ​គ្រោះ​ធម្មជាតិ​លើក​នេះ​បណ្ដាល​ឱ្យ​ពលរដ្ឋ ១៣ស្លាប់​ក្នុង​នោះ​មាន​កុមារ ៥នាក់ បាន​ស្លាប់​ដោយសារ​លង់​ទឹក។ ក្រសួង​ធនធាន​ទឹក​ ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ ​ព្រោះ​ទឹកភ្លៀង​នៅតែ​បន្ត​វាយ​លុក​បង្កើត​ឱ្យ​មាន​ទឹកជំនន់​ ​ហក់​ឡើង​ទៀត​ ​អម​ដោយ​ព្យុះ​ផ្ទួនៗ គ្នា​រហូតដល់​ថ្ងៃ​ទី២០ ខែ​តុលា​ខាងមុខនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល