ពលរដ្ឋខេត្តមណ្ឌលគិរី បានប្រទះឃើញដំរីព្រៃ ៣៨ក្បាលបង្ហាញខ្លួន ក្នុងដែនជម្រកសត្វព្រៃកែវសីមា នៅថ្ងៃទី២ មេសា។ ក្រសួងបរិស្ថានបានបង្ហោះសារតាមទំព័រហ្វេសបុករបស់ខ្លួនថា ដែនជម្រកសត្វព្រៃកែវសីមា ជាទីជម្រកដ៏ធំមួយរបស់សត្វដំរីព្រៃអាស៊ី និងប្រភេទសត្វកម្រផ្សេងទៀតកំពុងរស់នៅ និងចិញ្ចឹមជីវិត។ ក្រសួងថា មកទល់ពេលនេះ វត្តមានសត្វដំរីព្រៃមានចាប់ពីចន្លោះពី ៤០០ ទៅ ៦០០ក្បាល ក្នុងតំបន់ការពារធម្មជាតិ ជួរភ្នំក្រវ៉ាញ និងព្រៃអភិរក្ស នាខេត្តភាគឦសាន។ក្រសួងបរិស្ថានបានអំពាវនាវដល់ពលរដ្ឋ ចូលរួមការពារ និងអភិរក្សសត្វដំរីព្រៃទាំងនេះឱ្យបានគង់វង្ស។
អង្គការការពារសត្វដំរី ELIE បានចេញផ្សាយរបាយការណ៍កាលពីឆ្នាំ២០១៩ បង្ហាញថា អំឡុងឆ្នាំ២០១៧ ដំរីងាប់ ៦ក្បាល ក្នុងនោះ ៣ក្បាលងាប់ដោយសារជំងឺ និង ២ក្បាលទៀត ងាប់ដោយសារអាជ្ញាធរបាញ់ពេលវាចុះប្រេង អុកឡុកពលរដ្ឋ និង ១ក្បាលទៀត ងាប់ដោយសារធ្លាក់រណ្ដៅ។ លើសពីនេះ នៅអំឡុង ឆ្នាំ២០១៨ មានដំរីងាប់ ២ក្បាល ក្នុងនោះមួយក្បាលឈឺ និងមួយក្បាលទៀត ងាប់ដោយសារម្ចាស់ចងទុក នៅពេលចុះប្រេង ហើយនៅដើមឆ្នាំ២០១៩ ដំរី ១ក្បាលទម្ងន់ជាង ១តោនងាប់ដោយសារការបរបាញ់ដើម្បីកាត់យកភ្លុក។ អង្គការមួយនេះ ចាត់ទុក ការថយចុះទំហំព្រៃឈើ ដែលជាជម្រករបស់ដំរីព្រៃ បង្កប៉ះពាល់ជីវសាស្ត្រដំរី និងរំខានការចិញ្ចឹមជីវិតសត្វដំរីព្រៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។