សកម្មជន៖ វិធានការ​របស់​ក្រសួង​រ៉ែ​ដែល​បិទ ឬ​ផ្អាក បានតែ​សំបក​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ប៉ុណ្ណោះ

ដោយ សន ចាន់រដ្ឋា
2019-03-06
Share
អាឡិច ៦២២ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ហៅ​កាត់​លោក អាឡិច ក្នុង​វីដេអូ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ដែល​អង្គការ​លោក​ទើប​នឹង​រក​ឃើញ​ ​ពាក់ព័ន្ធ​នឹង​ការនាំចូល​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​អាមេរិក ពី​សិង្ហបុរី​ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៨។
Photo Screenshot

សកម្មជន​បរិស្ថាន​មិន​មាន​ជំនឿ​ថា សេចក្ដី​សម្រេច​របស់​ក្រសួង​រ៉ែ និង​ថាមពល ដែល​បាន​សម្រេច​ផ្អាក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ប្រកប​របរ​អាជីវកម្ម​រ៉ែ​ថ្ម និង​ខ្សាច់ ចំនួន ៦ នៅ​ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃទី៥ ខែ​មីនា នឹង​មិន​អាច​ទប់ស្កាត់​ផល​ប៉ះពាល់​ពលរដ្ឋ​បានទេ។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អេឡិកហាន់ដ្រូ ហ្គាន់ហ្សាលេស ដេវិដសុន (Alejandro Gonzalez Davison) ហៅ​អាឡិច ថ្លែងប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ពុធ ទី៦ ខែ​មីនា ថា ចំណាត់ការ​របស់​ក្រសួង​ក្នុង​ការ​ផ្អាក ឬ​ព្យួរ​អាជ្ញាប័ណ្ណ​អាជីវកម្ម​រ៉ែ​នេះ គឺ​ផ្អាក​បាន​ត្រឹមតែ សំបក​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ប៉ុណ្ណោះ​។ លោក​បន្ថែម​ថា ប្រសិនបើ​ក្រសួង​ចង់​ឱ្យ​មាន​ដំណោះស្រាយ​ពិតប្រាកដ​គួរតែ លាតត្រដាង​ឈ្មោះ ឬ​ចាត់វិធានការ​ចំពោះ​បុគ្គល​ដែល​នៅ​ពី​ក្រោយខ្នង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ទាំងនោះ​ដោយ​ផ្ទាល់​វិញ៖ «ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​រ៉ែ​ភាគច្រើន​មិន​មាន​អាសយដ្ឋាន​ច្បាស់លាស់​មិន​មាន​ឈ្មោះ ជា​ក្រុមហ៊ុន​បែប​ខ្មោច អ៊ីចឹង​បើ​សិន​ក្រសួង​រ៉ែ និង​ថាមពល​ព្យួរ ឬ​ដក​អាជ្ញាប័ណ្ណ​មិន​មាន​បញ្ហា​អី​ទេ ខែក្រោយ​គេ​អាច​ចាប់ផ្ដើម​ឡើងវិញ​បាន​ដោយ​គ្រាន់តែ​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ ប្រសិនបើ​ក្រសួង​រ៉ែ​ចង់​មាន​ដំណោះស្រាយ​ពិតប្រាកដ គួរតែ​លាតត្រដាង​ឈ្មោះ​បុគ្គល​ដែល​នៅ​ពី​ក្រោយ​ក្រុមហ៊ុន ហើយ​ហាម​មិន​ឱ្យ​បុគ្គល​ដែល​នៅ​ពីក្រោយ​ក្រុមហ៊ុន​មាន​សិទ្ធិ​ទទួល​អាជ្ញាប័ណ្ណ​មួយ​ឆ្នាំ ពីរ​ឆ្នាំ ឬក៏​បី​ឆ្នាំ​ទៅ​មុខ​ទៀត។ ប្រសិនបើ​ធ្វើ​សកម្មភាព​ដែល​ប៉ះពាល់​ដល់​សង្គម​ធ្ងន់ធ្ងរ គួរតែ​ជំរុញ​ឱ្យ​តុលាការ​ជា​អ្នកចាត់ការ​ប្រសើរ​ជាង​ការ​ដក ឬ​ព្យួរ​អាជ្ញាប័ណ្ណ​លេង​ៗ»

សកម្មជន​បរិស្ថាន លោក អាឡិច ក៏ រិះគន់​ក្រសួង​រ៉ែ និង​ថាមពល​ថា មិន​មាន​តម្លាភាព​នៅ​ក្នុង​ការ​បញ្ចេញ​ព័ត៌មាន​របស់​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម និង​ចំណូល​ដែល​ក្រសួង​ទទួល​បាន​ពី​ក្រុមហ៊ុន​ទាំងនេះ​ទៅ ដល់​សាធារណជន។ លោក​ស្នើ​ទៅដល់​ក្រសួង​រ៉ែ និង​ថាមពល ធ្វើការ​បង្ហាញ​ជា​សាធារណៈ​នូវ​ព័ត៌មាន​របស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ទាំងនេះ​នៅ​លើ​គេហទំព័រ ឬ​បណ្ដាញ​សង្គម​របស់​ខ្លួន ដើម្បី​ផ្ដល់​លទ្ធភាព​ដល់​សាធារណជន​អាច​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ជុំវិញ​អាជីវកម្ម​នៅ​តំបន់​ដែល​ពួកគេ​រស់នៅ។

អាស៊ីសេរី​មិន​អាច សុំ​ការ​ផ្ដល់​ព័ត៌មាន​បន្ថែម​អំពី​ចំណាត់​ការ​ផ្អាក​អាជ្ញាប័ណ្ណ របស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម និង​ព័ត៌មាន​របស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​ពី​ប្រធាន​នាយកដ្ឋាន​ធនធាន​រ៉ែ លោក យស មុនី​រ៉ាត់ បានទេ នៅ​ថ្ងៃទី៦ ខែ​មីនា ដោយ​លោក​បាន​បដិសេធ​មិន​ឆ្លើយ​សំនួរ និង​ឱ្យ​រង់ចាំ​ការប្រកាស​ព័ត៌មាន​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​ជំនួស​វិញ។

ក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃទី៥ ខែ​មីនា បាន​ចុះផ្សាយ​ថា​ក្រសួង​បាន​ផ្អាក​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​ថ្ម និង​ខ្សាច់ ចំនួន​៦ ដោយសារ​ក្រុមហ៊ុន​ទាំងនេះ​មិន​គោរព​កិច្ចព្រមព្រៀង​និង​សារាចរ​ណែនាំ​របស់​ក្រសួង។ ក្រសួង​សម្រេច​ព្យួរ​អាជ្ញាប័ណ្ណ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ទាំង​៦​នេះ រយៈពេល មួយ​សប្ដាហ៍ ប៉ុន្តែ​បើ​ក្រុមហ៊ុន​ទាំងនេះ​នៅតែ​បន្ត​ធ្វើ​ខុស​នឹង​កិច្ចព្រមព្រៀង​ក្រសួង​នឹង​ធ្វើ​ការ​បញ្ចប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ទាំងនេះ ចោល​តែម្ដង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល