ជន​បរទេស​ដែល​ការពារ​តំបន់​អារ៉ែង​មួយ​រូប​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា

0:00 / 0:00

ប្រធាន​ចលនា​មាតា​ធម្មជាតិ ជា​ជនជាតិ​អេស្ព៉ាញ​មួយ​រូប ដែល​បាន​ចូល​មក​ប្រទេស​កម្ពុជា រយៈពេល​ជាង​១២ឆ្នាំ​មក​ហើយ​នោះ កំពុង​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា។ អ្នក​អង្កេត​រឿង​នេះ​អះអាង​ថា មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន ចំពោះ​ការ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​ប្រទេស​នេះ ម្យ៉ាង​ទៀត​អាច​ដោយសារ​តែ​ជនបរទេស​ម្នាក់​នោះ ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន ជាពិសេស​ប្រឆាំង​នឹង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ ស៊ីណូហាយដ្រូ (Synohydro) នៅ​តំបន់​អារ៉ែង នៃ​ខេត្ត​កោះកុង។

ប្រធាន​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហា​ផ្ទៃ សម្រេច​មិន​ផ្ដល់​ទិដ្ឋាការ​ឲ្យ​គាត់​រស់នៅ នឹង​បន្ត​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា​ទៀត​នោះ​ទេ។

លោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ប្រធាន​ចលនា​មាតា​ធម្មជាតិ ជា​ជនជាតិ​អេស្ព៉ាញ ក្នុង​វ័យ​ជាង​៣០​ឆ្នាំ ចេះ​និយាយ​ភាសា​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ ថា ភ្នាក់ងារ​ក្រុមហ៊ុន​ធ្វើ​លិខិត​ឆ្លងដែន​មួយ​រូប​បាន​ទូរស័ព្ទ​ហៅ​លោក​ឲ្យ​ទៅ​ជួប​ប្រជុំ​នៅ​នាយកដ្ឋាន​អន្តោប្រវេសន៍ បន្ទាប់​ពី​លោក​បាន​ប្រគល់​លិខិត​ឆ្លងដែន ដើម្បី​ស្នើ​សុំ​បន្ត​ទិដ្ឋាការ​រយៈពេល​១​ឆ្នាំ​ទៀត ក្នុង​គ្រា​ដែល​លោក​នឹង​ផុត​កំណត់​ទិដ្ឋាការ​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ខាង​មុខ​នេះ។ បញ្ហា​នេះ លោក​ថា​លោក​អាច​នឹង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​ប្រទេស​ជាក់​ជា​មិនខាន ដោយ​លោក​ហ៊ាន​សន្និដ្ឋាន​បែប​នេះ ដោយសារ​តែ​កន្លង​មក​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​មួយ​រូប​គឺ​លោក ឈាង វុន បាន​ប្រាប់​អ្នក​កាសែត​ថា លោក​នឹង​ស្នើ​មិន​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ពិនិត្យ​មើល​សកម្មភាព​ជនបរទេស​មួយ​រូប ដែល​កំពុង​ធ្វើការ​ប្រឆាំង​ការ​អភិវឌ្ឍន៍​តំបន់​អារ៉ែង។ លោក អេឡិច បញ្ជាក់​ទៀត​ថា ចំណុច​សំខាន់​មួយ​ទៀត កាល​ពី​ប៉ុន្មាន​ថ្ងៃ​នេះ មន្ត្រី​សាលា​ខេត្ត​កោះកុង​ម្នាក់​បាន​ប្រាប់​លោក​ថា គេ​នឹង​មិន​បន្ត​ទិដ្ឋាការ​ឲ្យ​លោក​នោះ​ទេ ធ្វើ​ឲ្យ​លោក​រឹត​តែ​ច្បាស់​ចំពោះ​ករណី​នេះ៖ «ខ្ញុំ​រង់ចាំ​យូរ​ហើយ ព្រោះ​យើង​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា​ជា​ប្រទេស​គ្មាន​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ។ គេ​ចង់​បណ្ដេញ​ខ្ញុំ​ចេញ​ពី​ប្រទេស​ខ្មែរ គឺ​ដើម្បី​មាន​ឱកាស​ល្អ​បន្ត​សកម្មភាព​បំផ្លាញ​តំបន់​អារ៉ែង»

ទាក់ទង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ បាន​បដិសេធ​ថា ក្រសួង​មហា​ផ្ទៃ មិន​មាន​គោលការណ៍​ចំពោះ​ជន​បរទេស​រូប​នេះ​នោះ​ទេ។ ប៉ុន្តែ​លោក​បាន​ស្នើ​ឲ្យ​លោក អេឡិច ចូល​ខ្លួន​បាន​តាម​ការ​កោះ​ហៅ​របស់​ក្រសួង៖ «គោ​ដំបៅ​ខ្នង ក្អែក​ហើរ​រំលង​រំសាយ​កន្ទុយ។ គេ​ហៅ​ទៅ​គាត់​បែរ​ជា​ផ្អើលៗ។ ការ​សុំ​សិទ្ធិ​រស់នៅ​ប្រទេស​មួយ​គឺ​អាស្រ័យ​លើ​ម្ចាស់​ប្រទេស»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក សុខ ផល បាន​ទេ​នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ ដោយ​លោក​ថ្លែង​ថា ជាប់​រវល់។ ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ដដែល​ថា ក្រសួង​មហា​ផ្ទៃ​បាន​សម្រេច​ចិត្ត​មិន​បន្ត​ទិដ្ឋាការ​ឲ្យ​លោក​អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ជា​ប្រធាន​ចលនា​មាតា​ធម្មជាតិ ត​ទៀត​ទេ។ លោក​ថា ក្រសួង​បាន​ហៅ​គាត់​មក​ជួប​ដើម្បី​និយាយ​ពី​បញ្ហា​នេះ។ លោក សុខ ផល អះអាង​ទៀត​ថា មូលហេតុ​ដែល​មិន​បន្ត​ទិដ្ឋាការ​នេះ គឺ​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​និង​អង្គការ​មួយ នៅ​ខេត្ត​កោះកុង​បាន​ប្ដឹង​ជនបរទេស​រូប​នេះ ពី​សកម្មភាព​ការងារ​របស់​គាត់​នៅ​តំបន់​អារ៉ែង ថា​ធ្វើ​ឲ្យ​ប៉ះពាល់​នឹង​ការងារ​របស់​គេ។ លោក​បញ្ជាក់​ថា បើ​សិន​លោក អេឡិច នៅ​តែ​បន្ត​រស់​នៅ​ដោយ​គ្មាន​ទិដ្ឋាការ​នោះ​គាត់​នឹង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ។

ឆ្លើយតប​បញ្ហា​នេះ អភិបាល​ខេត្ត​កោះកុង លោក ប៊ុន លើត មាន​ប្រសាសន៍​ថា លោក​បាន​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ក្រសួង​មហា​ផ្ទៃ​ទាក់ទង​នឹង​អង្គការ​នេះ​ដែល​ធ្វើ​សកម្មភាព​រារាំង​អាជ្ញាធរ​មិន​ឲ្យ​ចុះ​ទៅ​មូលដ្ឋាន​កាល​ពី​ពេល​កន្លង​មក។ រី​ឯ​ការ​មិន​បន្ត​ទិដ្ឋាការ​នោះ​គឺ​ជា​រឿង​របស់​នាយកដ្ឋាន​អន្តោប្រវេសន៍៖ «ខ្ញុំ​មិន​យល់​គាត់​ដែរ គាត់​បាន​ប្រើ​រថយន្ត​អង្គការ​បិទ​ផ្លូវ មិន​ឲ្យ​អាជ្ញាធរ​ទៅ​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន»

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ លោក អំ សំអាត បាន​សម្ដែង​ការ​សោកស្ដាយ ចំពោះ​រដ្ឋាភិបាល​ដែល​បាន​សម្រេច​ចិត្ត មិន​បន្ត​ទិដ្ឋាការ​ជូន​បរទេស​រូប​នេះ។ លោក​ថា ករណី​នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​លើ​បុគ្គល​ស្រលាញ់​បរិស្ថាន និង​ធនធាន​ធម្មជាតិ ដែល​ប្រឆាំង​តវ៉ា​មិន​ឲ្យ​សាងសង់​ទំនប់​វារី​អគ្គិសនី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។