សកម្មជន​ការពារ​តំបន់​អារ៉ែង​ព្រមាន​ធ្វើ​បាតុកម្ម​បើ​សិន​គ្មាន​ដំណោះស្រាយ​ពិត​ប្រាកដ

ប្រជា​សហគមន៍ យុវជន និង​ព្រះសង្ឃ ដែល​ជា​សកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង ព្រមាន​ធ្វើ​បាតុកម្ម បើ​សិន​ជា​គ្មាន​ដំណោះស្រាយ​ពិត​ប្រាកដ​ណា​មួយ ក្នុង​ការ​ការពារ​តំបន់​ធម្មជាតិ​ចុង​ក្រោយ​នេះ​ទេ​នោះ។

ការ​ព្រមាន​នេះ ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ធ្នូ ស្ដីពី​ស្ថានការណ៍​កាន់​តែ​តានតឹង​នៅ​ក្នុង​តំបន់​អារ៉ែង និង​គោល​ជំហរ​របស់​សហគមន៍ ព្រម​ទាំង​សកម្មជន​ព្រៃ​ឈើ​ក្នុង​ការ​ការពារ​តំបន់​នេះ។

សមាជិក​នៃ​អង្គការ​មាតា​ធម្មជាតិ លោក ឌឹម គុណឌី រំឭក​នូវ​សម្ដី​របស់​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​បាន​ដកស្រង់​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​នឹង​មិន​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ឆាយ​អារ៉ែង ក្នុង​អាណត្តិ​នេះ​ទេ គឺ​ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ជា​អ្នក​សម្រេច៖ «អ៊ីចឹង​យើង​ចង់​ឲ្យ​គាត់​បំភ្លឺ មាន​ទឡ្ហីករណ៍​ច្បាស់​លាស់ មាន​លាយលក្ខណ៍​អក្សរ​ពី​សម្ដេច​នាយក ថា​ទំនប់​នេះ គឺ​គេ​មិន​ធ្វើ​ក្នុង​អាណត្តិ​នេះ​ផង​ដែរ»

នៅ​ថ្ងៃ​ទី​៣១ ធ្នូ ដែរ ប្រជា​សហគមន៍ និង​សកម្មជន​ប្រមាណ ៥០​នាក់ បាន​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​នៅ​តំបន់​អារ៉ែង ដើម្បី​រារាំង និង​បណ្ដេញ​ក្រុមហ៊ុន សាវ៉ាក់ (SAWAC) រួម​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន​ផង​ចេញ​ពី​តំបន់​នោះ ព្រោះ​ពួក​គេ​យល់​ថា ក្រុមហ៊ុន សាវ៉ាក់ ដែល​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដោយ​គម្រោង​ស្ថាបនា​ទំនប់​វារីអគ្គិសនី​ឆាយ​អារ៉ែង មិន​ឯករាជ្យ និង​គ្មាន​តម្លាភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។