កម្មករ​ស៊ីនទ្រី​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​៤​ចំណុច​ទើប​ព្រម​ចូល​ធ្វើការ

កម្មករ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​សំរាម​ស៊ិនទ្រី (CINTRI) រាប់​រយ​នាក់ បន្ត​ធ្វើ​កូដកម្ម​​ចូល​ដល់​ថ្ងៃ​ទី ២ ហើយ គិត​មក​ដល់​ថ្ងៃ​ទី​៧ កក្កដា ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ ៤ ចំណុច ដែល​ភាគី​ក្រុមហ៊ុន មិន​បាន​ដោះស្រាយ​តាម​សន្យា​តាំង​ពី​ខែ​កុម្ភៈ ​ដើម​ឆ្នាំ​មក​ម្ល៉េះ។

ក្រុម​កម្មករ​តវ៉ា​ទាំង​នោះ បាន​ធ្វើ​កូដកម្ម​មិន​ព្រម​ធ្វើការ នៅ​មុខ​ទីស្នាក់ការ​ក្រុមហ៊ុន ក្នុង​ភូមិ​ក្លា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដោយ​មិន​​ប្រមូល​សំរាម​ដូចសព្វមួយដង តាំង​ពី​ថ្ងៃ​ទី​៦ កក្កដា មក។

តំណាង​កម្មករ លោក ប្រាក់ សុខា ឲ្យ​ដឹង​ថា កម្មករ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​បញ្ហា​ចំនួន ៤ ចំណុច។ គឺ សូម​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​ទ្រទ្រង់​សុខភាព ផ្ដល់​ប្រាក់​លំនៅឋាន ប្រាក់​ធ្វើ​ដំណើរ និង​ប្រាក់​បំណាច់​ឆ្នាំ ។

ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​នេះ ប្រធាន​ក្រុមហ៊ុន​ស៊ីនទ្រី លោក សេង សាវី អះអាង​ថា ក្រុមហ៊ុន​ស៊ិនទ្រី​មិនអាច​ដោះស្រាយ​តាម​សំណូមពរ​របស់​កម្មករ​បាន​ទេ។ តែ​លោក​បញ្ជាក់​ថា ក្រុមហ៊ុន​អាច​អនុគ្រោះ​ដល់​កម្មករ​តាម​វិធី​ផ្សេង គឺ​អនុញ្ញាត​ឲ្យ​កម្មករ អាច​បូម​ប្រេងសាំង​​រថយន្ត​សល់​ពី​ការ​ដឹក​ជញ្ជូន​សំរាម​ប្រចាំ​ថ្ងៃទៅលក់បាន ដូច​ដែល​កម្មករ​បាន​ធ្វើ​ដូច​សព្វ​មួយដង ក្រោយពេល​បញ្ចប់​ការងារ​ប្រចាំថ្ងៃ ដែល​នេះ​ជា​ការ​ផ្ដល់​ការ​ប៉ះប៉ូវ​ប្រាក់​កម្រៃ​បន្ថែម​ជូន​កម្មករ​។

ទោះ​យ៉ាង​ណា ភាគី​កម្មករ​ប្ដេជ្ញា​ថា ពួក​គេ​នឹង​បន្ត​ធ្វើ​កូដកម្ម​តទៅទៀត បើ​ក្រុមហ៊ុន​មិន​ព្រម​ដោះស្រាយ​តាម​ការ​ទាមទារ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។