ជនជាតិ​ដើម​ភាគតិច​នៅ​កែវសីមា​មាន​ជីវភាព​ធូរធារ​ក្រោយ​ដែន​ជម្រក​នេះ​លក់​ឥណទាន​កាបូន

ដោយ ម៉ៅ សុធានី
2019-01-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ចំណុច​ពណ៌​បៃតង​បង្ហាញ​ពី​តំបន់​លក់​កាបូន​របស់​កម្ពុជា នៅ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។
ចំណុច​ពណ៌​បៃតង​បង្ហាញ​ពី​តំបន់​លក់​កាបូន​របស់​កម្ពុជា នៅ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។
Screenshot

ពលរដ្ឋ​លើកឡើង​ថា ក្រោយ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា បាន​លក់​ឥណទាន​កាបូន ឬ​ហៅថា គម្រោង​រេដបូក (Carbon Redd+) ធ្វើ​ឲ្យ​ការរស់នៅ​របស់​ពលរដ្ឋ​រស់នៅ​តំបន់​ដាច់ស្រយាល​ក្នុង​តំបន់​នៃ​ដែន​ជម្រក​សត្វព្រៃ​មួយ​នេះ មាន​ភាព​ល្អ​ប្រសើ​ឡើង​ជាង​មុន។ អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​គម្រោង​ឥណទាន​កាបូន​នេះ​ថា ខ្លួន​កំពុង​ស្វែង​ក្រុមហ៊ុន​អន្តរ​ជាតិ​មួយ​ចំនួន​ដើម្បី​ជួយ​ទិញ​ឥណទាន​កាបូន​ពី​កម្ពុជា​បន្ត​ទៀត។

ពលរដ្ឋ​ដែល​បាន​ទទួល​បាន​ផល​ពី​គម្រោង​ឥណទាន​កាបូន និយាយ​ថា ថវិកា​បាន​ពី​គម្រោង​នេះ​បាន​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ ដូចជា​ការ​កសាង​ផ្លូវ ការ​ជីក​អណ្ដូង​ទឹក​ស្អាត និង​ជួយ​ជួសជុល​អគារ​សាលារៀន ជាដើម។ ពួកគេ​ថា បើ​គម្រោង​នេះ​នៅតែ​បន្ត វា​នឹង​បន្ត​ជួយ​លើកស្ទួយ​ការរស់នៅ​ប្រចាំថ្ងៃ និង​ទប់ស្កាត់​ការបំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ពួកគេ​រស់នៅ​ថែម​ទៀត​ផង។

ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា លោក ប៉េង ស៊ា ឲ្យ​អាស៊ីសេរី​ដឹង នៅ​ថ្ងៃ​ទី​១៦​មករា ថា មុនដំបូង​លោក​មិនសូវ​ជឿ​ថា គម្រោង​ឥណទាន​កាបូន អាច​ជួយ​អភិវឌ្ឍ​សហគមន៍​បាន​នោះ​ទេ។ ប៉ុន្តែ លោក​ថា នៅ​ពេល​នេះ​អ្វី​ដែល​ឃើញ គឺ​ពិតប្រាកដ​មែន​ដោយ​ក្នុង​សហគមន៍​របស់​លោក​ទទួល​បាន​ថវិកា​មក​កសាង​រោងបុណ្យ កែ​លម្អ​សាលា និង​ជីក​អណ្ដូង​ទឹក​ស្អាត​ជាដើម៖ «ពីមុន​ឡើយ​ខ្ញុំ​មិន​ជឿ​ថា គម្រោង​លក់​កាបូន​ហ្នឹង​ដំណើរការ​បាន​ល្អ​អ៊ីចឹង​ទេ​ណា ឥឡូវ​ពេល​ដំណើរ​ល្អ​អីចឹង​ទៅ​ប្រជាជន​គាត់​មានចិត្ត​ត្រេកអរ​ដែរ»

ពលរដ្ឋ​ដែល​រស់នៅ​អាស្រ័យ​ផល​ព្រៃឈើ​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​នេះ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​សប្បាយចិត្ត​រីករាយ​ក្នុង​ការ​ចូលរួម​ថែរក្សា​ការពារ​ព្រៃឈើ​នៅ​ក្នុង​ដែន​ជម្រក​មួយ​នេះ។ លោក​យល់ថា គម្រោង​នេះ​ផ្ដល់​សារៈសំខាន់​ខ្លាំង​ណាស់​ដល់​សហគមន៍​របស់​លោក ព្រោះ​ធ្វើ​ឲ្យ​សហគមន៍​មានការ​រីក​ចំរើន​ហើយ​ព្រៃឈើ​នៅ​គង់វង្ស​ទៀត​ផង៖ «មូលដ្ឋាន​មានការ​រឹត​បន្តឹង​មិន​មាន​អ្នក​ចូល​កាប់​ព្រៃ​ជា​បន្ត​ទៀត ណា​ពួកគេ​មាន​ដី​ប៉ុន្មាន​ឲ្យ​គាត់​ធ្វើ​ប៉ុណ្ណឹង»

កាល​ពី ខែ​សីហា ឆ្នាំ​២០១៦ កន្លងទៅ ក្រុមហ៊ុន ឌីសនី (Disney) របស់​សហរដ្ឋអាមេរិក សម្រេច​ចុះហត្ថលេខា​ទិញ​កាបូន រេដបូក (Carbon Redd+) នៅ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ២.៦​លាន​ដុល្លារ​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ។

អ្នក​ជំនាញ​បរិស្ថាន ពន្យល់​ថា ឥណទាន​កាបូន​នេះ ជា​ការ​ព្រមព្រៀង​ផ្ដល់​ថវិកា​ពី​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ ខ្លាំង​មក​ឲ្យ​ប្រទេស​ដែល​មាន​ដែន​ការពារ​ព្រៃឈើ​ដែល​ពោរពេញ​ដោយ​ជីវចម្រុះ ដែល​មាន តួនាទី​សំខាន់​ក្នុង​ការ​ជួយ​បរិស្ថាន​ពិភពលោក​ដែល​បង្ក​ឡើង​ដោយ​ផ្សែង​ពុល។

មន្ត្រី​ជំនាញ​ក្រសួង​បរិស្ថាន​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ លោក ជា សំអាង បាន​ឲ្យ​ដឹង​ថា ឥណទាន​កាបូន​នេះ ត្រូវ​បាន​គេ​ដាក់​នៅ​លើ​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត ដោយមាន​ការចុះបញ្ជី​ជា​អន្តរជាតិ​ដែល​អាច​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ។

គម្រោង​ឥណទាន​កាបូន​អាច​ដំណើរ​ទៅ​បាន គឺ​ដោយសារ​មានការ​សម្របសម្រួល និង​កិច្ចការពារ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​កែវសីមា ពី​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា ហៅ​កាត់ (WCS)។ អង្គការ​នេះ​បាន​ធ្វើ​ការងារ​ទាក់ទង​គម្រោង​រេដបូក នៅ​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា បាន​ជិត ១០​ឆ្នាំ​មក​ហើយ។

អ្នក​ជំនាញ​គម្រោង​រេដបូក​នៃ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) លោក យាង ដូណាល់ ឲ្យ​អាស៊ីសេរី​ដឹង​ថា ក្រុមហ៊ុន ឌីសនី របស់​អាមេរិក​ទិញ​ឥ​ទាន​កាបូន​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៩។ លោក​បញ្ជាក់​ថា សព្វថ្ងៃ​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា មាន​កាបូន រេដបូក ជាង ១៣​លាន​តោន ប៉ុន្តែ​ក្រុមហ៊ុន​ទើប​ទិញ​ជិត ១​លាន​តោន​ប៉ុណ្ណោះ​ដែល​ដែន​ជម្រក​នេះ នៅសល់​កាបូន​យ៉ាង​ច្រើន​ទៀត។ លោក​ឲ្យ​ដឹង​ទៀត នៅ​ពេល​នេះ​អង្គការ WSC កំពុង​រក​ទីផ្សារ​លក់​កាបូន​បន្ត​ទៀត៖ «យើង​កំពុង​រស់​ទីផ្សារ​បន្ត​ទៅ​ទៀត​ព្រោះ​តាម​ជោគជ័យ​រយៈ​លក់​ឲ្យ​ក្រុមហ៊ុន​ធំៗ​ហ្នឹង​ឥឡូវ​មាន​ក្រុមហ៊ុន​ផ្សេងទៀត​ទាក់ទង​ទិញ​ឥណទាន​ពី​ដែន​ជម្រក​កែវ​សីមា​ហ្នឹង»

ជុំវិញ​ការ​ផ្ដល់​ថវិកា​ពី​ការ​លក់​កាបូន​ដើម្បី​អភិវឌ្ឍន៍​នៅ​ក្នុង​សហគមន៍​នៃ​ដែន​ជម្រក​កែវសីមា មន្ត្រី​ជំនាញ​អង្គការ​WCS រូប​នេះ​ឲ្យ​ដឹង​ថា អង្គការ​របស់​លោក​ក៏​បាន​ចេញ​របាយការណ៍ បង្ហាញ​ថា ក្រោយ​លក់​ឥណទាន​កាបូន​នេះ​ហើយ សហគមន៍​ទទួល​បាន​ផល​អ្វីខ្លះ​ពី​គម្រោង​នេះ។ លោក យាង ដូណាល់ ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​សហគមន៍​នេះ​មាន​ជាង​២០​ភូមិ ក្នុង​មួយ​ភូមិ​ទទួល​បាន​ថវិកា​ជាង​មួយ​ម៉ឺន​ដុល្លារ​ជួយ​បំពេញ​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​នោះ៖ «ពេល​យើង​លក់​ហើយ​យើង​មាន​លុយ​ជួយ​អភិវឌ្ឍន៍​សហគមន៍​ក្នុង​មួយ​ភូមិ​យើង​មាន​មូលនិធិ​មួយ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ គាត់​ស្នើសុំ​ធ្វើ​ប្រព័ន្ធ​ទឹក​ស្អាត ធ្វើ​ផ្លូវ និង​អេកូ​ទេសចរណ៍​ជាដើម»

ក្រោយ​មាន​កិច្ចព្រមព្រៀង​នេះ អ្នក​ធ្វើការងារ​ទាក់ទង​ដែន​ជម្រក​រួមមាន៖ មន្ត្រី​ក្រសួងបរិស្ថាន​មន្ត្រី​នៃ​អង្គការ​អភិរក្ស​សត្វព្រៃ​កម្ពុជា បាន​ជួប​ប្រជុំ​ជាមួយ ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ចំនួន ២០​សហគមន៍ ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា នា​ខេត្ត​មណ្ឌលគិរី ដើម្បី​បន្ត​សកម្មភាព​កិច្ចការ​ជីវចម្រុះ​ក្នុង​តំបន់​នេះ។ ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែព្រះ ឃុំ​ស្រែព្រះ ស្រុក​កែវ​សីមា ផេង សុខផាត ប្រាប់​ថា ក្នុង​សហគមន៍​លោកស្រី​ពេលនេះ​មានការ​អភិវឌ្ឍ​ល្អ​ប្រសើរ​ជាង​មុន ដោយ​ទទួល​បាន​ថវិកា​ពី​គម្រោង​នៃ​ឥណទាន​កាបូន​នេះ យក​ទៅ​កសាង​ផ្លូវ និង​ជីក​អណ្ដូង។ លោកស្រី​ស្នើ​ឲ្យ​គម្រោង​ឥណទាន​កាបូន​នេះ​នៅតែ​បន្ត​ទៀត​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សហគមន៍ និង​ការពារ​ព្រៃឈើ​នៅ​តំបន់​នេះ៖ «បាន​ល្អ​ក្នុង​ការ​ធ្វើដំណើរ​ផ្លូវ​ស្រួល​ជាង​មុន កាល​មុន​ផ្លូវ​តូច​ហើយ​ជួនកាល​មេឃ​ភ្លៀង​បែក​ភក់​អីចឹង​ទៅ»

អ្នក​ជំនាញ​គម្រោង​រេដបូក​នៃ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) លោក យាង ដូណាល់ មាន​ប្រសាសន៍ថា នៅ​ពេល​នេះ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​បារាំង បាន​ទាក់ទង​ដើម្បី​ទិញ​ឥណទាន​កាបូន​ពី​ដែន​ជម្រក​កែវសីមា ប៉ុន្តែ ក្រុមហ៊ុន​ទាំងនោះ​ទិញ​តិចតួច​ប៉ុណ្ណោះ មិន​បាន​បញ្ជា​ទិញ​ច្រើន​ដូច​ក្រុមហ៊ុន ឌីសនី​ទេ។ ដែន​ជម្រក​សត្វព្រៃ​កែវសីមា មាន​ផ្ទៃ​ក្រឡា ជិត​៣០​ម៉ឺន​ហិកតារ គ្រប​ដណ្តប់​ក្នុង​ឃុំ​ចំនួន​៤ ក្នុងស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី សំបូរ​ដោយ​ប្រភេទ​ព្រៃ​ផ្សេងៗ​រួមមាន​៖ ព្រៃស្រោង ពាក់​កណ្តាល​ស្រោង ព្រៃរបោះ តំបន់​វាលស្មៅ ដែល​ធ្វើ​ឲ្យ​តំបន់​នេះ សំបូរ​សត្វព្រៃ និង​សត្វព្រៃ​កម្រ ដូចជា​៖ ដំរី​អាស៊ី ខ្លារខិន ទន្សោង ខ្ទីង ត្រយ៉ង​យក្ស កង្កែប​អូរ​រាំង ស្វា​កន្ទុយ​ស និង​ទទា​ទ្រូង​លឿង ជាដើម។ កត្តា​ពិសេស​មួយទៀត គឺថា ពលរដ្ឋ​រស់នៅ តំបន់​នេះ ជា​ជនជាតិ​ដើម​ភាគតិច​ព្នង​ដែល​ជា​សហគមន៍ រស់នៅ​អាស្រ័យ​លើ​ព្រៃឈើ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល