អ្នកជំនាញ សាទរគណៈកម្មការទន្លេមេគង្គ (MRC) ដែលបានជំរុញប្រទេសចិនឲ្យចែករំលែកព័ត៌មានទឹកឲ្យបានជាក់លាក់ដល់ខ្លួន។ ការជំរុញរបស់គណៈកម្មការទន្លេមេគង្គនេះ កើតមានឡើងបន្ទាប់ពីមេដឹកនាំចិនបានសន្យានៅឯកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ថា ចិននឹងចែករំលែកព័ត៌មានទឹកនៅទន្លេមេគង្គរបស់ខ្លួនទៅដល់ប្រទេសតាមដងទន្លេមេគង្គ។
អ្នកជំនាញអភិបាលកិច្ចទឹក លោក ហែម ឧត្តម ថា លោកស្វាគមន៍ជំហររបស់គណៈកម្មការទន្លេមេគង្គ MRC ដែលបានជំរុញឲ្យប្រទេសចិនចែករំលែកព័ត៌មានពាក់ព័ន្ធនឹងទឹកទន្លេមេគង្គ នៅខ្សែទឹកខាងលើរបស់ចិនមកឲ្យគណៈកម្មការនេះ។ ក៏ប៉ុន្តែ លោកចង់ឃើញគណៈកម្មការទន្លេមេគង្គ ហ៊ានបង្ហាញជំហររបស់ខ្លួនឲ្យបានច្បាស់លាស់បន្ថែមទៀតពាក់ព័ន្ធនឹងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងបច្ចេកទេសអំពីបញ្ហាវិបត្តិទឹកក្នុងតំបន់ទន្លេមេគង្គនេះ តទល់នឹងប្រទេសចិន៖ « ពីព្រោះអី MRC កន្លងមក គាត់ធ្វើការសិក្សាច្រើនមែនទែនទាក់ទងជាមួយនឹងបញ្ហាធនធានទឹក បញ្ហាត្រី បញ្ហាទំនប់ ទាំងអស់ហ្នុង គឺច្រើន។ ដូច្នេះ គាត់គួរតែផ្អែកឲ្យបានច្រើនទៅលើភស្តុតាងដែលគាត់រកឃើញ ហើយនឹងភស្តុតាងដែលអ្នកស្រាវជ្រាវឯករាជ្យផ្សេងៗទៀតបានរកឃើញ ដើម្បីយកជាទុនសម្រាប់ជជែក ឬក៏ធ្វើការងារជាក្រុមជាមួយខាងចិន ដើម្បីធ្វើម៉េចឲ្យយើងមានសមភាព មានភាពស្មើមុខស្មើមាត់ជាមួយគេ ដើម្បីកុំឲ្យថា គេគ្របមកលើយើងទាក់ទងជាមួយនឹងផ្នែកជំនាញ ឬក៏ផ្នែកនយោបាយជាដើម »។

ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ បានបិទបញ្ចប់ទៅដោយគ្មានដំណោះស្រាយជាក់លាក់លើបញ្ហាវិបត្តិទឹកទន្លេមេគង្គ ដោយមេដឹកនាំចិនគ្រាន់តែសន្យាថា ខ្លួននឹងចែករំលែកព័ត៌មានទឹក ឬជលសាស្ត្រជាមួយប្រទេសនីមួយៗតាមដងទន្លេមេគង្គក្នុងរយៈពេលពេញមួយឆ្នាំក្រោយនេះ នៅថ្ងៃទី២៥ សីហា គណៈកម្មការទន្លេមេគង្គបានស្វាគមន៍ការថ្លែងសន្យារបស់មេដឹកនាំចិននេះ។ ក៏ប៉ុន្តែ លេខាធិការគណៈកម្មការទន្លេមេគង្គ បណ្ឌិត អាន ពេជ្រហត្ថដា បញ្ជាក់ថា ជាការសំខាន់ដែលប្រទេសចិនត្រូវពិភាក្សាគ្នាឲ្យបានជាក់លាក់អំពីទិន្នន័យអ្វីខ្លះដែលចិននឹងចែករំលែក ហើយថាតើការចែករំលែកព័ត៌មានរបស់ចិននោះ ធ្វើឡើងដោយរបៀបណា។ លោកបន្តថា យើងចង់ធ្វើការជាមួយប្រទេសចិនដើម្បីបង្កើតឲ្យមាននូវប្រព័ន្ធចែករំលែកព័ត៌មានក្រោមកិច្ចសហប្រតិបត្តិការធនធានទឹកដែលមានស្រាប់។ លេខាធិការគណៈកម្មការទន្លេមេគង្គរូបនេះ សង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍ប្រព័ន្ធចែករំលែកព័ត៌មានដទៃទៀតនាពេលអនាគត មិនត្រូវមើលរំលងប្រព័ន្ធ និងមូលដ្ឋានចំណេះដឹងដែលមានស្រាប់ ដែលគណៈកម្មការទន្លេមេគង្គបានកសាងឡើង ហើយបានពង្រឹងក្នុងរយៈពេលជាង៦ទសវត្សន៍កន្លងទៅនោះទេ ពោលគឺ ចាប់តាំងពីគណៈកម្មាធិការមេគង្គត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៥៧។
គណៈកម្មការទន្លេមេគង្គ មានប្រទេសនៅតាមដងទន្លេមេគង្គចំនួន ៤ ជាសមាជិក ក្នុងនោះមាន កម្ពុជា ឡាវ ថៃ និងវៀតណាម ហើយពុំមានសមាជិកភាពរបស់ប្រទេសចិន និងប្រទេសមីយ៉ាន់ម៉ា ឬភូមាចូលរួមនោះទេ។ នៅឆ្នាំ២០១៥ ប្រទេសចិនបានផ្តួចផ្តើម និងបង្កើតឲ្យមានយន្តការថ្មីមួយទៀត ដើម្បីដោះស្រាយបញ្ហារបស់ប្រទេសក្នុងតំបន់ទន្លេមេគង្គ ដែលចិនដាក់ឈ្មោះថា យន្តការកិច្ចសហប្រតិ្តការមេគង្គ-ឡានឆាង ដោយមានប្រទេស៦ជាសមាជិក។ យន្តការថ្មីរបស់ចិននេះ រងការរិះគន់ថា អាចជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ចិនដើម្បីគ្រប់គ្រងទន្លេមេគង្គ និងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងការដោះស្រាយវិវាទនានានៅក្នុងតំបន់ទន្លេមេគង្គ ដែលកើតចេញពីការសាងសង់ ឬអភិវឌ្ឍទំនប់វារីអគ្គិសនីនៅលើអាងទន្លេមេគង្គ។
ការចេញសេចក្តីថ្លែការណ៍របស់គណៈកម្មការទន្លេមេគង្គ ជំរុញឲ្យចិនចែករំលែកព័ត៌មាន និងធ្វើការជាមួយខ្លួននេះ ទំនងជាគណៈកម្មការទន្លេមេគង្គ បារម្ភថា ចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនទៅធ្វើការជាមួយប្រទេសនីមួយៗតាមរយៈយន្តការថ្មីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងរបស់ខ្លួន ជាជាងធ្វើការជាមួយយន្តការក្នុងតំបន់មេគង្គដែលមានស្រាប់ ដើម្បីឲ្យប្រទេសចិនងាយស្រួលគ្រប់គ្រង និងដោះស្រាយបញ្ហាវិបត្តិទឹកទន្លេមេគង្គ។

លោក ហែម ឧត្តម ថា លោកលើកទឹកចិត្តឲ្យគណៈកម្មការទន្លេមេគង្គឲ្យបន្តនិយាយជាមួយចិនជុំវិញកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មាននេះ។ ក៏ប៉ុន្តែ លោកថា កន្លងមក ការងាររបស់គណៈកម្មការទន្លេមេគង្គនេះ ហាក់ដូចជានៅមានភាពទន់ខ្សោយនៅឡើយ៖ « មិនមែនជាការបន្ទោសទៅលើអ្នកណាទេ ក៏ប៉ុន្តែ គ្រាន់តែថា អ្វីដែលខ្វះហ្នុងគឺជាយន្តការមួយ ដែលគេហៅថា ជា Veto Power ជាយន្តការបន្តឹង។ ឧទាហរណ៍ថា ឥឡូវយើងគិតតែជជែកគ្នាពិគ្រោះយោបល់ ប៉ុន្តែ ត្រង់ថា សំណើពីសមាជិកភាគច្រើន ឧទាហរណ៍ថា បីប្រទេសមិនគាំទ្រឲ្យធ្វើអីមួយនៅលើទន្លេ ឬក៏មិនគាំទ្រឲ្យសង់ទំនប់នៅលើទន្លេ។ អ៊ីចឹង សួរថា MRC អាចប្រើប្រាស់នូវសំឡេងភាគច្រើនហ្នុង ដើម្បីដាក់បន្ទុកទៅប្រទេសមួយទៀតដែលចង់ធ្វើ កុំឲ្យធ្វើបានដែរឬអត់ ? អ៊ីចឹង វាអត់មានអាហ្នុង។ ដូច្នេះ នេះជាចន្លោះប្រហោងកន្លងមក ...»។
ពាក់ព័ន្ធនឹងបញ្ហាវិបត្តិទឹកទន្លេមេគង្គនេះ សកម្មជនបរិស្ថាន លោក អាឡិច ធ្លាប់លើកឡើងថា លោកចង់ឃើញរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ៊ានចេញមុខប្ដឹងមហាយក្សចិន និងប្រទេសឡាវ ទាមទារសំណងពីផលខូចខាតបង្កឲ្យមានវិបត្តិទឹកបណ្ដាលមកពីការសាងសង់ទំនប់វារីអគ្គិសនីដ៏សម្បើមនៅខ្សែទឹកខាងលើនៃផ្ទៃអាងទន្លេមេគង្គ។ លោកបានរិះគន់លោក ហ៊ុន សែន ថាបរាជ័យមិនហ៊ានលើកយកបញ្ហាវិបត្តិទឹកធ្ងន់ធ្ងរនៅបឹងទន្លេសាប និងទន្លេមេគង្គ ទៅនិយាយតទល់ជាមួយមេដឹកនាំចិនក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ តែលោក ហ៊ុន សែន ក្លាហានបានតែរឿងចាប់ដាក់គុក និងគំរាមកំហែងពលរដ្ឋជាជាតិសាសន៍ខ្មែរឯងប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។