សកម្មជន​ព្រៃឈើ​ថា យុទ្ធសាស្ត្រ​ថ្មី​នៃ​ការបំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​គឺ​ដោយ​ការ​ដឹក​តាមរយៈ​ម៉ូតូ

ដោយ ហេង រស្មី
2020-03-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ដឹក​ជញ្ជូនឈើ​ពី​ខេត្ត​រតនគិរី ទៅ​វៀតណាម តាម​ម៉ូតូ។
សកម្មភាព​ដឹក​ជញ្ជូនឈើ​ពី​ខេត្ត​រតនគិរី ទៅ​វៀតណាម តាម​ម៉ូតូ។
Photo courtesy

សកម្មជន​ព្រៃឈើ​បាន​លើកឡើង​ថា សកម្មភាព​នៃ​ការបំផ្លាញ​ព្រៃឈើ​នៅក្នុង​ខេត្ត​រតនគីរី គឺ​ក្រុម​ឈ្មួញ​បាន​ខ្ចី​ដៃ​ពលរដ្ឋ​ឱ្យ​ដឹកជញ្ជូន​ឈើ​ឱ្យ​ខ្លួន​ទាំង​នៅ​ក្នុង​ប្រទេស​ក៏ដូចជា​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម ដោយ​ប្រើប្រាស់​ម៉ូតូ។

សន្ធឹក​ម៉ូតូ​លាន់​កងរំពង​នៅ​តាម​ដង​ផ្លូវ នៅ​ក្នុង​ឃុំ​ប៉ាក់កាឡាន ឃុំ​កាចូន ឃុំ​ញ៉ាង ស្រុក​អណ្តូងមាស ខេត្ត​រតនគីរី ដើម្បី​ដឹក​ឈើ​ទៅ​លក់​ឱ្យ​ឈ្មួញ​នៅ​ក្នុង​ខេត្ត​រតនគីរី និង​ដឹក​ឈើ​ចេញពី​ខេត្ត​តាម​ម៉ូតូ ទៅ​លក់​ឱ្យ​ឈ្មួញ​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ព្រំដែន​អូរសេដ្ឋី។

សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​នេះ​ចាប់​មាន​សកម្មភាព​ពី​ព្រលឹម​អុរ ដែល​ក្រុម​អ្នក​ដឹកឈើ​តាម​ម៉ូតូ​សម្រុក​ដឹក​ឈើ​ចេញពី​ក្នុង​ព្រៃ ដើម្បី​បាន​មក​ដល់​ក្នុង​ភូមិ​នៅ​រវាង​ម៉ោង ៨ ទៅ ៩​ព្រឹក​ហើយ​អ្នក​ដឹកជញ្ជូន​តាម​ម៉ូតូ​បាន​ចាប់ផ្តើម​ចែក​ផ្លូវ​គ្នា​នៅ​ក្នុង​ផ្លូវបំបែក​ត្រង់​ចំណុច​ឃុំ​ញ៉ាង ដោយ​អ្នកខ្លះ​ដឹក​​ឈើ​តាម​ម៉ូតូ​ចូល​ខេត្ត​រតនគីរី ដើម្បី​យក​ទៅ​លក់​ឱ្យ​ឈ្មួញ និង​អ្នក​ខ្លះ​ទៀត​បាន​ដឹក​បន្ត​តាម​ច្រក​ព្រំដែន​អូរ​សេដ្ឋី ឆ្លង​ចូល​ខេត្ត​យ៉ាឡាយ​ប្រទេស​វៀតណាម​។

សកម្មភាព​ដឹក​ជញ្ជូនឈើ​ពី​ខេត្ត​រតនគិរី ទៅ​វៀតណាម តាម​ម៉ូតូ។
សកម្មភាព​ដឹក​ជញ្ជូនឈើ​ពី​ខេត្ត​រតនគិរី ទៅ​វៀតណាម តាម​ម៉ូតូ។ Photo courtesy

អង្គុយ​ជា​ក្រុម​សម្រាក​យក​កម្លាំង​បន្ទាប់ពី​បាន​ដឹក​ឈើ​ចេញពី​ព្រៃ​តាំងពី​ម៉ោង ៥​ព្រឹក ដែល​មាន​ម៉ូតូ​ចំនួន ១០​គ្រឿង ចត​នៅ​ក្បែរៗ គ្នា ផ្ទុក​ទៅ​ដោយ​ឈើ​ជាច្រើន​ដុំ​នោះ​។ លោក ចន្ថា ជា​អ្នកដើរ​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ធម្មតា​នៅ​ក្នុង​ភូមិ រួច​យក​ទៅ​លក់​បន្ត​។ លោក​ឱ្យ​ដឹង​ថា លោក​បាន​ដើរ​ប្រមូល​ទិញ​ឈើ​ពី​ពលរដ្ឋ ដែល​រស់នៅ​ក្នុង​ភូមិ ជា​ជនជាតិភាគតិច រួច​ដឹក​ចេញ​តាម​ម៉ូតូ​របស់​លោក​យក​ទៅ​លក់​បន្ត​ឱ្យ​ឈ្មួញ​នៅ​ក្នុង​ខេត្ត​។ មាន​ពេល​ខ្លះ លោក​ក៏​ដឹក​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​វៀតណាម​ដែរ គឺ​អាស្រ័យ​លើ​ខាង​ណា​ទិញ​ថ្លៃ​ជាង។

លោក​ថា អ្នក​ដែល​ចាំ​ទទួល​ទិញ​ឈើ​ពី​លោក គឺជា​ជនជាតិ​វៀតណាម​។ ឈើ​ដែល​ដែល​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម គឺ​ឈើ​តូច​គេ​ទិញ​ក្នុង ១​ម៉ែត្រ​គូប​តម្លៃ ១៨​លាន​ដុង ស្មើនឹង ៩០០​ដុល្លារ រីឯ​ឈើ​ធំ​មាន​តម្លៃ​ពី ២០​លាន ឬ ២២​លាន​ដុង ស្មើនឹង ១​ពាន់ ១​រយ​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​គូប៖ «ទិញ​មក​លាយ​ចូលគ្នា​ច្រឡូកច្រឡំ​មិន​ដឹង​ប៉ុន្មាន​ទេ​!​។ ប៉ុន្តែ​បើ​រាប់ទាំង​ម៉ូតូ​ខ្ញុំ​ហ្មង ខ្ញុំ​ស្មានៗ អ៊ីចឹង​ប្រហែលជា ២០​ម៉ឺន​ជាង។ ហេម៉ា​ដុំ​នេះ​ខ្ញុំ​ទិញ ១០​ម៉ឺន អា​វែង ប៉ុន្មាន​ដុំ​នេះ​អា​វែងៗ នេះ ម៉ូតូ​វ៉ៃ​ទាប​បំផុត ៤០​ម៉ឺន ទៅ ៥០​ម៉ឺន​។ លក់​វិញ​បាន​ប្រហែលជា ៣​លាន ៤​លាន​ដុង​។ ៤ លាន​ស្មើ​នឹង ៨០​ម៉ឺន​លុយ​ខ្មែរ»

លោក​ឱ្យ​ដឹង​ថា លោក​ទើបតែ​ចាប់ផ្ដើម​ប្រកប​របរ​ថ្មី​ជា​អ្នកជា​ដឹក​ឈើ​តាម​ម៉ូតូ​នេះ​បាន​ពីរ​ទៅ​បី​ខែ​ប៉ុណ្ណោះ ព្រោះ​លោក​ពុំ​ដឹង​ថា នឹង​ត្រូវ​ប្រកប​របរ​អ្វី​ក្រៅ​ពី​នេះ ហើយ​លោក​ក៏​មិន​ដឹង​ថា នឹង​ត្រូវ​ធ្វើ​អ្វី​ទៀត​ដែរ ប្រសិនបើ​អាជ្ញាធរ​បិទ​នោះ៖ «ខ្ញុំ​ទើបតែ​រក​ប្រហែលជា​២ ទៅ​៣​ខែ ហើយ​មួយថ្ងៃ​ប្រហែលជា ៥០​ម៉ូតូ ខ្លាំង​បំផុត ចង់​និយាយ​ថា រួម​ទាំង​អស់ បើ​គេ​បិទ​មានអី​ទេ មាន​តែ​អត់​ហ្នឹងហើយ​។ យើង​ទៅ​ធ្វើ​អី​បើ​គេ​បិទ យើង​រក​អី​អត់​បាន»

សកម្មភាព​ដឹក​ជញ្ជូនឈើ​ពី​ខេត្ត​រតនគិរី ទៅ​វៀតណាម តាម​ម៉ូតូ។
សកម្មភាព​ដឹក​ជញ្ជូនឈើ​ពី​ខេត្ត​រតនគិរី ទៅ​វៀតណាម តាម​ម៉ូតូ។ Photo courtesy

ចំណែក​ឯ លោក ឌី ដែល​ជា​អ្នកដើរ​ទិញ​ឈើ​ឯណោះ​វិញ ម៉ូតូ​របស់​លោក​បាន​បញ្ឆេះ​ចាក​ចេញ​ពី​ផ្ទះ​នៅ​ម៉ោង ៦​ព្រឹក ដើម្បី​ដើរ​រក​ទិញ​ឈើ​នៅ​ក្នុង​ព្រៃ។ លោក​ចាប់ផ្ដើម​ដឹក​ឈើ​ត្រឡប់​មក​វិញ នៅ​រង្វង់​ម៉ោង​១០ បន្ទាប់​ពី​លោក​បាន​ទិញ​ឈើ​ពី​នាក់​ភូមិ​ប្រមាណ ៤០ ទៅ ៥០​សន្លឹក​រួចមក​។ ប្រភេទ​ឈើ​ដែល​លោក​ទិញ​នោះ គឺ​មាន​ប្រភេទ​ខុសៗ​គ្នា៖ «ដើរ​រក​ទិញ​ឈើ​គេ​បើ​គ្នា​ច្រើន​ទិញ​ទុក​៤០ សន្លឹក ៥០​សន្លឹក​អីវ៉ាន់​ហ្នឹង ទិញ​យក​មក​ហើយ​បាន​រៀប​ឈើ​ដាក់​លើ​ម៉ូតូ ដឹក​យក​មក​តាម​ផ្លូវ​។ ជួនកាល​អា​១៣, ២០​គត់ ១៣,២៥ រឺ​១៣,៣៣ រឺក៏​២០​ឃ្លុំ ៤០​ឃ្លុំ ៣០​ឃ្លុំ​អ៊ីចឹង​ទៅ​ណាស់។ បើសិនជា​យើង​ដឹក​ម៉ូតូ​ត្រឹមតែ ២០​ឃ្លុំ យើង​ដឹក​៦​ដុំ រឺក៏​៤​ដុំ​តាម​ម៉ូតូ​អ្នក​ដែល​ប៉ិន​ដឹក ឬ​ក៏​មិន​សូវ​ប៉ិន​ដឹក​អ៊ីចឹង​ណាស់។ ហី​បើ ១៣,២៥ ដឹក​បាន ១​ម៉ូតូ​ដឹក​បាន ១២​ដុំ ១៣​ដុំ ១០​ដុំ​។ តម្លៃ​ទិញ​នៅ​ព្រៃ​មាន ២​ម៉ឺន ៥​ពាន់ អា​១៣,២០ ១​ដុំ ១​ម៉ឺន ៥​ពាន់ ហើយ​១៣,២៥ ១​ដុំ ២​ម៉ឺន ៥​ពាន់ បើ​១៣,៣៣ ១​ដុំ ៤​ម៉ឺន តាម​យើង​ទិញ​កន្លែង​ណា​ថោក​កន្លែង​ណា​ថ្លៃ»

បើ​ទោះ​បី​ជា​ការ​ប្រកប​របរ​នេះ​មើល​ទៅ​ហាក់បីដូចជា​ទទួល​បាន​ប្រាក់​ច្រើន ប៉ុន្តែ​ក្រុម​អ្នក​រកស៊ី​ដឹកឈើ​តាម​ម៉ូតូ​នេះ មិន​សូវ​សល់​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ប៉ុន្មាន​នោះ​ទេ ដោយសារតែ​ការ​ប្រកប​មុខរបរ​នេះ​ជា​មុខរបរ​ខុសច្បាប់​។ ដូច្នេះ ពួកគេ​ត្រូវ​សូកប៉ាន់​លុយ​ទៅ​មន្ត្រី​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ដើម្បី​ឱ្យ​ពួកគេ​អាច​ដឹក​ឈើ​ចេញ​បាន​ដោយ​ពុំ​មានការ​ចាប់ចង។ ពួកគេ​បង់លុយ​ក្នុង​មួយ​ម៉ូតូ ១​ម៉ឺន ឬ ២​ម៉ឺន​រៀល។

ជា​ការ​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង អាជ្ញា​ធរមាន​សមត្ថកិច្ច​ចម្រុះ ដែល​ដាក់​កុងត្រូល ដេកចាំ​យក​លុយ​ពី​អ្នក​ដឹក​ឈើ​តាម​ម៉ូតូ​នោះ បាន​ឱ្យ​លេខ​ទូរស័ព្ទ​ពួកគេ (សមត្ថកិច្ច) មក​ពួក​លោក ដើម្បី​ឱ្យ​ងាយស្រួល​ទាក់ទង​មក​គេ នៅ​ពេល​ដែល​មាន​ឈើ​ដឹក​ចេញពី​ព្រៃ។

លោក ឌី បន្ថែម​ថា អាជ្ញាធរ​ទាំងនោះ​មាន​ពាក់​ឯកសណ្ឋាន ហើយ​ឈរ​ចាំ​តាម​ផ្លូវ​៖ «​បើ​គេ​ហៅ​យើង​មិន​ឈប់​គេ​ដេញ​ចាប់​យើង យើង​មុខតែ​ឱ្យ​លុយ​គាត់​ថា មកពី​ស្ថាប័ន​ណាៗ គេ​ឃាត់​យើង លើក​ទី​១ គេ​គ្រាន់​ប្រាប់​យើង​ថា ចូល​មក​សា​ក្រោយ​ប្រាប់​គាត់​ផង ព្រោះ​អី​គាត់​នៅ​ស្ថាប័ន ឧទាហរណ៍ ថា ទាហាន ឬក៏​ប៉េអិម​គាត់​ទើបតែ​មក​អ៊ីចឹង​ប្រាប់​គាត់​ផង បើ​អត់​ប្រាប់​ថ្ងៃ​ក្រោយៗ​ចាប់​ហើយ បើ​សារ​ក្រោយ​គេ​ឃើញ​យើង​ដឹក​គេ​ចាប់​យើង​ហើយ ព្រោះ​យើង​អត់​បាន​បង់ អត់​បាន​ប្រាប់​គេ ហើយ​គេ​ឱ្យ​លេខ​ទូរស័ព្ទ​គេ​មក​យើង​មក បង់​តាម​ផ្លូវ​តាម​ម៉ូតូ កន្លែង​ណា​នេះ​ទៅ​ប៉ុស្តិ៍​គេ​យក ១​ម៉ូតូ ៥​ពាន់ ម៉ូតូ ១​ម៉ឺន បើ​ប៉េអិម ១​ម៉ឺន​។ បើ​នៅ​អូរ​ជុំ​គេ​យក ១​ម៉ូតូ ២​ម៉ឺន មេព្រៃ​គាត់​យក ១​ម៉ូតូ ១​ម៉ឺន និយាយ​រួម​ទៅ សមត្ថកិច្ច​តាម​ផ្លូវ​ប៉ុន្មាន​បង់​តាម​ប៉ុណ្ណឹង»

លោក ចន្ថា ថ្លែងបន្តថា កន្លែង​ដែល​ត្រូវ​បង់លុយ​នោះ​មាន​ច្រើន​កន្លែង​៖ «អឺ និយាយ​ទៅ​គេ​សុំ​តែ​លុយ​ចាយ ១​ម៉ូតូ​១​ម៉ឺន ខ្លះ​២​ម៉ឺន បាទ​។ ធូរធារ​អី​គេ បង់​ពី​ហ្នឹង​រហូត​ទម្រាំ​ទៅដល់​នោះ​។ អូ​ហ៍ បើ​រាប់​លែង​ចេះ​រាប់​ហើយ ច្រើនពេក​ហើយ ១​ម៉ឺន ២​ម៉ឺន ប៉ូលីស ទាហាន ប៉េអិម និយាយ​ទៅ​ស្មៀន​ក៏​យក​ដែរ»

ទាក់ទង​ទៅ​នឹង​ការ​ប្ដូរ​យុទ្ធសាស្ត្រ​ដឹក​ឈើ​នោះ ត្រូវ​បាន​លោក ហេង ស្រស់ ដែល​ជា​សកម្មជន​ព្រៃឈើ​នោះ​បាន​លើកឡើង​ថា ចំពោះ​រូបភាព ដែល​គេ​កាប់​បំផ្លាញ​ព្រៃឈើ​គេ​ពុំ​ដែល​ប្រើ​រូបភាព​តែ ១​នោះ​ទេ គឺ​គេ​តែងតែ​ដូរ​រូបភាព​នៅ​ពេល​ណា ដែល​មាន​ការ​បង្ក្រាប ជាពិសេស ករណី​ដូចជា​នៅ​ស្រុក​អណ្ដូង​មាស និង​ស្រុក​អូ​រយ៉ា​ដាវ បាន​ផ្លាស់ប្ដូរ​រូបភាព នៅ​ពេល​ដែល​មានការ​បង្ក្រាប​ហើយ។

សកម្មភាព​ដឹក​ជញ្ជូនឈើ​ពី​ខេត្ត​រតនគិរី ទៅ​វៀតណាម តាម​ម៉ូតូ។
សកម្មភាព​ដឹក​ជញ្ជូនឈើ​ពី​ខេត្ត​រតនគិរី ទៅ​វៀតណាម តាម​ម៉ូតូ។ Photo courtesy

លោក​បន្ត​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​ដទៃ​អ៊ីចឹង​ដែរ នៅ​ពេល​ណា​មាន​ការ​បង្ក្រាប គេ​ត្រូវ​ប្ដូរ​រូបភាព​រកស៊ី​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ជាក់ស្ដែង​យើង​មើល​ឃើញ​ស្រាប់ នៅ​ខាង​ស្រុក​អណ្ដូងមាស បន្ទាប់ពី​មានការ​បង្ក្រាប​ដោយ​ដុត​ឡាន​អារ៉េវ គឺ​មាន​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​ប្រើ​គោយន្ត ដោយ​ប្រើ​ទូក នៅ​តាម​ព្រំដែន គឺ​គេ​ប្រើ​រូបភាព​ទាំងអស់​នេះ​ដឹក​។ ការ​ដឹក​នេះ​ទៀត​គេ​ឱ្យ​ម៉ូតូ​ដឹក​យក​ទៅ គេ​មាន​ថៅកែ​គេ​មួយ​នៅ​តាម​តំបន់ រង់ចាំ​ប្រមូល​ឈើ​ទាំងអស់​នោះ​ដាក់​មួយ​កន្លែង។ លោក​ថា នេះ​គឺជា​រូបភាព​បែងចែក​សកម្ម​ភាព​គ្នា​រកស៊ី ដោយ​ខ្ចី​ដៃ​ប្រជាពលរដ្ឋ​ឱ្យ​ដឹក​ឈើ​យក​មក​ដាក់​នៅ​ក្នុង​តំបន់​គេ ហើយ​បើ​មាន​អាជ្ញាធរ​ចេញមុខ​រារាំង គឺ​គេ​នឹង​ចេញមុខ​ដោះស្រាយ​មិន​ឱ្យ​ប៉ះពាល់​ក្រុម​ដែល​ដឹក​ឈើ​ឱ្យ​គេ​នោះ​ទេ៖ «ខ្ញុំ​គិត​ថា​សកម្មភាព​នេះ​គឺ​វា រួម​ចំណែក​ក្នុង​ការ​កាប់​បំផ្លា្ញ​ញ​ព្រៃឈើ បើសិនជា​យើង​រាប់​ក្នុង​មួយថ្ងៃ គឺ​មិន​ក្រោម​ពី ៥០​គ្រឿង​ទៅ ១០០​គ្រឿង​ទេ សម្រាប់​ម៉ូតូ ដែល​ដឹក​យក​ចេញ​ពី​ប្រទេស​កម្ពុជា​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។ ហើយ​អា​រូបភាព​ទៀតសោត​យើង​ដឹង​ស្រាប់​ហើយ​ថា បើសិនជា​នៅ​ក្នុង​តំបន់​នឹង​មួយ​ប្រសិន​ជា​រូបភាព​ដែល​ដឹក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ គឺ​វា​ពិបាក​ភ្នែក​មើល​ពេក អាហ្នឹង​ចំពោះ​ឧក្រិដ្ឋជន​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​។ យើង​ងាក​មក​ពី​អាជ្ញាធរ​វិញ​គឺ​គាត់​គួរតែ​បិទ​ទាំងអស់ មិន​ត្រូវ​អនុញ្ញាត​ឱ្យ​មានការ​ដឹក​ឈើ​ឆ្លងដែន​អ៊ីចឹង​ទេ ហើយ​ការ​ដឹក​ឈើ​ឆ្លងដែន​តាម​ម៉ូតូ ដូចជា ដឹក​ចេញ​តាម​តំបន់​ចេញពី​អណ្តូងមាស ចេញពី​អូយ៉ាដាវ ចេញពី​តា​វែង​យក​លក់​នៅ​ប្រទេស​វៀតណាម​វា​ខុសច្បាប់​ទាំងស្រុង​តែម្ដង គឺ​វា​អត់​មានអី​ត្រូវ​ច្បាប់​នោះ​ទេ គឺ​ដឹក​តាម​ម៉ូតូ​អត់​មានបាន​បង់ពន្ធ​ចូល​រដ្ឋ អត់​មានបាន​បង់​អ្វី​ក្រៅ​តែ​ពី​អំពើពុករលួយ​នៅ​តាម​ច្រក​តំបន់​ព្រំដែន​ហ្នឹង​បាទ»

លោក ហៃ ភីវ៉ាត ប្រធាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ ស្រុក​វ៉ឺនសៃ ដែល​អ្នក​កាប់​ឈើ​ចោទ​ប្រកាន់​ថា ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​និង​យក​លុយ​ពី​អ្នក​ដឹក​តាម​ម៉ូតូ អាស៊ីសេរី ពុំ​អាច​ទាក់ទង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

របាយការណ៍​ស៊ើបអង្កេត​ស្ដីពី​ផល​ប៉ះពាល់​បរិស្ថាន (EIA) មួយ ដែល​ចេញផ្សាយ​នៅ​ឆ្នាំ​២០១៨ បាន​រក​ឃើញ​តំបន់​សំខាន់ៗ ចំនួន ៣ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ការ​កាប់​ឈើ​ខុសច្បាប់​ជាច្រើន​កំពុង​ដំណើរការ​គឺ ឧទ្យាន​ជាតិ​វរជ័យ ស្ថិត​ក្នុង​ខេត្ត​រតនគិរី តំបន់​ព្រៃ​ដែល​នៅ​ព័ទ្ធជុំវិញ​ទំនប់​វារីអគ្គិសនី​សេសា​ន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង និង​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រេច ក្នុង​ខេត្ត​មណ្ឌលគិរី។ EIA បាន​អង្កេត​តាមដាន​កំណាត់ឈើ​ពី​កន្លែង​ទាំងនេះ ទៅដល់​កន្លែង ដែល​គេ​ដឹក​ចូល​ទៅ​ប្រទេស​វៀតណាម។

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA Photo courtesy of EIA

អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​បាន​ទេ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ចេញផ្សាយ​កាលពី​ខែ​កុម្ភៈ បាន​ឱ្យ​ដឹង​ថា តាមរយៈ​ការស្រាវជ្រាវ និង​ស៊ើបអង្កេត​របស់​ជំនាញ​បាន​បញ្ជាក់​ថា ការ​កាប់​ឈើ និង​ការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មាន​សភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​នៅ​មាន​ការ​លួច​បន្លំ​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់ តាម​រូប​ភាពជា​រថយន្ត​សាំងយ៉ុង រថយន្ត​កែច្នៃ​ធុន​តូច គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រ៉ឺម៉ក។

របាយការណ៍​ដដែល​បញ្ជាក់​ថា កាល​ពី​ឆ្នាំ ២០១៩ កម្លាំង​បង្ក្រាប ចាប់ និង​រឹបអូស​បាន​ឈើ​ចម្រុះ​ជាង ៩ ពាន់ (.២១៥) ម៉ែត្រ​គូប និង​រឹបអូស​សម្ភារ​នានា ដែល​ជា​មធ្យោបាយ​បម្រើ​ឱ្យ​ការ​ធ្វើ​អាជីវកម្ម​សរុប ៤៩១ គ្រឿង និង​រថយន្ត​ដឹក​ឈើ​បាកុង និង​មធ្យោបាយ​កែច្នៃ ដែល​ត្រូវ​បាន​បំផ្ទុះ ដុត និង​កាត់​បំផ្លាញ​ចោល គឺ​មាន​ចំនួន ២១២​គ្រឿង​។ ឈើ​ចាប់​បាន​ទាំងអស់ ត្រូវ​បាន​រក្សាទុក​មិន​ឱ្យ​បាត់បង់ ដើម្បី​ដាក់​ដេញថ្លៃ​ប្រមូល​ថវិកា​ចូល​រដ្ឋ។

យោងទៅតាម​របាយការណ៍​បូកសរុប​ការងារ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រចាំ​ឆ្នាំ​២០១៥ -២០១៦ និង​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៦- ២០១៧ បាន​ឱ្យ​ដឹង​ថា ធាន​គម្រប​ព្រៃឈើ​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ក្នុង​កំឡុង​ពេល​ចុងក្រោយ​នេះ ពី​ចំនួន ៧៣,០៤​ភាគរយ​មក​នៅ​ត្រឹម​៤៩,៤៨​ភាគរយ ហើយ​ចំនួន​នេះ​នឹង​បន្ត​ធ្លាក់​ចុះ​បន្ថែម​ទៀត​ដោយសារតែ​បទល្មើស​ព្រៃឈើ រួម​ទាំង​ការ​កាប់​ដុត​ទន្ទ្រាន​យក​ដី​ព្រៃ ព្រៃឈើ និង​ព្រៃ​លិច​ទឹក​ធ្វើជា​កម្មសិទ្ធិឯកជន​នៅតែ​កើតមាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល