យុវជន​ជំរុញ​ឱ្យ​អាជ្ញាធរ​ព្រះសីហនុ​រុះរើ​ទីតាំង​កាស៊ីណូ ជីនទីង លើ​កោះរ៉ុង​សន្លឹម​តាម​កាល​កំណត់

យុវជន​អង្គការ​មាតា​ធម្មជាតិ​ជំរុញ​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ចាត់វិធានការ​តឹងរ៉ឹង​លើ​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត និង​កាស៊ីណូ របស់​ជនជាតិ​ចិន​យីហោ ជីនទីង (Jingding) នៅ​លើ​កោះរ៉ុង​សន្លឹម​ក្នុង​ករណី​មិន​ព្រម​រុះរើ​សំណង់​របស់​ខ្លួន​។ ឆ្លើយតប​ករណី​នេះ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​អះអាង​ថា បើ​ដល់​ថ្ងៃ​កំណត់​ភាគី​ក្រុមហ៊ុន​មិនទាន់​រុះរើ ឬ​មិន​ចូលរួម​សហការ​អាជ្ញាធរ​នឹង​អនុវត្ត​តាម​ផ្លូវច្បាប់។

យុវជន​អង្គការ​មាតា​ធម្មជាតិ​រំពឹង​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​នឹង​អនុវត្ត​ច្បាប់​លើ​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​ចិន​យីហោ ជីនទីង ដោយ​រុះរើ​សំណង់​នេះ ពេល​ដល់​ថ្ងៃ​កំណត់​ដូច ដែល​អាជ្ញាធរ​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​រុះរើ​ផ្ទះ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​ដែរ​។ ក្រុម​យុវជន​សង្កេតឃើញ​ថា អាជ្ញា​ខេត្ត​ព្រះសីហនុ​ហាក់​មាន​ភាព​យោគយល់​ច្រើន​លើ​ម្ចាស់​ទីតាំង​សំណង់​នេះ​។

សកម្មជន​មាតា​ធម្មជាតិ ១៤រូប ថត​នៅ​មុខ​អគារ​កាស៊ីណូ​ចិន​យីហោ ជីនទីង (Jingding) ថ្ងៃ​ទី២២ ខែ​កញ្ញា ឆ្នាំ២០១៩ ដែល​សកម្មជន​អះអាង​ថា សង់​ល្មើស​លើ​ដី​ឆ្នេរ​កោះ​រ៉ុង​សន្លឹម។
សកម្មជន​មាតា​ធម្មជាតិ ១៤រូប ថត​នៅ​មុខ​អគារ​កាស៊ីណូ​ចិន​យីហោ ជីនទីង (Jingding) ថ្ងៃ​ទី២២ ខែ​កញ្ញា ឆ្នាំ២០១៩ ដែល​សកម្មជន​អះអាង​ថា សង់​ល្មើស​លើ​ដី​ឆ្នេរ​កោះ​រ៉ុង​សន្លឹម។ (រូប៖ អង្គការ​មាតា​ធម្មជាតិ )

​សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ​ថា លោក​ទើប​ទទួល​បាន​ដំណឹង​ពី​កាលពី​ពីរ​បី​ថ្ងៃ​មុន​នេះ​ថា សំណង់​មជ្ឈមណ្ឌល​កម្សាន្ត ជីនទីង មិន​ទាន់​មាន​ការ​រុះរើ​នោះ​ទេ​។ យុវជន​រូប​នេះ​បន្ត​ថា ប្រសិនបើ​ដល់​ថ្ងៃ​កំណត់​នៅតែ​មិន​ទាន់​មាន​ការ​រុះរើ ក្រុម​លោក​នឹង​បន្ត​ទាមទារ​ទៅ​អាជ្ញាធរ​ខេត្ត​ប្រើ​វិធានការ​ផ្លូវច្បាប់ ឬ​ប្រើ​កម្លាំង​អាជ្ញាធរ​រុះរើ។ «»

លិខិត​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ផ្ញើ​ជូន​ក្រុម​យុវជន​អង្គការ​មាតា​ធម្មជាតិ កាលពី​ឆ្នាំ​២០១៩ លើកឡើង​ថា អាជ្ញាធរ​បាន​កំណត់​ពេល​វេលា​ជាក់លាក់​ឱ្យ​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត និង​កាស៊ីណូ ជីនទីង ធ្វើការ​រុះរើ​សំណង់​របស់​ខ្លួន​ចេញ និង​រៀបចំ​សម្អាត​ឱ្យ​បាន​ស្អាត​ឡើងវិញ ចាប់ពី​ថ្ងៃ​១៣ ខែ​ធ្នូ ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ ជា​កំហិត។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ ឃាង ភារម្យ ឱ្យ​អាស៊ីសេរី​ដឹង​ថា អាជ្ញាធរ​បាន​ជូនដំណឹង​ជា​លិខិតផ្លូវការ​ទៅ​ម្ចាស់​ទីតាំង​រួចរាល់​អស់​ហើយ។ លោក​ព្រមាន​ថា នៅ​ពេល​ដល់​កាលកំណត់​អាជ្ញាធរ​នឹង​អនុវត្ត​វិធានការ​តាមច្បាប់​។ ទោះ​យ៉ាង​ណា​អ្នកនាំពាក្យ​រូប​នេះ​សង្ឃឹមថា ម្ចាស់​ទីតាំង​នឹង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដោយ​យល់ព្រម​រុះរើ​សំណង់​ដោយ​ខ្លួន​ឯង។ «»

កាលពី​ខែ​ឧសភា ឆ្នាំ​២០១៩ សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ ដោយមាន​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​ខេត្ត​បាន​ចុះ​បិទ​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត និង​កាស៊ីណូ ជីនទីង នៅ​លើ​កោះរ៉ុង​សន្លឹម ដែល​សំណង់​នេះ​បាន​រំលោភ​លើដី​ចំណី​ឆ្នេរ និង​បាន​លួច​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ។

អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​ម្ចាស់​ទីតាំង​រុះរើ​ជាច្រើន​ដង​មក​ហើយ ប៉ុន្តែ​ម្ចាស់​ទីតាំង​ជា​ជនជាតិ​ចិន បាន​ស្នើសុំ​ពន្យារ​ពេល​រុះរើ ដោយ​លើក​ហេតុផល​ថា ខ្លួន​ត្រូវ​ចំណាយ​ពេល​ស្វែងរក​ទីតាំង​ថ្មី និង​ត្រូវ​ចំណាយ​ពេល​សាងសង់​អគារ​សម្រាប់​ទុកដាក់​សម្ភារៈ​។ យុវជន​អង្គការ​មាតា​ធម្មជាតិ​ព្រួយបារម្ភ​ថា នៅ​ពេល​ដល់ពេល​កំណត់​រុះរើ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ខាងមុខនេះ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត និង​កាស៊ីណូ ជីនទីង នៅតែ​យក​លេស​រក​ទីតាំង​ថ្មី​មិន​ទាន់​បាន ហើយ​នៅតែ​មិន​ព្រម​រុះរើ​សំណង់​មជ្ឈមណ្ឌល​កម្សាន្ត និង​កាស៊ីណូ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។