ពលរដ្ឋ រស់នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រឈមនឹងបញ្ហាទឹកប្រើប្រាស់ធ្ងន់ធ្ងរនៅក្នុងរដូវប្រាំងឆ្នាំនេះ ខណៈអាជ្ញាធរ ខេត្តកំពុងចរចាទិញទឹកពីប្រទេសថៃ ដើម្បីផ្គត់ផ្គង់បន្ថែម។
ព្រះសង្ឃមានថេរៈដីកាឱ្យដឹងថា នៅតាមវត្តអារាមខ្លះ ក៏កំពុងខ្វះខាតទឹកប្រើប្រាស់ដែរ ប៉ុន្តែនៅមានទឹកស្រះខ្លះមិនទាន់រីងហួតអស់ អាចសន្សំប្រើបានតិចតួចប៉ុណ្ណោះ។ អាជ្ញាធរខេត្តកោះកុង ឱ្យពលរដ្ឋរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីឱ្យដឹងពីទីតាំងខ្វះខាតពិតប្រាកដ ងាយស្រួលអាជ្ញាធរ ដឹកទឹកយកទៅចែកជូនពលរដ្ឋ។
អាជីវករលក់បាយ និងម្ហូប នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ លោក ស្រី ស៊ាវ ម៉ី រៀបរាប់ថា រូបគាត់មានឱកាសទទួលបានទឹកប្រើប្រាស់តាមប្រព័ន្ធទុយយោរដ្ឋ បានប្រហែល ៣ទៅ៥ម៉ោងប៉ុណ្ណោះ ក្នុងមួយសប្ដាហ៍ ក៏ប៉ុន្តែទឹកនោះហូរមកតិចៗ ដោយអាចត្រងសន្សំបានត្រឹមតែ ៣ធុងធំ សម្រាប់ប្រើបានមួយសប្ដាហ៍។
អ្នកស្រីថា ដោយសារខ្វះទឹកប្រើប្រាស់ អាជីវករ ត្រូវបង្ខំ ទិញទឹកសុទ្ធធុងធំ ចំណុះ២០លីត្រ យកមកប្រើប្រាស់បន្ថែម៖ « និយាយទៅ ពិបាកតែម្ដងរឿងទឹក ហើយខ្ញុំអត់សូវហ៊ានប្រើទឹកបឹង។ និយាយទៅមិនដែលប្រើតែម្ដង ទិញតែទឹកកាដុង ( ទឹកសុទ្ធ ) មកចម្អិនអាហារ » ។ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ខេត្តស្ទើរទូទាំងប្រទេស នឹងប្រឈមបញ្ហាខ្វះខាតទឹកប្រើប្រាស់ខ្លាំង នៅក្នុងរដូវប្រាំង ឆ្នាំ២០១៩ ដោយសារបាតុភូតអាកាសធាតុ(El Nino) ឡើងកម្ដៅ។ តំបន់ខ្លះនៃខេត្តប្រមាណ៩ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ខ្លាំងជាងគេនោះ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ ព្រៃវែង ព្រះវិហារ ប៉ៃលិន មណ្ឌលគិរី និងខេត្តកោះកុង។ អាជ្ញាធរតាមខេត្តទាំងនោះ បានដឹកទឹកតាមរថយន្តបំពាក់ស៊ីទែនធំៗ ផ្គត់ផ្គង់ឱ្យពលរដ្ឋ នៅតាមមូលដ្ឋាន តាំងពីដើមខែមករា ឆ្នាំ២០១៩។
ព្រះសង្ឃ នៅខេត្តកោះកុងមួយអង្គ មានថេរៈដីកាថា វត្តជាច្រើនទូទាំងខេត្ត កោះកុង ក៏កំពុងប្រឈមបញ្ហាទឹកប្រើប្រាស់ដែរ។ ចំណែកស្ថានភាពវត្ត ក្នុងក្រុងខេមរភូមិន្ទខ្លះ អាចដោះស្រាយទឹកប្រើប្រាស់បានខ្លះ តាមរយៈទឹកស្រះ ក្នុងវត្តដែលមិនទាន់រីងស្ងួត និងមានពុទ្ធបរិស័ទ និងអាជ្ញាធរប្រគេនខ្លះ៖ « ក្រៅពីហ្នឹង មានអាជ្ញាធរគាត់បានជួយសម្រួលបានខ្លះៗដែរ។ អាជ្ញាធរគាត់បានយកមកប្រគេនដែរ » ។
ក្រសួងធនធានទឹក បង្ហាញព័ត៌មានលើគេហទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួននៅអំឡុងចុងខែមីនា ថា តំបន់មួយចំនួន ក្នុងខេត្តជាច្រើន ដែលធ្លាប់ខ្វះខាតទឹកប្រើប្រាស់កន្លងមកនោះ មានភ្លៀងធ្លាក់ខ្លះហើយ ថែមទាំងមានខ្យល់កន្ត្រាក់មកជាមួយ វាយរំលំផ្ទះពលរដ្ឋថែមទៀត ប៉ុន្តែនៅខេត្តកោះកុង មិនទាន់មានភ្លៀងធ្លាក់នៅឡើយទេ។
អ្នកដឹកទឹកលក់ នៅខេត្តកោះកុង លោក កែត ចាន់ឌី ប្រាប់ថា អ្នកដែលមានឡានដឹកទឹក នាំគ្នា ដឹកទឹកលក់តាមភូមិ ទូទាំងខេត្តកោះកុង ដោយកន្លែងខ្លះរកទឹកផ្គត់ផ្គង់ស្ទើរមិនគ្រប់តាមតម្រូវការនោះឡើយ។
លោកថា រដូវប្រាំងរៀងរាល់ឆ្នាំ ពួកគាត់ ក៏បានដឹកទឹកលក់តាមតំបន់ខ្លះដែរ តែសម្រាប់ឆ្នាំនេះ ពលរដ្ឋត្រូវការទឹកទូទាំងខេត្តកោះកុងតែម្តង។
អ្នកដឹកទឹកលក់រូបនេះ រៀបរាប់ថា ក្នុងមួយថ្ងៃ លោកមានលទ្ធភាពដឹកទឹកបាន៥ឡាន បូមចេញពីអណ្ដូង យកទៅលក់ឱ្យពលរដ្ឋក្នុងតម្លៃ ៦ម៉ឺន ទៅ៨ម៉ឺនរៀល ក្នុងមួយឡាន ដែលមានទឹកប្រហែល៥ពាន់គីប។ លោកបន្តថា ពលរដ្ឋខ្លះ ទិញម្ដងមួយឡាន សម្រាប់ប្រើប្រាស់ពីរ ទៅបី គ្រួសារ និងពេលខ្លះ មានពលរដ្ឋ ទិញទឹក ដើម្បីប្រគេនព្រះសង្ឃតាមវត្ត។ លោក បន្តទៀតថា ទឹកដែលដឹកលក់ឱ្យពលរដ្ឋ មិនមានការបម្លែង បង់ថ្នាំ ឬកូរសាច់ជូរធ្វើឱ្យទឹកថ្លា អ្វីទាំងអស់ តែជាទឹកស្អាត ដែលបូមចេញពីក្នុងអណ្ដូង។ ចំណែកស្ថាប័នរដ្ឋខ្លះ ក៏ទិញទឹក ដើម្បីឱ្យដឹកយកទៅចែកជូនពលរដ្ឋតាមមូលដ្ឋានដែរ៖ «កន្លែងទុយយោអត់ដល់ ជាក់ស្ដែងវាផ្គត់ផ្គងអត់គ្រាន់ អ៊ីចឹងណាបង។ អ៊ីចឹង គាត់ហៅឡានទឹកទៅផ្គត់ផ្គង់ឱ្យគាត់ » ។
ខេត្តកោះកុង គ្មានទន្លេទេ។ ចំណែកស្ទឹង និងព្រែកទឹកសាបខ្លះ ពលរដ្ឋឱ្យដឹងថា បានរីងស្ងួតអស់ទៅហើយ។
អភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ស្នើសុំពលរដ្ឋយោគយល់ ព្រោះតែប្រភពទឹក ក្នុងខេត្ត ត្រូវរីងស្ងួតហួត ទៅតាមអាកាសធាតុ។ អភិបាលខេត្តរូបនេះ ប្រាប់ឱ្យពលរដ្ឋ រាយការណ៍ ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីស្នើសុំទឹក ហើយអាជ្ញាធរ នឹងរៀបចំដឹកជញ្ជូន ទៅចែកជូនពលរដ្ឋ។
អ្នកស្រីប្រាប់អាស៊ីសេរី ថា អាជ្ញាធរខេត្តកំពុងចរចា ជាមួយក្រុមហ៊ុនឯកជនក្នុងស្រុក ដើម្បីផ្គត់ផ្គង់ទឹកឱ្យពលរដ្ឋបន្ថែម។ ចំណែកការទិញទឹក ពីប្រទេសថៃ តាមអនុសាសន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាជ្ញាធរខេត្តកោះកុង បានផ្ញើលិខិតទៅអាជ្ញាធរថៃ រួចរាល់ហើយ និងកំពុងរង់ចាំចម្លើយពីរដ្ឋាករទឹកថៃ៖ «យើងបានធ្វើលិខិតទៅគាត់ ( អាជ្ញាធរ ) មួយសប្ដាហ៍ជាងហើយ ចា ! ចូលពីរសប្ដាហ៍។ គាត់កំពុងតែធ្វើលិខិតទៅខាងរដ្ឋាករទឹកថៃរបស់គាត់ ដើម្បីជំរុញការងារនេះ។ ( វា ) ស្ថិតនៅក្នុងនីតិវិធី ដោយសារការឆ្លងប្រទេស វាមាននីតិវិធីរាងយឺតយ៉ាវបន្លិច។ វាមាននីតិវិធី នៅក្នុងប្រទេសរបស់គាត់ដែរ » ។
ពលរដ្ឋខេត្តកោះកុង ប្រាប់ថា ពួកគេពេលខ្លះត្រូវបង្ខំចិត្ត ទិញទឹកសុទ្ធធុងធំ ចំណុះ២០លីត្រមុជក៏មានដែរ។ ពួកគេបារម្ភថា បញ្ហានេះ អាចកាន់តែលំបាកថែមទៀត នៅខែមេសា និងខែឧសភាខាងមុខ ព្រោះស្ថានភាពកម្ដៅអាចនឹងឡើងដល់ចន្លោះ ៤០ ទៅ៥០អង្សាសេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
