សកម្មជនបរិស្ថានលោក អាឡិច អះអាងថា តុលាការខេត្តកោះកុងនឹងអាម៉ាស់មុខដោយសាររឿងក្តីរបស់លោក ប្រសិនបើនៅតែបើកសវនាការនៅចុងខែកក្កដានេះ។ អ្នកការពារសិទ្ធិមនុស្សជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធផ្តល់ទិដ្ឋាការឱ្យសកម្មជនរូបនេះ ដើម្បីឱ្យលោកបានចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ។
អ្នកការពារបរិស្ថានលោក អាឡិច អះអាងប្រាប់អាស៊ីសេរីថា គ្មានច្រកណាមួយដែលលោកអាចវិលត្រឡប់ទៅកម្ពុជាវិញ ដើម្បីតតាំងក្តីនៅតុលាការខេត្តកោះកុងឡើយ ពីព្រោះរបបក្រុងភ្នំពេញបានបដិសេធសំណើសុំទិដ្ឋាការ ឬវីសា (VISA) របស់លោក។ លោកបន្តថា បើតុលាការមិនហ៊ានបង្គាប់ឱ្យក្រសួងមហាផ្ទៃផ្តល់ទិដ្ឋាការដល់រូបលោកនោះទេ តុលាការគួរតែលើកពេលសវនាការរឿងក្តីនេះទៅថ្ងៃក្រោយ រហូតទាល់តែលោកមានឱកាសវិលចូលស្រុកខ្មែរវិញ៖ «គេដឹងថា ឱ្យតែខ្ញុំមានវត្តមាននៅស្រុកខ្មែរហ្នឹង បេសកកម្មរបស់ខ្ញុំហ្នឹង អត់មានថយនោះទេ មានតែលឿនជាងមុនទៅទៀត ខ្លាំងជាងមុនទៅទៀត។ អ៊ីចឹងប្រាកដជាគេខ្លាច ពីព្រោះគេធ្វើរាល់ថ្ងៃនេះ គេកាន់អំណាចមិនមែនដើម្បីប្រយោជន៍ជាតិ មិនមែនដើម្បីប្រយោជន៍របស់ប្រជាជនទេ។ គេធ្វើដើម្បីប្រយោជន៍ខ្លួនឯង អ៊ីចឹងបុគ្គលដូចខ្ញុំនេះ គេខ្លាចណាស់»។
លោក អាឡិច ជនជាតិអេស្ប៉ាញ ដែលមានឈ្មោះពេញថា អាឡិច ហាន់ដ្រូហ្គន់ហ្សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) ត្រូវបានតុលាការខេត្តកោះកុងចោទប្រកាន់ពីបទ “សមគំនិតក្នុងអំពើគម្រាមកំហែងថា នឹងធ្វើឱ្យខូចខាតដោយភ្ជាប់នូវបញ្ជាអ្វីមួយ” ប្រព្រឹត្តទៅនៅចំណុចភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី២៦ ដល់ទី២៨ ខែកក្កដា ឆ្នាំ២០១៥ និងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។ តុលាការបានបំបែកសំណុំរឿងនេះចេញពីសំណុំរឿងអតីតយុវជនមាតាធម្មជាតិ៣ នាក់ ដែលត្រូវបានចាប់ខ្លួន និងផ្តន្ទាទោស បន្ទាប់ពីពួកគេបានធ្វើសកម្មភាពតស៊ូមតិប្រឆាំងនឹងការធ្វើអាជីវកម្មខ្សាច់បែបអនាធិបតេយ្យ ក្នុងខេត្តកោះកុង កាលពីឆ្នាំ២០១៥ កន្លងទៅ។ តុលាការគ្រោងលើករឿងនេះទៅជំនុំជម្រះនៅថ្ងៃទី៣០ កក្កដា ខាងមុខ បន្ទាប់ពីបានផ្អឹបសំណុំរឿងនេះទុកអស់រយៈពេលជាង ៣ឆ្នាំ។
ទោះជាយ៉ាងណា ដោយសារតែលោក អាឡិច មិនត្រូវបានអនុញ្ញាតឱ្យចូលទឹកដីកម្ពុជាឡើយ ដូច្នេះលោកនឹងត្រូវបាត់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ប្រសិនបើតុលាការមិនលើកពេលសវនាការទេនោះ។
មេធាវីការពារក្តីឱ្យសកម្មជនបរិស្ថានរូបនេះ គឺលោក សំ ចំរើន ថ្លែងថា លោកបានដាក់លិខិតមួយច្បាប់ទៅតុលាការខេត្តកោះកុង កាលពីចុងខែមិថុនាកន្លងទៅ ដើម្បីស្នើសុំតុលាការបង្គាប់ទៅក្រសួងមហាផ្ទៃ ឱ្យផ្តល់ទិដ្ឋាការដល់កូនក្តីរបស់លោក ដើម្បីឱ្យរូបគេអាចចូលរួមក្នុងអង្គសវនាការនេះបាន។ ក៏ប៉ុន្តែលោកមិនទាន់ទទួលបានការឆ្លើយតបពីខាងតុលាការនៅឡើយទេ រហូតមកដល់ពេលនេះ។ លោកបន្ថែមថា ដោយសារអំណាចតុលាការមានឧត្តមភាពខ្ពស់ តុលាការត្រូវតែបង្គាប់ឱ្យអាជ្ញាធរពាក់ព័ន្ធអនុញ្ញាតឱ្យកូនក្តីរបស់លោកវិលត្រឡប់មកកម្ពុជាវិញ ព្រោះរូបគេមានឆន្ទៈពិតប្រាកដក្នុងការចូលរួមដំណើរការក្តីនេះ៖«ឧបសគ្គក្នុងការចូលមកការពារខ្លួនហ្នឹងមិនមែនកើតឡើងដោយសារឆន្ទៈរបស់លោក អាឡិច ទេ ហើយតុលាការនៅតែដំណើរការ ខ្ញុំគិតថា សវនាការហ្នឹងមិនជាសវនាការដែលគ្រប់ជ្រុងជ្រោយ និងស្មើភាពទេ ព្រោះការវាស់វែងលើសវនាការមួយមានយុត្តិធម៌ទៅតាមស្តង់ដារដល់កម្រិតណានោះ គេគិតទៅលើការគោរពសិទ្ធិរបស់ជនជាប់ចោទជាសំខាន់«។
ព្រះរាជអាជ្ញារងអមតុលាការខេត្តកោះកុង លោក អ៊ីវ ត្រាយ ដែលកាន់សំណុំរឿងនេះ បញ្ជាក់ខ្លីថា លោកកំពុងជាប់រវល់ រួចបង្វែរសំណួរទៅអ្នកនាំពាក្យតុលាការខេត្តកោះកុងវិញ។ អាស៊ីសេរីបានទាក់ទងទៅអ្នកនាំពាក្យតុលាការខេត្តកោះកុង លោក អ៊ុន សុវណ្ណធានី ជាច្រើនដងតាមទូរស័ព្ទ នៅថ្ងៃទី៩ កក្កដា ក៏ប៉ុន្តែលោកមិនលើកទូរស័ព្ទ។
លោក អាឡិច ត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជា កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៥ ក្រោមហេតុផលថា ទិដ្ឋាការរបស់លោកផុតកំណត់។ ក៏ប៉ុន្តែ ក្រុមអ្នកសង្កេតការណ៍យល់ថា ការបណ្តេញចេញនេះ ដោយសារលោកជាសកម្មជនបរិស្ថានលេចធ្លោមួយរូប បានចេញមុខយ៉ាងសកម្មក្នុងកិច្ចការពារធនធានធម្មជាតិនៅតំបន់អារ៉ែង ខេត្តកោះកុង។
លោកបានព្យាយាមជាច្រើនដងដើម្បីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ប៉ុន្តែត្រូវទទួលបរាជ័យ ដោយសារលោកជាប់ឈ្មោះនៅក្នុងបញ្ជីខ្មៅនៃជនដែលមិនត្រូវបានអនុញ្ញាតឱ្យចូលទឹកដីកម្ពុជា។ កាលពីពេលថ្មីៗនេះ លោកបានសាកល្បងស្នើសុំទិដ្ឋាការអនឡាញម្តងទៀតពីអាជ្ញាធរកម្ពុជា ហើយអាជ្ញាធរក៏បានផ្តល់ទិដ្ឋាការអនឡាញដល់លោក ក៏ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក គេក៏បាននិរាករណ៍ទិដ្ឋាការនោះវិញដោយមិនបញ្ជាក់មូលហេតុ។
លោកនាយឧត្តមសេនីយ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រាប់អាស៊ីសេរី នៅថ្ងៃទី៩ កក្កដាថា សមត្ថកិច្ចមិនអនុញ្ញាត្តិអោយលោកអាឡិចចូលប្រទេសកម្ពុជាទេដោយខ្លាចក្រែងប៉ះពាល់ដល់សន្តិសុខជាតិ៖ « ប៉ះពាល់ដល់សន្តិសុខជាតិ មានន័យថា អសន្តិសុខជាតិ ធ្វើឲ្យអសន្តិសុខ » ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធផ្តល់ទិដ្ឋាការដល់លោក អាឡិច វិញ ដើម្បីឱ្យលោកមានឱកាសការពារខ្លួននៅចំពោះមុខច្បាប់។ លោកយល់ថា ប្រសិនបើតុលាការលើករឿងនេះទៅជំនុំជម្រះដោយគ្មានវត្តមានលោក អាឡិច មែន នោះស្ថាប័នយុត្តិធម៌មួយនេះនឹងរងការរិះគន់ពីសាធារណជនជាក់ជាមិនខាន ហើយជាពិសេសទង្វើនេះ គឺជាការរំលោភសិទ្ធិជនជាប់ចោទធ្ងន់ធ្ងរ៖ «តុលាការមានយុត្ថាធិការគ្របដណ្តប់ក្នុងដែនសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ក្នុងហ្នឹងបទល្មើសមួយចំនួនក៏អាចពន្លាតទៅដល់ក្រៅប្រទេសផងដែរ។ អ៊ីចឹងអ្វីដែលសំខាន់ វានៅលើឆន្ទៈពិតប្រាកដទេ ថាតើចង់ឱ្យ អាឡិច ហ្នឹង បានមកធ្វើការតទល់នៅចំពោះមុខតុលាការដើម្បីបង្ហាញពីភាពយុត្តិធម៌ដែរ ឬទេ គឺតែប៉ុណ្ណឹងទេ»។
ក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា សំណុំរឿងនេះមានភាពអយុត្តិធម៌សម្រាប់លោក អាឡិច តាំងពីដំណាក់កាលដំបូង ព្រោះទាំងតំណាងអយ្យការ និងចៅក្រមស៊ើបសួរ មិនបានកោះហៅសកម្មជនបរិស្ថានរូបនេះ មកសាកសួរឡើយ ហើយក៏រុញរឿងនេះទៅជំនុំជម្រះតែម្តង។ ពួកគេយល់ថា រឿងនេះនឹងកាន់តែអយុត្តិធម៌ បើតុលាការកាត់ក្តីលោក អាឡិច ដោយកំបាំងមុខ ព្រោះរូបលោកគ្មានឆន្ទៈគេចវេសពីនីតិវិធីរបស់តុលាការឡើយ ផ្ទុយទៅវិញគឺអាជ្ញាធរទេដែលបិទច្រកមិនឱ្យលោក បានចូលមកតតាំងក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
