គណៈកម្មការ​ទន្លេ​មេគង្គ​ថា កម្ពុជា​និង​ថៃ​រងគ្រោះ​ខ្លាំង​ជាងគេ​ពី​វិបត្តិ​គ្រោះ​រាំង​ស្ងួត​នៅ​ទន្លេ​​មេគង្គ

0:00 / 0:00

គណៈកម្មការ​ទន្លេ​មេគង្គ (MRC=Mekong River Commiittee) ព្យាករណ៍​ថា គ្រោះ​រាំងស្ងួត​នឹង​វាយប្រហារ​មក​លើ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ នឹង​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​ប្រជាជន​ធ្វើ​កសិកម្ម ទិន្នផល​ត្រី និង​ជីវចម្រុះ​ក្នុង​អាង​ទន្លេ​មេគង្គ​ជាដើម។

គណៈកម្មការ​ទន្លេ​មេគង្គ អះអាង​ថា បណ្ដា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ក្រោម នឹង​ទទួលរង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ ចាប់ពី​ខែ​វិច្ឆិកា​នេះ រហូត​ដល់​ខែ​មករា ឆ្នាំ​២០២០ ក្នុង​នោះ​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​ជាងគេ គឺ​កម្ពុជា និង​ថៃ។

គណៈកម្មការ​ទន្លេ​មេគង្គ​លើកឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា​ថា មូលហេតុ​ចម្បង បង្ក​ឱ្យ​កើតមាន​គ្រោះ​រាំងស្ងួត​នេះ ដោយសារ​បរិមាណ​ទឹក​ភ្លៀង​មិន​គ្រប់គ្រាន់​ក្នុង​រដូវវស្សា និង​បាតុភាព​អែលនីណូ (EI Nino) ដែល​បង្ក​ឱ្យ​កើតមាន​កម្ដៅ​ខ្លាំង និង​រំហួត​ខ្ពស់​ខុស​ប្រក្រតី។

​ប្រធាន​មជ្ឈមណ្ឌល​គ្រោះ​រាំងស្ងួត និង​ទឹកជំនន់​ប្រចាំ​តំបន់ នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ លោក ឡាំ ហុងសឺន ថ្លែង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា អាកាសធាតុ​ស្ងួត​មាន​រយៈ​ពេល​​យូរ​​នៅ​ឆ្នាំនេះ អាច​បង្ក​ឱ្យ​ប៉ះពាល់​អវិជ្ជមាន​លើ​ដំណាំ និង​ផលិតផល​កសិកម្ម​។ លោក​ថា កង្វះ​ទឹក​អាច​នឹក​កើតមាន ប្រសិនបើ​គ្រោះ​រាំងស្ងួត អូស​បន្លាយ​ពេល។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង ប្រធាន​គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា លោក តែ ណាវុធ ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​ជុំវិញ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល នៅ​ថ្ងៃ​ទី២០ វិច្ឆិកា​។​

គណៈកម្មការ​ទន្លេ​មេគង្គ ឱ្យ​ដឹង​ទៀត​ថា ទន្លេ​មេគង្គ​ក្រោម​នឹង​ប្រឈម​គ្រោះ​រាំងស្ងួត ហើយ​អាកាសធាតុ​រាំងស្ងួត​នេះ នឹង​គ្រប់​ដណ្ដប់​លើ​តំបន់​មួយ​ចំនួន និង​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម និង​ផលដំណាំ​។ នៅ​កម្ពុជា​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ និង​ខេត្ត​សៀមរាប នឹង​រង​ផល​ប៉ះពាល់​ខ្លាំង​។

​ចំណែក​នៅ​ប្រទេស​ថៃ គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ​ថា គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ នឹង​កើត​មាននៅ​ខេត្ត​ចំនួន​១២​នៅ​តំបន់​ភាគ​ខាងជើង និង​តំបន់​ភាគ​ឦសាន​។ រីឯ​តំបន់​ភាគ​កណ្ដាល និង​ភាគ​ខាងជើង​នៃ​ប្រទេស​ឡាវ មាន​ខេត្ត​ចំនួន ៥ នឹង​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​រាំងស្ងួត​នេះ​ដែរ​។ ដោយឡែក ដែនដី​សណ្ដ នៃ​ទន្លេ​មេគង្គ ក្នុង​ប្រទេស​វៀតណាម​វិញ លំហូរ​ទឹកប្រៃ អាច​នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​ខ្លះ​ៗ ដល់​ដំណាំ​កសិកម្ម។

អ្នក​សិក្សា​ផ្នែក​បរិស្ថាន និង​ជា​សមាជិក​ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន លោក ជុំ ហួត យល់​ថា ការបាត់បង់​ទំហំ​ព្រៃឈើ ក៏​ជា​ផ្នែក​មួយ​សំខាន់ រួមចំណែក បង្កើត​ឱ្យ​មាន​គ្រោះ​ស្ងួត និង ប៉ះពាល់​ដល់​បរិមាណ​ទឹក​ក្នុង​ទឹក​អាង​ទន្លេ​មេគង្គ​។ លោក​អំពាវនាវ ឱ្យ​រដ្ឋាភិបាល​កម្ពុជា ថៃ វៀតណាម និង​ឡាវ ពង្រឹង​គោលនយោបាយ​អភិរក្ស​ព្រៃឈើ​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​បាតុភាព​អាក្រក់​នេះ នៅ​ថ្ងៃ​អនាគត៖ «នៅ​ពេល​បាត់​បង់​ព្រៃ​ឈើ​គឺ កត្តាទឹកភ្លៀង​ហូរ​មក​ហ្នឹង មិន​អាច​ផ្គត់ផ្គង់​បាន​ទេ វា​ហូរច្រោះទៅ​តំបន់​ផ្សេង។ យើង​មិន​អាច​ផ្គត់ផ្គង់​ទឹក​ទន្លេ​មេគង្គ​បាន​ទេ។ ដូច្នេះ​យើង​សំណូមពរ​ដល់​រដ្ឋាភិបាល​ទាំង​អស់​ហ្នឹង មាន​គោល​នយោបាយ​មួយ និង​យុទ្ធសាស្ត្រ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ តាម​ដង​ទន្លេ​មេគង្គ​ដែល​មាន​ស្រាប់ »

អ្នកឃ្លាំមើល​បរិស្ថាន​រក​ឃើញ​ថា គ្រោះ​រាំង​ស្ងួត​នេះ​បណ្ដាល​មក​ពី​ប្រព័ន្ធ​ទឹក​ក្រោម​ដី​ហួត​ខ្លាំង​ខុស​ប្រក្រតី ហើយ​កម្លាំង​ខ្យល់​ក្នុង​រដូវរងា អាច​នឹង​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ចាប់ពី​អំឡុង​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ ២០២០​ខាងមុខនេះ​។ ទន្ទឹម​នឹង​នេះ ប្រទេស​កម្ពុជា​នឹង​ជួប​វិបត្តិ​ខ្វះខាត​ថាមពល​អគ្គិសនី​ប្រើប្រាស់ ដោយសារ​ការ​ផ្គត់ផ្គង់​ទឹក​ក្នុង​អាង​ទន្លេ​មេគង្គ​មិន​គ្រប់​គ្រាន់។​

​នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ បារម្ភ​ថា គ្រោះ​រាំងស្ងួត​នេះ នឹង​ធ្វើ​ឱ្យ​បរិមាណ​ទឹកទន្លេ​មេគង្គ​ស្រក​ចុះ​ខ្លាំង ប៉ះពាល់​វិស័យ​កសិកម្ម ទិន្នផល​ត្រី និង​ជីវចម្រុះ​មួយ​ចំនួន ក្នុង​អាង​ទន្លេ​មេគង្គ​ទាំងមូល រហូតដល់​ទន្លេសាប​ផង​ដែរ។ លោក​ថា ប្រភេទ​ត្រី​មួយ​ចំនួន​ដែល​មាន​ទម្លាប់​ផ្លាស់​ទី​ឆ្ងាយ រស់នៅ​ក្នុង​អាង​ទន្លេសាប និង​ទន្លេ​មេគង្គ នឹង​រង​ហានិភ័យ​ខ្ពស់​។ លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ផ្សព្វផ្សាយ​សេចក្ដីជូនដំណឹង​នេះ ឱ្យ​បាន​ទូលំទូលាយ៖ «សំណូមពរ​ទៅ​អាជ្ញាធរ​ដែនដី និង​រាជ​រដ្ឋាភិបាល អ្វី​ដែល​យើង​បាន មើល​ឃើញ​ការ​ប្រកាស​នេះ គួរ​ណាស់​តែ​យើង​ផ្សាយ​ឱ្យ​បាន​ទូលំទូលាយ តាម​ទូរទស្សន៍ និង​វិទ្យុ ឱ្យ​ប្រជា​កសិករ​យើង​បាន​ដឹង​ផង ព្រោះគាត់នឹង​អាច​ត្រៀម បង្ការ​សព្វ​បែប​យ៉ាង។ បើ​យើង​ផ្សាយ​យឺតយ៉ាវ គាត់​ដាំ​ដុះ​ខក​ទៅ គាត់វិនិយោគខ្ចីលុយកាក់គេ វា​បណ្តា​ឱ្យ​គាត់​ហ្នឹង​រង​គ្រោះ​កាន់​តែ​ធ្ងន់ធ្ងរ »

គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ ឱ្យ​ដឹង​ទៀត​ថា គ្រោះ​រាំងស្ងួត​នា​ឆ្នាំ​២០១៩​នេះ បណ្ដាល​ឱ្យ​ទឹក​ក្នុង​អាងទន្លេ​មេគង្គ​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​នៅ​ក្នុង​រយៈពេល ៦០​ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​មួយ​នេះ មិនបាន​និយាយ​ដល់​រឿង​ទំនប់​វារីអគ្គិសនី​ជាច្រើន​តាម​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាងលើ ដែល​ប៉ះពាល់​ដល់​កម្រិត​ទឹក​ក្នុង​អាង​ទន្លេ​មេគង្គ​នោះ​ឡើយ​។ គណៈកម្មការ​ទន្លេ​មេគង្គ​រំពឹង​ទុក​ថា ស្ថានភាព​រាំងស្ងួត នឹង​មាន​ភាព​ប្រសើរ​ឡើង​បន្តិច ចាប់ពី​សប្ដាហ៍​ទី​២ ក្នុង​ខែ​មករា​ឆ្នាំ​២០២០ ខាងមុខ​នេះ​។ ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេ​មេគង្គ នឹង​ជួប​ពិភាក្សា​គ្នា​អំពី​បញ្ហា​គ្រោះ​រាំងស្ងួត​នេះ នៅ​រាជធានី​ភ្នំពេញ នៅ​សប្ដាហ៍​ក្រោយ​។ ជំនួប​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​មាន​ការ​អនុម័ត​យុទ្ធសាស្ត្រ​គ្រប់គ្រង​គ្រោះ​រាំងស្ងួត ដោយ​ផ្ដោត​លើ​វិធានការ​ចាំបាច់​សម្រាប់​កាត់បន្ថយ​ហានិភ័យ ព្រមទាំង​ដើម្បី​ផ្លាស់ប្ដូរ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​គ្រោះ​រាំងស្ងួត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។