អ្នកជំនាញ លើកឡើងថា កម្ពុជាគួរទាញយកឱកាសពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសតំបន់មេគង្គ និងអាមេរិកជាលើកដំបូង ដែលនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១១ កញ្ញា។ ពួកគេថា នេះគឺជាឱកាសមួយដែលប្រទេសក្នុងតំបន់មេគង្គ អាចនិយាយគ្នាជាមួយអាមេរិក ជុំវិញបញ្ហាប្រឈមនានាដែលពួកគេមិនអាចនិយាយគ្នាបានជាមួយប្រទេសចិន ពាក់ព័ន្ធនឹងវិបត្តិទឹកទន្លេមេគង្គ។
អ្នកជំនាញយល់ថា កម្ពុជាគួរឆក់ឱកាសពីកិច្ចប្រជុំកំពូលនេះ និយាយពីរឿងរ៉ាវវិបត្តិទឹកទន្លេមេគង្គបង្កឡើងដោយចិន។ ការលើកឡើងនេះ នៅគ្រាដែលប្រទេសក្នុងតំបន់មេគង្គ គ្រោងបើកកិច្ចប្រជុំជាលើកដំបូងថ្នាក់រដ្ឋមន្ត្រីការបរទេស ជាមួយសហរដ្ឋអាមេរិកនៅថ្ងៃទី១១ កញ្ញា ដែលត្រូវគេដាក់ឈ្មោះផ្លូវការថាជាកិច្ចប្រជុំភាពជាដៃគូនៃរដ្ឋមន្ត្រីការបរទេសមេគង្គ និងសហរដ្ឋអាមេរិក។
អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល មើលឃើញថា កិច្ចប្រជុំនេះពិតជាឱកាសមួយសម្រាប់ប្រទេសនីមួយៗស្តាប់គ្នាទៅវិញទៅមក ហើយបង្កើតជាសម្ពន្ធភាពនៃក្រុមប្រទេសដែលចាំបាច់ត្រូវដោះស្រាយទប់ទល់នឹងឥទ្ធិពលនៃគោលនយោបាយរបស់ប្រទេសចិនមកលើទន្លេមេគង្គ និងប្រទេសក្នុងខ្សែទឹកខាងក្រោម។ លោកថា វិបត្តិទឹកកំពុងកើតមានឡើងពេញបន្ទុកនៅក្នុងតំបន់នេះ ហើយប្រទេសចិនកាលពីពេលថ្មីៗនេះ បានព្យាយាមបើកកិច្ចប្រជុំមេគង្គ-ឡានឆាង ដែលលោកថា មិនខុសអ្វីទៅនឹងការបណ្តោយឲ្យសត្វកញ្ច្រោងចាំយាមទ្រុងមាន់នោះទេ ដោយសារតែចិនកំពុងគ្រប់គ្រងខ្សែទឹកខាងលើនៃទន្លេមេគង្គស្រាប់។ លោកបន្ថែមថា ច្បាស់ណាស់ថា ប្រទេសចិនចាំបាច់ត្រូវតែបើកបង្ហូរទឹកពីខ្សែទឹកខាងលើនៃទន្លេមេគង្គរបស់ខ្លួន ហើយក្រុងប៉េកាំងគួរតែគិតគូរដល់ប្រទេសខ្សែទឹកខាងក្រោមទន្លេមេគង្គ ដែលជាអ្នករងគ្រោះដោយសារទង្វើរបស់ខ្លួន ដែលកំពុងបណ្ដាលឲ្យកើតមាននូវសោកនាដកម្មរួមក្នុងតំបន់ទាំងមូល។
រីឯ អ្នកជំនាញអភិបាលកិច្ចទឹក លោក ហែម ឧត្តម យល់ថា កិច្ចប្រជុំនេះ ជាឱកាសមួយសម្រាប់កម្ពុជាសម្លឹងរកមើលដៃគូជជែកជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកលទ្ធភាព ឬគំនិតផ្ដួចផ្ដើមជុំវិញការជំរុញឲ្យមានការចុះសន្ធិសញ្ញាចែករំលែកទឹកជាក់លាក់រវាងប្រទេសខ្សែទឹកខាងលើ និងប្រទេសខ្សែទឹកខាងក្រោមនៃទន្លេមេគង្គ៖ « ជាពិសេសអ្វីដែលខ្ញុំសម្លឹងឃើញហ្នុង គឺយើងហាក់ដូចជាខ្វះខាតធ្ងន់ធ្ងរទាក់ទងជាមួយនឹងច្បាប់អន្តរជាតិស្តីអំពីការគ្រប់គ្រងទឹក ... ។ អ៊ីចឹង កម្ពុជាអាចគិតពីរឿងនេះដែរ ពីព្រោះអីកន្លងមក យើងស្តាប់ឮច្រើនទាក់ទងជាមួយការអភិវឌ្ឍន៍ ធ្វើម៉េចឲ្យវាមាននិរន្តរភាព ប៉ុន្តែ អត់សូវឮនិយាយពីរឿងថា បើសិនជាអ្នកណាធ្វើទៅមិនត្រូវ ឬធ្វើឲ្យប៉ះពាល់ទៅលើសង្គម បរិស្ថាននៅប្រទេសខាងក្រោម ឬខាងលើអ៊ីចឹង មានអីយកមកដើម្បីឲ្យគេទទួលខុសត្រូវ »។
គិតត្រឹមយប់ថ្ងៃទី០៩ កញ្ញា អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួយ នៅមិនទាន់ឆ្លើយតបសំណួររបស់អាស៊ីសេរី តាមបណ្តាញសង្គមតេឡេក្រាម (Telegram) ជុំវិញជំហរជាក់លាក់របស់កម្ពុជាជាមួយសហរដ្ឋអាមេរិក អំពីរឿងរ៉ាវនៃវិបត្តិទឹកទន្លេមេគង្គបង្កឡើងដោយប្រទេសចិននេះ។ ក៏ប៉ុន្តែ នៅឯកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ កាលពីចុងខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រងការរិះគន់ថា ក្លាហានតែខាងបង្ក្រាប និងចាប់ដាក់គុកពលរដ្ឋខ្មែររួមឈាមគ្នាឯងដែលមានមតិមិនស្របនឹងលោក ក៏ប៉ុន្តែ មិនហ៊ានលើកយកពីបញ្ហាវិបត្តិទឹកធ្ងន់ធ្ងរនៅបឹងទន្លេសាប និងទន្លេមេគង្គនេះ ទៅនិយាយតទល់ជាមួយមេដឹកនាំចិន ដោយសារតែកម្ពុជាកំពុងជំពាក់គុណចិនខ្លាំង។ យ៉ាងណា លោក ហ៊ុន សែន បានថ្លែងទទួលស្គាល់ថា ការនិយាយពីរឿងគ្រប់គ្រងទឹកឆ្លងដែន គឺជាប្រធានបទរស៊ើប។

ជុំវិញកិច្ចប្រជុំភាពជាដៃគូនៃរដ្ឋមន្ត្រីការបរទេសមេគង្គ និងសហរដ្ឋអាមេរិកលើកទីមួយនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក អ្នកស្រី ម័រហ្គេន អ័រតេហ្គាស (Morgan Ortagus) ធ្លាប់បានគូសបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី០២ កញ្ញា ថា នៅថ្ងៃទី១១ កញ្ញា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ផុមភីអូ (Mike Pompeo)នឹងចូលរួមធ្វើជាសហប្រធានបើកកិច្ចប្រជុំនេះ ព្រមទាំងដាក់ចេញនូវភាពជាដៃគូររវាងសហរដ្ឋអាមេរិក និងតំបន់មេគង្គ ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ឬភូមា ថៃ វៀតណាម និងអគ្គលេខាធិការអាស៊ាន។ អ្នកស្រីថា ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់មេគង្គនេះ នឹងពង្រីកបន្ថែមទៅលើកិច្ចសហប្រតិបត្តិការដែលបានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០០៩ មកក្រោមគំនិតផ្តួចផ្តើមតំបន់មេគង្គក្រោម ដោយពង្រឹងស្វ័យភាព ឯករាជ្យវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសនៅតំបន់មេគង្គ។
ទន្ទឹមនឹងកិច្ចប្រជុំថ្មីនេះ ប្រទេសក្នុងតំបន់អាស៊ានទាំងមូល ក៏កំពុងបើកកិច្ចប្រជុំសំខាន់ៗប្រចាំឆ្នាំរបស់ខ្លួន ក្នុងនោះមានដូចជា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំកំពូលប្រចាំតំបន់អាស៊ានផងដែរ។
ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រាប់អាស៊ីសេរីថា បញ្ហាជម្លោះដណ្តើមប្រជុំកោះរ៉ាំរ៉ៃនៅសមុទ្រចិនខាងត្បូង ដោយសារតែសហរដ្ឋអាមេរិក និងចិនកំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ ជាពិសេសវត្តមានកងទ័ពនៅក្នុងសមុទ្រចិនខាងត្បូង កំពុងក្លាយជាបញ្ហាស្មុគស្មាញពិបាកទស្សន៍ទាយ និងប្រកបដោយគ្រោះថ្នាក់។ លោកថា ប្រទេសក្នុងតំបន់អាស៊ាន កំពុងតាមដានមើលការប្រកួតប្រជែងអំណាចរវាងសហរដ្ឋអាមេរិក និងចិន នឹងវិវឌ្ឍន៍ទៅមុខយ៉ាងដូចម្តេចទៀត។ បន្ថែមពីលើនេះ លោកថា បញ្ហាទន្លេមេគង្គ ក៏កំពុងកើនឡើងកម្ដៅដោយសារតែមានការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក ជាមួយនឹងប្រទេសចិន៖ « ចំពោះប្រទេសអាស៊ាន ក៏ដូចជាប្រទេសនៅតំបន់មេគង្គហ្នុង អត់ចង់ឲ្យឃើញថា ខ្លួនហ្នុងងាកទៅរកខាងណាទេ ខំប្រឹងរៀងៗខ្លួនឲ្យឃើញថា អព្យាក្រឹត្យ។ ចំពោះកម្ពុជាយើង អត់ចង់បានទទួលថ្មក្តៅ ឬក៏ Hot Potato នោះទេ។ អ៊ីចឹងទេ ចង់ឲ្យបានតែសុខទេ និយាយឲ្យចំទៅ។ ប្រទេសតូចៗនៅក្នុងតំបន់ អត់ចង់ក្លាយទៅជាឧបករណ៍ ឬក៏ជាកូនអុកនៃប្រទេសមហាអំណាចទេ»។
យ៉ាងណា បណ្ឌិត ឈាង វណ្ណារិទ្ធ ព្រមានថា ប្រទេសតូចៗក្នុងតំបន់អាស៊ានមិនអាចរក្សានូវលំនឹងអព្យាក្រឹត្យ និងឯករាជ្យតែម្នាក់ឯងបានទេ លុះត្រាណាតែប្រទេសក្នុងតំបន់ទាំងនេះ រួបរួមគ្នាជាធ្លុងមួយ ជាពិសេសក្នុងរង្វង់គ្រួសារអាស៊ាន ដើម្បីធ្វើយ៉ាងណាឲ្យមានសំឡេងតែមួយជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយនូវវិបត្តិក្នុងតំបន់ទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។