រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ថា​ជំនួញ​ឈើ​របស់​ឧកញ៉ា ទ្រី ភាព ស្រប​ច្បាប់

ដោយ ប្រាជ្ញ ចេវ
2015-02-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក អ៊ុក រ៉ាប៊ុន ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា នា​ទីស្ដីការ​ក្រសួង​កសិកម្ម កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ២០១៥។
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក អ៊ុក រ៉ាប៊ុន ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា នា​ទីស្ដីការ​ក្រសួង​កសិកម្ម កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ២០១៥។
RFA/Brach Chev

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ថ្លែង​ថា ការ​នាំ​ឈើ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​របស់​លោក​ឧកញ៉ា ទ្រី ភាព គឺ​ស្រប​ច្បាប់ និង​មិន​ដូច​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ទេ។ ប៉ុន្តែ​មន្ត្រី​អង្គការ​​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ទាក់ទង​ព្រៃ​ឈើ​យល់​ថា ការ​ថ្លែង​នេះ​គឺ​បំភ្លៃ​ខុស​ពី​ការ​ពិត​ដើម្បី​កុំ​ឲ្យ​លោក ទ្រី ភាព និង​អ្នក​ពាក់ព័ន្ធ​មាន​ទោស។

ផ្ទុយ​ពី​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក ដែល​រក​ឃើញ​ថា លោក​ឧកញ៉ា ទ្រី ភាព ជា​មេខ្លោង​រក​ស៊ី​ឈើ​ខុស​ច្បាប់​យក​ទៅ​លក់​នៅ​ប្រទេស​ចិន​នោះ នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​អះអាង​នៅ​ចំពោះ​មុខ​ក្រុម​ការងារ​របស់​គណៈកម្មការ​ទី​១ នៃ​រដ្ឋ​សភា​ថា លោក ទ្រី ភាព នាំ​ឈើ​ចេញ​យក​ទៅ​លក់​នៅ​បរទេស គឺ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក អ៊ុក រ៉ាប៊ុន មាន​ប្រសាសន៍​ថា របាយការណ៍​របស់​អង្គការ ឃ្លាំមើល​ពិភពលោក (Global Witness) មិនបាន​​ពិនិត្យ​ច្បាស់លាស់​ពី​នីតិវិធី​នៃ​ការនាំចេញ​ឈើ​ឡើយ​។ លោក​បញ្ជាក់​ថា  ប្រសិន​ការ​នាំ​ចេញ​ឈើ​របស់​លោក ទ្រី ភាព គ្មាន​ច្បាប់​ត្រឹមត្រូវ ក៏​គេ​មិន​អាច​ថត​ឈើ​ដែល​នាំ​ចេញ​នៅ​កំពង់​ផែ​បាន​ដែរ៖ «រឿង​របាយការណ៍ គ្លបល វីនេស ដែល​ថា​នោះ តាម​ពិត​ទៅ​យើង​ធ្វើ​តាម​នីតិវិធី​ត្រឹមត្រូវ​ចំពោះ​ការ​នាំ​ឈើ​ចេញ មិន​មាន​ការ​ឃុបឃិត​អី​ទេ»

​របាយការណ៍​ស៊ើប​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក ឬ​ជា​ភាសា​អង់គ្លេស​ហៅ​ថា គ្លបល វីនេស (Global Witness) មាន​ចំណង​ជើង​ថា "តម្លៃ​ឈើ​ប្រណីត" ដែល​បាន​តាមដាន​ការ​ចរាចរ​ឈើ​របស់​លោក​ឧកញ៉ា ទ្រី ភាព អស់​រយៈពេល ៨​ខែ បាន​ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន​សរសេរ​ថា ចិន​បាន​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ទៅ​ក្នុង​ទីផ្សារ​ងងឹត ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ឈើ ដោយ​ទិញ​ឈើ​គ្រញូង​ពី​កម្ពុជា ដោយ​លោក​ឧកញ៉ា ទ្រី ភាព គឺ​ជា​អ្នកដឹកនាំ​នៃ​បណ្ដាញ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់ កាង​ពី​ក្រោយ​ជា​ក្រុម​មន្ត្រី​យោធា ប៉ូលិស និង​មន្ត្រី​គយ។

​បន្ថែម​ពី​របាយការណ៍​នេះ មន្ត្រី​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស អ្នកស្រី មេហ្គែន ម៉ាក់ស៊ីនែស (Megan MacInnes) ធ្លាប់​ផ្តល់​បទសម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ថា អង្គការ គ្លបល វីនេស មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​រក​ឃើញ​ថា លោក​ឧកញ៉ា ទ្រី ភាព កំពុង​លក់​ឈើ​ទៅ​ទីក្រុង​ហុងកុង ហើយ​បញ្ជូន​បន្ត​ទៅ​ប្រទេស​ចិន។ អ្នកស្រី មេហ្គែន បញ្ជាក់​ថា ក្នុង​១​ខែ លោក ទ្រី ភាព លក់​ឈើ​ចំណេញ​ដល់​ទៅ​ជិត ៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង ឲ្យ​ដឹង​ថា លោក​ឧកញ៉ា ទ្រី ភាព មាន​ចេតនា​បំផ្លាញ​ព្រៃឈើ​ឲ្យ​អស់​ពី​ប្រទេស​កម្ពុជា។ លោក​ថា  ក្រុមហ៊ុន​មួយ​នេះ កាប់​ឈើ​អស់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ផ្សេង​ទៀត។ លោក​ថា ការ​ដែល​មន្ត្រី​រដ្ឋាភិបាល​ថ្លែង​ការពារ​លោក​ឧកញ៉ា ទ្រី ភាព ដូច​នេះ  ព្រោះ​រដ្ឋាភិបាល​បាន​គាំទ្រ​សកម្មភាព​កាប់​ឈើ​របស់​ក្រុមហ៊ុន​លោក ទ្រី ភាព៖ «នៅ​តាម​តំបន់​ព្រំដែន​មួយ​ចំនួន រួម​មាន​ពោធិ៍សាត់ ឧត្តរមានជ័យ និង​ព្រះវិហារ ជាដើម ដើម​ឈើ​ធំៗ ត្រូវ​បាន​រលាយ​អស់​ហើយ។ នេះ​បញ្ជាក់​បង្ហាញ​ថា គាត់​មាន​ចេតនា​បំផ្លាញ​ព្រៃឈើ​តែម្ដង»

​វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ឧកញ៉ា ទ្រី ភាព បាន​ទេ​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ដោយ​អ្នក​លើក​លេខ​ទូរស័ព្ទ​របស់​លោក​ថា មិន​មែន​ជា​លេខ​របស់​លោក ទ្រី ភាព។

របាយការណ៍​របស់ គ្លបល វីនេស បង្ហាញ​ទៀត​ថា លោក ទ្រី ភាព បាន​ទទួល​សិទ្ធិ​ពិសេស​ក្នុង​ការ​កាប់​ឈើ និង​ទទួល​ទិញ​ឈើ​ពី​សមត្ថកិច្ច​ដែល​រឹបអូស​បាន​ពី​ក្រុម​ឈ្មួញ​រក​ស៊ី​ឈើ​ផ្សេងៗ​ទៀត ហើយ​លក់​ចេញ​ទៅ​ក្រៅ​ប្រទេស។ ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង យល់​ថា ការ​ថ្លែង​របស់​មន្ត្រី​រដ្ឋាភិបាល​នៅ​ពេល​នេះ គឺ​ដើម្បី​ការពារ​លោក​ឧកញ៉ា ទ្រី ភាព និង​បក្សពួក​ផ្សេង​ទៀត​មិន​ឲ្យ​មាន​ការ​ផ្ដន្ទាទោស​ពួកគេ និង​ថា​លោក​ឧកញ៉ា ទ្រី ភាព គ្រាន់​តែ​ជា​តួ​សំដែង​ម្នាក់​ក្នុង​វង់ល្បែង​បំផ្លាញ​ធនធាន​ធម្មជាតិ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (31)
Share

ហន

ពី ភ្នុំពេញ

តែលក់ជាតិនិងបំផ្លាញជាតិហើយគឺវាគ្មានស្របច្បាប់ស្អីទេ។
ទៅរៀនសាលាថ្នាក់ស៊ីនុំម្ដងទៀតទៅតាកសិកម្មអើយ។

Feb 15, 2015 05:13 PM

អ្នក​អាន​អនាមិក

មិនដឹងពួកព្រៃភ្លើ(លក់ជាតិ ក្បត់ជាតិស្រាប់ទៅហើយ) ឬអង្គការឃ្លាំមើលពិភពលោកព្រិល ឬខ្មែរស្លូតល្ងង់ងាប់ឲ្យហ្វូងចោរជាន់ឈ្លីទាល់អ្លាយជាតិ ...ចាមអ្លាយ ខ្មែរបាត់ព្រៃនគរ បាត់កម្ពុជាក្រោម បាត់កោះត្រល់ ចុកឆ្អល់បះពោះភ្នំពេញ អស់ហើយខ្មែរ ...ពុទ្ធំ អរហំ

Feb 11, 2015 11:23 AM

ណេ សុខណា

ពី សួង ត្បូងឃ្មុំ

កាប់បំផ្លាញឈើស្ទើអស់ពីប្រទេសហើយនៅការពារថា ស្របច្បាប់ទៀត។ នៅឆ្នាំ២០១៧ និង ២០១៨ ច្បាស់ជាធ្លាក់សន្លឹកឆ្នោតថែមទៀតហើយ។

Feb 10, 2015 06:59 AM

THUR

ពី BMC

មិនងាយគាស់វាទេបើចង់គាស់វាទាល់តែកំចាត់ពួកអា​CPP អោយអស់ពីទឹកដីខ្ម្មែរព្រោពួកវានូវក្រោមអាមេពុករលាយ​ហ៌ុន សែន​ខ្វាក់អស់ទៅហើយ​(មានតែ​ICCទេដែលអាចកំចាត់បាន

Feb 10, 2015 06:14 AM

អ្នក​អាន​អនាមិក

>. ក្នុងរបប ហ៊ុន សែន គឺជា របប លក់ទ្រព្យសម្បត្តិជាតិ លក់កេរ្ត៍មរតក នៅទីបញ្ចប់ នឹងបាត់ឈ្មោះ នៅក្នុងផែនទី ពិភពលោក !

Feb 10, 2015 05:08 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល