មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ស្នើ​រដ្ឋាភិបាល​បិទ​ច្រក​ព្រំដែន​ដែល​ឈ្មួញ​ដឹក​ឈើ​ចេញ​ទៅ​វៀតណាម

ដោយ ជិន ជេដ្ឋា
2016-08-28
Share
ដឹក​ឈើ​ភ្នំក្រវ៉ាញ កោះកុង ២០១៦ ៨៥៥ ឈើ​មូល​ដែល​ជន​ល្មើស​កាប់​ដឹក​ចេញ​ពី​ជួរ​ភ្នំក្រវ៉ាញ ក្នុង​ទឹក​ដី​ខេត្ត​កោះកុង និង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៦-២៧ ខែ​សីហា ឆ្នាំ​២០១៦។ រូបថត​ផ្ដល់​ឲ្យ​ដោយ​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ
Photo Provided

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​លើ​វិស័យ​ធនធាន​ធម្មជាតិ គ្រោង​ដាក់​លិខិត​ជូន​ប្រមុខ​រដ្ឋាភិបាល ដើម្បី​បិទ​ការ​នាំ​ចេញ​ឈើ​គ្រប់​ប្រភេទ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​ភ្នំ​ឌិន ខេត្ត​តាកែវ និង​ច្រក​ទាន់ហន់ ខេត្ត​កំពត។ ការ​ស្នើសុំ​នេះ បន្ទាប់​ពី​អង្គការ​អភិរក្ស​ធនធាន​ធម្មជាតិ​មួយ​រក​ឃើញ​ឈើ​ខុស​ច្បាប់ ១០០​ម៉ែត្រ​គូប ហើយ​បទល្មើស​បន្ត​កើត​មាន​នៅ​ជួរ​ភ្នំក្រវ៉ាញ។

ប្រធាន និង​បុគ្គលិក​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ នឹង​បញ្ចប់​បេសកកម្ម​ល្បាត​ព្រៃ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវ៉ាញ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់ស្ពឺ ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កោះកុង រយៈពេល ៦​ថ្ងៃ​របស់​ខ្លួន​នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​សីហា ដើម្បី​រៀបចំ​លិខិត​ស្នើសុំ​ភ្ជាប់​រូបភាព​ភស្តុតាង​បទល្មើស​ព្រៃ​ឈើ​ថ្មីៗ ដាក់​ចូល​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា។

ឈើ​មូល​ដែល​ជន​ល្មើស​កាប់​ដឹក​ចេញ​ពី​ជួរ​ភ្នំក្រវ៉ាញ ក្នុង​ទឹក​ដី​ខេត្ត​កោះកុង និង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៦-២៧ ខែ​សីហា ឆ្នាំ​២០១៦។ រូបថត​ផ្ដល់​ឲ្យ​ដោយ​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ
ឈើ​មូល​ដែល​ជន​ល្មើស​កាប់​ដឹក​ចេញ​ពី​ជួរ​ភ្នំក្រវ៉ាញ ក្នុង​ទឹក​ដី​ខេត្ត​កោះកុង និង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៦-២៧ ខែ​សីហា ឆ្នាំ​២០១៦។ រូបថត​ផ្ដល់​ឲ្យ​ដោយ​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ
Photo Provided

ប្រធាន​អង្គការ លោក ជា ហ៊ាន មាន​ប្រសាសន៍​ថា សកម្មភាព​អារ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ជួរ​ភ្នំក្រវ៉ាញ កំពុង​មមាញឹក​ទាំង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក និង​លើ​គោក​តាម​មធ្យោបាយ​ផ្សេងៗ ឆ្ពោះ​ទៅ​ច្រក​ទ្វារ​ព្រំដែន​វៀតណាម។ លោក​ថា ឈើ​ធ្នង់ និង​ប្រភេទ​ឈើ​ចម្រុះ​ប្រមាណ ១០០​ម៉ែត្រ​គូប ត្រូវ​ឈ្មួញ​អារ​លាក់​ទុក​នៅ​ចំណុច​ច្រេសច្រង៉ាំជ្រុំ អន្លង់​អង្គញ់ រមាំង​ស និង​ចំណុច​ភ្នំ​ក្រពើ នៃ​ជួរ​ភ្នំក្រវ៉ាញ ជាដើម៖ «ចំណែក​នៅ​ស្រុក​ថ្មបាំង (ជួរ​ភ្នំក្រវ៉ាញ​ក្នុង​ខេត្ត​កោះកុង) ចេញ​តាម​ព្រែក​អណ្ដូងទឹក គឺ​ដឹក​តាម​ទូក​ទៅ​ថ្ម​ស ចេញ​ពី​ថ្ម​ស ទៅ​តាម​ខេត្ត​ព្រះសីហនុ ហួស​ទៅ​ខេត្ត​កំពត។ បើ​មិន​បិទ​ច្រក​ព្រំដែន​ទេ បទល្មើស​អត់​ថយ​ចុះ​ទេ ហើយ​កុំ​សង្ឃឹម​ថា​មន្ត្រី​ថ្នាក់​ក្រោម​ឱវាទ​របស់​លោក​សហការ​ជាមួយ​អង្គការ​ដើម្បី​បង្ក្រាប។ ហេតុផល​ដែល​គេ​មិន​សហការ​ជួប​ផល​លំបាក​ច្រើន​ណាស់។ ជួន​អី​យើង​ចុះ​ទៅ គេ​សួរ​នាំ​បេសកកម្ម អ៊ីចឹង​ទម្រាំ​តែ​យើង​បាន​ទៅ​ដល់​កន្លែង​មាន​បទល្មើស គឺ​បទល្មើស​ហ្នឹង​គេច​អស់​ទៅ​ហើយ»

ឆ្លើយ​តប​បញ្ហា​នេះ នាយក​ខុទ្ទកាល័យ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព បញ្ជាក់​ថា បើ​ទោះ​បី​ជា​មាន​ការ​ស្នើសុំ ឬ​មិន​ស្នើសុំ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ ក៏​រដ្ឋាភិបាល​បាន​បិទ​ការ​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​តាម​ច្រក​នានា​រួច​ទៅ​ហើយ ប៉ុន្តែ​ត្រង់​មាន​ប្រសិទ្ធភាព​កម្រិត​ណា លោក​ក៏​មិន​បាន​ដឹង​ដែរ។ លោក​ថា សមត្ថកិច្ច​ជំនាញ ឬ​មន្ត្រី​ឧទ្យានុរក្ស​នៅ​តែ​បន្ត​សហការ​ជាមួយ​សង្គម​ស៊ីវិល​ក្នុង​ការ​ទប់ស្កាត់​បទល្មើស ខណៈ​រដ្ឋាភិបាល​បន្ថែម​មន្ត្រី​ឧទ្យានុរក្ស ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ៖ «សព្វថ្ងៃ ឧទ្យានុរក្ស​របស់​យើង​មាន​មិន​ដល់ ១​ពាន់​នាក់ ដែល​ធ្វើ​ត្រូវ​ធ្វើ​ការ​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ជិត ៦​លាន​ហិកតារ។ អ៊ីចឹង​ហើយ​បាន​លោក (នាយក​រដ្ឋមន្ត្រី ហ៊ុន សែន) សម្រេច​បន្ថែម ៣០០​នាក់​ទៀត បន្ថែម​លើ​កម្លាំង​ឧទ្យានុរក្ស​ដែល​មាន​ស្រាប់​សម្រាប់​ឆ្នាំ​២០១៧។ អ៊ីចឹង​បាន​ន័យ​ថា ក្នុង​ឆ្នាំ​២០១៧ គឺ​ជា​ដំណោះស្រាយ ឬ​ក៏​ជា​ការ​វិវឌ្ឍន៍​វិជ្ជមាន​មួយ​ពាក់ព័ន្ធ​នឹង​ការ​កសាង​កម្លាំង​សម្រាប់​ការ​ធ្វើ​ការងារ​ការពារ និង​អភិរក្ស ក៏ដូចជា​ការពារ​ទប់ស្កាត់​បទល្មើស​ហ្នឹង​បាទ»

លោក សៅ សុភាព ទទួល​ស្គាល់​ថា បទល្មើស​ព្រៃ​ឈើ​នៅ​តាម​តំបន់​អភិរក្ស ឬ​ឧទ្យាន​ជាតិ​នៅ​តែ​បន្ត​កើត​មាន ប៉ុន្តែ​បទល្មើស​ទាំង​នោះ​ពុំ​មាន​ជា​ទ្រង់ទ្រាយ​ធំ​ទៀត​ទេ។ បច្ចុប្បន្ន បទល្មើស​កាប់​ឈើ និង​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ពី​សំណាក់​ពលរដ្ឋ​តាម​តំបន់​អភិរក្ស ត្រូវ​បាន​មន្ទីរ​ជំនាញ​នៅ​ថ្នាក់​ក្រោម​ជាតិ ដឹកនាំ​ដោយ​អភិបាល​ខេត្ត​ផ្ទាល់ បាន​ចុះ​បង្ក្រាប និង​ដោះស្រាយ​បញ្ហា​បទល្មើស​ជា​ប្រចាំ។

រាជ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​បរិស្ថាន បាន​ចេញ​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ សម្រេច​បង្កើត​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវ៉ាញ​កណ្ដាល ដែល​មាន​ផ្ទៃដី​ទំហំ​ជាង ៤​សែន​ហិកតារ (៤០១.៣១៣​ហិកតារ)។ តំបន់​អភិរក្ស​ជួរ​ភ្នំក្រវ៉ាញ នេះ ឋិត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ស្ពឺ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល