ជំទប់​ទី​ពីរ​ឃុំ​ស្ដៅ​ខេត្ត​ស្ទឹងត្រែង​ចោទ​មេ​ឃុំ​ថា​ឃុបឃិត​ក្នុង​បទល្មើស​ព្រៃ​ឈើ

ដោយ រដ្ឋា វិសាល
2015.04.29
កាប់​ឈើ ស្ទឹងត្រែង ៣០៥ ២៥-សីហា-២០១២៖ ឈើ​ដែល​ឈ្មួញ​លាក់​ទុក​ក្នុង​ឃុំ​តាឡាត នៅ​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។
Photo: RFA

មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ស្ដៅ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ចោទ​ប្រកាន់​មេ​ឃុំ ថា​បាន​ឃុបឃិត​ជាមួយ​ជន​ល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​នោះ។ ប្រភព​ដដែល​បង្ហាញ​ថា មេ​ឃុំ​តែងតែ​អនុគ្រោះ​ដល់​អ្នក​រក​ស៊ី​កាប់​ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​ដោយ​ខុស​ច្បាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បទល្មើស​ព្រៃ​ឈើ​កើត​ច្រើន​នៅ​ក្នុង​មូលដ្ឋាន។

ជំទប់​ទី​ពីរ​ឃុំ​ស្ដៅ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង លោក ប៊ុ ចាន់ធី នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា អះអាង​ថា បទល្មើស​ព្រៃ​ឈើ​កំពុង​កើត​មាន​ជាច្រើន​ករណី​ក្នុង​មូលដ្ឋាន​នេះ ដោយសារ​តែ​អាជ្ញាធរ​ឃុំ​មិន​ចាត់​វិធានការ​បង្ក្រាប។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហគមន៍​ឃុំ​ស្ដៅ កាល​ពី​ដើម​ខែ​មេសា បាន​ចាប់​រណារ​យន្ត​កាត់​ឈើ​ជាង ១០​គ្រឿង ក៏ប៉ុន្តែ​លោក​មេ​ឃុំ​បាន​សម្រប​សម្រួល​ប្រគល់​ម៉ាស៊ីន​កាត់​ឈើ​ទាំង​នោះ​ទៅ​ឲ្យ​អ្នក​កាប់​ឈើ​វិញ ផ្ទុយ​ទៅ​នឹង​គោលការណ៍​ច្បាប់។

លោក ប៊ុ ចាន់ធី ហៅ​ចំណាត់​ការ​របស់​មេ​ឃុំ​ថា​មាន​ចេតនា​បណ្ដែត​បណ្តោយ និង​លើក​ទឹក​ចិត្ត​ឲ្យ​ជន​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​កាន់​តែ​កើន​ច្រើន ដោយ​គ្មាន​ការ​ទប់ស្កាត់៖ «ឈើ​ក្រំ នៅ​ភូមិសាស្ត្រ​ឃុំ​ស្ដៅ ជិត​អស់​ហើយ។ ខ្ញុំ​សំណូមពរ​ឲ្យ​ទប់ស្កាត់​កុំ​ឲ្យ​ព្រៃ​ឈើ​យើង​ហិនហោច។ វា​មាន​អ្នក​ឲ្យ​ដៃ​ដូច​ខ្ញុំ​ថា​មេ​ឃុំ​គាត់​មាន​សម្ដី​ខ្លាំងៗ ថា​ខ្ញុំ​ធ្វើ​មិន​ត្រឹមត្រូវ សម្រួល​ឲ្យ​គេ​ទៅ​គេ​ជួយ​អ៊ីចេះ​អ៊ីចុះ ខ្ញុំ​អត់​បាន​ដឹង»

សេចក្តី​រាយការណ៍​ពី​សហគមន៍​ឃុំ​ស្ដៅ ឲ្យ​ដឹង​ថា ឈើ​មូល​ប្រភេទ​ឈើ​ក្រំ កំពុង​ក្លាយ​ជា​ឈើ​មាន​តម្លៃ​នៅ​លើ​ទីផ្សារ បន្ទាប់​ពី​ឈើ​ប្រណីត​មាន​បេង នាងនួន ធ្នង់ ជាដើម ត្រូវ​គេ​កាប់​យក​អស់​ស្ទើរ​គ្មាន​សល់​នា​រយៈពេល​ជិត ១០​ឆ្នាំ​កន្លង​ទៅ​នេះ នៅ​ក្នុង​ព្រៃ​ឋិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​ស្ដៅ។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​ស្ដៅ លោក ណួយ ប៊ុនធួយ ថ្លែង​ថា នេះ​ជា​ចេតនា​មួលបង្កាច់​របស់​ជំទប់​ទី​ពីរ​ជា​មន្ត្រី​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បង្ខូច​ឈ្មោះ​លោក​ដែល​ជា​អ្នក​ដឹក​នាំ​ឃុំ និង​ជា​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បន្ត​ថា កន្លង​ទៅ​ប្រជា​សហគមន៍​ធ្លាប់​ចាប់​ម៉ាស៊ីន​កាត់​ឈើ​របស់​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ ទើប​លោក​សម្រប​សម្រួល​ប្រគល់​ឲ្យ​ក្រុមហ៊ុន​វិញ ចៀសវាង​កើត​មាន​បញ្ហា​ប្តឹងផ្តល់​គ្នា៖ «អា​នេះ​ការងារ​របស់​មេ​ព្រៃ​តើ! មេ​ឃុំ​មាន​ទទួល​ខុស​ត្រូវ​ព្រៃ​ឈើ​ឯណា? អាង​ស្អី​អាង​គណបក្ស​ប្រឆាំងៗ រីក​ចម្រើន​បាន​ប្រឆាំង​ខុស​រឿង​អត់​ត្រូវ​ទេ»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (adhoc) ខេត្ត​ស្ទឹងត្រែង លោក ហ៊ូ សំអុល កត់​សម្គាល់​ថា ភូមិសាស្ត្រ​ឃុំ​ស្ដៅ គឺ​ជា​ទីតាំង​ចរាចរ​ឈើ​អនាធិបតេយ្យ និង​គ្មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ​មូលដ្ឋាន​នោះ​ឡើយ។ លោក​ថា ឈើ​ត្រូវ​បាន​គេ​កាប់​ពី​ក្នុង​ព្រៃ ហើយ​ដឹក​ជញ្ជូន​ឆ្លង​តាម​កំពង់ដ​ចម្លង​នៅ​ក្នុង​ឃុំ​នេះ ចំណែក​មន្ត្រី ឬ​សមត្ថកិច្ច​គ្រប់​ផ្នែក​នៅ​តំបន់​នោះ ឋិត​នៅ​ពី​ក្រោយ​សកម្មភាព​ខុស​ច្បាប់​នេះ៖ «បើ​សិន​ជា​គាត់​ចាប់​បាន​បទល្មើស​ព្រៃ​ឈើ គាត់​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​មក​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ ឬ​តុលាការ​ផ្ទាល់។ គាត់​មិន​អាច​សម្រប​សម្រួល​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ក្នុង​មូលដ្ឋាន​គាត់​បាន​ទេ»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង លោក ឈាង តុលា សុំ​អធិប្បាយ​ពី​បទល្មើស​ព្រៃ​ឈើ​នោះ​បាន​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ជំទប់​ទី​២ លោក ប៊ុ ចាន់ធី សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្ត​ចុះ​ស៊ើប​អង្កេត​រឿង​នេះ និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ឃុបឃិត​បំផ្លាញ​ព្រៃ​ឈើ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។