កូនក្រពើត្រី៩ក្បាលញាស់ដោយជោគជ័យក្នុងមជ្ឈមណ្ឌលអភិរក្សនៅខេត្តកោះកុង
2017.08.15
ក្រុមអ្នកអភិរក្សសត្វព្រៃរបស់រដ្ឋបាលជលផល អង្គការសមាគមអភិរក្សសត្វព្រៃ រួមនឹងសហគមន៍ ប្រកាសពីភាពជោគជ័យរបស់ខ្លួន ខណៈកូនក្រពើត្រី ឬអាចហៅថាក្រពើព្រៃ ចំនួន ៩ក្បាលបានញាស់ដោយជោគជ័យ បន្ទាប់ពីចិញ្ចឹម និងថែរក្សារយៈពេល ៦សប្ដាហ៍ក្នុងមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូន ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សេចក្តីប្រកាសព័ត៌មានបន្ទាន់របស់សមាគមអង្គការអភិរក្សសត្វព្រៃ (Wildlife Conservation Society) ចេញផ្សាយថ្ងៃទី១៥ ខែសីហា នេះឲ្យដឹងថា កូនក្រពើត្រីចំនួន ៩ក្បាលដែលទើបនឹងញាស់នេះ គឺស្ថិតនៅក្នុងចំណោមពងក្រពើត្រីមួយសម្បុកមានចំនួន ១៩គ្រាប់ ដែលបានរកឃើញតាមបណ្តោយព្រែកស្រែអំបិល កាលពីថ្ងៃទី២៦ ខែមិថុនា។
មន្ត្រីផ្នែកទំនាក់ទំនងរបស់សមាគមអភិរក្សសត្វព្រៃ លោក អេង ម៉េងអីុ ថ្លែងថា ពងក្រពើត្រីមួយសម្បុកដែលមានពងចំនួន ១៩គ្រាប់នេះ គឺជាសម្បុកតែមួយគត់ដែលក្រុមអ្នកភូមិប្រទះឃើញក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ។ លោក អេង ម៉េងអ៊ី បញ្ជាក់ទៀតថា ជាទូទៅ កូនក្រពើត្រីមួយសម្បុកអាចញាស់ចន្លោះពី ៥០% ទៅ ៧០% ប៉ុណ្ណោះ។
ក្រពើត្រី ជាពូជសត្វកម្រនៅលើសកលលោក។ វត្តមានរបស់វាមានតែនៅក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ថៃ និងប្រទេសវៀតណាម ប៉ុណ្ណោះ។ សត្វក្រពើត្រីនេះមានប្រមាណជាង ៤០០ក្បាលប៉ុណ្ណោះ ហើយភាគច្រើនគឺមាននៅប្រទេសកម្ពុជា។
មន្ត្រីផ្នែកទំនាក់ទំនងរបស់សមាគមអភិរក្សសត្វព្រៃ លោក អេង ម៉េងអីុ ឲ្យដឹងទៀតថា ក្រៅពីកូនក្រពើត្រីដែលទើបនឹងញាស់ មជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូនខេត្តកោះកុង កំពុងចិញ្ចឹម និងថែរក្សាកូនក្រពើត្រីដែលមានទម្ងន់ចាប់ពី ៣ ទៅ ៥គីឡូក្រាមចំនួន ១១ក្បាល និងអណ្ដើកហ្លួងចំនួន ២១៦ក្បាលទៀតផង។ លោកថាអ្នកជំនាញកំពុងតែសិក្សាអំពីលទ្ធភាពផ្សេងៗ មុននឹងយកកូនក្រពើត្រីទាំងនេះលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ៕