អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​អំពាវនាវ​ឲ្យ​ទេសចរ​ប្រយ័ត្ន​ពេល​ទៅ​កម្សាន្ត​តាម​កោះ

ដោយ ដែន អយុធ្យា
2016-08-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទឹក​ភ្លៀង​ជន់​លិច​ផ្លូវ​នៅ​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៦។
ទឹក​ភ្លៀង​ជន់​លិច​ផ្លូវ​នៅ​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៦។
RFA/Den Ayuthyea

ថ្នាក់ដឹកនាំ​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ព្រួយ​បារម្ភ​អំពី​ខ្យល់​ព្យុះ​ភ្លៀង​បន្ត​បោកបក់​ខ្លាំង​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា។ អាជ្ញាធរ​បាន​អំពាវនាវ​ដល់​ប្រតិបត្តិករ​ទេសចរណ៍ ឬ​ប្រជា​នេសាទ ពិសេស​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​សុវត្ថិភាព​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នានា​នៅ​ក្នុង​ខេត្ត​នេះ។

សារ​អំពាវនាវ​នេះ កើត​ឡើង​ស្រប​ពេល​ខ្យល់​ព្យុះ​ភ្លៀង​បាន​បន្ត​បោកបក់​ខ្លាំង​ពេញ​មួយ​ថ្ងៃ នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បណ្ដាល​ឲ្យ​ជំនន់​ទឹក​ភ្លៀង​លិច​ផ្លូវ​ធ្វើ​ដំណើរ ផ្ទះ​ប្រជាពលរដ្ឋ និង​ទីផ្សារ​ជាដើម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​សីហា។

ត្រង់​ចំណុច​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​រំលឹក​ដល់​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​មូលដ្ឋាន​នេះ ត្រូវ​សហការ​គ្នា​ត្រៀមលក្ខណៈ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ប្រកប​របរ​លើ​លំហ​សមុទ្រ ពិសេស​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ដែល​និយម​ទៅ​កម្សាន្ត​តាម​កោះ​នានា។ លោក​បាន​ណែនាំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចុះ​ណែនាំ​ដល់​ប្រជា​នេសាទ និង​អ្នក​បម្រើ​ការ​សេវា​ទេសចរណ៍​ដឹក​ជញ្ជូន​តាម​សមុទ្រ ត្រូវ​គិត​អំពី​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​នៅ​ពេល​មាន​ព្យុះ​ភ្លៀង​កំពុង​បោកបក់​ខ្លាំង។

លោក យន្ត មីន សង្កត់​ធ្ងន់​ថា សមត្ថកិច្ច​ត្រូវ​ហាម​ប្រតិបត្តិករ​ទេសចរណ៍​ទាំង​នោះ​មិន​ឲ្យ​ចេញ​ទូក​ដឹក​ជញ្ជូន​ភ្ញៀវ​នៅ​ពេល​កំពុង​មាន​ព្យុះភ្លៀង​នោះ​ទេ គឺ​ត្រូវ​ស្នើ​ឲ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន ដោយ​រង់ចាំ​រលក​សមុទ្រ​ស្ងប់​ព្យុះភ្លៀង​ទើប​អនុញ្ញាត​ឲ្យ​ដំណើរ​ឡើង​វិញ។

ស្រដៀង​គ្នា​ដែរ លោក ឌឹម សំបូរ អនុ​ប្រធាន​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ​ផ្ដល់​សម្ភាសន៍​តាម​ទូរស័ព្ទ​ថា ស្ថាប័ន​ខ្លួន​ក៏​មិន​ខុស​គ្នា​នឹង​អង្គភាព​ដទៃ​ទៀត​ដែរ គឺ​បាន​ត្រៀម​ទូក ឬ​កប៉ាល់​បំពាក់​សម្ភារៈ​សង្គ្រោះ និង​កម្លាំង​ជំនាញ​ប្រចាំការ​ជា​អចិន្ត្រៃយ៍ រង់ចាំ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ទោះ​មាន​របរ​ជា​អ្នក​នេសាទ ឬ​ភ្ញៀវ​ទេសចរ​ក្តី ពេល​ពួកគេ​ជួប​គ្រោះអាសន្ន​នៅ​លើ​លំហ​សមុទ្រ​នៅ​រដូវ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នេះ។

លោក ឌឹម សំបូរ ប្រកាស​លេខ​ទូរស័ព្ទ​សម្រាប់​សង្គ្រោះ​បន្ទាន់​ជូន​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​នៅ​ពេល​ជួប​គ្រោះអាសន្ន​លិច​ទូក ឬ​មាន​បញ្ហា​ផ្សេងៗ នៅ​លើ​លំហ​សមុទ្រ​មក​កាន់​ស្ថាប័ន​លោក​ដើម្បី​បញ្ជូន​កម្លាំង​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេល តាមរយៈ​ទូរស័ព្ទ ១២ ៦៤៥ ៧៧៧ និង ០៩៧ ៣០៤ ៥៧៧៧។

ត្រង់​ចំណុច​នេះ លោក ប៊ួន ណារិទ្ធិ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​ផុង​ខ្លួន​ក្នុង​ការិយាល័យ ដាច់​បាយ​ក្រហាយ​ទឹក និង​រាំង​ស្ទះ​មិន​អាច​ធ្វើ​ដំណើរ​ចុះ​ពិនិត្យ​ការងារ​មួយ​ចំនួន​នៅ​ជាយក្រុង ដោយសារ​ផ្លូវ​លិច​ទឹក​បញ្ជាក់​ថា បញ្ហា​លិចលង់​នេះ ម្យ៉ាង​គឺ​បណ្ដាល​មក​ពី​អាជ្ញាធរ​ខេត្ត​នេះ មិន​បាន​ស្ថាបនា​លូ បង្ហូរទឹក​ឲ្យ​បាន​គ្រប់​ចំនួន ហើយ​ទឹកភ្លៀង​បាន​ហូរ​កាត់​ផ្លូវ​គ្រប់​ច្រក ព្រោះ​គ្មាន​ប្រភព​បង្ហូរទឹក​ចេញ។ ម្យ៉ាង​ទៀត គឺ​បណ្ដាល​មក​ពី​ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​យក​សំរាម​ទៅ​បោះចោល​ក្នុង​អូរ ឬ​លូ​បង្ហូរទឹក នាំ​ឲ្យ​ស្ទះ​ចរន្ត​ទឹក​មិន​អាច​ហូរ​បាន​ដោយ​រលូន។ ជាង​នេះ​ទៀត ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​យក​ដី​ចំណី​មាត់​អូរ​បង្ហូរ​ទឹក ចាក់​ដី​លុប​សម្រាប់​សង់​លំនៅឋាន​រស់​នៅ​អនាធិបតេយ្យ​ជាដើម៖ «កត្តា​មនុស្ស គឺ​ដោយសារ​តែ​រីកចម្រើន​ខាង​សេដ្ឋកិច្ច ត្រូវ​ម្ចាស់​ផ្ទះ ឬ​អ្នក​មាន​ទីលំនៅ​ក្នុង​ក្រុង​មួយ​ចំនួន​ចាប់​ផ្ដើម​ពង្រីក​ទីតាំង​ដី​ឡូត៍ របស់​ខ្លួន​សង់​ជា​បន្ទប់​ជួល ហើយ​បាន​សាងសង់​រំលោភ​ទៅ​លើ​ទៅ​ដី​ចំណី​លូ និង​អូរ​ធម្មជាតិ​សម្រាប់​បង្ហូរ​ទឹក​នៅ​ក្នុង​ក្រុង​យើង​នេះ»

ចាប់​ពី​ព្រឹក​ព្រលឹម​រហូត​មក​ដល់​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​សីហា នា​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ គេ​សង្កេត​ឃើញ​ខ្យល់​ព្យុះ​ភ្លៀង​បាន​បោកបក់​មក​យ៉ាង​ខ្លាំង​បណ្ដាល​ឲ្យ​ផ្លូវ​ថ្នល់​ក្រាល​កៅស៊ូ​សំខាន់ៗ​ផ្ទះ​ប្រជាពលរដ្ឋ និង​ទីផ្សារ​មួយ​ចំនួន​នា​ខេត្ត​ទេសចរណ៍​មួយ​នេះ ត្រូវ​លិចលង់​ធ្ងន់ធ្ងរ​ស្ទើរ​មិន​អាច​ឲ្យ​មធ្យោបាយ​ធ្វើ​ដំណើរ​បើក​ឆ្លង​កាត់​បាន​ទេ​ពេល​កំពុង​មាន​ភ្លៀង​ធ្លាក់។ ក្នុង​នោះ​មាន​នៅ​ម្ដុំ​ផ្សារ​វាលរេញ ស្ថិត​ក្នុង​ស្រុក​ព្រៃនប់ និង​ផ្លូវ​ក្រាល​កៅស៊ូ​ជា​ច្រើន​នៅ​ក្នុង​ក្រុង​ព្រះសីហនុ គឺ​នៅ​ម្ដុំ​ផ្លូវ​សេតេ ផ្លូវ​អូរសំអាត ឬ​ផ្លូវ​អូរ១ ជាដើម ត្រូវ​ជំនន់​ទឹក​ភ្លៀង​ជន់​លិច​ធ្ងន់ធ្ងរ។ ជំនន់​ទឹក​ភ្លៀង​នេះ នាំ​ឲ្យ​ផ្លូវ​ក្រាល​កៅស៊ូ ទីផ្សារ និង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ខ្លះ​ក្នុង​ក្រុង​ព្រះសីហនុ ត្រូវ​ទឹកភ្លៀង​ជន​លិច​ចាប់​ពី​ត្រឹម​ជង្គង់​រហូត​ត្រឹម​ចង្កេះ​ក៏​មាន។ ចំណែក​ស្ថានភាព​នៅ​តាម​តំបន់​ឆ្នេរ និង​នៅ​លើ​លំហ​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ​វិញ គឺ​មាន​ខ្យល់​បោកបក់ និង​មាន​ព្យុះភ្លៀង​ខ្លាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល