សហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង អំពាវនាវឱ្យក្រសួងបរិស្ថាន ស៊ើបអង្កេតលើពលរដ្ឋជិត ១០គ្រួសារ រស់នៅភូមិអូរឡង់ ឃុំសៀមបូក ខេត្តស្ទឹងត្រែង ទាក់ទិនករណី លក់ដើមច្បោះជ័រជិត ១ម៉ឺនដើម ក្នុងតំបន់ព្រៃឡង់ទៅឱ្យក្រុមហ៊ុន ស៊ីងបាយអូថេក (THINK BIOTECH CAMBODIA)។ សហគមន៍ថា ពលរដ្ឋខ្លះបានទទួលប្រាក់កក់រួចហើយ ក៏ប៉ុន្តែនៅមិនទាន់កាប់រំលំ ដើមច្បោះនៅឡើយទេ។
សហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង បង្ហាញការសោកស្ដាយ ចំពោះការបាត់បង់ដើមច្បោះជ័រទឹក រាប់ម៉ឺនដើម ឋិតក្នុងដែនជម្រកសត្វព្រៃឡង់ កំពុងទទួលរងការកាប់បំផ្លាញធ្វើអាជីវកម្មអស់ជាបន្តបន្ទាប់។ សហគមន៍ថា បច្ចុប្បន្នមានឈ្មួញ ចាំទទួលទិញច្បោះជ័រទឹក ពីក្រុមពលរដ្ឋនៅមូលដ្ឋាន ដើម្បីលក់បន្តឱ្យក្រុមហ៊ុន ស៊ីងបាអូថេក (THINK BIOTECH CAMBODIA) ដែលមានទីតាំងស្តុកឈើខ្នាតធំជាប់ព្រៃឡង់ ក្នុងខេត្តក្រចេះ។
ក្រុមស្នូលព្រៃឡង់ ខេត្តស្ទឹងត្រែង លោក យឹម សុភ័ក្ត្រ ឱ្យដឹងនៅថ្ងៃទី២០ កុម្ភៈ ថា ថ្មីៗនេះ មានពលរដ្ឋ ៧គ្រួសារ រស់នៅភូមិអូរឡង់ ឃុំសៀមបូក បានលក់ដើមច្បោះសរុបជិត ១ម៉ឺនដើម ទៅឱ្យឈ្មួញនៅមូលដ្ឋាន ហើយក្រុមឈ្មួញកណ្តាលទាំងនោះ ជាអ្នកដឹកជញ្ជូន លក់បន្តឱ្យក្រុមហ៊ុន ស៊ីងបាយអូថេក។ លោកថា មានពលរដ្ឋខ្លះបានទទួលប្រាក់កក់ជាង ២០០០ដុល្លារពីឈ្មួញរួចហើយ ប៉ុន្តែដើមច្បោះដែលពួកគេធ្លាប់អាស្រ័យផល ឋិតនៅចំណុច អូរចំមាស់ ចំណុចពាមអូរខ្សាច់ អូរពណ៌ អូរឡា និងអូរទួលខ្សាច់ នៅមិនទាន់កាប់រំលំនៅឡើយទេ។ រីឯក្រុមឈ្មួញ កំពុងយកគ្រឿងចក្រឈូសឆាយធ្វើផ្លូវ តម្រង់ចូល ទៅតំបន់ដែលសំបូរដើមច្បោះជ័រទាំងនោះ ដើម្បីងាយស្រួលដឹកជញ្ជូន ចូលក្នុងក្រុមហ៊ុនស៊ីងបាយអូថេក៖ «អ្នកដែលមានដើមច្បោះនៅខាងក្រៅក្រុមហ៊ុន គាត់លក់ទៅឱ្យក្រុមហ៊ុន គាត់លក់ឱ្យមេការអ្នកទិញ ឈ្មួញកណ្ដាលដែលជាអ្នកទិញ។ តំបន់ចំណុចអូរឡា តំបន់ចំណុចអូរចំម៉ាស់ និងតំបន់ចំណុចអូរសំពណ៌ គឺតំបន់ព្រៃនៅកណ្ដាលព្រៃឡង់តែម្ដង ហើយជាព្រៃដែលមានសក្ដានុពលខ្លាំងមែនទែន។ អ៊ីចឹងសូមខាងក្រសួងហ្នឹងចុះធ្វើការស៊ើបអង្កេតដោយផ្ទាល់ខ្លួនឯង ហើយបញ្ឈប់រាល់សកម្មភាពក្រុមហ៊ុនស៊ីងបាយអូថេក យើងយល់ថា ជាសកម្មភាពមួយខុសច្បាប់ អ៊ីចឹងគួរតែបញ្ឈប់»។

សហគមន៍ព្រៃឡង់រូបនេះ បន្ថែមថា ដើមច្បោះជ័រទឹក ដែលអ្នកស្រុកលក់ឱ្យឈ្មួញ មានតម្លៃចាប់ពី ២ម៉ឺនរៀលឡើងទៅ ដែលក្រុមឈ្មួញទំនងជាឃុបឃិតជាមួយមន្ត្រីឧទ្យានុរក្សមួយចំនួន ជាថ្នូរមិនអនុវត្តច្បាប់។ លោកបញ្ជាក់ថា មេភូមិ និងមេឃុំសៀមបូក ក៏បានចុះហត្ថលេខាលើលិខិតទិញលក់ ដើមច្បោះជ័រនេះដែរ។លោក យឹម សុភ័ក្ត្រ ឱ្យដឹងដែរថា កាលពីអំឡុងខែមករា មានពលរដ្ឋ ៣គ្រួសារនៅខេត្តស្ទឹងត្រែង បានលក់ដើមច្បោះជ័រចំនួន ២ពាន់ ៥០០ដើម (២៥០០)ទៅឱ្យក្រុមហ៊ុន ស៊ីងបាយអូថេក ហើយកម្មកររបស់ក្រុមហ៊ុនទើបតែកាប់ផ្ដួលអស់ នៅដើមខែកុម្ភៈ នេះ «ប្រហែលជាត្រូវរ៉ូវគ្នារវាងឈ្មួញ ទាយធុនធំៗដែល រកស៊ីនៅក្រុមហ៊ុនស៊ីងបាយអូថេក ជាមួយនឹងក្រុមមន្ត្រីឧទ្យានុរក្សថ្នាក់ណាមួយមិនខានទេ បានជាមិនមានចំណាត់ការចំពោះការលក់ ទិញកាប់ដើមឈើ និងការឈូសឆាយដីព្រៃ ដើម្បីធ្វើផ្លូវសម្រាប់ដឹកជញ្ជូនឈើ។ ឈូសដល់ត្រឹមណា ដឹកជញ្ជូនឈើចេញបណ្ដើរ»។
ពលរដ្ឋរស់នៅភូមិអូរឡង់ ឃុំសៀមបូក ម្នាក់គឺលោក ទុំ ឆាន បញ្ជាក់ថា ពិតជាមានពលរដ្ឋ៧គ្រួសារបានលក់ដើមច្បោះឱ្យឈ្មួញក្នុងព្រៃឡង់មែន ក៏ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់កាប់រំលំនៅឡើយទេ។ លោកថា អាជ្ញាធរមានសមត្ថកិច្ច គួរតែចាត់វិធានការទប់ស្កាត់មុនជាបន្ទាន់ ដើម្បីកុំឱ្យមានការកាប់រំលំដើមច្បោះជ័រទាំងនោះ។ លោកថាអ្វីដែលជាការបារម្ភខ្លាំងនោះ គឺក្រុមឈ្មួញនៅតែបន្តញុះញង់ អ្នកភូមិឱ្យលក់ដើមច្បោះឱ្យខ្លួន ដោយគំរាមថា បើមិនលក់ទេនឹងត្រូវគេកាប់យកដដែល។ លោកបន្ថែមថា គ្រួសារលោកមានដើមច្បោះជ័រជាង ៣០០ដើម កំពុងទទួលរងការគំរាមកាប់បំផ្លាញ ពីក្រុមឈ្មួញ៖ «៧គ្រួសារទិញច្រើន ម្ចាស់នេះគ្រាន់តែលក់ទេ ប៉ុន្តែសកម្មភាពចូលកាប់មិនទាន់ចូលដល់ទេ។ ឈ្មួញកណ្តាលហ្នឹងវាដើរគំរាម បើលក់ក៏កាប់ មិនលក់ក៏កាប់។ អ៊ីចឹងទេ អាខ្លះបានតែលក់ តែអត់ទាន់មានសកម្មភាពដំណើរការកាប់ទេ»។
មេឃុំសៀមបូក លោក ទុំ សារុំ បដិសេធថា លោកមិនបានចុះហត្ថលេខាលើលិខិតទិញ ឬលក់ ដើមច្បោះជ័រទាំងនោះទេ ក៏ប៉ុន្តែលោកទទួលស្គាល់ថា មានពលរដ្ឋមួយចំនួនបង្ខំចិត្តលក់ដើមច្បោះ ដោយសារទទួលរងការគំរាមកាប់បំផ្លាញ ពីក្រុមឈ្មួញ។ លោកថា អាជ្ញាធរឃុំ បានបង្កើតក្រុមការងារ ចុះស្រាវជ្រាវ ដោះស្រាយរឿងនេះ។ លោកចាត់ទុក ការលក់ដើមច្បោះជ័រទឹក ដែលជាឆ្នាំងបាយរបស់ពលរដ្ឋ ក្នុងព្រៃអភិរក្ស ជាទង្វើល្មើសច្បាប់៖ «អត់មានទេលោកគ្រូ ពីណាទៅស៊ីញ៉េអី មានសិទ្ធិអី សូម្បីតែពលរដ្ឋក៏អត់មានសិទ្ធិដែរ មានសិទ្ធិតែយកជ័រទឹក ច្បាប់តែរក្សាការពារយូរខែឆ្នាំហើយ។ ខ្ញុំអត់ដឹងអត់យល់ដែរ ប៉ុន្តែគេគំរាមកំហែងពួកគាត់ លួចកាប់ខ្លះ គេគំរាមថា លក់ឬមិនលក់ បើមិនលក់ក៏នៅតែកាប់។ គាត់ព្រួយបារម្ភយ៉ាងម៉េចខ្ញុំក៏មិនដឹងដែរ»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា មានប្រសាសន៍ថា ពលរដ្ឋមានសិទ្ធិប្រមូលផល និងអាស្រ័យផល អនុផលព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ ក៏ប៉ុន្តែពួកគេគ្មានសិទ្ធិលក់ដើមច្បោះជ័រ ឋិតក្នុងតំបន់ព្រៃការពារធម្មជាតិបាននោះទេ។ លោកបញ្ជាក់ថា ប្រសិនបើក្រសួងទទួលបានព័ត៌មាន និងមានភស្តុតាងច្បាស់លាស់ ទាក់ទិនករណីនេះ អ្នកដែលលក់ដើមច្បោះជ័រទាំងនោះ នឹងប្រឈមចំពោះមុខច្បាប់៖ «ពួកគាត់មិនមានសិទ្ធិលក់ដូរណាមួយ ទៅឱ្យឈ្មួញឬមួយនរណាដែលឋិត ក្នុងតំបន់ការពារធម្មជាតិទេ ព្រោះដើមច្បោះជាព្រៃឈើក្នុងតំបន់ការពារធម្មជាតិ ដែលយើងត្រូវការពារ ហើយការលួចលក់ដូរជាសម្ងាត់ កាលណាដែលក្រសួងទទួលបានព័ត៌មាន និងមានភស្តុតាងគ្រប់គ្រាន់ ហើយនឹងចាប់បានច្បាស់ អាហ្នឹងត្រូវប្រឈមមុខនឹងច្បាប់ហើយ»។

តែទោះយ៉ាងណា សហគមន៍ព្រៃឡង់ រកឃើញថា ការលក់ដូរដើមច្បោះជ័រទឹក ឋិតក្នុងតំបន់ព្រៃឡង់ ពុំមែនកើតមានឡើងជាលើកទីមួយនោះទេ ហើយកន្លងទៅមានដើមច្បោះជ័ររបស់ពលរដ្ឋរាប់ម៉ឺនដើម ឋិតក្នុងព្រៃឡង់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ត្រូវបានក្រុមហ៊ុនស៊ីងបាយអូថេក លួចកាប់បំផ្លាញ ធ្វើអាជីវកម្ម។ រហូតមកទល់ពេលនេះ មានពលរដ្ឋមិនដល់ ១០គ្រួសារទេ នៅខេត្តក្រចេះដែលទទួលបានសំណងតិចតួច ជាថ្នូរបញ្ចប់ដំណោះស្រាយតាមផ្លូវច្បាប់។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់ថា ការលក់ដើមច្បោះជ័រ ក្នុងព្រៃអភិរក្ស ទាំងអ្នកលក់ និងអ្នកទិញ ត្រូវមានទោសឧក្រិដ្ឋ។ លោកថា បញ្ហានេះ ក្រសួងបរិស្ថានត្រូវចាត់វិធានការជាបន្ទាន់។ លោកសង្កត់ធ្ងន់ថា ប្រសិនបើការលក់នេះ មានជាប់ពាក់ព័ន្ធមន្ត្រីឧទ្យានុរក្ស របស់ក្រសួងបរិស្ថាន ទទួលសំណូក ជាថ្នូរមិនអនុវត្តច្បាប់ មន្ត្រីនគរបាលយុត្តិធម៌ទាំងនេះ ក៏ត្រូវមានទោសឧក្រិដ្ឋដែរ ពីបទប្រព្រឹត្តអំពើពុករលួយ៖ «វាត្រូវភាគីសងខាងទាំងអ្នកលក់ទិញ ត្រូវជាប់ទោសឧក្រិដ្ឋ ត្រូវជាប់ពន្ធនាគារពី១ឆ្នាំ ដល់ ១០ឆ្នាំ ។ ប្រសិនមានសំណូក ជាមួយមន្ត្រីជំនាញទៀត អ៊ីចឹងមន្ត្រីជំនាញត្រូវមានទោស ឧក្រិដ្ឋពីបទពុករលួយ ពី៧ឆ្នាំទៅ ១៥ឆ្នាំ។ សហគមន៍ត្រូវតែដាក់បណ្ដឹងបរិហារទៅ ក្រសួងបរិស្ថានក៏បាន ឬមួយទៅកាន់សាលាដំបូងគ្រប់ខេត្តពាក់ព័ន្ធក្នុងតំបន់ព្រៃឡង់ហ្នឹង»។
ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ មាត្រា ៦៦ និងមាត្រា ៦០ ចែងថា ត្រូវផ្ដន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ និងត្រូវរឹបអូសវត្ថុតាងជាសម្បត្តិរដ្ឋ ចំពោះជនដែលបំផ្លាញរុក្ខជាតិនៅតំបន់ស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ។ បុគ្គលដែលព្រឹត្តបទល្មើសថ្នាក់ទី២នេះ ត្រូវដាក់ពន្ធនាគារ ចាប់ពី ១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១លាន ៥ សែនរៀល ដល់ ១៥លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។