ក្រុមហ៊ុន​ឯកជន​មួយ​នៅតែ​បន្ត​រំលោភបំពាន​ដី​សហគមន៍​​ក្នុង​ខេត្ត​រតនគិរី

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​ជាច្រើន​គ្រួសារ រស់នៅ​កៀក​ព្រំដែន​កម្ពុជា​-​វៀតណាម​ក្នុងស្រុក​អណ្តូង​មាស​ខេត្តរតនគិរី​អះអាង​ថា ករណី​ក្រុមហ៊ុន​០៧​មករាផារី បន្ត​ឈូស​ឆាយ​ផលដំណាំ និង​ដី​កសិកម្ម​របស់​ពួកគាត់​ជា​ថ្មី​ទៀត។ អ្នកភូមិ​ចោទ​ថា កម្មករ​ក្រុមហ៊ុន​នេះ​ប្រើប្រាស់​កាំភ្លើង​អាកា (AK ) កាង​ការពារ​អាជីវកម្ម​របស់​ក្រុមហ៊ុន និង​បំភិតបំភ័យ​ពលរដ្ឋ។

ជម្លោះដីធ្លី​រវាង​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​រាប់​រយ​គ្រួសារ​ជាមួយ​នឹង​ក្រុមហ៊ុន​៧មករាផារី នៅតែ​បន្ត​អូស​បន្លាយពេល​ជាង​១០​ឆ្នាំ​មក​ហើយ ហើយ​មក​ទល់​ពេល​នេះ អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ​ឱ្យ​ជ្រះស្រឡះ​នៅ​ឡើយ​នោះ​ទេ។

ជនជាតិ​ដើម​ចារ៉ាយ ស្លូតត្រង់​នៅតែ​រង​នូវ​ភាព​អយុត្តិធម៌​ម្តង​ហើយ​ម្តង​ទៀត​ខណៈ​ដែល​សំណុំរឿង​ចាស់​ក្រុមហ៊ុន​រំលោភបំពាន​ដីធ្លី​អាស្រ័យ​ផល​ដីចម្ការ​វិល​ជុំ និង​ដី​ព្រៃ​អារក្ស អស់​រាប់​រយ​ហិកតារ​អាជ្ញាធរ​នៅ​មិន​ទាន់​ដោះស្រាយ​រួចរាល់​នៅ​ឡើយ​ទេ ស្រាប់​តែ​បញ្ហា​ប្រឈម​ជា​ថ្មី​ទៀត​បន្ត​កើត​មាន​ឡើង។

តំណាង​ជនជាតិ​ដើម​ភាគតិច​លោក សេវ ជើង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៨ មិថុនា ថា ក្នុង​រយៈពេល​៣​ខែ​កន្លង​ទៅ​នេះ​កម្មករ​ក្រុមហ៊ុន បាន​ប្រើ​គ្រឿងចក្រ​៣​គ្រឿង​ឈូស​ឆាយ​ផល​ដំណាំ​កសិកម្ម និង​ដីធ្លី​អាស្រ័យ​ផល របស់​ពលរដ្ឋ​ចំនួន​៤​គ្រួសារ​អស់​ជាច្រើន​ហិកតារ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្វះខាត​ដី​ដាំ​ដុះ​ចិញ្ចឹមជីវិត​នៅ​រដូវ​វស្សា​ឆ្នាំ​នេះ ។ លោក​បន្ថែម​ថា ពលរដ្ឋ​កំពុង​ទាល់ច្រក​មិន​ដឹង​ទៅ​ពឹង​ស្ថាប័ន​ណាមួយ​ឱ្យ​ជួយ​ដោះស្រាយ​ទេ ខណៈ​ដែល​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​មិន​អើពើ​ដោះស្រាយ​ពាក្យ​បណ្តឹង​របស់​ពួកគាត់។

លោក សេវ ជើង៖ «អាជ្ញាធរ​គេ​ថា ដី​ក្រុមហ៊ុន​ពលរដ្ឋ​ខ្លះ​ខឹង​រឿង​ដីធ្លី អត់​ដោះស្រាយ​ដែរ​។ ទៅ​និយាយ​នៅ​សាលាឃុំ​មេឃុំ​តា​ចាំ​សិន​អស់​ដី​អស់​ព្រៃ​ហើយ គេ​យក​កាយ​អស់»។

ចាប់តាំងពី​មាន​វត្តមាន​ក្រុមហ៊ុន៧​មករាផារី វិនិយោគ​នៅ​តំបន់​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​ដែល​ឋិត​ក្នុង​ស្រុក​អណ្តូង​មាស និង​ស្រុក​អូរយ៉ាដាវ​នៃ​ខេត្ត​រតនគិរី ជនជាតិ​ដើម​ភាគតិច​រាប់​រយ​គ្រួសារ​ក្នុងភូមិ​ចំនួន៧ បាន​រង​ផល​ប៉ះពាល់​ជា​បន្តបន្ទាប់។

ជនជាតិ​ដើម​ភាគតិច​ដែល​រងគ្រោះ​បញ្ហា​ដីធ្លី​នេះ​ភាគច្រើន​មិន​ហ៊ាន​តវ៉ា​ទាមទារ​ដីធ្លី​អាស្រ័យ​ផល​របស់​ខ្លួន​មកវិញ​នោះ​ទេ ដោយ​ខ្លាចក្រែង​ក្រុមហ៊ុន​ធ្វើបាប​ហើយ​អ្នកភូមិ​ខ្លះទៀត​ក៏​បោះបង់​ដីធ្លី​របស់​ខ្លួន​ឱ្យ​ក្រុមហ៊ុន​រំលោភបំពាន​ដោយ​គ្មាន​សំណង​អ្វី​ទាំងអស់។ អ្នកភូមិ​ខ្លះ​ក៏​មិន​ហ៊ាន​ទៅ​ដាំ​ដុះ​លើ​ដី​កសិកម្ម​របស់​ខ្លួន​នោះ​ឡើយ ព្រោះ​ភ័យខ្លាច​សុវត្ថិភាព​ផ្ទាល់ខ្លួន​ដោយសារ​កម្មករ​របស់​ក្រុមហ៊ុន​មាន​កាំភ្លើង​អាការ (AK) យាម​ការពារ។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​រឿង​នេះ​ពី​ស្នងការ​ខេត្ត​រតនគិរី​លោក អ៊ុង សុភាព បាន​នៅ​ឡើយ​ទេ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង តែ​គ្មាន​អ្នក​លើក។

លោក សេវ ជើង ឱ្យ​ដឹង​ថា ពេល​នេះ​នៅសល់​ពលរដ្ឋ​ជាង ១០​គ្រួសារ​តែប៉ុណ្ណោះ​ដែល​រស់នៅ​ភូមិ​តាំងជិ ឃុំ​ញ៉ាងហ៊ាន បន្ត​ទាមទារ​ដីធ្លី​អាស្រ័យ​ផល​របស់​ខ្លួន​មកវិញ។ លោក​ថា អាជ្ញាធរ​បន្ត​ពន្យារ​ពេល​មិន​ដោះស្រាយ​បញ្ហា​នេះ​ធ្វើ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ខ្លះ​នឿយណាយ នឹង​ការស្វែងរក​យុត្តិធម៌​និង​អស់​ជំនឿ​នឹង​អាជ្ញាធរ។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​រតនគិរី​លោក ញ៉ែម សំអឿន បាន​នៅឡើយ​ទេ។ រីឯ​តំណាង​ក្រុមហ៊ុន​៧​មករា​ផារី ក៏​មិនទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ចុះ​អង្កេត​ដល់ទី​តាំង​ដី​មាន​ជម្លោះ​ឱ្យ​ដឹង​ថា​ពេលនេះ ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ជិត​៨​ពាន់​ហិកតារ​នេះ បាន​ដាំ​កៅស៊ូ និង​ដំណាំ​ឧស្សាហកម្ម​ផ្សេងទៀត​តិចតួច​នៅឡើយ​ទេ ហើយ​ផ្ទៃដី​ផ្សេងទៀត​គឺ​នៅ​ទំនេរ។ រី​ឯ​ដី​នៅ​តំបន់​ផ្សេងទៀត​វាល​ធំ​ល្វឹងល្វើយ​ឃើញ​មានការ​ឈូស​ឆាយ​ព្រៃ​ពង្រីក​ផ្ទៃដី​កសិកម្ម ប៉ះពាល់​ដីធ្លី​ជនជាតិ​ដើម​ភាគតិច​ដែល​ដាំ​ដុះ​លក្ខណៈ​គ្រួសារ​ចិញ្ចឹមជីវិត។

កាលពី​ខែ​តុលា​ឆ្នាំ​២០១១ រដ្ឋាភិបាល​បាន​ធ្វើ​អនុប្បយោគ​ដី​ជាង​ជិត ៧​ពាន់​ហិកតារ (៦.៨៥៥​ហិកតារ​) នៅ​ស្រុក​អណ្ដូង​មាស​និង​ស្រុក​អូរយ៉ាដាវ​ក្នុង​ខេត្ត​រតនគិរី​ប្រែក្លាយ​ដី​តំបន់​នោះ​ជា​ដី​ឯកជន​របស់​រដ្ឋ​តាម​សំណើ​របស់​ក្រសួង​កសិកម្ម ដើម្បី​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​៧មករាផារី។

ជុំវិញ​រឿង​នេះ​មន្ត្រី​អង្កេត​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្តរតនគិរី​លោក ងៀវ សិលា សង្កេត​ឃើញ​ថា ជនជាតិ​ដើម​ភាគតិច​កាន់កាប់​ដីធ្លី​លក្ខណៈ​ប្រពៃណី​ជាច្រើន​ជំនាន់​មក​ហើយ​ពុំ​មាន​ប្លង់​កម្មសិទ្ធិ​នោះ​ទេ ក៏​ប៉ុន្តែ​អាជ្ញាធរ និង​តំណាង​ក្រុមហ៊ុន​តែងតែ​យក​ឯកសារ​ពាក់ព័ន្ធ​និង​ប្លង់​កម្មសិទ្ធិ ជា​មូលដ្ឋាន​ដើម្បី​ដាក់​សម្ពាធ​ពួកគាត់។

លោក​ថា ពលរដ្ឋ​ខ្លះ​បង្ខំចិត្ត​ទទួល​សំណង​ជា​ថវិកា​ពី​ក្រុមហ៊ុន​ព្រោះតែ​គ្មាន​ជម្រើស និង​មិន​ចង់​មាន​រឿង​វែងឆ្ងាយ។

លោក ងៀវ សិលា៖ «ពលរដ្ឋ​នៅ​នេះ​ភាគច្រើន​គាត់​ប្រើប្រាស់​ដី​ដោយ​អត់​មាន​ប្លង់ ដោយ​ពេល​ដោះស្រាយ​តាមច្បាប់​គេ​អត់​យក​ប្រពៃណី​មក​ដោះស្រាយ​ទេ គេ​និយាយ​រឿង​ឯកសារ​មួយ»។

ប្រជា​សហគមន៍​បន្ថែម​ថា ចាប់តាំងពី​មាន​វត្តមាន​ក្រុមហ៊ុន​នេះ មេការ​ក្រុមហ៊ុន​បាន​ឈូសឆាយ​ដី​ចម្ការ​វិល​ជុំ​របស់​អ្នកភូមិ​យ៉ាងហោចណាស់​៦០០​ហិកតារ និង​កាប់​បំផ្លាញ​ឈើប្រណិត​មានតម្លៃ​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ព្រំដែន​ខុសច្បាប់​។ រីឯ​ព្រៃ​អារក្ស​អូរ​ធម្មជាតិ​ភ្នំ និង​ព្រៃ​អាស្រ័យ​ផល​ជាច្រើន​តំបន់​ក៏​ត្រូវ​ក្រុមហ៊ុន​៧​មករា​ផារី នេះ​ឈូស​ឆាយ​កម្ទេច​ដោយ​ជំនួស​មក​វិញ​នូវ​ចម្ការ​កៅស៊ូ និង​វាល​ធំ​ល្វឹងល្វើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។