ទឹក​ឡើង​លិច​ភូមិ​ស្រែគរ​​ក្រោយ​ពេល​ទំនប់​វារីអគ្គិសនី​សេសានក្រោម​២​បិទ​ជា​ស្ថាពរ

ដោយ ម៉ម មុនីរតន៍
2017-07-28
Share
ទំនប់​វារីអគ្គិសនី​សេសានក្រោម២ ១៤៤០ ២០១៧ ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ ស្ថិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៧។
Photo: RFA

ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​ស្រែគរ ខេត្ត​ស្ទឹងត្រែង ត្អូញត្អែរ​អំពី​ផល​លំបាក​នៅ​ពេល​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ ត្រូវ​បាន​បិទ​ជា​ស្ថាពរ​គិត​ត្រឹម​ថ្ងៃ​ទី​២៨ កក្កដា នេះ។ ការ​បិទ​ទំនប់​ជា​ថ្មី​បន្ថែម​ទៀត​នេះ បណ្ដាល​ឲ្យ​កម្ពស់​ទឹក​បាន​ឡើង​ជន់​លិច​ភូមិ និង​ផ្ទះ​ពលរដ្ឋ កន្លែង​ខ្លះ​កម្ពស់​ទឹក​ឡើង​រហូត​ដល់​ជាង ១​ម៉ែត្រ។ ដោយ​ឡែក​មន្ត្រី​សាលា​ខេត្ត​ស្ទឹងត្រែង វិញ​អះអាង​ថា សមត្ថកិច្ច​បាន​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់​ហើយ​ក្នុង​ការ​ជួយ​សង្គ្រោះ។

ស្រប​ពេល​កម្ពស់​ទឹក​បាន​បន្ត​ឡើង​ខុស​ពី​ថ្ងៃ​ធម្មតា និង​គំរាមកំហែង​អាយុ​ជីវិត​មនុស្ស និង​សត្វ​ហើយ ចំណែក​នៅ​តាម​ច្រក​ចូល​ភូមិ​ស្រែគរ មួយ​ចំនួន កម្លាំង​នគរបាល​ចម្រុះ​ត្រូវ​គេ​ដាក់​ពង្រាយ​ជា​ច្រើន​ទីតាំង ក្នុង​បំណង​បិទ​ច្រក​សេដ្ឋកិច្ច និង​ជំរុញ​ឲ្យ​​ពលរដ្ឋ​ចាក​ចេញ​ដោយ​បង្ខំ​ថែម​ទៀត​ផង។

រស់​នៅ​ភូមិ​ស្រែគរ (ចាស់) ស្រុក​សេសាន លោក ហ្វុត ឃឿន ជា​ជនជាតិ​ឡាវ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា ពេល​នេះ​ពលរដ្ឋ​ត្រូវ​បង្ខំ​ចិត្ត រើ​របស់​របរ​ដោយ​ខ្លួន​ឯង​ទៅ​រក​ទី​ទួល​សុវត្ថិភាព ដើម្បី​បញ្ចៀស​ទឹក​​ឡើង​ខ្លាំង ដោយសារ​ការ​បិទ​ទំនប់​វារីអគ្គិសនី។ លោក​បន្ត​ថា ថ្វី​បើ​កម្ពស់​ទឹក​បាន​គំរាមកំហែង​អាយុ​ជីវិត​មនុស្ស និង​សត្វ​បែប​នេះ​ក៏ដោយ​ចុះ ពលរដ្ឋ​នឹង​មិន​ចាកចេញ​ឡើយ៖ «ទោះ​ជា​ទឹក​លិច​ប៉ុណ្ណា ពួក​ខ្ញុំ​ក៏​នៅ​តែ​ស៊ូទ្រាំ​ពុះពារ​រាល់​ការ​ដែល​បាន​កើត​ឡើង»

អាជ្ញាធរ​ឃុំ​ស្រែគរ ឲ្យ​ដឹង​ថា ពេល​នេះ​កម្ពស់​ទឹក​បាន​គំរាមកំហែង​ខ្លាំង​ជាង​គេ គឺ​ឃុំ​ស្រែគរ (អ្នក​នៅ​ទីតាំង​ចាស់) និង​ឃុំ​នៅ​ក្បែរៗ​នោះ​ទៀត ដូច​ជា​ឃុំ​ក្បាលរមាស និង​ឃុំ​សាឡាត ជាដើម។ កន្លែង​ខ្លះ​កម្ពស់​ទឹក​បាន​ឡើង​រហូត​ដល់​ក្រប​ផ្ទះ និង​កម្ពស់​ទឹក​ជាង ១​ម៉ែត្រ​ក៏​មាន​ដែរ ដែល​បណ្ដាល​ឲ្យ​ភូមិ​ត្រូវ​លិចលង់។

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ ដែល​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ គឺ​មាន ៣​ក្រុមហ៊ុន ដែល​ដាក់​ទុន​វិនិយោគ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​ឈ្មោះ រ៉ូយ៉ាល់ គ្រុប (Royal Group) របស់​លោក​ឧកញ៉ា គិត ម៉េង មាន​ទុន​វិនិយោគ ៣៩​ភាគរយ ក្រុមហ៊ុន​ចិន ៥១​ភាគរយ និង​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម មាន​ទុន​វិនិយោគ ១០​ភាគរយ។

ភូមិ​ស្រែគរ ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ដែល​មិន​ព្រម​ទទួល​សំណង​ចាកចេញ​ពី​ភូមិ នាំ​គ្នា​មក​សង់​ជម្រក​នៅ​ទី​ទួល​សុវត្ថិភាព​ដោយសារ​ខ្លាច​ទឹក​ជន់​លិច​ផ្ទះ ពេល​ក្រុមហ៊ុន​វារីអគ្គិសនី​សេសានក្រោម២ បិទ​ទ្វារ​ទឹក។ រូបថត​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៧។ RFA/Men Sothyr
ភូមិ​ស្រែគរ ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ដែល​មិន​ព្រម​ទទួល​សំណង​ចាកចេញ​ពី​ភូមិ នាំ​គ្នា​មក​សង់​ជម្រក​នៅ​ទី​ទួល​សុវត្ថិភាព​ដោយសារ​ខ្លាច​ទឹក​ជន់​លិច​ផ្ទះ ពេល​ក្រុមហ៊ុន​វារីអគ្គិសនី​សេសានក្រោម២ បិទ​ទ្វារ​ទឹក។ រូបថត​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៧។ RFA/Men Sothyr
RFA/Men Sothyr

កាល​ពី​ឆ្នាំ​២០១៣ អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​រក​ឃើញ​ថា នៅ​ពេល​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ បើក​ឲ្យ​ដំណើរ​ការ នឹង​បង្ក​ឲ្យ​បរិមាណ​ត្រី​ក្នុង​អាង​ទន្លេ​មេគង្គ និង​ទន្លេសាប​ធ្លាក់​ចុះ​ប្រមាណ ១០%។ ក្រៅ​ពី​នេះ នឹង​កាត់​បន្ថយ​លំហូរ​ដីល្បាប់​ប្រហែល ទៅ ៨%។ មិន​តែ​ប៉ុណ្ណោះ ពលរដ្ឋ​រាប់​ម៉ឺន​នាក់​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ ប្រឈម​ការ​ប៉ះពាល់​កាន់​តែ​ខ្លាំង​ទៅ​លើ​ជីវភាព និង​សន្តិសុខ​ស្បៀង។

មេ​ឃុំ​ស្រែគរ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សៀក មេគង្គ ឲ្យ​ដឹង​ថា ក្នុង​នាម​អាជ្ញាធរ​មូលដ្ឋាន​លោក​មិន​អាច​ជួយ​អ្វី​បាន​ឡើយ​ចំពោះ​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​បញ្ហា​នេះ​នៅ​ពេល​នេះ។ លោក​បន្ត​ថា សូម្បី​លោក​ជា​មេ​ឃុំ ក៏​រក​វិធី​ជួយ​ខ្លួន​ឯង​សឹង​មិន​បាន​ផង។ រាល់​ពេល​ដាក់​របាយការណ៍ ឬ​រាយការណ៍​ទៅ​ថ្នាក់​ស្រុក និង​ខេត្ត ត្រូវ​គេ​រើសអើង ហើយ​ថែម​ទាំង​ចោទ​ពលរដ្ឋ​ថា ប្រឆាំង​នឹង​គម្រោង​វិនិយោគ​រដ្ឋាភិបាល​ទៅ​វិញ​ថែម​ទៀត​ផង៖ «សូម្បី​ខ្ញុំ​រាល់​ថ្ងៃ ខ្ញុំ​សូម​ជម្រាប​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ថា គឺ​ខ្ញុំ​នៅ​ប្រឈម​ទាំង​ស្រុក និង​ខេត្ត​ដែរ។ រាល់​ការ​បញ្ចេញ​មតិ​របស់​ខ្ញុំ​ពួក​គាត់​មិន​សប្បាយ​ចិត្ត​ទេ ព្រោះ​ខ្ញុំ​ឃើញ​អ្វី ខ្ញុំ​ថា​អ៊ីចឹង»

បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​ខេត្ត​ដាក់​កម្លាំង​ទប់ស្កាត់ និង​បិទ​ច្រក​សេដ្ឋកិច្ច​ពលរដ្ឋ​ដោយ​បង្ខំ​នេះ ត្រូវ​បាន​លោក ម៉ែន គុង អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង ច្រាន​ចោល ហើយ​អះអាង​ថា កម្លាំង​ដែល​ដាក់​ពង្រាយ​នោះ គឺ​ដើម្បី​ជួយ​សង្គ្រោះ​ពលរដ្ឋ​ទៅ​វិញ​ទេ៖ «អត់​ទេ​បើ​សិន​ជា​ឡាន​ដែល​ចូល​ទៅ​ហើយ​មិន​មាន​បញ្ហា​អី អត់​អី​ទេ គ្រាន់​តែ​ឡាន​លក់​បន្លែ​លក់​អី អត់​មាន​ថា​អត់​ចូល​អត់​បាន​ទេ លើកលែង​តែ​ករណី​ចូល​ទៅ​មាន​បង្កប់​អ្នក​ខាង​ក្រៅ»

ដោយ​ឡែក អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​ស្ទឹងត្រែង លោក ហូ សំអូល យល់​ឃើញ​ថា អាជ្ញាធរ​ខេត្ត​ពិត​ជា​បាន​ប្រើប្រាស់​កម្លាំង​មែន។ លោក​ចាត់​ទុក​ការ​ដាក់​ពង្រាយ​កងកម្លាំង​ចម្រុះ​នៅ​ពេល​នេះ​ថា គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ដែល​គាំពារ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ៖ «ជា​ការ​បិទ​សេដ្ឋកិច្ច​ដោយ​ប្រយោល ជា​គំនាប់​ដល់​ពួក​គាត់។ ទី​២ ពាក់ព័ន្ធ​ដល់​ស្មារតី​របស់​ពួក​គាត់​ចង់​និយាយ​ថា ចង់​ឲ្យ​ពួក​គាត់​ចាក​ចេញ​ទី​នោះ។ វា​ដូច​ជា​បិទ​សិទ្ធិ​សេរីភាព​គាត់​ពេក​ហើយ»

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ទំនប់​វារីអគ្គិសនី​នេះ ត្រូវ​បាន​បិទ​ទ្វារ​ទឹក​សាកល្បង​ម្ដង​រួច​ទៅ​ហើយ ហើយ​បណ្ដាល​ឲ្យ​ពលរដ្ឋ​ជិត ២០០​គ្រួសារ​ដែល​មិន​ព្រម​ចាកចេញ​រង​ផល​ប៉ះពាល់។ ការ​បិទ​ជា​ស្ថាពរ​គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​កក្កដា បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ ដែល​មិន​ព្រម​ចាកចេញ​ពី​ទីតាំង​ចាស់​ជាង ៩០​គ្រួសារ ដោយ​មិន​ទាន់​គិត​ឃុំ​ផ្សេង​ទៀត​នៅ​ឡើយ​ផង ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ទៅ​រក​ទី​ទួល​សុវត្ថិភាព​នៅ​ក្បែរៗ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល