បណ្ដាញសហគមន៍ព្រៃឡង់បន្តទាមទារទៅរដ្ឋាភិបាល ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធឱ្យដកបម្រាមហាមឃាត់ការងារល្បាតព្រៃរបស់បណ្ដាញសហគមន៍ព្រៃឡង់។ ការទាមទារនេះធ្វើឡើងក្នុងថ្ងៃនៃទិវាព្រៃឈើអន្តរជាតិ២១ ខែមីនា។
បណ្ដាញសហគមន៍ព្រៃឡង់លើកឡើងថា ដើម្បីអាចទប់ស្កាត់ការបំផ្លាញព្រៃឈើ និងធនធានធម្មជាតិមានប្រសិទ្ធភាព លុះត្រាមានការចូលរួមពីប្រជាសហគមន៍រស់នៅផ្ទាល់ក្នុងតំបន់ព្រៃឡង់។ ជាថ្មីម្ដងទៀត ពួកគាត់ស្នើទៅរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូលើកទឹកចិត្តនិងអនុញ្ញាតដល់ក្រុមសហគមន៍ស្ម័គ្រចិត្តចូលរួមថែរក្សាព្រៃឈើដែលជាកេរតំណែលដូនតារាប់ពាន់ឆ្នាំមកហើយឱ្យបាននៅគង់រង្ស។
លោក ស្វាយ សុង សមាជិកបណ្តាញសហគមន៍ព្រៃឡង់ប្រចាំខេត្តក្រចេះប្រាប់ថា ចាប់តាំងពីក្រសួងបរិស្ថានរឹតបន្តឹងការចូលរួមការពារព្រៃឡង់មក គឺប្រជាសហគមន៍មិនបានប្រារព្ធពិធីបុណ្យនៅព្រៃឡង់អស់រយៈពេល ២ឆ្នាំ ហើយ គឺបានត្រឹមចេញលិខិតអំពាវនាវប៉ុណ្ណោះ។ អ្នកស្ម័គ្រចិត្តការពារព្រៃឈើរូបនេះបារម្ភថា ព្រៃឡង់ទាំងបួនអាចរងការវិនាសព្រោះបម្រាមក្រសួងបរិស្ថាន ដែលជាការរារាំងសហគមន៍ព្រៃឡង់មិនឱ្យចូលការពារព្រៃ៖ «ពួកខ្ញុំជាអ្នកការពារធនធានធម្មជាតិគ្មានប្រាក់ខែលះបង់អាយុវជីវិត លះបង់កម្លាំងកាយចិត្ត ផ្ទុយទៅវិញ ទៅជាពួកខ្ញុំជាអ្នកខុសទៅវិញ។ អ៊ីចឹងបានជាសំណូមពរឱ្យខាងអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជារដ្ឋាភិបាលជួយធ្វើជួយយ៉ាងម៉េចឱ្យបានការពារព្រៃ ព្រោះយើងខ្ញុំនេះជាអ្នកស្ម័គ្រចិត្តការពារព្រៃឡង់»។
ជុំវិញបញ្ហានេះ អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា នៅថ្ងៃទី២១ ខែមីនា ប៉ុន្តែទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួល។
ទោះយ៉ាងណាលោក នេត្រ ភក្ត្រា តែងចោទប្រកាន់លើប្រជាសហគមន៍ការពារព្រៃឡង់ថា គ្មានភាពស្មោះត្រង់ជាមួយក្រសួងក្នុងកិច្ចសហការនាពេលកន្លងមក។
កាលពីពេលថ្មីៗ នេះ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះឱ្យអាស៊ីសេរីដឹងថា បើបណ្ដាញសហគមន៍ព្រៃឡង់ចង់ចូលការពារព្រៃឈើ មុនដំបូងត្រូវបំពេញកាតព្វកិច្ចគោរពតាមផ្លូវច្បាប់ជាមុនសិន។ លោកលើកឡើងទៀតថា កន្លងមកក្រសួងធ្លាប់ធ្វើការជាមួយបណ្ដាញសហគមន៍ព្រៃឡង់ ប៉ុន្តែពេលចេញពីព្រៃមកវិញបណ្ដាញនេះបានចេញរបាយការណ៍ខុសពីក្រសួង ហើយពួកគេបានប្រើប្រាស់ទិន្នន័យគ្មានមូលដ្ឋានច្បាស់លាស់យកមកវាយប្រហារនិងរិះគន់កិច្ចប្រឹងប្រែងរបស់ក្រសួងបរិស្ថាន៖ «ពេលខ្លះយើងផ្ដល់កិច្ចសហការណ៍ ប៉ុន្តែកិច្ចសហការណ៍របស់គាត់ចាប់ដៃជាន់ជើងវិញ ឬក៏បង្ហាញភាពមិនស្មោះត្រង់»។

ទោះជាយ៉ាងណា សមាជិកបណ្តាញសហគមន៍ព្រៃឡង់ម្នាក់ទៀត គឺលោក ខេង ខូ ស្នើទៅលោក ហ៊ុន សែន ដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃ ឱ្យមានការយល់ដឹងពីសារៈសំខាន់នៃធនធានធម្មជាតិ និងយោគយល់ដល់បណ្ដាញសហគមន៍អាចចូលរួមការងារការពារព្រៃបានងាយស្រួល ដោយមិនចាំបាច់មានការស្នើសុំ ឬទាល់តែមានការយល់ព្រមពីក្រសួងបរិស្ថាននោះទេ។ សមាជិកសហគមន៍ព្រៃឡង់រូបនេះរិះគន់ថា អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា យកអំណាច និងតួនាទីចោទប្រកាន់ និងលាបពណ៌មកលើបណ្ដាញសហគមន៍ព្រៃឡង់ដោយគ្មានការពិត៖ «សូមឱ្យសម្តេចយល់យោគដល់បណ្ដាញសហគមន៍ព្រៃឡង់ដែលកំពុងចូលរួមការងារស្រលាញ់ធម្មជាតិពិត មិនមែនដូចលោក នេត្រ ភក្ត្រា បានចោទប្រកាន់លើក្រុមបណ្ដាញសុទ្ធតែមាននិន្នាការនយោបាយ មិនមែនទេ គឺប្រជាពលរដ្ឋស្រលាញព្រៃឈើពិតៗ ស្រលាញ់ធម្មជាតិពិតៗ មិនចង់ឱ្យបាត់បង់»។
មកដល់ពេលនេះ មានរយៈ ២ឆ្នាំហើយ ដែលអាជ្ញាធរ និងក្រសួងបរិស្ថានមិនអនុញ្ញាតឱ្យប្រជាសហគមន៍ និងក្រុមយុវជនចុះល្បាតព្រៃនោះទេ ដោយលើកហេតុផលថា ប្រជាសហគមន៍មិនបានសុំច្បាប់អនុញ្ញាត។ បម្រាមនេះផ្ទុយទៅនឹងច្បាប់ ស្តីពី តំបន់ការពារធម្មជាតិដែលផ្ដល់សិទ្ធិឱ្យពលរដ្ឋអាចចូលរួមស្តារការពារ និងអភិរក្សធនធានធម្មជាតិ។ ចំណែកអង្គការជាតិនិងអន្តរជាតិបានរកឃើញថា ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ទំហំព្រៃឡង់ជាង ១សែនហិកតារ (១០២.៤៣៦) ឬស្មើនឹង ២៤% ត្រូវបានបាត់បង់ក្លាយជាវាលរហោឋាន។
ខណៈមានការរកឃើញពីការបំផ្លាញព្រៃឈើបន្តកើនឡើងបែបនេះ បណ្ដាញសហគមន៍ព្រៃឡង់លើកជាសំណើរសំខាន់ៗ មួយចំនួន រួមមាន ស្នើរដ្ឋាភិបាលឱ្យដកមន្ត្រីឧទ្យានុរក្សរូបណាអសកម្ម និងពាក់ព័ន្ធបទល្មើសព្រៃឈើចេញពីតួនាទី។ បញ្ឈប់កាអនុញ្ញាតឱ្យមានការដឹកជញ្ជូនឈើ ម៉ាស៊ីនរណាយន្ត និងសម្ភារៈផ្សេងទៀតដែលបម្រើឱ្យការកាប់បំផ្លាញព្រៃឈើចូលតំបន់ការពារ ឬកាត់មុខប៉ុស្តិ៍យាមមន្ត្រីឧទ្យានុរក្ស។ ពួកគេក៏ស្នើទៅក្រសួងបរិស្ថានរៀបចំផែនការជាក់លាក់ក្នុងការ ប្រយុទ្ធប្រឆាំងការបំផ្លាញព្រៃឈើ ការកាប់រានដីព្រៃសម្រាប់កសិកម្ម កាំភ្លើងកែច្នៃ ការបរបាញ់ និងសម្ភារៈសម្រាប់ការប្រព្រឹត្តបទល្មើសផ្សេងៗ ទៀត។ លើសពីនេះ ពួកគេជំរុញឲ្យរដ្ឋាភិបាលត្រូវតែអនុវត្តន៍បទបញ្ញត្តិនិងច្បាប់នានា ក្នុងកិច្ចការពារព្រៃឈើ ព្រមទាំងអំពាវនាវនិងលើកទឹកចិត្តដល់ប្រជាជនកម្ពុជានិងសកលលោកចូលរួមយ៉ាងសកម្ម និងធ្វើការទាំងអស់គ្នា ទាំងផ្ទាល់ និងប្រយោល ដើម្បីបុព្វហេតុការការពារធនធានធម្មជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។