ផល​ប្រយោជន៍ និង​របៀប​នៃ​ការ​ដាំ​បន្លែ​ទ្រើង

ដោយ សេក បណ្ឌិត
2019.02.17
បន្លែ​សរីរាង្គ ២០១៦ ៨៥៥ ចម្ការ​ននោង​របស់​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ (Eco Agri Farm) នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៦។
RFA

ពពួក​បន្លែ​ទ្រើង ឬ​បន្លែ​វល្លិ ជា​ប្រភេទ​បន្លែ​បៃតង​ស្រស់ មាន​ឱជារស​ឆ្ងាញ់​ពិសា ជំនួយ​ដល់​សុខភាព ងាយ​រក និង​អាច​ផ្សំ​គ្រឿង​ជាមួយ​ម្ហូប​បាន​ច្រើន​មុខ ជាពិសេស​មុខម្ហូប​ខ្មែរ។ ចំណែក ការ​ដាំដុះ ធ្វើ​អាជីវកម្ម ក៏​មិន​ពិបាក​ដែរ ហើយ​ថែមទាំង​មាន​ផលប្រយោជន៍ ច្រើន​ពី​របរ​ដាំ​ដុះ​បន្លែ​នេះ។ តើ​របរ​បន្លែ​ទ្រើង និង​ការ​ដាំដុះ​របៀប​ម៉េច ដែល​បាន​ផល​ច្រើន និង​មានគុណ​ខ្ពស់​នោះ? លោក សេក បណ្ឌិត រាយការណ៍​អំពី​បញ្ហា​នេះ ជូន​ដូច​តទៅ​៖

បន្លែ​ទ្រើង ឬ​ជា​ប្រភេទ​បន្លែ​វល្លិ៍ នោះ មាន​ច្រើន​ប្រភេទ ដូចជា​សណ្ដែក​កួរ ម្រះ ល្ពៅ ស្លឹក​បាស ននោង ត្រសក់ និង​នៅ​មាន​ច្រើន​ផ្សេងទៀត។

អ្នក​ជំនាញ​កសិកម្ម និង​កសិករ ដែល​ធ្លាប់​មាន​បទពិសោធន៍ ជោគជ័យ ក្នុង របប​កសិកម្ម បាន​បង្ហាញ​ថា ការ​ដាំដុះ​ដែល​ទទួល​បាន​ទិន្នផល​ខ្ពស់ លក់​បាន​ថ្លៃ និង​ទទួល​បាន​ការ​ជឿទុកចិត្ត ពី​អ្នក​បរិភោគ​នោះ គឺ​ត្រូវ​គោរព​តាម​គោលការណ៍​ដាំ​ដុះ ធម្មជាតិ ឬ​ហៅថា «សរីរាង្គ»

មន្ត្រី​បច្ចេកទេស​កសិកម្ម នៃ​អង្គការ សេដាក អ្នកស្រី ស៊ិន អង្គារសាធ ពន្យល់ ថា​៖ ការ​ដាំដុះ​បន្លែ​ទ្រើង​តាមរបៀប​គោលការណ៍​សរីរាង្គ​នោះ គឺ​ចំណេញ ទីតាំង​ដី ក្នុង​ដាំ​ដុះ ឬក៏​អាច​ដាំ​បាន​បន្លែ​ច្រើន​មុខ លើ​ទីតាំង​ដី​តែមួយ​កន្លែង៖ «ឧទាហរណ៍ បើ​គាត់​មាន​ដី​តែ​១​អា គាត់​ដាំ​ដំណាំ​តែមួយ​មុខ ដោយ អត់​បាន​ដាំ​ដំណាំ​ទ្រើង​ផង​ទេ​គាត់ ទទួល​បាន​តែមួយ មុខ​ទេ»

អ្នកស្រី​បន្ត​ថា ការ​ជ្រើសរើស​វិធី​ដាំ​ដំណាំ​របៀប​នេះ កសិករ​អាច​ទទួល​ផល​ពី​បន្លែ ច្រើន​មុខ​ក្នុង​ពេល​តែមួយ ឬ​វា​ផ្ដល់​ផល​ជា​បន្តបន្ទាប់​គ្នា ប្រាក់ចំណូល​របស់​ពួកគាត់ ក៏បាន​កើន​ឡើង​ទៅតាម​ហ្នឹង​ដែរ។ «»

ការ​ដាំ​ដំណាំ​ទ្រើង ជាមួយ​ដំណាំ​រួមផ្សំ​ដទៃ​ទៀត​លើ​ទីតាំង​ដី​តែមួយ​នោះ មាន អាទិភាព​ខ្លាំង​ក្នុង​រដូវប្រាំង ចំណែក​រដូវវស្សា​ក៏​អាច​ដាំ​ដុះ​បាន​ដែរ ប៉ុន្តែ​កសិករ ត្រូវ​ចំណាយ​កម្លាំង និង​ពេលវេលា ថែទាំ​ច្រើន​បន្តិច និង​មានការ​រៀបចំ​ដី​ថ្នាល ដាំ​ដុះ ឱ្យ​ល្អ តាម​បច្ចេកទេស​ស្របតាម​ស្ថានភាព​រដូវវស្សា។

ចំពោះ​ដំណាំ​ទ្រើង​តែមួយ​មុខ គឺ​មាន​អាទិភាព​ក្នុង​រដូវវស្សា ពីព្រោះ វា​ដុះ​ឡើង​ផុត​ពី​ដី អាច​ឈ្នះ​នឹង​ទឹក​ភ្លៀង ប៉ុន្តែ​វា​ក៏​ទាមទារ​ឱ្យ​មាន​ការរៀបចំ​ដី​ល្អ​ដែរ​ព្រមទាំង​ត្រូវ​មាន​បច្ចេកទេស​ដាក់​ជី ឱ្យ​ត្រឹម​តាម​គោលការណ៍​ធម្មជាតិ សរីរាង្គ។

អ្នកស្រី អង្គារសាធ ពន្យល់​ថា ការ​ដាំដុះ​បន្លែ រដូវ​ណា​ក៏​បាន​ដែរ ប៉ុន្តែ​សំខាន់​បំផុត​ត្រូវ មាន​បច្ចេកទេស​រៀបចំ​ដី​ថ្នាល​ឱ្យ​ខ្ពស់​ល្មម កុំ​ឱ្យ​ជាំ​ទឹក និង​បច្ចេកទេស​ដាក់​ជី​បំប៉ន ធ្វើ​យ៉ាងណា​កុំ​ឱ្យ​ជី​នោះ​ហូរ​ទៅតាម​ទឹក​ទៅវិញ​អស់ ខណៈ​បន្លែ​មិន​ទាន់​បាន​ស្រូប យក​សារជាតិ ឬ​ប្រយោជន៍​ពី​ជី​នោះ​នៅឡើយ៖ «សំខាន់​បំផុត ការរៀបចំ​ដី និង​ដាក់​ជី ដើម្បី​កុំ​ឱ្យ​ដំណាំ​ជាំ​ទឹក រលួយ​គល់ និង​កុំ​ឱ្យ​ជី​ហូរ​ចេញ​ក្រៅ​....»

ចំពោះ​ប្រភេទ​ជី​បំប៉ន​វិញ អ្នក​ជំនាញ​កសិកម្ម រូប​នេះ ក៏បាន​ឱ្យ​ដឹង​ដែរ​ថា ដើម្បី​ឱ្យ​ត្រូវ​តាម គោលការណ៍​សរីរាង្គ គឺ​ត្រូវ​ប្រើ​ប្រភេទ​ជីកំប៉ុស ដែល​ផ្សំ​ឡើង​ពី​រុក្ខជាតិ និង​លាមក​សត្វ៖ «ជីកំប៉ុស​ដែល​ត្រូវ​យក​មកប្រើ​នោះ​គឺ​ប្រភេទ​គោក និង​ទឹក​.....»

ដោយឡែក កសិករ ដែល​មាន​បទពិសោធន៍​យូរ​ឆ្នាំ​មក​ហើយ និង​មាន​ស្នាដៃ​ល្អ ក្នុង​របប​ដាំ​បន្លែ និង​ជា​ប្រធាន​សហគមន៍ នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ លោក ស៊ន ស៊ឺន ក៏បាន​ចែក​រម្លែក​ចំណេះដឹង​ក្នុង​ការ​ដាំ​បន្លែ​ទ្រើង​នេះ ឱ្យ​បាន​ដឹង​ខ្លះ​ៗ​ដែរ​ថា បន្លែ​ទ្រើង ក៏​អាច​ដាំ ដោយ​មិនបាច់​ធ្វើ​ទ្រើង​ក៏​បាន​ដែរ ប៉ុន្តែ មិន​សូវ​បាន ផល​ល្អ​នោះ​ទេ៖ «ជាក់ស្ដែង ដូចជា​សណ្ដែក​កួរ បើ​យើង​មិន​ដាក់​ទ្រើង​ឱ្យ​វា​ទេ ផ្លែ​ខ្លី ឆាប់​ងាប់»

លោក​ថា ចំពោះ​បន្លែ​ផ្សេងទៀត ដែល​ដាំ​ក្រោម​ទ្រើង គឺ​ពិបាក​ដាំ​នៅ​រដូវវស្សា ព្រោះ ទទួល​ពន្លឺ​ថ្ងៃ​មិន​គ្រប់គ្រាន់​ធ្វើ​ឱ្យ​ដី​ក្រោម​ទ្រើង​សើម​រហូត នាំ​ឱ្យ​បន្លែ​រលួយ​គល់ មិនសូវ​បាន​ផល​នោះ​ទេ៖ «វា​ល្អ​ប្រសើរ​សម្រាប់​រដូវប្រាំង ព្រោះ​ក្រោម​ទ្រើង​វា​ម្លប់ ត្រជាក់​ល្មម​បន្លែ​ល្អ យើង​អាច​ដាំ​បាន ៣​ជាន់ ផ្ទាល់​ដី អាច​ដាំ​បាន​ស្ពៃ ប៉េងប៉ោះ សាលាដ ជី ខ្លឹម ជាដើម»

កសិករ​រូប​នេះ ក៏បាន​បង្ហាញ​ពី​របៀប​រៀបចំ​ដី ធ្វើ​ថ្នាល សម្រាប់​ដំណាំ​ទ្រើង និង​ដំណាំ រួមផ្សំ​ដទៃ​ទៀត នៅ​ទីតាំង​តែមួយ​ជាមួយគ្នា តាម​បច្ចេកទេស និង​អាច​ទទួល​បាន​ផល​ល្អ​ប្រសើរ៖ «ភ្ជួរ​ធ្វើ​ម៉េច​ឱ្យ​បាន​២ ទៅ​៣​ដង​ឱ្យ​បាន​ជ្រៅ ដើម្បី​ដី​ផុស​ល្អ​..»

លោក​ថា បច្ចុប្បន្ន​ដំណាំ​ទ្រើង​ក៏​មាន​បញ្ហា​ពិបាក​រក​កូនឈើ និង​មែក​ឈើ យក​មក ធ្វើ​ទ្រើង​ដែរ ពីព្រោះ​ព្រៃ​ក្បែរ​ភូមិ​កាន់តែ​ក្បត់​ទៅៗ ប៉ុន្តែ​លោក​ថា បញ្ហា​នេះ​អាច ដោះស្រាយ​បាន តែ​ត្រូវ​ចំណាយ​ប្រាក់​ខ្លះ​ធ្វើ​ទ្រើង សិប្ប​និមិត្ត ដោយ​ទៅ​ទិញ​ឧបករណ៍​នៅ​ទីផ្សារ ដូចជា​ស្បៃ ឬ​សំណាញ​ជ័រ បង្គោល​ជ័រ មក​ធ្វើ​ជំនួស​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។