គណៈកម្មការ​ទន្លេ​មេគង្គ ចុះ​អនុស្សរណៈ (MOI) ជាមួយ​អាស៊ាន ដើម្បី​ការពារ​គ្រោះ​មហន្តរាយ​នៅ​ក្នុង​តំបន់​រួម​គ្នា

លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) និងមជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​ សម្រាប់​ជំនួយ​មនុស្សធម៌​លើ​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ (AHA Centre) បាន​ចុះ​អនុស្សរណៈ (MOI) ជាមួយគ្នា ដើម្បី​ត្រួត​ពិនិត្យ និង ការ​ឆ្លើយតប​គ្រោះ​មហន្តរាយ​នៅ​ទូទាំង​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ាន។

ការ​ចុះ​អនុស្សរណៈ​នេះ ធ្វើ​ឡើង​នៅ​ទីក្រុងហ្សាការតា (Jakarta) ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) កាល​ពី​ថ្ងៃ​ទី១៧ ឧសភា។

ភាគី​ទាំង​ពីរ នឹង​ធ្វើការ​បណ្ដុះបណ្ដាល​រួម​គ្នា ការ​កសាង​សមត្ថភាព ការ​ផ្លាស់ប្ដូរ​ជំនាញ បទពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស រួម​ទាំង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជា​ដើម។

នាយក​ប្រតិបត្តិ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ បណ្ឌិត អានួនឡាក់ កិតធីឃួន (Dr. Anounlak Kittikhoun) មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា អនុស្សរណៈ (MOI) នេះ ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​បង្រួបបង្រួម​ជំនាញ និង​ធនធាន​ដ៏​សំខាន់។ ការ​ត្រួត​ពិនិត្យ​គ្រោះ​មហន្តរាយ និង​ការ​ឆ្លើយតប ដោយ​ធានា​ថា នៅ​ក្នុង​តំបន់​ត្រូវ រៀបចំ​ឱ្យ​កាន់តែ​ល្អ សម្រាប់​ភាព​អាសន្ន និង​ការពារ​សហគមន៍​ងាយ​រង​គ្រោះ​ឱ្យ​ប្រសើរ​ជាង​មុន។

កាល​ពី​ឆ្នាំ២០២២ អាស៊ីអាគ្នេយ៍ បាន​រង​គ្រោះ ដោយសារ​គ្រោះ​មហន្តរាយ​ចំនួន១៣៧ ក្នុង​ចំណោម ៣៨៨លើក ដែល​ជួប​គ្រោះ​មហន្តរាយ​នៅ​លើ​ពិភពលោក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មនុស្ស​ជាង ៦៤លាន​នាក់ និង​ធ្វើ​ឱ្យ​ខូចខាត គិត​ជា​ទឹក​ប្រាក់​ជិត ៥០លាន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។