សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង​ដែល​រត់​ភៀសខ្លួន​ក្រោយ​ការ​លប​បាញ់​ប្រហារ​ប្រឈម​បញ្ហា​ជីវភាព

0:00 / 0:00

សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង ដែល​រង​ការ​លប​បាញ់​ប្រហារ​កាល​ពី​ពេល​កន្លង​ទៅ កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ ដោយសារ​មិន​មាន​មុខរបរ រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ និង​ស្ថិត​ក្នុង​ស្ថានភាព​រស់នៅ​លាក់ខ្លួន​ពួន​សំងំ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន។ សកម្មជន​រូប​នោះ​មិន​ដឹង​ថា ត្រូវ​រស់នៅ​លាក់ខ្លួន​បែបនេះ​យូរ​ប៉ុនណា​ឡើយ ព្រោះ​សំណុំរឿង​របស់​លោក​នៅ​បន្ត​ស្ងប់ស្ងាត់ មិន​មាន​ចំណាត់​ការ​អ្វី​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅឡើយ។ មន្ត្រី​សិទ្ធិមនុស្ស​ទទូច​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​ស៊ើបអង្កេត និង​មាន​ចំណាត់​ការ​ជាក់លាក់​លើ​ករណី​នេះ។

សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង លោក វ៉ែន អែត អះអាង​ថា លោក និង​ក្រុម​គ្រួសារ មិន​ហ៊ាន​វិលត្រឡប់​ទៅផ្ទះ​នៅ​ឯ​ភូមិ​ច្រក​ឫស្សី​នោះ​ទេ ដរាបណា​សំណុំរឿង​របស់​លោក​មិនទាន់​ត្រូវ​បាន​សមត្ថកិច្ច​រក​ដំណោះស្រាយ​ឱ្យ​បាន​ជាក់លាក់​ទេ​នោះ ព្រោះ​លោក​ជឿជាក់​ថា ក្រុម​ជន​បង្ក​នឹង​មិន​អត់ឱន​ឱ្យ​រូបលោក​ឡើយ បើ​លោក​វិលត្រឡប់​ទៅវិញ។ លោក​ទទូច​ឱ្យ​សមត្ថកិច្ច​ឃុំ​ជំនាប់​ជួយ​ពន្លឿន​សំណុំរឿង​របស់​លោក ដើម្បី​វែកមុខ​ចាប់​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ និង​ដើម្បី​ឱ្យ​លោក​អាច​វិលត្រឡប់​ទៅផ្ទះ​វិញ​បាន៖ «បើ​សិន​ជា​ប៉ូលិស​នៅ​ក្នុង​តំបន់​នោះ​អត់​មាន​ការ​ដោះស្រាយ​ឱ្យ​ទេ អញ្ចឹង​ខ្ញុំ​មិន​ហ៊ាន​ត្រឡប់​ទៅ​វិញ​នោះ​ទេ តែ​បើ​សិន​ជា​គេ​ដោះស្រាយ​ឱ្យ​មាន​ការ​ទុកចិត្ត​ ១០០ ភាគរយ​នោះ ខ្ញុំ​នឹង​ត្រឡប់​ទៅវិញ»។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ លោក​កំពុង​ជួបប្រទះ​ការ​លំបាក​ក្នុង​ការ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ព្រោះ​លោក និង​ភរិយា​មិន​ទាន់​មាន​មុខរបរ​អ្វី​ឡើយ មានតែ​ការ​ចំណាយ​ជាប់​ជាប្រចាំ ដោយ​ក្នុង​មួយៗ​ថ្ងៃ​លោក​ចំណាយ អស់​ជា​មធ្យម ៥ ម៉ឺន​រៀល និង​ត្រូវ​ចំណាយ​លើ​ការជួល​កន្លែង​ស្នាក់នៅ​ក្នុង​មួយ​ខែ ៦០ ដុល្លារ​ទៀត​ផង។ លោក​បញ្ជាក់​ថា នឹង​មិន​អាច​ទ្រាំទ្រ​ស្ថានភាព​នេះ​បាន​យូរ​តទៅទៀត​ឡើយ ហើយ​លោក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ទ្រព្យសម្បត្តិ​របស់​លោក​នៅ​ក្នុង​ភូមិ មាន​ដូចជា ដីធ្លី និង​ផ្ទះសម្បែង​ជាដើម​នោះ ដែល​មិន​មាន​អ្នកណា​នៅ​ថែទាំ​ឡើយ។ ម្យ៉ាងវិញទៀត កូន​របស់​លោក​ក៏​ខកខាន​មិនបាន​ទៅ​រៀនសូត្រ​ដែរ ព្រោះ​ត្រូវ​រត់​គេចខ្លួន​ជាមួយ​លោក។ «»

សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង លោក វ៉ែន អែត អះអាង​ថា លោក​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លប​បាញ់​ប្រហារ​ប៉ុនប៉ង​ផ្ដាច់ជីវិត កាលពី​ម៉ោងជាង ១០ យប់​ថ្ងៃទី​១២ ឧសភា ពេល​លោក​កំពុង​ដើរ​តម្រង់​ទៅ​បន្ទប់ទឹក ចម្ងាយ​ប្រហែល ១០​ម៉ែត្រ​ពី​ផ្ទះ​របស់​លោក។ ហេតុការណ៍​នេះ បាន​កើតឡើង​ក្រោយ​ពេល​រូបលោក​បាន​វិលត្រឡប់​ទៅ​ភូមិ​វិញ ដើម្បី​ទៅ​បំភ្លឺ​ករណី​រង​ការ​គំរាម​សម្លាប់​ពី​ជំទប់​ទី​មួយឃុំ​ជំនាប់ ឈ្មោះ ទិល ចាន់។ លោក​សន្និដ្ឋាន​ថា មូលហេតុ​សំខាន់​នៃ​ការ​លប​បាញ់​ប្រហារ​នេះ ដោយសារ​ការរើសអើង​ផ្នែក​នយោបាយ និង​ការ​គុំកួន​ពី​សំណាក់​ក្រុម​ជនល្មើស​បំផ្លាញ​ព្រៃឈើ។

អាស៊ីសេរី​បាន​​ព្យាយាម​ទាក់ទង​សមត្ថកិច្ច​ឃុំ​ជំនាប់​ជា​ច្រើនដង​តាំងពី​ពេល​មាន​ករណី​គំរាម​សម្លាប់ និង​រហូតដល់​ការ​លប​បាញ់​ប្រហារ​លោក វ៉ែន អែត ដើម្បី​សុំ​ការ​បកស្រាយ​អំពី​ចំណាត់ការ​លើ​រឿង​ទាំងនេះ ប៉ុន្តែ​មិនដែល​ទទួល​បាន​ការ​ឆ្លើយ​តប​ឡើយ ចំណែក​សមត្ថកិច្ច​ស្រុក​ថ្មបាំង​ក៏​មិន​អាច​ទាក់ទង​បាន​ដូចគ្នា។

ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ បាន​ឆ្លើយ​នៅ​ព្រលប់​ថ្ងៃ​ចន្ទ ទី​២៨ ឧសភា ថា លោក​កំពុង​រវល់​មិន​អាច​ឆ្លើយ​សំនួរ​បាន៖ «មាន​ការ​ខ្វះ​ខាត​ក្នុង​ការ​ហូប​ចុក​ច្រើន​ដែរ​ ហើយ​ម្យ៉ាង​ទៀត​ពេល​ផ្លាស់​ទីលំនៅ​ទៅ​កន្លែង​ផ្សេង​ កូន​ខ្ញុំ​មិន​ស្គាល់​គេ​អ៊ីចឹង គាត់​មិន​ហ៊ាន​ចូល​រៀន​ទេ និង​ម្យ៉ាង​ទៀត​មាន​​ការ​ព្រួយ​បារម្ភ​រឿង​ផ្ទះ​សម្បែង»។

លោក វ៉ែន អែត គឺជា​សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង​ដ៏​លេចធ្លោ​មួយ​រូប ដែល​ធ្លាប់​ចេញមុខ​តស៊ូ​មតិ​មិន​ឱ្យ​មានការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង ព្រមទាំង​ជា​អ្នក​ដែល​បាន​ចូលរួម​ខ្នះខ្នែង​ក្នុង​ការ​ស្នើ​សុំ​ឱ្យ​មានការ​ទទួលស្គាល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អារ៉ែង​ជា​ផ្លូវការ​ពី​សំណាក់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន។ សំខាន់​ជាង​នេះ លោក​គឺជា​អតីត​បេក្ខជន​សមាជិក​ក្រុម​ប្រឹក្សាឃុំ​ជំនាប់ និង​ជា​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​មូលដ្ឋាន ដែល​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​សមាគម​អាដហុក (ADHOC) លោក សឹង សែនករុណា ថ្លែង​ថា ការ​គំរាមកំហែង​ដល់​អាយុជីវិត និង​លប​បាញ់​ប្រហារ​លោក វ៉ែន អែត គឺជា​ករណី​ធ្ងន់ធ្ងរ ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​មាន​ចំណាត់​ការ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ជនរងគ្រោះ និង​អ្នកភូមិ​ដទៃ​ទៀត។ លោក​បន្ត​ថា ការ​បណ្ដែតបណ្ដោយ ឬ​មិន​អើពើ​ចំពោះ​ករណី​ពី​សំណាក់​សមត្ថកិច្ច​មូលដ្ឋាន​ឃុំ​ជំនាប់ គឺជា​ការអនុវត្ត​ផ្ទុយ​នឹង​គោលការណ៍​ច្បាប់ និង​តួនាទី​របស់​ខ្លួន​ដែល​ជា​អ្នកការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ៖ «អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តំបន់​នោះ សូម​បើក​ការស៊ើបអង្កេត​ឱ្យ​បាន​ដិត​ដល់​ និង​គ្រប់​ជ្រុង​ជ្រោយ​ដើម្បី​បំភ្លឺ​ទៅ​សាធារណជន​ ព្រោះ​ករណី​នេះ​ត្រូវ​បាន​ដឹង​​លឺជា​សាធារណៈ​តាមរយៈ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួច​​ហើយ។ បើ​សិន​ជា​សមត្ថកិច្ច​ដែល​មាន​តួនាទី​បំពេញ​ការងារ​របស់​ខ្លួន​ក្នុង​ការ​រក្សា​សេចក្ដី​សុខ សុវត្ថិភាព​និង​សណ្ដាប់ធ្នាប់​សង្គម​ មិន​បាន​ចាត់​វិធាន​ការ​ឱ្យ​បាន​ត្រឹម​ត្រូវ​ អ្វី​ដែល​ជា​ផល​ប៉ះពាល់​នោះ​ គឺ​ទំនុក​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ទៅលើ​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​កាន់​តែ​ថមថយ ហើយ​ ( ពលរដ្ឋ​ ) គ្មាន​ជំនឿ​ទៅលើ​ផ្លូវ​ច្បាប់ និង​សមត្ថកិច្ច»។

កាលពី​សប្ដាហ៍​មុន អង្គការ​ជនជាតិ​ដើម​ភាគតិច​ជាតិ និង​អន្តរជាតិ​ចំនួន ២ គឺ​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា (CIPA) និង​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​អាស៊ី (AIPP) បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា​មួយ អំពាវនាវ​ឱ្យ​របប​លោក ហ៊ុន សែន ស៊ើបអង្កេត​ជាបន្ទាន់​ចំពោះ​ករណី​លប​បាញ់​ប្រហារ​ទៅលើ​លោក វ៉ែន អែត ដែល​ជា​សកម្មជន​បរិ​ស្ថាន និង​ជា​ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អារ៉ែង ព្រមទាំង​ធានា​សុវត្ថិភាព និង​សន្តិសុខ​ដល់​សកម្មជន​រូប​នេះ។ អង្គការ​ទាំងពីរ​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ រួមមាន ក្រសួង​បរិស្ថាន ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ ឱ្យ​សហការ​គ្នា​ក្នុង​ការ​តាម​ចាប់ខ្លួន​ជនល្មើស និង​បក្ខពួក​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ លើស​ពី​នេះ អង្គការ​ទាំងពីរ​ក៏បាន​ស្នើឱ្យ​អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន បញ្ឈប់​ការ​ក្រឡៃ​ទៅជា​រឿង​ខុសច្បាប់​ចំពោះ​សកម្មភាព​តស៊ូ​មតិ​ដោយ​អហិង្សា​របស់​សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង​តទៅទៀត និង​បញ្ឈប់​ការ​រំលាយ​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ។ ក្រៅ​ពី​នេះ អង្គការ​ទាំងពីរ​ក៏បាន​ស្នើ​ឱ្យ​របប​ក្រុងភ្នំពេញ​គាំទ្រ​ចំពោះ​ការ​ការពារ​ដីធ្លី​របស់​ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អារ៉ែង​ផង​ដែរ តាមរយៈ​ការ​ការ​ចុះបញ្ជី​កម្មសិទ្ធិ​ដី​សមូហភាព​ឱ្យ​ពួកគេ។

សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​អាស៊ី (AIPP) និង​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា (CIPA) ក៏​បាន​អំពាវនាវ​ដល់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា (UNOCHR) ឱ្យ​ទាមទារ​របប​ក្រុងភ្នំពេញ​ចាត់ការ​ករណី​លោក វ៉ែន អែត ជាបន្ទាន់ និង​ជួយ​ជ្រោមជ្រែង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អារ៉ែង​ក្នុង​ការ​ចុះបញ្ជី​កម្មសិទ្ធិ​ដី​សមូហភាព។ អង្គការ​ទាំងពីរ​ក៏បាន​អំពាវនាវ​ដល់​ស្ថាប័ន​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ​ឱ្យ​ឈរ​ខាង​ពលរដ្ឋ​កម្ពុជា និង​សហគមន៍​អន្តរជាតិ ក្នុង​ការ​ទាញ​លោក ហ៊ុន សែន ឱ្យ​ងាក​មក​ស្តារ​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​វិញ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។