អាជ្ញាធរ​បន្ត​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​ ៣​ នាក់​នៅ​ស្នងការ​រដ្ឋា​ននគរបាល​ជាតិ​​ ខណៈ​ម្នាក់​ទៀត​បាត់​ខ្លួន​រក​មិន​ទាន់​ឃើញ

ដោយ ជាតិ ចំណាន
2021-06-17
Share
អាជ្ញាធរ​បន្ត​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​ ៣​ នាក់​នៅ​ស្នងការ​រដ្ឋា​ននគរបាល​ជាតិ​​ ខណៈ​ម្នាក់​ទៀត​បាត់​ខ្លួន​រក​មិន​ទាន់​ឃើញ (ឆ្វេង) កញ្ញា ស៊ុន រដ្ឋា យុវជន សិដ្ឋ ឈីវលីម៉េង និងយុវជន លី ចាន់​ដារ៉ាវុត ដែលត្រូវបានអាជ្ញាធររាជធានីភ្នំពេញចាប់ខ្លួន និងត្រៀមបញ្ជូនទៅតុលាការពីបទរួមគំនិតក្បត់។
រូប៖ RFA

សកម្មជន​បរិស្ថាន​ទាំង​ ៤ ​នាក់​ ដែល​អាជ្ញាធរ​ចាប់​ខ្លួន​នោះ​ រួម​មាន លោក​ លី ចាន់​ដារ៉ាវុត លោក​ លី ម៉េង និង​ កញ្ញា​​ ស៊ុន រដ្ឋា​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​។ ​ចំណែក​សកម្មជន​ម្នាក់​ទៀត គឺ​លោក​ យីម លាងហ៊ី​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ស្រុក​កោះ​ធំ​ ខេត្ត​កណ្ដាល​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មិថុនា​ រហូត​មក​ដល់​​​ពេល​នេះ​ពុំ​ដឹង​ថា ​ប៉ូលិស​បញ្ជូន​គាត់​ទៅ​ឃុំ​ខ្លួន​នៅ​កន្លែង​ណា​នៅ​ឡើយ​ទេ។

​សកម្មជន​បរិស្ថានលោក សាន់ ម៉ាឡា ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា​ ថា ​សកម្មជន​បរិស្ថាន​​ ៣ ​នាក់ ដែល​ចាប់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ ប៉ុន្តែ​លោក​​ពុំ​ដឹង​​​ដោយសារ​ហេតុ​ផល​អ្វី​នោះ​ទេ ព្រោះ​អាជ្ញាធរ​​ព្យាយាម​បិទ​បាំង​ព័ត៌មាន​ពី​ការ​ចាប់​ខ្លួន​នេះ​។ ​​បន្ថែម​ពី​នេះ​ លោក​ថា អាជ្ញាធរ​គ្រោង​បញ្ជូន​ពួកគេ​ទៅ​តុលាការ​​​ក្រុង​ភ្នំពេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ​លោក​បញ្ជាក់​ថា សកម្មជន​ ៣ ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​​រាជធានី​​ភ្នំពេញ​ រួច​បញ្ជូនបន្ត​ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា៖ «ខ្ញុំ​គិត​ថា​ ការ​យក​ក្រម​ព្រហ្មទណ្ឌ​មក​ចោទ​ប្រកាន់​​លើ​សកម្មជន​​បរិស្ថាន​វា​ជា​រឿង​មួយ​ដែល​មិន​សមហេតុ​ផល​ទេ។ ពីព្រោះ​អ្វី​ដែល​ពួកគាត់​បាន​ធ្វើ​កន្លែង​មក​មិនមែន​ដើម្បី​ទៅ​បង្កើត ជា​គណបក្ស​នយោបាយ​ប្រជែង​អំណាច​ជា​មួយ​រដ្ឋាភិបាល​ទេ។ គ្រាន់​តែ​មានបំណង​ដើម្បី​ការពារ​ប្រយោជន៍​បរិស្ថាន​រួម​របស់​កម្ពុជា​ប៉ុណ្ណោះ​​»។

​​កាល​ពី​ឆ្នាំ​២០២០​កន្លង​ទៅ ​ពួកគេ​បាន​ចុះ​ឃ្លាំមើល​ និង​​ផលិត​ជា​វីដេអូ​ឃ្លីប​​​បង្ហាញ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ អំពី​សកម្មភាព​​ការ​ចាក់​លុប​បឹង​តាមោក ​នៅ​រាជធានី​ភ្នំពេញ​ និង​ការ​លួច​បូម​ខ្សាច់​នៅ​ខេត្ត​កណ្ដាល​ជា​ដើម។​

សាច់​ញាតិ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ​អំពី​សុវត្ថិភាព​​របស់​សកម្មជន​​​ទាំង ​៤ នាក់​​នោះ ​ព្រោះ​​រហូត​មក​ដល់​ពេល​នេះ​ ​អាជ្ញាធរ​មិន​បាន​ជូន​ដំណឹង​​ពី​ការ​ចាប់​ខ្លួន​នេះ​ឱ្យ​ពួកគាត់​បាន​ដឹង​​​​​នៅ​ឡើយ​ទេ​។

​ប្អូន​ប្រុស​បង្កើត​របស់កញ្ញាស៊ុន រដ្ឋា គឺ​លោក​ស៊ុន សំណាង​ ​ប្រាប់​អាស៊ី​សេរី​ទាំង​ភ័យ​ថា ​រហូត​មក​ទល់​រសៀល​ថ្ងៃ​ដដែល​នេះ​ លោក​​ពុំ​ដឹង​ថា សមត្ថកិច្ច​បញ្ជូន​បង​​ស្រី​​របស់​​គាត់​ទៅ​ឃុំ​ខ្លួន​នៅ​កន្លែង​ណា​នៅ​ឡើយ​៖ «ខ្ញុំ​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​​អី​បន្ថែម​ទេ​ ខ្ញុំ​កំពុង​តែ​ស៊ើប​បន្ថែម​ទៀត។ ​ខ្ញុំ​ក៏​បារម្ភ​រឿង​នឹង​ដែរ​ក៏​ប៉ុន្តែ​យើង​កំពុង​ស៊ើប​ថែម​ទៀត​ថា បើ​សិន​អាជ្ញាធរ​មិន​បាន​ចាប់​ទេ ​តើ​គាត់​ទៅ​ណា។ ខ្ញុំ​តាម​ស៊ើប​បើ​សិន​ជា​មាន​ព័ត៌មាន​អី​បន្ថែម​ដើម្បី​ជម្រាប​បង​បាន​ខ្ញុំ​នឹង​ប្រាប់​បង​»។

ទាក់​ទង​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា ប្រាប់​អាស៊ី​សេរី​យ៉ាង​ណា​ខ្លី​ថា ​លោក​​ពុំ​ទទួល​ដំណឹង​ពី​ការ​ចាប់​ខ្លួន​​សកម្មជន​បរិស្ថាន​ទាំង ​៤ ​នាក់ ​នោះ​ទេ៖ «ខ្ញុំ​អត់​ដឹង​ទេ ​បើ​បង​ដឹង​បង​រក​មើល​ទៅ​ បើ​ខ្ញុំ​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃ​ហ្នឹង​គឺ​កម្លាំង​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខ្ញុំ​នេះ​គឺ អត់​មាន​បាន​ឃាត់​ខ្លួន​សកម្មជន​ឬ​ក៏​បុគ្គល​ណា​ម្នាក់​ទេ​។ បើ​បុគ្គល​ណា​គាត់​ថា​មាន ​ឱ្យ​សួរ​គាត់​ទៅ​ ព្រោះ​ខ្ញុំ​អត់​ទទួល​ព័ត៌មាន​ហ្នឹង​ទាំង​អស់​»។

អាស៊ី​សេរី​មិន​ទាន់​ទាក់ទង​​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹម​ខឿន​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី​១៧​ ខែមិថុនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល​។​

​ទោះ​ជា​យ៉ាង​ណា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា​ថា ​សកម្មជន​ទាំង ​៤ ​នាក់​នោះ ​ត្រូវ​បាន​ចាប់​ខ្លួន​​​ក្រោយ​ពេល​ពួកគេ​ចុះ​ថត​ទីតាំង​បង្ហូរ​ទឹក​ស្អុយ​មួយ​កន្លែង​នៅ​តាម​ដង​ទន្លេ​ក្បែរ​ព្រះបរមរាជវាំង។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ បញ្ជាក់​​ទៀត​ថា សកម្មជន​៣នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​សួរ​ចំលើយ​នៅ​អគ្គស្នងការ​នគរបាល​ជាតិ ហើយ​ពួកគេ​អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្រោយ​ពេល​ប៉ូលិស​សាកសួរ​ចប់​។​​​

ជុំ​វិញ​រឿង​នេះ​ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc)​ លោក​ ស៊ឹង សែន​ករុណា ​ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​​អនុវត្ត​ខុស​នីតិវិធី ​ពីព្រោះ​សមត្ថកិច្ច​​​មិន​បាន​ជូន​ដំណឹង​ឱ្យ​សាច់ញាតិ​បាន​ដឹង​ពី​ការ​ចាប់​ខ្លួន​នោះ​ទេ។​ លោក​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ​ធ្វើ​ឱ្យ​សាច់ញាតិ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ពួកគាត់​។ បន្ថែម​ពី​នេះ​ក៏​មិន​អាច​រក​មេធាវី​ដើម្បី​ជួយ​ការពារ​ក្ដី​ដល់​ពួកគាត់​បាន​ទាន់​ពេល​វេលា​​ដែរ​៖ «ចំណុច​ទាំង​អស់​នេះ​ខាង​សមត្ថកិច្ច​គួរ​បង្ហាញ​ព័ត៌មាន​ឱ្យ​សាច់ញាតិ នឹង​សាធារណៈ​ជន​បាន​ដឹង​ព្រោះ​រឿង​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​​​ពី​ក្រុម​គ្រួសារ​និង​សកម្មជន​បរិស្ថាន​ដូច​គ្នា​ដែល​បាន​ដាន​ហ្នឹង​។ ​អីចឹង​​មិន​គួរ​ណា​លាក់​បាំង​ព័ត៌មាន​ទេ បើ​សិន​មាន​ការ​ចាប់​ខ្លួន​​ហើយ​នោះ​។ បើ​សិន​មាន​ការ​អនុវត្ត​តាម​នីតិ​វិធី​ច្បាប់​យ៉ាង​ណា​នោះ​ក៏​គួរ​ផ្ដល់​ដែរ​ថា​ នៅ​ទី​ណា​? កន្លែង​ណា?​ តើ​ពួក​គាត់​មាន​សុវត្ថិភាព​ទេ?​ ហើយ​សុខ​ទុក្ខ​របៀប​ម៉េច​ហើយ?​ គឺ​យើង​អាច​ផ្ដល់​ព័ត៌មាន​ត្រឹម​កម្រិត​ហ្នឹង​វា​មិនមែនជា​ព័ត៌មាន​មួយ​ដែល​ពាក់ព័ន្ធ​នឹង​នីតិវិធី​ស៊ើបអង្កេត​នោះទេ​​»។

លោក​ ស៊ឹង សែន​ករុណា​​​​ឱ្យ​ដឹង​ថា​ សកម្មភាព​របស់​​យុវជន​ទាំង​​នោះ​​​កន្លង​មក​ធ្វើ​ការងារ​ដើម្បី​ប្រយោជន៍​រួម​​របស់​ជាតិ​ ដែល​ជា​ធនធាន​មនុស្ស​ដ៏​កម្រ​នៅ​ក្នុង​សង្គម​។​ លោក​ថា​ យុវជន​ដែល​ឈឺ​ឆ្អាល​ការងារ​សង្គម​បែប​នេះ​ គួរតែ​ត្រូវ​បាន​អាជ្ញាធរ​លើក​ទឹក​ចិត្ត​​ដល់​ពួកគាត់​​ ដើម្បី​ឱ្យ​ពួកគាត់​បំពេញ​ការងារ​​បែប​នេះ​បន្ត​ទៀត​​​។​

​រហូត​មក​ដល់​ពេល​នេះ ​មាន​​សកម្ម​ជន​​នយោបាយ សកម្ម​ជន​​សិទ្ធិ​មនុស្ស ​សកម្មជន​បរិស្ថាន​ ព្រះសង្ឃ និង​ក្រុម​យុវជនប្រមាណ ​៨០ នាក់​ហើយ ​ត្រូវ​​បាន​​អាជ្ញាធរ​​របប​​ក្រុង​​ភ្នំពេញ ​ចាប់​ខ្លួន​​ដាក់​​ពន្ធនាគារ​​ដោយ​សារ​​ការ​​អនុវត្ត​​សិទ្ធិ​​សេរីភាព​​របស់​​ពួក​គេ​​ ដោយ​ភាគ​ច្រើន​​​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​រួម​គំនិត​ក្បត់​។ ក្រុម​​អង្គ​ការ​​ជាតិ​ និង​​អន្តរ​ជាតិ ជា​ច្រើន​ស្ថាប័ន ​​បាន​​ចេញ​​សេចក្តី​​ថ្លែង​​ការណ៍​​​​​ថ្កោល​ទោស​នឹង​ការ​​​ចាប់​ខ្លួន​នេះ​។​ស្ថាប័ន​ទាំង​ស្នើ​សុំ​​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​​​របប​ក្រុង​ភ្នំពេញ​ ឱ្យ​ដោះ​​លែង​​ពួក​​គេ​ឱ្យ​មាន​​សេរី​ភាព​ឡើង​វិញ​ ដើម្បី​បញ្ចៀស​ការ​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​មក​លើ​កម្ពុជា​បន្ត​ទៀត​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល