កម្មករ​ក្រុមហ៊ុន​ប្រទះ​ឃើញ​រថយន្ត​ដឹក​ឈើ​ជា​ច្រើន​គ្រឿង​ចរាចរ​លើ​ខ្នង​ទំនប់​វារីអគ្គិសនី

ដោយ អាស៊ីសេរី
2017-11-13
Share
ទំនប់​វារីអគ្គិសនី​សេសានក្រោម២ ១៤៤០ ២០១៧ ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ ស្ថិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៧។
Photo: RFA

កម្មករ​ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ប្រទះឃើញ​រថយន្ត យី​ឌុប ៥៧​គ្រឿង ​រថយន្ត​ប៉ាកុង​ដឹក​ឈើមូល ១៣​គ្រឿង និង​សា​ឡង់ ៣​គ្រឿង បាន​ចរាចរ​លើ​ខ្នង​ទំនប់ និង​តាម​ផ្លូវទឹក​ចូល​ផ្ទៃ​អាង​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

ពួកគេ​ស្ដី​បន្ទោស​រដ្ឋាភិបាល និង​ក្រសួងបរិស្ថាន​ថា មិន​ទទួលខុសត្រូវ​អំពី​វិនាសកម្ម​ព្រៃឈើ​ទាំង​នោះ​ទេ បើ​ទោះ​បី​ជា​សហគមន៍ និង​ពលរដ្ឋ​រាយការណ៍​បញ្ហា​នេះ​ច្រើន​សា​មក​ហើយ​ក្ដី។

កម្មករ​ដែល​ធ្វើការ​នៅ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ឲ្យ​ដឹង​ថា រោងចក្រ​អារ​ឈើ ពីរ​ទីតាំង​ដែល​ឋិត​នៅ​តំបន់​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​តែ​បន្ត​អាជីវកម្ម​អារ​ច្រៀក​ឈើ​មូល​ដដែល ដោយ​មាន​រថយន្ត​យី​ឌុប​រាប់​សិប​គ្រឿង ត្រៀម​ដឹកជញ្ជូន​ឈើ​លើ​ខ្នង​ទំនប់​ចេញ​ក្រៅ និង​យក​ទៅ​ប្រទេស​វៀតណាម។

កម្មករ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​នៅ​ថ្ងៃទី១២ វិច្ឆិកា ថា បទល្មើស​ព្រៃឈើ​កើតមាន​យ៉ាង​គគ្រឹកគគ្រេង បើ​ទោះ​បី​ជា​ទំនប់​សាងសង់​រូច​រាល់​ហើយ​ក្ដី។ លោក​ថា ក្រុមហ៊ុន បិទទ្វារ​ទឹកជា​ស្ថាពរ​បំពេញ​អាង ដើម្បី​ផលិត​ថាមពល​អគ្គិសនី បង្ក​ឲ្យ​លិចលង់​ភូមិ​ស្រែគរ និង​ភូមិ​ក្បាល​រមាស​ចាស់​ជិត ១​ខែ​មក​ហើយ ក៏ប៉ុន្តែ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ ក្រោម​លេស​សំអាត​បាត​អាង នៅតែ​កើតមាន ពុំ​ទាន់​មាន​ស្ថាប័ន​ណា​ប្រកាន់​ជំហរ​ច្បាស់លាស់​ទប់ស្កាត់​នោះ​ទេ។ «» បុរស​ដដែល​បន្ត​ថា រថយន្ត​យី​ឌុប ៥៧​គ្រឿង​នោះ បាន​ដឹក​ឈើ​ប្រភេទ​សុក្រំ ដែល​គេ​យក​ពី​តំបន់​ព្រៃ​នៅ​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន និង​នៅ​តំបន់​ភ្នំ​ក្រឡាពស់ ក្រោយ​មាន​កម្មករ​ច្រើន​ក្រុម​ចូល​ព្រៃ​អារ​ច្រៀក និង​ដឹកជញ្ជូន​តាម​រថយន្ត​ប៉ាកុង​ចូល​រោង​អារ​ច្រៀក​ឈើ។ លោក​ថា ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល គ្មាន​ការទទួលខុសត្រូវ​ចំពោះ​បទល្មើស​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ទាំង​នោះ​ទេ បែរជា​ធ្វើ​មិន​ដឹង​មិន​ឮ រីឯ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​រដ្ឋាភិបាល ក៏​ពុំ​ឃើញ​ចុះ​ទប់ស្កាត់​ដែរ។

ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មាន​ផ្ទៃដី ៣៦.០០០​ហិកតារ ឋិត​ក្នុងស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែន អាសូស៊ីអែត ឡ​យ័រ (Ang & Associates Lawyer Co., Ltd) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំងពី​ឆ្នាំ​២០១២។ ក៏ប៉ុន្តែ​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា ក្រុមហ៊ុន​បាន​ដឹក​ឈើ​ពី​ខាងក្រៅ​ចូល​ផ្ទៃ​អាង ជា​លេស​ថា សំអាត​បាត​អាង និង​ដើម្បី​ប្រែ​ក្លាយ​ជា​ឈើ​ស្របច្បាប់ ដោយមាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល។

មេឃុំ​ស្រែគរ លោក សៀក មេគង្គ ទទួល​ស្គាល់​ថា ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​ឈើ​នៅ​តំបន់​នោះ​បាន​កើតមាន​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ក៏ប៉ុន្តែ​ពុំ​មាន​ស្ថាប័ន​ចេញមុខ​ត្រូត​ពិនិត្យ និង​ទប់ស្កាត់​នោះ​ទេ។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មិនបាន​លើកទឹកចិត្ត​ដល់​កិច្ច​គាំទ្រ​ធនធានធម្មជាតិ របស់​ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ទេ ពោល​បើ​អាជ្ញាធរ​ឃុំ​រាយការណ៍​បទល្មើស​ព្រៃឈើ​ទៅ​ថ្នាក់លើ ត្រូវ​គេ​ចោទ​ថា ជា​ក្រុម​បក្ស​ប្រឆាំង​ផ្កាប់មុខ។ «»

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​នៃ​សមាគម​អាដហុក ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ឲ្យ​ដឹង​ថា វា​ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ ចំពោះ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ ដែល​ឈ្មួញ​ប្រើ​លេស​ថា ជា​ឈើ​ស្របច្បាប់ ក៏ប៉ុន្តែ ធាតុ​ពិត​ឈើ​ទាំងនោះ គឺជា​ឈើ​ខុសច្បាប់​ដែល​គេ​ដឹក​ចេញពី​តំបន់​ផ្សេង។ លោក​អំពាវនាវ​ជា​ថ្មី​ទៀត ស្នើ​ឲ្យ​ក្រសួងបរិស្ថាន និង​រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​អាជីវកម្ម​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​នោះ ដែល​លោក​ចាត់ទុកថា បំផ្លាញ​ធនធានធម្មជាតិ​នៅ​កម្ពុជា​ជា​ប្រព័ន្ធ។ «»

កាលពី​ចុងខែ​កញ្ញា ឆ្នាំ​២០១៧ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​សម្ពោធ​បិទទ្វារ​ទឹកជា​ស្ថាពរ នៅ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​រួចហើយ ដើម្បី​ផ្ទុក​ទឹក​បំពេញ​តួប៊ីន រហូត​លិចលង់​ភូមិឋាន អ្នកភូមិ​អស់​ច្រើន​គ្រួសារ​ទៀត​ផង។ កន្លងទៅ លោក ហ៊ុន សែន ធ្លាប់​សន្យា​ថា សុខចិត្ត​សម្លាប់​ខ្លួន បើ​លោក​ការពារ​ព្រៃឈើ​មិនបាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល