កម្ពុជា-​វៀតណាម​សហការ​ការពារ​ព្រៃឈើ​និង​សត្វ​ព្រៃ​នៅ​តំបន់​ព្រំដែន

រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម ព្រមព្រៀង​សហប្រតិបត្តិការ​ដើម្បី​ការពារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការពារ​សត្វព្រៃ ក្នុង​តំបន់​ព្រៃឈើ​តាម​ព្រំដែន​កម្ពុជា-វៀតណាម។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក-​កម្ពុជា (WWF-Cambodia) កាល​ពី​ថ្ងៃ​អង្គារ ទី​១៩ ឧសភា បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​​អាជ្ញាធរ​ការពារ​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី សហការ​ជាមួយ​អាជ្ញាធរ​ការពារ​ព្រៃឈើ​វៀតណាម ដើម្បី​ធ្វើការ​រួមគ្នា​អភិរក្ស​សត្វព្រៃ​កម្រ ដែល​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ជាង​គេ និង​ការពារ​ការ​កាប់​បំផ្លាញ​ដើមឈើ​ប្រណិតៗ ដែល​នៅ​សេសសល់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​លើ​ផ្ទៃដី​ទំហំ​ជាង ៤០​ម៉ឺន​ហិកតារ (៤០០.០០០) នេះ។

​ប្រធាន​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក-កម្ពុជា លោក ឈិត សំអាត មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​អង្គារ ថា អង្គការ​លោក​មាន​ក្តី​រីករាយ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រួម​នៃ​អាជ្ញាធរ​ការពារ​ព្រៃឈើ​របស់​ប្រទេស​ទាំង​ពីរ​នេះ៖ «ខ្ញុំ​យល់​ថា ជា​ការ​ល្អ​ណាស់​ដែល​យើង​មាន​ផែនការ​សហការ​គ្នា​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ការ​ជួញដូរ​សត្វព្រៃ​កម្រ​របស់​យើង​ដើម្បី​រក្សា​បាន​នូវ​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ទាំង​សង​ខាង និង​ចែក​រំលែក​បទពិសោធន៍​រួម​គ្នា»

​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក គូស​បញ្ជាក់​ថា តំបន់​អភិរក្ស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី គឺ​ជា​តំបន់​ដ៏​មាន​តម្លៃ​សម្រាប់​កម្ពុជា និង​សម្រាប់​តំបន់​អាស៊ី​ទាំង​មូល។ ក្រៅ​ពី​​ផ្ដល់​ការ​គាំទ្រ​អភិរក្ស និង​ផ្ដល់​ទី​ជម្រក​ដល់​សត្វព្រៃ​កម្រ​តំបន់​ព្រៃឈើ​ទាំង​នេះ​ក៏​មាន​សារសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ក្នុង​សហគមន៍ និង​ផ្ដល់​សេវា​ប្រព័ន្ធ​ការពារ​បរិស្ថាន​ដូចជា​ទឹក​ស្អាត និង​ខ្យល់​អាកាស​ល្អ​សម្រាប់​កម្ពុជា ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។