មន្ត្រី​រដ្ឋាភិបាល​ថា នឹង​រក្សា​ព្រៃឈើ​ឲ្យ​នៅ​គង់វង្ស ប៉ុន្តែ​បែរ​ជា​មិន​ចូលរួម​ហ៊ាន​ប្ដេជ្ញា​ជាមួយ​ពិភពលោក

លោក សាយ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន។
លោក សាយ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន។ (Photo courtesy)

មន្ត្រី​បរិស្ថាន​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា កម្ពុជា​ប្ដេជ្ញា​ក្នុង​ការ​រក្សា​ព្រៃឈើ​ឲ្យ​នៅ​គង់វង្ស​។ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ កម្ពុជា​មិន​ព្រម​ចុះហត្ថលេខា​ប្តេជ្ញា​ចិត្ត​ក្នុង​រឿង​នេះ ជាមួយ​ប្រទេស​ដទៃទៀត​នៅក្នុង​ពិភពលោក​នៅ​ឡើយ​ទេ។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) កាលពី​ថ្ងៃទី៣ ខែ វិច្ឆិកា ថា ក្រសួង​បរិស្ថាន​កម្ពុជា គាំទ្រ​សេចក្តី​ថ្លែងការណ៍​រួម​របស់​ប្រទេស​ជាង ១០០ នៅ​លើ​ពិភពលោក ក្នុង​ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ព្រៃឈើ និង​ដាំ​កូនឈើ​ឡើងវិញ ដើម្បី​រក្សា​គម្រប​ព្រៃឈើ។

ប៉ុន្តែ ក្នុង​ចំណោម​ប្រទេស ១២៨ ដែល​បាន​ចុះហត្ថលេខា​គាំទ្រ​លើ​សេចក្តី​ប្រកាស​រួម កាល​ពី​ថ្ងៃទី​២ ខែ​វិច្ឆិកា នៅ​ទីក្រុង ក្លាស្កូ (Glasgow) ប្រទេស​អង់គ្លេស (UK) ស្តីពី​ការ​ប្តេជ្ញា​ចិត្ត​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ត្រឹម​ឆ្នាំ​២០៣០​នោះ មិន​ឃើញ​មាន​ឈ្មោះ​ប្រទេស​កម្ពុជា ជា​ប្រទេស​ហត្ថលេខី​នឹង​គេ​នោះ​ទេ។

មេដឹកនាំ​ពី​១៩៧ ប្រទេស បាន​ចូលរួម​សន្និសីទ​អង្គការ​សហប្រជាជាតិ ស្ដីពី​ការប្រែប្រួល​អាកាសធាតុ លើក​ទី ២៦(COP26) ចាប់ពី​ថ្ងៃទី​៣១ ខែ​តុលា ដល់​ថ្ងៃទី​១២ ខែ​វិច្ឆិកា​។ កាលពី​ថ្ងៃទី​២ ខែ​វិច្ឆិកា សន្និសីទ​នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ដោយ​ប្ដេជ្ញា​ចិត្ត ដើម្បី​បញ្ឈប់ និង​កែប្រែ​ឡើងវិញ​នូវ​ការ​ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ និង​ការ​រេចរឹល​ដី ត្រឹម​ឆ្នាំ​២០៣០។

ទោះជា​យ៉ាងនេះ​ក្ដី ប្រទេស​នៅ​តំបន់​អាស៊ាន ដែល​មិន​បាន​ចុះ​ហត្ថលេខា​គាំទ្រ​សេចក្តី​ប្រកាស​រួម​នេះ មាន​រហូតដល់ ៦ ប្រទេស​ឯណោះ រួម​ទាំង ឡាវ (Laos) ថៃ (Thailand) មីយ៉ានម៉ា ឬ​ភូមា (Myanmar) ម៉ាឡេស៊ី (Malaysia) និង​សិង្ហបុរី (Singapore)​។ ដោយឡែក​ប្រទេស វៀតណាម (Vietnam) ឥណ្ឌូណេស៊ី (Indonesia) ហ្វីលីពីន (the Philippines) និង​ប្រ៊ុយណេ (Brunei) សុទ្ធតែ​បាន​ចុះ​ហត្ថលេខា​រួច​ហើយ។

ចំនួន​ប្រទេស​ដែល​ចុះហត្ថលេខា​គាំទ្រ អាច​នឹង​កើន​ឡើងជា​បន្តបន្ទាប់ ព្រោះ​នៅ ៨​ថ្ងៃ​ទៀត ទើប​ចប់​សន្និសីទ​នេះ។

លោក នេត្រ ភត្ត្រា ប្រាប់​ប្រភព​ដដែល ថា គណៈប្រតិភូ​តំណាង​ឲ្យ​កម្ពុជា មាន​លោក សាយ សំអាល់ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក៏​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​។ ប៉ុន្តែ លោក នេត្រ ភក្ត្រា មិន​ពន្យល់​ប្រាប់​ពី​មូលហេតុ​នៃ​ការ​មិន​ព្រម​ចុះហត្ថលេខា​របស់​តំណាង​កម្ពុជា​នេះ​ទេ។

កម្ពុជា គឺជា​ប្រទេស​ទី​១០ ក្នុង​ពិភពលោក​ដែល​រង​ការបាត់បង់​ព្រៃឈើ​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ឆ្នាំ​២០១៩ គឺ​រហូត​ដល់​ទៅជា​ង ៦​ម៉ឺន ៣​ពាន់​ហិកតារ​។ ទិន្នន័យ​ពី​ផ្កាយរណប​របស់​អឺរ៉ុប និង​អាមេរិក រក​ឃើញ​ថា មានការ​កើនឡើង​មិន​ធ្លាប់​មាន​ពី​មុន​មក នូវ​ការបាត់បង់​ព្រៃឈើ​ប្រចាំឆ្នាំ​នៅ​កម្ពុជា​។ គិត​ចាប់ពី​ឆ្នាំ​២០០០​មក កម្ពុជា​បាន​បាត់បង់​គម្រប​ព្រៃឈើ​រហូតដល់​ទៅ ២៦% ស្មើនឹង ២​លាន​៣​សែន​ហិកតារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។