សកម្មជនព្រៃឈើ លោក អ៊ុក ម៉ៅ អះអាងថា នឹងមិនសុំទោសមន្ត្រីបរិស្ថាន ដែលប្រព្រឹត្តអំពើពុករលួយឲ្យមានការកាប់ឈើនៅតំបន់ព្រៃឡង់
2025.02.04

សកម្មជនការពារព្រៃឈើ នៅខេត្តស្ទឹងត្រែង លោក អ៊ុក ម៉ៅ អះអាងថា លោកនឹងមិនសុំទោសមន្ត្រីបរិស្ថាន ដែលប្រព្រឹត្តអំពើពុករលួយឲ្យមានការកាប់ឈើនៅតំបន់ព្រៃឡង់ដាច់ខាត បើទោះបីប្រឈមជាប់ពន្ធនាគារក៏ដោយ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង ព្រមានចាត់វិធានការច្បាប់លើ លោក អ៊ុក ម៉ៅ និងឲ្យលោកសុំទោសមន្ត្រីបរិស្ថាននៅតំបន់នោះជាសាធារណៈ។
ក្រោយសកម្មជនព្រៃឈើផ្សព្វផ្សាយថា មន្ត្រីបរិស្ថានជាប់ពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយ ទទួលសំណូកពីជនល្មើស បើកដៃឲ្យក្រុមជនល្មើសចូលកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យនៅតំបន់ព្រៃឡង់រួចមក មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើ សកម្មជនការពារព្រៃឈើ នៅខេត្តស្ទឹងត្រែង លោក អ៊ុក ម៉ៅ និងទុកពេលឲ្យលោកសុំទោសមន្ត្រីបរិស្ថានជាសាធារណៈ ក្នុងរយៈពេល៤៨ម៉ោង។ នេះបើតាមលិខិតរបស់មន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង ចុះថ្ងៃទី២ ខែកម្ភៈ។
ទោះជាយ៉ាងណា សកម្មជនការពារព្រៃឈើ នៅខេត្តស្ទឹងត្រែង លោក អ៊ុក ម៉ៅ អះអាងថា លោកនឹងមិនសុំទោសមន្ត្រីខិលខូចទាំងអស់នេះនោះទេ ពីព្រោះលោកមានភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថាមន្ត្រីទាំងនោះពុករលួយ បើកដៃឲ្យជនល្មើសកាប់ឈើនៅក្នុងតំបន់ព្រៃឡង់ពិតប្រាកដមែន។ លោកថា ក្រុមអ្នកកាប់ឈើ បានអះអាងថា មន្ត្រីបរិស្ថានទាំងនោះបានយកលុយពីពួកគេ ចំនួន២លានរៀនជារៀងរាល់ខែ។ លោកបបួលមន្ត្រីបរិស្ថានទាំងនោះឡើងតុលាការ ដើម្បីបង្ហាញភាពស្អាតស្អំរាងខ្លួន។
លោក អ៊ុក ម៉ៅ៖ «មានតែពួកគាត់ទេដែលដើរស្ពាយកាំភ្លើងសម្លុតប្រជាពលរដ្ឋយកលុយ២លានទៅ៣លានរៀល ខ្ញុំមានភស្តុតាងតើ បើអ្នកឯងគ្រាន់បើមកតតាំងជាមួយខ្ញុំមក បើខ្ញុំខុសដាក់គុក បើអ្នកឯងខុសដាក់គុកដូចគ្នា អ្នកមានឆន្ទៈការពារធនធានធម្មជាតិ ការពារសម្បត្តិជាតិ ខ្ញុំនឹងបង្ហាញភស្តុតាង ប្រឈរមុខទាំងអស់គ្នា ពាក់ព័ន្ធជាមួយផ្លូវច្បាប់ យកមកខ្ញុំត្រៀមរួចហើយស្រេច បើទោះបីប្រពន្ធកូនខ្ញុំអត់បាយហូបក៏ខ្ញុំតស៊ូដែរ ខ្ញុំមានភស្តុតាងអស់ហើយ»។
នៅក្នុងវីដេអូជាង៤នាទី ដែលសកម្មជនការពារព្រៃឈើ លោក អ៊ុក ម៉ៅ បានសម្ភាសន៍អ្នកកាប់ឈើ ឲ្យដឹងថា មានមន្ត្រីបរិស្ថានឈ្មោះ នួន ពិសី ហេង រិទ្ធិ អ៊ី ឆេន ហៅ(ឆូក) បានយកលុយពីក្រុមជនល្មើស ចំនួន២លានរៀន ដើម្បីជាថ្នូរកាប់ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់។
អ្នកកាប់ឈើ៖ «គេយក២លានគេយកជាមួយនឹងនាយកដែន នឹងហើយពិសីនឹងរងនៅនឹង ហើយនាយកគេនៅពីលើនឹង គេយកទៅចែកនាយកដែនគេដែរ វាដឹកជញ្ជូនទៅវាបង់ឲ្យគេប៉ុណ្ណឹង ប៉ុន្តែយើងខាងអាយើងចេញ៥០»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី០៣ ខែកុម្ភៈ ដោយសារទូរស័ព្ទចូលច្រើនដងតែគ្មានអ្នកទទួល។
ចំណែកអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែង គង់ សុំមិនធ្វើការអត្ថាធិប្បាយជុំវិញករណី មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងសកម្មជនការពារព្រៃឈើនោះទេ ទុកឲ្យមន្ទីរបរិស្ថានជាអ្នកធ្វើកិច្ចការងារនោះ។ ទោះជាយ៉ាងណា លោកថា ករណីកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ ប្រសិនបើរកឃើញមន្ត្រីមានជាប់ពាក់ព័ន្ធ នឹងមានវិធានការតាមច្បាប់ ហើយបច្ចុប្បន្នអាជ្ញាធរខេត្តកំពុងស្រាវជ្រាវ និងបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីធ្វើការសាកសួរទៅលើអ្នកពាក់ព័ន្ធមួយចំនួន។
លោក ម៉ែង គង់៖ «រហូតមកដល់ពេលនេះ សមត្ថកិច្ចជំនាញ ហើយនឹងសមត្ថកិច្ចជំនាញផ្នែកតុលាការក៏កំពុងស្រាវជ្រាវ ហើយនឹងសាកសួរទៅលើអ្នកដែលពាក់ព័ន្ធមួយចំនួន មិនទាន់សម្រេចថាយ៉ាងណានៅឡើយទេ»។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី យល់ឃើញថា អាជ្ញាធរមិនគួរចេញលិខិតគំរាមកំហែងប្រជាពលរដ្ឋ ខណៈអាជ្ញាធរមិនទាន់ស្វែងរកការពិតបែបនេះនោះទេ។ លោកថា ក្រសួងពាក់ព័ន្ធត្រូវតែចុះធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ ប្រសិនបើរកឃើញថា មន្ត្រីប្រព្រឹត្តអំពើពុករលួយដូចការលើកឡើងរបស់សហគមន៍មែន ត្រូវតែអនុវត្តតាមច្បាប់ឲ្យបានតឹងរ៉ឹង។
លោក យិន ម៉េងលី៖ «យើងស្នើសុំឲ្យមានការស៊ើបអង្កេត អង្គភាពប្រឆាំងអំពើពុករលួយត្រូវចុះស៊ើបអង្កេត ហើយក្រសួងពាក់ព័ន្ធក៏ត្រូវចុះស៊ើបអង្កេតដែរ យើងកុំទាន់និយាយរឿងប្ដឹងផ្ដល់ យើងត្រូវនិយាយថាតើពិតឬមិនពិត ប្រសិនបើការពិតអត់មានរឿងអ្វីត្រូវធ្វើការប្ដឹងផ្ដល់ទេ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ដើម្បីបង្ហាញដល់មន្ត្រីផ្សេងៗទៀត»។
នេះមិនមែនជាលើកទីមួយនោះទេ ដែលសកម្មជនការពារព្រៃឈើ លោក អ៊ុក ម៉ៅ រងការគំរាមកំហែង និងបណ្ដឹងពីអាជ្ញាធរ និងក្រុមជនល្មើស ក្រោយពីលោកនិយាយរិះគន់ពាក់ព័ន្ធការកាប់ឈើធ្វើអាជីវកម្ម និងការកាប់ទន្ទ្រានដីព្រៃ នៅក្នុងតំបន់ព្រៃឡង់ធ្វើជាកម្មសិទ្ធិ។
ដែនជម្រកសត្វព្រៃព្រៃឡង់មានផ្ទៃដីជិត ៥សែន (៤៨៩.៦៦៣) ហិកតារជាប់ខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាល បង្កើតជាតំបន់ដែនជម្រកសត្វព្រៃនៅក្នុងឆ្នាំ២០១៦ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។ ប៉ុន្តែរយៈពេល១០ឆ្នាំមកនេះ សកម្មជន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រកឃើញថា ដែនជម្រកសត្វព្រៃព្រៃឡង់បន្តរងការកាប់ឈើធ្វើអាជីវកម្ម និងកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនៅជុំវិញតំបន់នោះយ៉ាងអនាធិបតេយ្យ ដោយមិនមានការយកចិត្តទុកដាក់ទប់ស្កាត់ពីមន្ត្រីជំនាញនៅតំបន់នេះនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។