ព្រៃ​សហគមន៍​ឈើ​ទាល​ប្រើស ខេត្ត​ស្ទឹងត្រែង បន្ត​រង​ការ​ទន្ទ្រាន​ដី​ព្រៃ និង​កាប់​ឈើ​ធ្វើ​អាជីវកម្ម​

សហគមន៍​ឈើ​ទាល​ប្រើស​នៅ​ខេត្តស្ទឹងត្រែង អះអាង​ថា ដើម​ឈើ​មូល​ធំៗ នៅ​ព្រៃ​សហគមន៍ នៅ​តែ​មាន​ក្រុម​ជនល្មើស​បន្ត​លួច​កាប់​ផ្ដួល​ជា​ច្រើន​ដើម និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ជា​ច្រើន​ហិកតារ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា មាន​តែ​ការ​សហការ​គ្នា​រវាង​សហគមន៍ និង​អាជ្ញាធរ ទើប​ទប់​ស្កាត់​បទល្មើស​ទាំង​អស់​នោះ​បាន។

ដើម​ឈើ​មូល​ធំៗ ជា​ច្រើន​ដើម និង​ដី​ព្រៃ​ជា​ច្រើន​ហិកតារ ស្ថិត​នៅ​ព្រៃ​សហគមន៍​ឈើ​ទាល​ប្រើស ឃុំ​ចម្ការ​លើ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង បន្ត​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​ទន្ទ្រាន​ដី​ព្រៃ​ពី​សំណាក់​​ក្រុម​ជន​ល្មើស​យ៉ាង​អនាធិបតេយ្យ ដោយ​មិន​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ជួយ​ទប់ស្កាត់​សហគមន៍​នោះ​ទេ។ សហគមន៍​ថា ពួក​គេ​បាន​ស្នើសុំ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ច្រើន​សា ដើម្បី​ឲ្យ​ចុះ​ជួយ​ទប់ស្កាត់ និង​មាន​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ទៅ​លើ​ក្រុម​ជនល្មើស​ទាំង​អស់​នោះ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​នៅ​ឡើយ​ទេ។

ប្រធាន​សហគមន៍​ឈើ​ទាល​ប្រើស លោក ពេជ្រ សារឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៨ ខែមីនា​ថា ក្រុម​ជនល្មើស​បាន​ឆ្លៀត​ឱកាស លួច​ចូល​ទៅ​កាប់​ដើម​ឈើ​មូល​ធំៗ មាន​ដូច​ជា ផ្ដៀក កកោះ ផ្ចឹក និង​ដើម​ជ័រ​ច្បោះ និង​លួច​កាប់​ទន្ទ្រាន​ដី​ព្រៃ​ច្រើន​ហិកតារ​ធ្វើ​ជា​កម្មសិទ្ធិ។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់​បទល្មើស​ទាំង​អស់​នោះ បើ​ពុំ​ដូច្នោះ​ទេ ព្រៃ​សហគមន៍​មួយ​នេះ និង​រលាយ​ជាក់​ជា​មិន​ខាន។

លោក ពេជ្រ សារឿន៖«សុំ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជួយ​ពង្រឹង ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃ​សហគមន៍​ខ្ញុំ​ផង។ អាជ្ញាធរ​ភូមិ​ឃុំ​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃឈើ​ឲ្យ​ជួយ​សហគមន៍​ខ្ញុំ​ផង។ ប្រឈម​ខ្លាំង​ដោយសារ​ខ្ញុំ​មិន​ហ៊ាន​មក​ពេល​យប់​ពីព្រោះ​បទល្មើស​វា​មាន​ទាំង​ជក់​ញៀន មាន​កាំភ្លើង​កែច្នៃ​ទៀត ឮ​វា​បាញ់ ៣ ទៅ ៤គ្រាប់។ អ៊ីចឹង បាន​ជា​ខ្ញុំ​មិន​ហ៊ាន​មក​ពេល​យប់»។

សហគមន៍​ទទូច​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ចុះ​ជួយ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​ទាំង​អស់​នោះ ពីព្រោះ​សហគមន៍​មិន​មាន​អាវុធ និង​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ទប់ស្កាត់​បទល្មើស​ទាំង​អស់​នេះ​ទេ ហើយ​ក្រុម​ជនល្មើស​ហាក់​មិន​ខ្លាច​ញញើត ចំពោះ​សហគមន៍​ឡើយ ដោយសារ​ពួក​គេ​មាន​អាវុធ​កែច្នៃ​និង​អ្នក​ខ្លះ​ទៀត​បាន​ប្រើប្រាស់​គ្រឿង​ញៀន។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង នាយ​ផ្នែក​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ស្រុក​ថាឡាបរិវ៉ាត់ លោក ហ៊ុន សំអឿន បាន​ទេ នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ដោយ​ទូរស័ព្ទ​ចូល​ច្រើន​ដង គ្មាន​អ្នក​ទទួល។

ជុំ​វិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន កម្ពុជា (CYN) លោក អូត ឡាទីន សង្កេត​ឃើញ​ថា ដោយសារ​អាជ្ញាធរ​នៅ​មូលដ្ឋាន​ជាប់​ពាក់ព័ន្ធ​ប្រព្រឹត្ត​ជាមួយ​និង​ជនល្មើស ទើប​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​ឈើ​ទាល​ប្រើស​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ ដូច្នេះ​រដ្ឋាភិបាល​ក៏​ដូច​ជា​មន្ត្រី​ជំនាញ ត្រូវ​តែ​ចុះ​ទប់ស្កាត់​និង​ស្វែង​រក​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងអស់​នោះ​យក​មក​អនុវត្ត​ច្បាប់។

លោក អូត ឡាទីន៖«ព្រៃ​សហគមន៍​ឈើ​ទាល​ប្រើស​យើង​ពិបាក​ក្នុង​សង្គ្រោះ​ណាស់​ហើយ​បាត់បង់​ហើយ​យើង​មិន​ងាយ​ដាំ​ស្ដារ​ឡើង​វិញ​នោះ​ទេ ដូច្នេះ​កុំ​ឲ្យ​ហួសពេល​ធ្វើ​យ៉ាង​ណា​ជំរុញ​មន្ត្រី​មូលដ្ឋាន​ហ្នឹង​សហការ​ជាមួយ​សហគមន៍ ហើយ​ផ្ដល់​អំណាច​ដល់​សហគមន៍​មូលដ្ឋាន​ឲ្យ​គាត់​អាច​អនុវត្ត​ការងារ​របស់​គាត់​ពេញលេញ ដើម្បី​ធ្វើ​យ៉ាង​ណា​ធានា​ឲ្យ​ការ​ការពារ​ព្រៃ​នៅ​ក្នុង​ព្រៃ​សហគមន៍​ឈើ​ទាល​ប្រើស​មាន​ភាព​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន»។

ព្រៃ​សហគមន៍​ឈើ​ទាល​ប្រើស មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​រំដេង ឃុំ​ចំការលើ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់ រដ្ឋបាល​ព្រៃ​ឈើ​ ។ ព្រៃ​សហគមន៍​មួយ​នេះ មាន​ផ្ទៃ​ដី​ជាង ៦៤២ហិកតារ សម្បូរ​ទៅ​ដោយ ជីវៈ​ចម្រុះ និង​ដើម​ឈើ​ធំៗ គ្រប់​ប្រភេទ មាន​ដូច​ជា ដូងចែម កកោះ ផ្ចឹក ផ្ដៀក ស្រឡៅ និង​ដើម​ឈើ​ទាល​ឬ​ហៅ​ដើម​ជ័រ​ច្បោះ​ជា​ដើម។

ច្បាប់​ស្ដីពី​ព្រៃឈើ និង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ កំណត់​ថា ការ​គាស់ រុករាន​ដី​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ គឺជា​បទល្មើស​ឧក្រិដ្ឋ​ដែល​ជន​ប្រព្រឹត្ត​ល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ដល់ ១០ឆ្នាំ។ ចំណែក​មន្ត្រី​ពាក់ព័ន្ធ​ធ្វេសប្រហែស ឬ​មិន​គោរព​ច្បាប់​នេះ ត្រូវ​ទទួល​វិន័យ​រដ្ឋបាល និង​ត្រូវ​ចោទ​ប្រកាន់​ចំពោះ​មុខ​តុលាការ ហើយ​បើ​មន្ត្រី​ទាំងនោះ​សមគំនិត ត្រូវ​ផ្ដន្ទាទោស​ដូច​ជន​ប្រព្រឹត្ត​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។