សកម្មជន​ព្រៃឈើ និង​ពលរដ្ឋ​ប្រតិកម្ម​ចំពោះ​គម្រោង​ឆ្វៀល​តំបន់​អភិរក្ស​សួនសត្វ​ភ្នំ​តា​ម៉ៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន

ដោយ សេក បណ្ឌិត
2022.04.30
Share on WhatsApp
Share on WhatsApp
សកម្មជន​ព្រៃឈើ និង​ពលរដ្ឋ​ប្រតិកម្ម​ចំពោះ​គម្រោង​ឆ្វៀល​តំបន់​អភិរក្ស​សួនសត្វ​ភ្នំ​តា​ម៉ៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន តំបន់​អភិរក្ស​សួនសត្វ​ភ្នំ​តា​ម៉ៅ ក្នុង​ខេត្តតាកែវ។
Photo Courtesy of Wildlife Care

សកម្មជន​ព្រៃឈើ ក្រុម​យុវជន និង​ពលរដ្ឋ​ប្រតិ​ម្ម​ចំពោះ​គម្រោង​កាត់​ឆ្វៀល​តំបន់​អភិរក្ស​សួនសត្វ​ភ្នំ​តា​ម៉ៅ ក្នុង​ខេត្តតាកែវ​ទ្រង់ទ្រាយ​ធំ ដើម្បី វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឯកជន ប៉ះពាល់​ជម្រក​សត្វព្រៃ និង ទីកន្លែង​សង្គ្រោះ​សត្វព្រៃ​កម្រ​តែមួយគត់ នៅ​កម្ពុជា​ដែល​បង្ក​កំណើត​សត្វព្រៃ​ជាច្រើន​ប្រភេទ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។ ការ​លើក​ឡើង​នេះ ក្រោយពី​មាន​សកម្មភាព​ឈូស​ឆាយ​ព្រៃ និង បាញ់ថ្នាំ​ក្រហម ហ៊ុមព័ទ្ធ​ដី​ព្រៃ​នៅ​ជុំវិញ​នោះ មួយ​ផ្នែក​ធំ ដើម្បី​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន។

សកម្មជន​ព្រៃឈើ ក្រុម​យុវជន និង​ពលរដ្ឋ​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្តតាកែវ និង រដ្ឋាភិបាល​បង្ហាញ​ព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ ពី​គម្រោង ឈូស​ឆាយ​ដី​ព្រៃភ្នំ​តា​ម៉ៅ​ទ្រង់ទ្រាយ​ធំ ដែល​បច្ចុប្បន្ន​នេះ ដី​ព្រៃ​នៅ​ជុំវិញ​តំបន់​អភិរក្ស​នេះ ត្រូវ​បាន​ឈូស​ឆាយ​ដោយ​អន្លើៗ អស់​ជាច្រើន​ហិកតារ។

ពួកគេ​មាន​មន្ទិល​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ខ្នាត​ធំ​នេះ​ថា បង្កប់​អាថ៌កំបាំង និង​មាន​ភាព​មិន​ប្រក្រតី​ច្រើន ដែល​អាជ្ញាធរ​ខេត្តតាកែវ នៅ​មិន​ទាន់​បង្ហាញ​ព័ត៌មាន​លម្អិត ពី​ផែនការ​វិនិយោគ និង​ទំហំ​ផ្ទៃដី​អភិរក្ស​ដែល​ត្រូវ​កាត់​ឆ្វៀល​ឱ្យ​ច្បាស់​លាស់​នៅឡើយ​ទេ។

មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក អូត ឡាទីន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៩ មេសា​ថា រដ្ឋាភិបាល​គួរតែ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ឱ្យ​ពលរដ្ឋ និង​សាធារណជន​បានដឹង និង​ចូលរួម​តាមដាន ចំពោះ​គម្រោង​អភិវឌ្ឍន៍​នេះ​។ លោក​បារម្ភ​ថា ឧទ្យាន​ជាតិ​ភ្នំ​តា​ម៉ៅ ក្រៅពី​មាន​សក្ដានុពល សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ កំពុង​រស់នៅ អម​ដោយ​ព្រៃឈើ និង​ធនធានធម្មជាតិ​ស្រស់បំព្រង អាច​នឹង​បាត់បង់ ប្រសិនបើ​គម្រោង​វិនិយោគ​នេះ លេច​ចេញ​ជា​រូបរាង​៖ «ដើម្បី​បង្ហាញ​ពី​តម្លាភាព​ក្នុង​ការ​សម្រេចចិត្ត​ជួល​ដី​ឱ្យ​ក្រុមហ៊ុន ឯកជន អភិវឌ្ឍន៍​ភ្នំ​តា​ម៉ៅ រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ព័ត៌មាន​តំបន់​នោះ ដើម្បី​ឱ្យ​យើង​ដឹង​កុំឱ្យ​មន្ទិលសង្ស័យ»

កាលពី​ថ្ងៃទី​២៦ មេសា កន្លង​ទៅ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Care) បាន​ផ្សាយ​វីឌីអូ​ឃ្លីប​ជាង ៤​នាទី បង្ហាញ​ពី​ក្ដី​បារម្ភ​ខ្លាច​បាត់បង់​សួនសត្វ​ភ្នំ​តា​ម៉ៅ ក្រោយពី​ទទួល​ព័ត៌មាន​ថា គេ​នឹង​មាន​គម្រោង​ឈូស​ឆាយ​ដី​ព្រៃ​នៅ​តំបន់​អភិរក្ស​តំបន់​ភ្នំ​តា​ម៉ៅ ឋិត​នៅ​ខែត្រ​តាកែវ។

អ្នកជំនាញ​អភិរក្ស​សត្វព្រៃ​នៅ​អង្គការ​នេះ លោក នីច ម៉ាក (Nick Marx) បាន​ថ្លែង​ក្នុង​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា លោក​បាន​ទទួល​ព័ត៌មាន​អត់​ល្អ និង​ព្រួយបារម្ភ​អំពី​គម្រោង​ឈូស​ឆាយ​ដី​ព្រៃភ្នំ​តាម៉ៅ ដែល​ពេល​នេះ ដី​ព្រៃ​នៅ​ជាប់ និង​នៅ​ជុំវិញ​តំបន់​អភិរក្ស​នេះ ត្រូវ​បាន​ឈូស​ឆាយ​ខ្លះ​រួច​ទៅ​ហើយ។

អ្នកជំនាញ​សត្វព្រៃ​ដែល​បាន​ធ្វើ​ការ​អភិរក្ស​សត្វ​ព្រៃ​នៅ​កម្ពុ​ជាជាង ២០​ឆ្នាំ​រូប​នេះ​អំពាវនាវ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ជួយ​ការពារ​សួនសត្វ និង​ព្រៃ​ជុំវិញ​ភ្នំ​តា​ម៉ៅ៖ «ខ្ញុំ​បាន​ធ្វើ​ការ​អភិរក្ស​សត្វ​ព្រៃ ២០​ឆ្នាំ​ហើយ ខ្ញុំ​អ្នក​តូច​អត់​មានអំណាច តែ​ខ្ញុំ​មាន​បេះដូង​ស្រឡាញ់​សត្វ និង​រឿង ធម្មជាតិ​។ សំណូមពរ​លោក ហ៊ុន សែន ជួយ​ការពារ​ភ្នំ​តា​ម៉ៅ​ដដែល ដើម្បី​ជម្រក​សុវត្ថិភាព​សត្វព្រៃ និង​ជា​កន្លែង​កម្សាន្ត​ទេសភាព​ដ៏​ល្អ សម្រាប់​ប្រជាជន​នៅ​ជិត​ក្រុងភ្នំពេញ។

ពលរដ្ឋ​រស់នៅ​ខេត្តតាកែវ ដែល​ធ្វើដំណើរ​កម្សាន្ត​នៅ​តំបន់​ភ្នំ​តា​ម៉ៅ កាល​ពី​ពេល​ថ្មី​នេះ បាន​ប្រទះឃើញ​គ្រឿងចក្រ​ជាច្រើន​គ្រឿង និង​ថ្នាំ​ក្រហម បាញ់​ជុំវិញ​ជើងភ្នំ​តាម៉ៅ ដើម្បី​ត្រៀម​ឈូស​ឆាយ​ព្រៃ អភិរក្ស​មួយ​នេះ។ លោក រី ដា ប្រាប់​វិទ្យុ​អាស៊ីសេរី ថា បច្ចុប្បន្ន​មាន​ព្រៃឈើ​ផ្នែក​ខ្លះ​ត្រូវ​បាន​ឈូស​ឆាយ និង​មាន​ផ្នែក​ខ្លះ​មាន​ការ​កំណត់​ព្រំ ដើម្បី​ត្រៀម​ឈូស​ឆាយ យ៉ាងហោចណាស់​ទំហំ ៣០០ ហិកតារ។ លោក​មិន​ទាន់​ដឹង​ច្បាស់​ថា ព្រៃ​នៅ​ជើងភ្នំ​តា​ម៉ៅ ត្រូវ​គេ​ឈូស​ឆាយ​អស់​ទំហំ​ប៉ុន្មាន​ហិកតារ​នោះ​ទេ ព្រោះ​គម្រោង​នេះ​ធ្វើឡើង​ដោយ​លាក់លៀម​៖ «សម្រាប់​អភិរក្ស​សត្វ​ដល់ពេល​ឥឡូវ​ឃើញ​មាន ក្រុមហ៊ុន​រៀបចំ​មក​វិនិយោគ​យ៉ាងម៉េច​? ឆ្ងល់​ដែរ ការ​ឈូស​ឆាយ គឺ​មាន​ការ​ឈូស​ឆាយ»

ឆ្លើយ​តប​រឿង​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន ឬ សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ណាមួយ ជុំវិញ​រឿង​នេះ​ឡើយ​ទេ ហើយ​លោក​រុញ​ឱ្យ​វិទ្យុ​អាស៊ីសេរី សួរ​អាជ្ញាធរ​ខេត្ត​តាកែវ​វិញ។

ចំពោះ​សំណួរ​ថា អ្នកជំនាញ​សត្វព្រៃ បាន​អំពាវនាវ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ការពារ​សត្វព្រៃ និង​ព្រៃ​ជុំវិញ​ភ្នំ​តា​ម៉ៅ តើ​លោក យល់​យ៉ាងណា​? អ្នកនាំពាក្យ​រូប​នេះ​ឆ្លើយតប​យ៉ាង​ខ្លី​ថា លោក​ទើបតែ​ឮ​ព័ត៌មាន​នេះ តាមរយៈ​វិទ្យុ​អាស៊ីសេរី តែ​ការសម្រេចចិត្ត​បែប​ណា​នោះ លោក​មិន​ទាន់​ដឹង​រឿង​នៅឡើយ​ទេ​៖ «រហូតដល់​ពេលនេះ ខ្ញុំ​អត់​ទាន់​បាន​ដឹង​ការងារ​នេះ​នៅឡើយ​។ តើ​ការងារ​នេះ មាន​ការ​ប្រទាស់​ជាមួយនឹង​ច្បាប់ទម្លាប់​ដែល​មាន​ស្រាប់​នៅ​ឡើយ​ទេ គឺ​យើង​អត់​ដឹង»

វិទ្យុ​អាស៊ីសេរី​នៅ​មិនទាន់​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្តតាកែវ លោក អ៊ួ​ច ភា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​២៩ មេសា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក។

ប៉ុន្តែ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ លោក ញឹប ស្រ៊ន បាន​ប្រាប់​កាសែត​ក្នុងស្រុក (កោះសន្តិភាព​) ថា ព័ត៌មាន​កាត់​ឆ្វៀល​ដី​នៅ​តំបន់ សួនសត្វ​ភ្នំ​តា​ម៉ៅ​ទំហំ ៣០០​ហិកតារ គឺ​ជា​រឿង​ពិត ព្រោះ​អ្នក​វិនិយោគ កំពុង​ស្នើសុំ​ស..ណ​ពី​ថ្នាក់​ជាតិ​។ ប៉ុន្តែ​លោក​មិន​ទាន់​បញ្ជាក់​លម្អិត​ថា តើ​ថ្នាក់​ជាតិ​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ។

អ្នកការពារ​ព្រៃឈើ ត្រូវ​ជា​កូនប្រុស​លោក ឈុត វុទ្ធី គឺ​លោក ឆឺយ ឧត្ដម​រស្មី ដែល​កំពុង​ស្នាក់នៅ​សហរដ្ឋអាមេរិក ចាត់ទុក​ព័ត៌មាន​នេះ ជា​រឿង​អកុសល និង​ហួសចិត្ត ប្រសិនបើ​រដ្ឋាភិបាល​កាត់​ឆ្វៀល ឧទ្យាន​ជាតិ​ភ្នំ​តា​ម៉ៅ​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន។

លោក​បញ្ជាក់​ថា ពួក​លោក​នឹង​មិន​នៅ​ស្ងៀម​ឡើយ ដរាបណា​គម្រោង​អភិវឌ្ឍន៍ ដែល​បង្ក​គ្រោះថ្នាក់​ដល់​សត្វព្រៃ និង​ព្រៃឈើ​ទាំងនេះ មិន​បញ្ឈប់​នោះ​ទេ​៖៖ «ខ្មាស​ជនបរទេស​ដែល​គាត់​បាន​មក​ថែទាំ​សត្វព្រៃ​របស់​យើង បែរជា​ចុងក្រោយ​ទៅ​លក់​កន្លែង​ដែល​គាត់​បាន​ថែទាំ ហើយ​ក្នុងនាម​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល និង​យុវជន ខ្ញុំ​ប្រហែល​ជា​មាន ចំណាត់ការ​ដាក់​ញត្តិ ឬក៏​មាន​ការ​តវ៉ា​ណាមួយ តាម​ការ​សមស្រប»

ខ្ទីង.JPGសត្វខ្ទីង និង​កូនតូច រស់នៅ​តំបន់​អភិរក្ស​សួនសត្វ​ភ្នំតាម៉ៅ ខេត្ត​តាកែវ។ Photo Courtesy of Wildlife Care

ជុំវិញ​រឿង​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់ កញ្ញា វ៉ាន់នី ទេវី ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ពី​គម្រោង​វិនិយោគ​នេះ សូម្បីតែ​ព្រៃឈើ ជម្រក​សត្វព្រៃ កំពុង​ប្រឈម​ការ​ឈូស​ឆាយ ដោយ​មិន​គិត​ពី​អាយុជីវិត សត្វព្រៃ​ជាច្រើន​ប្រភេទ កំពុង​រស់នៅ​យ៉ាង​សុខសាន្ត នៅ​តំបន់​នោះ​។ កញ្ញា​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល លុប​គម្រោង​វិនិយោគ​ទាំងនេះ និង​ផ្តល់​ជម្រើស​វិនិយោគ​នៅ​តំបន់​ផ្សេង​៖ «សូម​ឱ្យ​រដ្ឋាភិបាល​មាន​ចំណាត់ការ​បញ្ឈប់​ឈូស​ឆាយ​ដី​ទាំងនោះ វា​ជា​តំបន់​នោះ​អភិរក្ស​សត្វព្រៃ ហើយក៏​ជា​តំបន់​មួយ​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា»

ឧទ្យាន​ជាតិ​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ មាន​ផ្ទៃដី ២ ពាន់ ៣​រយ ហិកតារ (២៣០០) ត្រូវ​បាន​ចុះបញ្ជី​ជា​តំបន់​អភិរក្ស​ពី​ក្រសួង​កសិកម្ម កាល​ពី​ឆ្នាំ ១៩៩៥ ឋិត​ក្នុង ខេត្ត​តាកែវ ។ តំបន់​អភិរក្ស​នេះ មាន​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​កំពុង​រស់នៅ និង​បង្ក​កំណើត រួមមាន ខ្លាឃ្មុំ​ច្រើន​ជាងគេ លើ​ពិភពលោក ដោយ​មាន​កម្មវិធី​បង្កាត់​កូន​ក្រពើ​ភ្នំ ឱ្យ​រស់នៅ​ក្នុង​ព្រៃ នៅ​តំបន់​នោះ ដែល​ជា​សត្វ​កម្រ​ជិត​ផុត​ពូជ។

អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​ចិញ្ចឹមសត្វ​ស្វា​ព្រៃ​ក្រវ៉ាត់ ដោយ​សង្គ្រោះ​ពី​ការ​ជួញដូរ​សត្វព្រៃ​ខុស​ច្បាប់ ហើយ​បាន​ដោះលែង​សត្វព្រៃ​ជាច្រើន​ប្រភេទ រួមមាន ទោច​ម្កុដ ស្វា​ព្រាម ប្រើស ឈ្លូស និង​ភេ ជាដើម ឱ្យ​រស់នៅ​ក្នុង​ព្រៃ​ជុំវិញ​ភ្នំ​តាម៉ៅ។ ក្រៅ​ពី​នេះ ព្រៃ​នៅ​ជុំវិញ​ភ្នំ​តា​ម៉ៅ មាន​ចំនួន​សត្វ រមាំង និង ប្រើស ច្រើនជាង​កន្លែង​ផ្សេងទៀត​នៅ​កម្ពុជា ជាពិសេស​មាន​សត្វ​ស្លាប​កម្រ​ជាច្រើន​ប្រភេទ កំពុង​ធ្វើ​សំបុក និង​បង្ក​កំណើត នៅ​លើ​ដើមឈើ។

ឧទ្យាន​ជាតិ​សួនសត្វ​ភ្នំ​តាម៉ៅ ឋិត​ក្នុង​ឃុំ​ត្រពាំងសាប ស្រុក​បាទី ខេត្ត​តាកែវ ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ៤០​គ.ម។ តំបន់​អភិរក្ស​មួយ​នេះ មាន​ប្រាង្គ​ប្រាសាទបុរាណ ព្រៃភ្នំ ធម្មជាតិ និង​ជា​សួនសត្វ​ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា ដោយមាន​ផ្ទៃដី អម​ដោយ​ព្រៃ​ព្រឹក្សា បឹង និង​អូរ​ធម្មជាតិ ផ្តល់​អំណោយផល​គាប់​ប្រសើរ​ឱ្យ​សត្វព្រៃ​រស់នៅ និង​ចិញ្ចឹម​ជីវិត​។ សួនសត្វ​ទីនោះ បាន​តាំង​បង្ហាញ ប្រភេទ​សត្វ​កម្រ​ជាច្រើន​ប្រភេទ ឱ្យ​អ្នក​ទេសចរ​ទស្សនា​រួមមាន ពស់ថ្លាន់ ក្រពើ ខ្លា តោ ដំរី ស្វា និង​ខ្លាឃ្មុំ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។