មន្ត្រី​កសិកម្ម​អះអាង​ថា​ការ​ប្រែប្រួល​អាកាស​ធាតុ​រាំង​ស្ទះ​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ

ដោយ អ៊ុំ រង្សី
2015-05-29
Share
លីអូ សេប៉ាស្ទៀន (Leo Sebastian) ទី សុគន្ធ ៦២០ អ្នក​ដឹក​នាំ​កម្មវិធី​ការ​ប្រែប្រួល​អាកាសធាតុ កសិកម្ម និង​សន្តិសុខ​ស្បៀង ប្រចាំ​តំបន់​អាស៊ី (CCAFS-SEA) លោក លីអូ សេប៉ាស្ទៀន (Leo Sebastian) និង​រដ្ឋលេខាធិការ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ទី សុគន្ធ (ស្ដាំ) ក្នុង​សិក្ខា​សាលា​ស្ដីពី​ការ​ប្រមូល​ផ្តុំ​ចំណេះ​ដឹង​វិទ្យាសាស្ត្រ សម្រាប់​ការ​ប្រែប្រួល​អាកាសធាតុ កសិកម្ម និង​សន្តិសុខ​ស្បៀង កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA/Um Rainsy

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម បាន​លើក​ឡើង​ថា ការ​ប្រែប្រួល​អាកាសធាតុ​កំពុង​ក្លាយ​ជា​កង្វល់ និង​ជា​ឧបសគ្គ​ដល់​គោល​នយោបាយ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដើម្បី​ធានា​សន្តិសុខ​ស្បៀង និង​ការ​លុប​បំបាត់​ភាព​ក្រីក្រ​នៅ​កម្ពុជា។

មន្ត្រី​កសិកម្ម​លើក​ឡើង​បែប​នេះ នៅ​ក្នុង​សិក្ខា​សាលា​ស្ដីពី​ការ​ប្រមូល​ផ្តុំ​ចំណេះ​ដឹង​វិទ្យាសាស្ត្រ សម្រាប់​ការ​ប្រែប្រួល​អាកាសធាតុ កសិកម្ម និង​សន្តិសុខ​ស្បៀង​នៅ​ទី​២៨ ខែ​ឧសភា។

ចំណាក​ស្រុក ការ​ថយ​ចុះ​មនុស្ស​ដែល​មាន​កម្លាំង​ពលកម្ម​នៅ​ក្នុង​វិស័យ​កសិកម្ម ការ​ថយ​ចុះ​គុណភាព​ដី ភាព​រាំង​ស្ងួត ទឹក​ជំនន់ និង​ខ្យល់​ព្យុះ និង​បញ្ហា​ជាច្រើន​ទៀត គឺ​ជា​ផល់​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ទៅ​លើ​វិស័យ​កសិកម្ម។

រដ្ឋលេខាធិការ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ទី សុគន្ធ បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ការ​ប្រែប្រួល​អាកាសធាតុ​ជា​បញ្ហា​ចម្បង​របស់​ពិភពលោក។ លោក​ថា ប្រទេស​កម្ពុជា មិន​មែន​ជា​ប្រទេស​ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ​នោះ​ទេ តែ​កម្ពុជា ជា​ប្រទេស​ដែល​ទទួល​រង​ឥទ្ធិពល​ពី​ការ​ប្រែប្រួល​អាកាសធាតុ។ លោក​បន្ត​ថា កម្ពុជា បាន​ប្រឈម​បញ្ហា​ភាគ​ច្រើន គឺ​គ្រោះ​រាំង​ស្ងួត គ្រោះ​ទឹក​ជំនន់ និង​ខ្យល់​ព្យុះ​ជាដើម ហើយ​ភាគ​ច្រើន​ប៉ះពាល់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​កសិកម្ម។

រដ្ឋលេខាធិការ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ជា​កត្តា​រាំង​ស្ទះ​ដល់​គោល​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ ដើម្បី​ធានា​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា។ លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រព័ន្ធ​កសិកម្ម​ប្រកប​ដោយ​ភាព​វ័យ​ឆ្លាត​ដល់​កសិករ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​ស្បៀង ឈាន​ទៅ​រក​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា៖ «ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ក្រសួង​កសិកម្ម បាន​បណ្តុះបណ្តាល​ដល់​កសិករ​ឲ្យ​ងាក​មក​ធ្វើ​កសិកម្ម​តាម​រយៈ​ការ​ធ្វើ​កសិកម្ម​តាម​ប្រព័ន្ធ​ប្រពលវប្បកម្ម ដាំ​ដំណាំ​ចម្រុះ បូក​ផ្សំ​នឹង​ការ​ចិញ្ចឹម​សត្វ ការ​ចិញ្ចឹម​ត្រី ដើម្បី​ឲ្យ​កសិករ​យើង​ទទួល​បាន​ចំណូល​ទ្រទ្រង់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ»

ចំណែក​ឯ​អ្នក​ដឹក​នាំ​កម្មវិធី​ការ​ប្រែប្រួល​អាកាសធាតុ កសិកម្ម និង​សន្តិសុខ​ស្បៀង ប្រចាំ​តំបន់​អាស៊ី (CCAFS-SEA) លោក លីអូ សេប៉ាស្ទៀន (Leo Sebastian) មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​កន្លង​មក បណ្ដា​ប្រទេស​នៅ​លើ​ពិភពលោក​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ តែ​មិន​ទាន់​មាន​លក្ខណៈ​ប្រសើរ​នោះ​ទេ។ លោក​បន្ត​ថា ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ភាគ​ច្រើន​ជា​ប្រទេស​កំពុង​អភិវឌ្ឍ មាន​ចំណូល​ទាប ហើយ​បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ដែល​រងគ្រោះ​ទាំង​នោះ​ខ្វះខាត​នូវ​សន្តិសុខ​ស្បៀង និង​មាន​ភាព​ក្រីក្រ។ លោក​បន្ត​ថា កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ទាំងអស់​គ្នា។

សិក្ខា​សាលា​ស្ដីពី​ការ​ប្រមូល​ផ្តុំ​ចំណេះ​ដឹង​វិទ្យាសាស្ត្រ សម្រាប់​ការ​ប្រែប្រួល​អាកាសធាតុ កសិកម្ម និង​សន្តិសុខ​ស្បៀង ការ​ប្រែប្រួល​អាកាសធាតុ​បង្ហាញ​ឲ្យ​ដឹង​ថា ការ​ប្រែប្រួល​អាកាសធាតុ​បណ្ដាល​មក​ពី​កត្តា​របស់​មនុស្ស តាម​រយៈ​ការ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ហើយ​បញ្ហា​នេះ​នឹង​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​របស់​មនុស្ស​នៅ​លើ​ពិភពលោក​ប្រមាណ​ជាង ៩​ពាន់​លាន​នាក់ នៅ​ឆ្នាំ​២០៥០។ លើស​ពី​នេះ ការ​ប្រែប្រួល​អាកាសធាតុ នឹង​ធ្វើ​ឲ្យ​ផលិតកម្ម​កសិកម្ម​ពិភពលោក​ថយ​ចុះ​ប្រមាណ ២០% នៅ​ឆ្នាំ​២០៥០ ខណៈ​ពិភពលោក​ត្រូវ​បង្កើត​ផលិតកម្ម​ឲ្យ​បាន ៥០% លើស​ពី​ផលិតកម្ម​នា​ពេល​បច្ចុប្បន្ន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល