សហគមន៍​ស្នើ​ឲ្យ​ក្រសួងបរិស្ថាន​លុប​បំបាត់​រោង​សិប្បកម្ម​កែច្នៃ​ឈើ និង​ដេប៉ូ​ទិញ​ឈើ

ដោយ ជាតិ ចំណាន
2017-11-25
Share
ព្រៃ​ព្រះ​រកា ព្រះវិហារ ២០១៦ ៦២២ ដើម​ឈើ​ដែល​ត្រូវ​គេ​កាប់​រំលំ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ឋិត​ក្នុង​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦
RFA/Chuop Sereyroth

ជនជាតិ​ដើម​ភាគតិច និង​អង្គការ​សង្គម​ស៊ីវិល​នៅ​ខែត្រ​ព្រះវិហារ អំពាវនាវ​ឲ្យ​ក្រសួងបរិស្ថាន លុប​បំបាត់​រោង​សិប្បកម្ម​កែច្នៃ​ឈើ និង​ដេប៉ូ​ទិញ​ឈើ ដែល​ពួកគេ​ចាត់ទុកថា ជា​ប្រភព​នៃ​វិនាសកម្ម​ព្រៃឈើ​ធ្ងន់ធ្ងរ។ អង្គការ​ពន្លក​ខ្មែរ និង​ប្រជា​សហគមន៍​ព្រៃ​ព្រះ​រកា​បាន​ចោទ​ក្រុមហ៊ុន សំអឿន សុវណ្ណ ថា​បាន​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​នៅ​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា​ជា​យូរ​មក​ហើយ ក្រោម​រូបភាព​ប្រមូល​ទិញ​ឈើ ពី​ដី​សម្បទាន​សេដ្ឋកិច្ច​មាន​លិខិតអនុញ្ញាត។

អង្គការ​ពន្លក​ខ្មែរ និង​សហគមន៍​ការពារ​ព្រៃឈើ​ព្រះ​រកា​ព្រួយបារម្ភ​ខ្លាំង ពី​បទ​ល្មើស​ដឹកជញ្ជូន​ឈើ និង​ការ​លួច​កាប់​ឈើ​ធំៗ​ក្នុង​ព្រៃ​អភិរក្ស​ព្រះរកា យ៉ាង​គគ្រឹក​គ្រេង ដើម្បី​យក​លក់​ឲ្យ​ឈ្មួញ និង​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ប្រមូល​ទិញ​ឈើ ពី​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខែត្រ​ព្រះវិហារ។ ពួកគេ​អះអាង​ថា បើ​ទោះ​បី​ជា​ព្រៃ​ព្រះ​រកា​ត្រូវ​ក្រសួង​ចុះបញ្ជី​ទទួលស្គាល់​ជា​ដែន​ជម្រក​សត្វ​ក្តី តែ​ចលនា​កាប់​ឈើ​ខុសច្បាប់​នៅតែ​កើតមាន​ធ្ងន់ធ្ងរ​នៅឡើយ។

កាលពី​ថ្ងៃ​ទី២២ វិច្ឆិកា តំណាង​អង្គការ​ពន្លក​ខ្មែរ លោក រ៉ាយ ប៊ុនធីន បាន​ថ្លែង​នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ឲ្យ​ពិនិត្យ​ពី​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន សំអឿន សុវណ្ណ មាន​អាជ្ញាប័ណ្ណ​ប្រមូល​ទិញ​ឈើ ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​លើ​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ ក្នុងស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ក៏ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ទទួល​ទិញ​ឈើ​ពី​តំបន់​ព្រៃ​ព្រះ​រកា និង​ព្រៃ​នៅ​តំបន់​ផ្សេងទៀត​ច្រើន​ខែ​មក​ហើយ។ លោក​បញ្ជាក់​ថា ឈើ​ដែល​ក្រុមហ៊ុន​ប្រមូល​ទិញ​នោះ ជា​ឈើ​ដែល​គេ​ដឹក​មក​ស្តុក​ទុក​នៅ​ស្រុក​ជ័យសែន ដើម្បី​បំប្លែង​ជា​ឈើ​ស្របច្បាប់​រួច​ដឹក​ចេញ​ក្រៅ។

មន្ត្រី​អង្គការ​ពន្លក​ខ្មែរ លោក រាយ ប៊ុនធីន ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​សន្យា​ថា នឹង​ចុះ​ពិនិត្យ​បញ្ហា​នេះ បើ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​ឈើ​នៅ​តំបន់​នោះ នឹង​អនុវត្ត​ច្បាប់៖ «នៅ​ពេល​ដែល​មាន​អាជ្ញាប័ណ្ណ​ដែល​ប្រមូល​ទិញ​ឈើ​សម្បទាន​សង្គមកិច្ច​ខ្ញុំ ហើយ​ឈើ​ដែល​ប្រមូល​ទិញ​ភាគច្រើន​គឺជា​ឈើ​ឋិត​ក្នុង​តំបន់​ការពារ​ធម្មជាតិ ឬ​ព្រៃ​ព្រះរកា​របស់​ក្រសួងបរិស្ថាន»

ក្រុមហ៊ុន សំអឿន សុវណ្ណ ទទួល​សិទ្ធិ​ប្រមូល​ទិញ​ឈើ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​លើ​ផ្ទៃដី​ជាង ៤​ពាន់ ហិកតារ (.៣៣៤.៦១) ឋិត​ក្នុងស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ខែត្រ​ព្រះវិហារ តាំងពី​ឆ្នាំ ២០១៥ ដែល​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ សហការ​សិក្សា​ពី​ផ្ទៃដី​អាច​ប្រមូល​ផល។

បណ្ដាញ​សកម្មភាព​ដើម្បី​សហគមន៍​នៅ​ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ និង​ជា​បណ្ដាញ​ការពារ​ព្រៃ​ព្រះ​រកា លោក ស៊ុត សាវ៉ន មើល​ឃើញ​ថា រោង​សិប្បកម្ម​កែច្នៃ​ឈើ បាន​រីក​ដូច​ផ្សិត​នៅ​តំបន់​ជុំវិញ​ព្រៃ​ព្រះរកា និង​នៅ​តំបន់​ព្រៃឡង់។ រោង​សិប្បកម្ម​កែច្នៃ​ឈើ​ទាំង​នោះ បាន​ប្រមូល​ទិញ​ឈើ​ពី​អ្នក​កាប់​ឈើ​ចេញពី​ព្រៃ​អភិរក្ស។ លោក​ថា រោង​សិប្បកម្ម​កែច្នៃ​ឈើ និង​ដេប៉ូ​ទិញ​ឈើ ជា​ប្រភព​បំផ្លាញ​ព្រៃឈើ​ជា​ប្រព័ន្ធ ដែល​គេ​កែច្នៃ​ឈើ​ស្រស់​ឲ្យ​ទៅជា​គ្រឿង​សង្ហារិម រួច​លក់​ទៅ​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក៖ «អ្នក​កាប់​ឈើ​ចង់បាន​លុយ គេ​លក់​ឲ្យ​កន្លែង​កែច្នៃ ហើយ​កន្លែង​កែច្នៃ​លក់​ឲ្យ​អ្នក​ផ្សេងទៀត វា​ជា​ប្រភព​នៃ​ការបាត់បង់​ព្រៃឈើ»

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ជាប់​តំបន់​ព្រៃ​ឡង់​ខែត្រ​ស្ទឹងត្រែង លោក ថាន់ វ៉ន ពុំ​មាន​ជំនឿ​ថា ក្រសួងបរិស្ថាន​មាន​សមត្ថភាព​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ ព្រោះ​មន្ត្រី​ថ្នាក់ក្រោម​របស់​ក្រសួង​នេះ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​មន្ត្រី​ខិលខូច​ភាគច្រើន​ទទួល​ប្រយោជន៍​ពី​បទ​ល្មើស។ លោក​បញ្ជាក់​ថា បើ​ទោះ​បី​ជា​ព្រៃ​ព្រះ​រកា និង​ព្រៃ​ឡង់​បាន​ចុះបញ្ជី​ជា​ដែន​ជម្រក​សត្វព្រៃ​ក្ដី តែ​ក្រសួងបរិស្ថាន​គឺ​គ្មាន​សមត្ថភាព​លប់​បំបាត់​បទល្មើស​ព្រៃឈើ​នោះ​ទេ ហើយ​បទល្មើស​នៅតែ​កើតមាន​ធ្ងន់ធ្ងរ​ឡើង៖ «សុំ​សំណូមពរ​រថា បើ​ចង់​ការពារ​ព្រៃឈើ​ឲ្យ​បាន​សូម​សម្ដេច​នាយក​ផ្លាស់ប្ដូរ ឲ្យ​ក្មេងៗ​សារ​ក្រោយ ដែល​លោកនាយក​កុំ​លើក​ឲ្យ​ពួក​នោះ​វា​ក្ដាប់​ទៅ​បាន​ហើយ បើ​ឲ្យ​ចាស់ៗ​ខួរ​ក្បាល​ចំណាស់​អស់ហើយ បើ​ថា​ឲ្យ​ពួក​នោះ​នៅ​បំផ្លាញ​ខ្ញុំ​ជឿ បើ​ថា​ឲ្យ​ពួក​នោះ​ទប់ស្កាត់​គ្មាន​ពេល​ទេ»

លោក ថាន់ វ៉ន បន្ថែម​ថា ប្រសិន​បើ​ក្រសួង និង​រដ្ឋាភិបាល​មានបំណង កាន់​បន្ថយ​បទល្មើស​ព្រៃឈើ ត្រូវ​ផ្លាស់ប្ដូរ​មន្ត្រី​ចាស់ៗ​ចេញ ហើយ​ដាក់​ជំនួស​វិញ​នៅ​យុវជន​ជំនាន់​ក្រោយ ទើប​អាច​សង្គ្រោះ​ធនធាន​ធម្មជាតិ​វិញ​បាន​ខ្លះ ព្រោះ​មន្ត្រី​ចាស់ៗ​របស់​ក្រសួងបរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ គ្មាន​ឆន្ទៈ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​តាម​តួនាទី​ទេ៖ «មន្ត្រី​ខិល​ខួច​បាន​ថា​ស្អី ដោយសារ​តែ​អា​អ្នកគ្រប់គ្រង​ច្បាប់​វា​ឡេឡឺ ដោយសារតែ​ផលប្រយោជន៍​ខ្ពស់​ពេក ដូច្នេះ​ខ្ញុំ​មិន​ជឿ​ទេ ដូច​ក្រសួងបរិស្ថាន​មិនមែន​លើ​ទេ គឺ​បរិស្ថាន​ក្រោម។ ខ្ញុំ​មិន​ជឿ ជនជាតិ​ដើម​ភាគតិច​ពួក​ខ្ញុំ​ខំ​អើយ​ខំ​ការពារ​ព្រៃឈើ មិន​ចាំបាច់​ព្រៃឈើ​ទេ ស្រុក​មាន​សង្គ្រាម​ទាហាន​គ្រប់​ជំនាន់ ក៏​ជនជាតិ​ដើម​ភាគតិច​នេះ​ដែរ តែ​បាន​លទ្ធផល​មក មិនដែល​ឃើញ​លុយ​មួយ​កាក់​មួយ​សេន ជូន​រាស្ត្រ​ទេ ហើយ​ទៅ​បំបាត់​យ៉ាងម៉េច​បើ​អ្នក​កាន់​ច្បាប់​ព្រៃឈើ​ឡើង ជា​មន្ត្រី​ធំ»

ទោះជា​យ៉ាងណា គេ​មិន​ប្រាកដ​ថា សំណូមពរ​របស់​លោក ថាន់ វ៉ន ដែល​ចង់​អោយ​មាន​ការ​ផ្លាស់ប្តូ​រ​មន្ត្រី​ចាស់​ចេញ​ហើយ​ដាក់​ជំនួស​មន្ត្រី​វ័យក្មេង​នោះ ពិត​ជា​មាន​ប្រសិទ្ធភាព​រក្សា​ការពារ​ព្រៃឈើ​បាន​នោះ​ទេ ពីព្រោះ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បច្ចុប្បន្ន លោក សាយ សំអាល់ គឺជា​រដ្ឋមន្ត្រី​យុវវ័យ ពោល​គឺ​វ័យក្មេង​ជាងគេ​ក្នុងចំណោម​រដ្ឋមន្ត្រី​ទាំងអស់។ នៅ​ពេល​លោក សាយ សំអាល់ ឡើង​កាន់​តំណែង​ដំបូង ពលរដ្ឋ និង​សហគមន៍​ការពារ​ព្រៃឈើ​សង្ឃឹមថា លោក​នឹង​ប្រើប្រាស់​ចំណេះដឹង សមត្ថភាព និង​តួនាទី​របស់​លោក​ជា​រដ្ឋមន្ត្រី​បរិស្ថាន ដើម្បី​ទប់ស្កាត់ និង​កម្ចាត់​បទល្មើស​ព្រៃឈើ​អោយ​ថយ​ចុះ ប៉ុន្តែ តាំងតែ​ពី​លោក​ឡើង​កាន់​តំណែង​ធនធាន​ព្រៃឈើ​កាន់តែ​ត្រូវ​បាន​កាប់​រំលំ​ធ្ងន់ធ្ងរ​ឡើងៗ ជាពិសេស​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម។

ថ្មីៗ​នេះ ម្ដង​ទៀតហើយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ព្រៃឈើ និង​លប់​បំបាត់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ ក្នុង​បំណង​រក្សា​សំឡេងឆ្នោត​របស់​បក្ស​កាន់អំណាច បន្ទាប់ពី​រដ្ឋាភិបាល​រំលាយ​បក្ស​សង្គ្រោះជាតិ​ដោយ​ជោគជ័យ។

ចំណែក​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ួច ឡេង ធ្លាប់​ស្នើ​ទៅ​ក្រសួងបរិស្ថាន​បិទ​រោងចក្រ​អារ​ឈើ និង​ដេប៉ូ​ទិញ​ឈើ​ទូទាំង​ប្រទេស ក្នុង​បំណង​បិទ​ផ្សារ​ប្រមូល​ទិញ​ឈើ គឺជា​ផ្នែក​មួយ​បិទ​ច្រក​សេដ្ឋកិច្ច​របស់​អ្នក​កាប់​ឈើ និង​អ្នក​រកស៊ី​ឈើ។ លោក​ថា ក្រសួងបរិស្ថាន​បាន​ចេញ​លិខិត​បិទ​សិប្បកម្ម​នៅ​តំបន់​មួយ​ចំនួន​កាលពី​ឆ្នាំ​២០១៦ ក៏ប៉ុន្តែ​វិធានការ​នេះ​ដូច​ភ្លើង​ចំបើង គឺ​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ ពីព្រោះ​គ្មាន​បង្កើន​យន្តការ​តាមដាន៖ «នៅ​ពេល​មាន​ឧទ្យានុរក្ស​កើតឡើង ចាប់​ផ្ដើម​ប្រមូល​លុយ​តែម្ដង​មួយ​គោយន្ត ១០​ម៉ឺន ជា​ផ្លូវការ​តែម្ដង ហើយ​មាន​ការ​ចូល​ដឹក​ឈើ​ចាប់​យក​លុយ»

លោក អ៊ួច ឡេង សង្កត់​ធ្ងន់​ថា ការអនុវត្ត​ច្បាប់​ព្រៃឈើ​របស់​ស្ថាប័ន​ពាក់ព័ន្ធ នៅ​តែ​ធូរ​លុង​នៅ​ឡើយ ហើយ​មន្ត្រី​រដ្ឋាភិបាល​នៅតែ​ទទួល​ផល​ប្រយោជន៍​ពី​ឈ្មួញ​ឈើ​ដដែលៗ រីឯ​រោង​សិប្បកម្ម​កែច្នៃ​ឈើ និង​ដេប៉ូ​ទិញ​ឈើ​នៅតែ​ដំណើរការ​អាជីវកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល