សង្គម​ស៊ីវិល​និង​សហគមន៍​ខេត្ត​កំពង់ធំ​គ្រោង​ដាំ​កូន​ឈើ​ប្រមាណ​២​ពាន់​ដើម​នៅ​ព្រៃ​ឡង់

ដោយ សូត សុខប្រាថ្នា
2015-07-26
Share
គល់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ៦២០ គល់​ឈើ​ដែល​ត្រូវ​បាន​គេ​ដុត​​ក្នុង​តំបន់​ព្រៃ​ឡង់ ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៥
RFA/Brach Chev

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន រួម​នឹង​ប្រជា​សហគមន៍​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ គ្រោង​នឹង​ដាំ​កូន​ឈើ​ប្រមាណ ២​ពាន់​ដើម នៅ​តំបន់​ការពារ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់។ គម្រោង​ដាំ​កូន​ឈើ​ពេល​នេះ ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ កាន់​តែ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ព្រៃ​ឈើ​ដែល​នៅ​សេសសល់ ជៀសវាង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​បន្ត​ទៀត។

យុទ្ធនាការ​ដាំ​កូន​ឈើ​នេះ​មាន​រយៈពេល ៤​ថ្ងៃ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​២៧ កក្កដា រហូត​ដល់​ថ្ងៃ​ទី​៣០ កក្កដា។ យុទ្ធនាការ​នេះ​ឈ្មោះ​ថា ទិវា​បោះ​ជំរំ​ដាំ​កូន​ឈើ ដើម្បី​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការ​យល់​ដឹង ការ​ស្រឡាញ់ និង​ការ​ការពារ​ព្រៃ​ឈើ​ដល់​មជ្ឈដ្ឋាន​ទូទៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​លើ​ពិភពលោក។

លើស​ពី​នេះ គេ​ចង់​បង្ហាញ​ដល់​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​ព្រៃ​ឈើ​ទាំងអស់ ឲ្យ​ទទួល​ស្គាល់​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ការ​បាត់បង់​ព្រៃ​ឈើ។ ជាមួយ​គ្នា​នេះ ដើម្បី​ជំរុញ​កិច្ច​អន្តរាគមន៍​ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​តាំង​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ ដើម្បី​ធានា​នូវ​កិច្ច​ការពារ​ព្រៃ​ឈើ​សេសសល់​ឲ្យ​បាន​គង់វង្ស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

នាយក​ប្រតិបត្តិ​អង្គការ​ស្ពាន​សន្តិភាព ដែល​ជា​អ្នក​ដឹក​នាំ​ការ​ដាំ​កូន​ឈើ​នោះ លោក ស៊ុម ច័ន្ទមុនី មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​១ សម្រាប់​យុទ្ធនាការ​ដាំ​កូន​ឈើ​នេះ​នៅ​តំបន់​ព្រៃ​ឡង់​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បែប​នេះ។ លោក​បន្ត​ថា នឹង​មាន​ការ​ចូលរួម​ពី​អង្គការ​ជា​ដៃគូ​មួយ​ចំនួន និង​ប្រជា​សហគមន៍​ប្រមាណ ១៥០​នាក់។ លោក​បន្ត​ថា មូលហេតុ​ដែល​ជ្រើសរើស​តំបន់​ព្រៃ​ឡង់​សម្រាប់​ដាំ​កូន​ឈើ​ប្រមាណ ២​ពាន់​ដើម​ឡើង​វិញ ព្រោះ​តំបន់​នោះ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជា​រឿយៗ​ពី​សំណាក់​ឈ្មួញ និង​ប្រជាពលរដ្ឋ។ ជាង​នេះ​ទៀត ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មួយ​ចំនួន នៅ​មិន​ទាន់​យល់​ច្បាស់​ពី​សារសំខាន់​នៃ​ព្រៃ​ឈើ​នៅ​ឡើយ៖ «ទី​មួយ គឺ​មាន​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​បន្ថែម​ទៀត និង​ទី​ពីរ យើង​កំពុង​ដាំ​ដើម​ឈើ​ឡើង​វិញ។ អ៊ីចឹង យើង​សង្ឃឹម​ថា ពួក​គេ​នឹង​ឆេះឆួល​ក្នុង​ការ​មក​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ផ្សេង​ទៀត ឲ្យ​ចេះ​ស្រឡាញ់​ដើម​ឈើ​ចេះ​ស្រឡាញ់​បរិស្ថាន​អ៊ីចឹង»

កូន​ឈើ​ទាំង​នោះ​មាន​ចម្រុះ​គ្នា ដូចជា​ប្រភេទ​កូន​ឈើ​ធ្នង់ គ្រញូង ប៉េង នាងនួន ជាដើម ហើយ​កូន​ឈើ​ទាំងអស់ នឹង​ត្រូវ​យក​ទៅ​ដាំ​នៅ​តំបន់​ដី​ព្រៃ​ការពារ​ក្បាល​ខ្លា ដែល​ជា​ព្រៃ​ការពារ​របស់​ប្រជា​សហគមន៍​ក្បាល​ខ្លា ស្ថិត​នៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់។

អាជ្ញាធរ​ស្រុក​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​សកម្មភាព​ស្ដារ​ព្រៃ​ឈើ​ឡើង​វិញ​មួយ​នេះ ឲ្យ​តែ​សកម្មភាព​របស់​គាត់​ធ្វើ​ឡើង​ដោយ​ស្មោះ​ត្រង់។

អភិបាល​ស្រុក​សណ្ដាន់ លោក អ៊ុន បុត្ត មាន​ប្រសាសន៍​ថា លោក​រីករាយ​ចំពោះ​គម្រោង​ដាំ​កូន​ឈើ ហើយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ នឹង​អញ្ជើញ​ចូលរួម​ជាមួយ​ក្រុម​អង្គការ និង​ប្រជា​សហគមន៍​ទាំង​នោះ។ លោក​បន្ត​ថា កិច្ច​ការពារ​បរិស្ថាន ពិសេស​ព្រៃ​ឈើ​ពុំ​មែន​មាន​តែ​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ទាមទារ​ឲ្យ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ចូលរួម​ដូច​គ្នា។ លោក​បញ្ជាក់​ថា ព្រៃ​តំបន់​ក្បាល​ខ្លា គឺ​សឹករិចរិល​អស់​មួយ​ភាគ​ធំ​ជា​យូរ​ណាស់​មក​ហើយ ដោយសារ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​នាំ​គ្នា​កាប់​យក​មក​ប្រើប្រាស់៖ «ពិត​ជា​មាន​គោល​បំណង​ដាំ​ដើម​ឈើ​ប្រាកដ​មែន គឺ​ល្អ​ហើយ យើង​ចូលរួម​អបអរ​សាទរ និង​ចូលរួម​ដាំ​ជាមួយ​គាត់ ប៉ុន្តែ​យើង​ព្រួយ​បារម្ភ​ខ្លាច​គាត់​ធ្វើ​ទៅ​ជា​រឿង​ផ្សេង សកម្មភាព​ផ្សេង។ យ៉ាង​ណា យើង​នឹង​តាម​ដាន​សកម្មភាព​របស់​គាត់​ដែរ»

យ៉ាង​ណា បណ្ដាញ​ស្នូល​ព្រៃ​ឡង់ លោក ហឿន សុភាព ឲ្យ​ដឹង​ថា ការ​ដាំ​កូន​ឈើ​ឡើង​វិញ គឺ​មិន​អាច​ទូទាត់​ទៅ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​បាត់បង់​បាន​ទេ ប៉ុន្តែ​វា​ជា​ចំណែក​មួយ​ដើម្បី​ដាស់​ស្មារតី​ប្រជាពលរដ្ឋ និង​អ្នក​ដែល​ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទាំងអស់ ងាក​មក​ចាប់​អារម្មណ៍​លើ​បញ្ហា​ព្រៃ​ឈើ និង​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ត​ទៅ​ទៀត។ បន្ថែម​លើ​នេះ លោក​ថា ការ​ដាំ​ដើម​ឈើ​មួយ​ឆ្នាំ​បាន​តិច​ក្តី ឬ​ច្រើន​ក្តី ក៏​អាច​ជា​ចំណែក​ការពារ​បរិស្ថាន​បាន​មួយ​ផ្នែក​ដែរ។

ដោយឡែក លោក ស៊ុម ច័ន្ទមុនី លើក​ឡើង​ដែរ​ថា ដោយសារ​ការ​បាត់បង់​គម្រប​ព្រៃ​ឈើ​យ៉ាង​ច្រើន​នា​ពេល​បច្ចុប្បន្ន ទាំង​ប្រទេស​កម្ពុជា និង​បណ្ដា​ប្រទេស​នៅ​លើ​ពិភពលោក ទើប​ធ្វើ​ឲ្យ​បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ​កើត​ឡើង​ជា​បន្តបន្ទាប់ ដូចជា​បញ្ហា​កម្ដៅ​កើន​ឡើង​ខ្លាំង គ្រោះ​ទឹក​ជំនន់ ខ្យល់​ព្យុះ គ្រោះ​រាំង​ស្ងួត ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល