ពលរដ្ឋមួយចំនួនរស់នៅខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ភ័យព្រួយពីសុវត្ថិភាពរស់នៅ ក្រោយពីក្រុមហ៊ុនចិនឈ្មោះ រ៉ុង ឆេង (Rong Cheng industrial investment Cambodia Co.,Ltd) និងក្រុមហ៊ុនចិនមួយចំនួនទៀត ដែលពួកគេមិនស្គាល់ឈ្មោះ កំពុងធ្វើអាជីវកម្មរ៉ែមាសបង្ហូរកាកសំណល់ចូលក្នុងទឹកអូរធម្មជាតិ ប៉ះពាល់ត្រី សត្វព្រៃ និងសត្វពាហនៈរបស់អ្នកស្រុកជាដើម។
ពលរដ្ឋរស់នៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឱ្យដឹងនៅថ្ងៃទី១៨ ខែធ្នូ ថា ក្រុមហ៊ុនចិនរ៉ុង ឆេង និងក្រុមហ៊ុនចិនមួយចំនួនទៀត នៅតែបន្តធ្វើអាជីវកម្មរ៉ែមាស ដោយមានសន្តិសុខយាមយ៉ាងតឹងរ៉ឹង។ ពលរដ្ឋអះអាងថា វត្តមានក្រុមហ៊ុនទាំងនេះ បង្កប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វព្រៃ ព្រោះទឹកអូរធម្មជាតិ ដែលពួកគាត់ប្រើប្រាស់ មានសារធាតុពុល។
ពលរដ្ឋរស់នៅភូមិពូទង់ ឃុំចុងផ្លាស់ លោក សាំង សារី សង្កេតឃើញថា ត្រីក្នុងទឹកអូរទេរ និងអូរធម្មជាតិមួយចំនួនទៀត បានពុលងាប់ជាបន្តបន្ទាប់ ដោយសារក្រុមហ៊ុនបង្ហូរកាកសំណល់គីមីចូលនៅរដូវវស្សា ហើយកន្លងទៅ គោ/ក្របីរបស់អ្នកស្រុកងាប់អស់រាប់រយក្បាល។ លោកថា កន្លងទៅអាជ្ញាធរធ្លាប់ចុះផ្អាក អាជីវកម្មរ៉ែមាសនៅតំបន់នោះដែរ ក៏ប៉ុន្តែមិនបានបិទអាជីវកម្មរបស់ក្រុមហ៊ុនចិនទាំងនោះទេ គឺអាជ្ញាធរត្រឹមតែហាមឃាត់ ក្រុមពលរដ្ឋ និងសហគមន៍មិនឱ្យធ្វើអាជីវកម្មរ៉ែមាសជា លក្ខណៈគ្រួសារប៉ុណ្ណោះ។ លោកបន្ថែមថា នៅតំបន់នោះ មានទីតាំងចម្រាញ់រ៉ែមាស ៦ កន្លែងដោយមានកម្មករភាគច្រើនជាជនជាតិចិន៖ «ត្រីពុលទឹកល្ងីល្ងើ ហែលទឹកស្រាប់តែកូនគាត់ចុះទឹកទៅចាប់ត្រីហ្នឹង ហើយទៅចាប់ត្រីហ្នឹងទៅវាហើមខ្លួន ហើមមុខ មាត់អស់។ ធ្លាប់ងាប់តើ គោក្របី វាប៉ះពាល់ វាពុលហើមពោះងាប់បណ្ដោយ អត់មានថា នៅយូរទេឱ្យតែហើមពោះ។ ដាក់ថ្នាំមិនត្រូវទេ កន្លងទៅងាប់រាប់រយក្បាល មួយថ្ងៃហ្នឹងមាន ៤ទៅ ១០ក្បាល អារករួចធ្វើ មិនដឹងយកសាច់ទៅណាទេ លក់ក៏លក់មិនដាច់ ហាលចោលស្អុយព្រាត»។
បុរសដដែលបារម្ភថា ក្រុមជនជាតិដើមភាគតិចនៅតែ រងទុក្ខវេទនា ជារៀងរាល់ឆ្នាំ ដោយសារផលប៉ះពាល់អវិជ្ជមាន ពីក្រុមហ៊ុនរ៉ែមាសទាំងនោះមានជាអាទិ៍ ពួកគេមិនអាចទទួលទាន ទឹកអូរធម្មជាតិបាន និងបាត់បង់ត្រីសាច់ជាដើម។ លោកថា ជីវិតរស់នៅរបស់អ្នកភូមិនៅតំបន់នោះ ឋិតក្នុងសភាពភ័យខ្លាច និងមិនហ៊ានងើបតវ៉ាប្រឆាំងក្រុមហ៊ុននោះទេ ដោយខ្លាចក្រែងអាជ្ញាធរធ្វើទុក្ខបុកម្នេញ៖ «ព្រួយបារម្ភខ្លាំងមិនថា តែខ្ញុំទេនៅកន្លែងឃុំចុងផ្លាស់ហ្នឹងពិបាកចិត្តហើយ ព្រោះវាប៉ះពាល់ដល់គោ / ក្របី ដល់មនុស្ស មិនត្រឹមតែគោ / ក្របីទេ ប៉ះពាល់ដល់មនុស្សទៀត ទាំងសត្វព្រៃអស់អាលីងហើយ អត់មានទេ»។
ពលរដ្ឋម្នាក់ទៀត រស់នៅភូមិពូហ៊ួង ឃុំចុងផ្លាស់ ថ្លែងសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា ជាច្រើនខែមកហើយ អាជ្ញាធរហាមឃាត់មិនឱ្យពលរដ្ឋ និងសហគមន៍ធ្វើអាជីវកម្មរ៉ែមាសឡើយ ក៏ប៉ុន្តែបែរជា បណ្ដោយឱ្យក្រុមហ៊ុនចិនធ្វើអាជីវកម្មរ៉ែមាស យ៉ាងគគ្រឹកគ្រេងទៅវិញ។ លោកថា ក្រុមហ៊ុនចិន កំពុងឈូសឆាយផ្លូវ ខ្វាត់ខ្វែងចូលទីតាំង អាជីវកម្មរ៉ែមាស ធ្វើឱ្យប៉ះពាល់ដើមច្បោះជ័រទឹក របស់អ្នកស្រុករាប់រយដើម៖ «ក្រុមហ៊ុនចិន ធ្វើរបងព័ទ្ធជុំវិញនៅកន្លែងគេធ្វើហ្នឹង។ បិទតែខ្មែរយើង ចិននៅធ្វើដដែល ។ ព្រួយបារម្ភច្រើន បើក្រុមហ៊ុនចេះតែចូលអ៊ីចឹង បន្តិចទៀត ខាងមុខៗអស់ដី ឥឡូវចាប់ផ្តើមជ្រៀតជ្រែករណ្ដៅជ័រទឹក បាញ់ថ្នាំ ពួកក្រុមហ៊ុនហ្នឹង»។
អាស៊ីសេរីមិនទាន់អាចទាក់ទង តំណាងក្រុមហ៊ុន រ៉ុង ឆេង លោក យៀប លូ ដើម្បីសុំការបំភ្លឺបញ្ហានេះបានទេនៅថ្ងៃទី១៨ ខែធ្នូ។
ចំណែកអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក ម៉ឹង សុចាន់ថា និងអ្នកនាំក្រសួងរ៉ែ លោក យស់ មុនីរ៉ាត់ ក៏មិនលើកទូរសព្ទដែរនៅថ្ងៃដដែលនេះ។
រីឯមេឃុំចុងផ្លាស់ លោក លាដ លឹមគុណ បដិសេធមិនអធិប្បាយបញ្ហានេះទេ ដោយលោកថា កំពុងជាប់រវល់៖ ៖ «ខ្ញុំធ្វើដំណើរតាមផ្លូវបង»។
សហគមន៍ឱ្យដឹងទៀតថា ក្រុមហ៊ុន រ៉ុង ឆេង ទទួលសិទ្ធិស្រាវជ្រាវ រ៉ែមាស ពីរដ្ឋាភិបាល លើផ្ទៃដីជិត ៣ពាន់ហិកតារ (២,៨០០) ឋិតនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សហគមន៍ចោទថា ក្រុមហ៊ុននេះ គឺជាអ្នកនៅពីក្រោយខ្នង ការស្លាប់ពលរដ្ឋជាច្រើននាក់ និងរាប់រយនាក់បញ្ជូនទៅសង្គ្រោះបន្ទាន់កាលពីពេលកន្លងទៅ ដោយសារការបង្ហូរកាកសំណល់គីមី ឬជាតិហ្សានីត ចូលក្នុងទឹកអូរធម្មជាតិ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េងលី ថ្លែងថា អាជ្ញាធរខ្វះចន្លោះច្រើនក្នុងការស៊ើបអង្កេតករណីនេះ និងមិនបានអនុវត្តច្បាប់ លើក្រុមហ៊ុនចិន ដែលអនុវត្តផ្ទុយ ពីកិច្ចសន្យាវិនិយោគនោះទេ។ លោកបារម្ភថា ពលរដ្ឋនៅតែរងគ្រោះដដែលៗ ហើយអាជ្ញាធរនៅតែរកលេសឆ្លើយដោះសារគេចពីការទទួលខុសត្រូវ៖ «បើក្រុមហ៊ុននៅតែធ្វើបន្តទៀត នឹងប៉ះពាល់ដល់ពលរដ្ឋក្នុងការរស់នៅ ជីវភាពប្រចាំថ្ងៃរបស់គាត់។ ពលរដ្ឋស្លូតត្រង់ នៅតែជួបបញ្ហាទុកលំបាករាល់ថ្ងៃ។ អ៊ីចឹងមានន័យថា ករណីនេះវាអាចឈានទៅរកការរំលោភសិទ្ធិមនុស្ស»។
កាលពីដើមឧសភា ឆ្នាំ ២០១៨ ពលរដ្ឋរស់នៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ១៩នាក់ បានស្លាប់ និងជាង ៤០០នាក់ធ្លាក់ខ្លួនឈឺ ដោយសារពុលទឹកអូរ និងទឹកព្រែកទេរ ដែលក្រុមហ៊ុនរ៉ែមាសខុសច្បាប់ទាំងនោះ បង្ហូរកាកសំណល់គីមីចូលក្នុងទឹក។ លើសពីនេះ កាលពីអំឡុង ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅ ពលរដ្ឋរស់នៅក្បែរតំបន់អាជីវកម្មរ៉ែមាសក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ជាប់ភូមិសាស្ត្រស្រុកកែវសីមា ខេត្តមណ្ឌលគិរី ២នាក់បានស្លាប់ និង ៤៨នាក់ទៀត បញ្ជូនទៅសង្គ្រោះបន្ទាន់។ ក្រសួងសុខាភិបាលបានចេញមុខប្រកាសថា បាតុភាពនេះកើតឡើងដោយសារការពុលស្រាស ទំនងជាខ្លាចក្រែងប៉ះពាល់ដល់ក្រុមហ៊ុនចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។