ក្រសួងសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះសុខភាព និងបង្ការជំងឺផ្សេងៗ ដែលបណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំង ខណៈខេត្តមួយចំនួន កំពុងជួបគ្រោះរាំងស្ងួតបណ្ដើរៗ ហើយធ្វើឱ្យប៉ះពាល់មនុស្ស សត្វ និងដំណាំកសិកម្ម។ សង្គមស៊ីវិលយល់ថា របបក្រុងភ្នំពេញ គួរតែចាប់ផ្ដើមពិនិត្យ និងជួយផ្គត់ផ្គង់ទឹក ដោយផ្ដល់អណ្ដូងទឹក និងស្ដារប្រព័ន្ធធារាសាស្ត្រ ដល់ពលរដ្ឋជាពិសេសនៅតាមតំបន់ដាច់ស្រយាល។
ក្រសួងសុខាភិបាលឱ្យដឹងថា អាកាសធាតុក្តៅខ្លាំងដែលកំពុងកើតមាន អាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដោយសារជំងឺបេះដូង សួត និងជំងឺផ្សេងៗ ដូចជាជំងឺរាក និងខ្វះចំណីអាហារ ព្រោះភាពរាំងស្ងួតមិនអាចដាំដុះបាន។
ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃទី១៦ ខែកុម្ភៈថា អាកាសធាតុក្ដៅខ្លាំងនេះ ក៏អាចបណ្ដាលឱ្យមានបញ្ហាសុខភាពផ្លូវចិត្ត ជាពិសេសជំងឺតានតឹងក្នុងផ្លូវអារម្មណ៍ ឬហៅថា ស្ត្រេស តប់ប្រមល់ និងរលាកស្បែកឡើងក្រហមៗ ជាដើម។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បញ្ជាក់ក្នុងសេចក្ដីជូនដំណឹងថា គ្រប់ៗគ្នាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសុខភាព នៅពេលដែលអាកាសធាតុឡើងក្ដៅខ្លាំង ជាពិសេសកុមារ និងជនចាស់ជរា សំខាន់ត្រូវប្រយ័ត្នពីបញ្ហាប៉ះពាល់ដល់សរសៃឈាមក្នុងខួរក្បាល ដែលអាចឱ្យពិការ ឬបាត់បង់ជីវិត។ លោកណែនាំឱ្យប្រជាពលរដ្ឋអនុវត្តវិធីការពារ ជាពិសេសត្រូវពិសាទឹក ឬទឹកដែលមានជាតិរ៉ែឱ្យបានញឹកញាប់ ស្ថិតនៅក្រោមម្លប់ ឬទីកន្លែងត្រជាក់ ជៀសវាងនៅក្រោមកម្ដៅថ្ងៃយូរពេក។ បន្ថែមពីលើនេះទៀត ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នលើបញ្ហាជំងឺរាករូស និងជំងឺឆ្លង ដែលអាចបណ្ដាលមកពីការបរិភោគទឹក ឬអាហារមិនមានអនាម័យល្អ។ ដូច្នេះសូមពិសានិងប្រើប្រាស់ទឹក ស្អាត ឬទឹកឆ្អិន និងអនុវត្តនូវអនាម័យចំណីអាហារ និងអាហារមានសុវត្ថិភាព។ ម្យ៉ាងទៀត ប្រសិនបើមានអាការៈដូចជារាក ក្អួត ក្ដៅខ្លួន និងសន្លប់ ត្រូវស្វែងរកការព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។
សេចក្ដីជូនព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយមបង្ហាញថា ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះរាំងស្ងួតហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងខែឧសភាខាងមុខនេះហើយ កម្ដៅអាចនឹងឡើងដល់ទៅជាង ៤០អង្សា ដោយសារតែកម្ពុជារងដោយប្រយោល ពីឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។ ឥទ្ធិពលនៃបាតុភូតនេះនឹងបង្កឱ្យមានភ្លៀងកក់ខែតិច មានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន ហើយរដូវវស្សានឹងចូលមកដល់យឺតជាងបណ្ដាឆ្នាំកន្លងទៅ។
មេភូមិពុទ្ទ្រា លោក យឹម សេន ឱ្យដឹងថា នៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងជួបគ្រោះរាំងស្ងួតបណ្ដើរៗ ហើយ ដោយបណ្ដាលឱ្យសត្វពាហនៈឈឺងាប់ជាបន្តបន្ទាប់ ហើយក្មេងតូចៗ ក៏ធ្លាក់ខ្លួនឈឺជាច្រើននាក់ដែរ។ លោកអំពាវនាវឱ្យរដ្ឋាភិបាលជួយបុកអណ្ដូង និងស្តារស្រះទឹកឱ្យបានជ្រៅបន្ថែមទៀត ដើម្បីទប់ទល់ជាមួយគ្រោះរាំងស្ងួត ដែលអាចកើតឡើងកាន់តែធ្ងន់ធ្ងរនៅពេលមុខ ប្រសិនបើនៅតែគ្មានភ្លៀងកក់ខែ៖ « បាទ ! ឥឡូវនេះ សត្វគោ សត្វពាហនៈ វាចាប់ផ្តើមងាប់មួយៗ ដោយសារអត់ទឹកគ្រប់គ្រាន់ ហើយមនុស្សក៏អ៊ីចឹងដែរ ជាពិសេសក្មេងៗ ឈឺច្រើនដែរ។ ទឹកនេះ វាខ្វះខាត ហើយទឹកនេះ យើងទិញគេ មិនដឹងគេដងយកមកពីត្រពាំងណា ថ្លុកណា ដើម្បីយកមកលក់ឲ្យយើង » ។
លោកបញ្ជាក់ថា គិតចាប់តាំងពីខែមករា មក មានគោក្របីប្រមាណ ១០ក្បាលហើយបានឈឺងាប់។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង សម្ដែងការសោកស្ដាយដែលអាជ្ញាធរមូលដ្ឋាន មិនបានរាយការណ៍ឱ្យលោកបានដឹងជាមុន។ លោកស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ត្រូវរាយការណ៍ជូនលោកដោយផ្ទាល់ ដើម្បីឱ្យលោកចាត់វិធានការ ជួយសង្គ្រោះទាន់ពេលវេលា៖ «យើងខ្ញុំនេះប្រឹងប្រែងណាស់ រឿងស្រាវជ្រាវរកព័ត៌មាន ដើម្បីធ្វើម៉េចជួយគាត់ កុំឲ្យមានបញ្ហា។ យើងមានមធ្យោបាយសម្រាប់ជួយគាត់ យើងមានទំនប់ ប្រឡាយ និងមានឡានសម្រាប់ដឹកទឹកជូនគាត់។ ឡានពន្លត់អគ្គីភ័យយើងនេះ នៅពេលមិនទាន់មានបញ្ហា យើងយកឡាននេះដឹកទឹកចែកជូនគាត់។ យើងធ្លាប់ធ្វើបាន កាលពីឆ្នាំ២០១៦។ វាអត់សូវស្មុគស្មាញ សំខាន់រឿងនេះ យើងអត់បានទទួលបានព័ត៌មាន»។
រីឯពលរដ្ឋនៅស្រុកស្នួល ខេត្តក្រចេះ ក៏អះអាងថា តំបន់ពួកគាត់ កំពុងខ្វះទឹកបណ្ដើរៗដែរ ដែលធ្វើឱ្យក្មេងៗ ធ្លាក់ខ្លួនឈឺ និងដំណាំកសិកម្មកំពុងក្រៀមស្វិត៖ «អណ្ដូងឥឡូវរីងទឹក ហើយជួលគេស្ដារថែមទៀត។ ក្មេងៗ គ្រុនរហូត ព្រោះពួកយើងអត់មានផ្ទះធំទេ គឺមានតែផ្ទះតៀមស័ង្កសី ហើយថ្ងៃឡើងក្ដីខ្លាំងណាស់ មិនអាចដេកបានទេ » ។
ចំណែកស្រូវប្រាំងជាច្រើនរបស់កសិករ នៅក្នុងសង្កាត់ស្រងែ ក្រុងសៀមរាប កំពុងប្រឈមនឹងខ្វះទឹកស្រោចស្រពដែរ។ ស្រូវទាំងនោះ ចាប់ផ្ដើមប្រែពណ៌ក្រហម នៅលើដីប្រេះបែកក្រហែង។
អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា និង លោក អ៊ុំ រីណា បានទេ ដោយទូរស័ព្ទរបស់លោកទាំងពីរ មិនអាចទាក់ទងបា។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ធំ លោក សុខ រដ្ឋា មានប្រសាសន៍ថា នៅតំបន់ដាច់ស្រយាល នៃខេត្តកំពង់ធំក៏កំពុងរងគ្រោះដោយអាកាសធាតុក្ដៅខ្លាំងដែរ។ លោកសង្កេតឃើញថា មានកុមារតូចៗនិងមានចាស់ជរាជាច្រើន ចាប់ផ្ដើមឈឺច្រើន និងស្វែងរកការព្យាបាល នៅតាមមណ្ឌលសុខភាព។ លោកបន្តថា ដំណោះស្រាយបន្ទាន់នោះ គឺរដ្ឋាភិបាល គួរតែយកចិត្តទុកដាក់ចំពោះស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់ដាច់ស្រយាលដែលប្រឈម ទាំងសុខភាព និងទឹកប្រើប្រាស់៖ «រដ្ឋាភិបាល ត្រូវតែមានវិធានការចាប់អារម្មណ៍ទៅដល់តំបន់ដាច់ស្រយាលឆ្ងាយៗ ជាពិសេស តំបន់ខ្វះខាតទឹក ដូចជា កំពង់ធំ កំពង់ស្ពឺជាដើម។ ម្យ៉ាងវិញទៀត រដ្ឋាភិបាល ត្រូវមានវិធានការតាមដាន និងអប់រំនៅតាមមណ្ឌលសុខភាពឲ្យបានល្អ ដូចជា មានគ្រូពេទ្យគ្រប់គ្រាន់ មានថ្នាំពេទ្យគ្រប់គ្រាន់ និងព្យាបាលដោយមិនរើសអើងជាដើម»។
លោក សុខ រដ្ឋា បន្ថែមទៀតថា សម្រាប់ផែនការរយៈពេលវែងនោះ គឺរដ្ឋាភិបាល ត្រូវទប់ស្កាត់ការ កាប់បំផ្លាញព្រៃឈើធនធានធម្មជាតិ និងត្រូវពន្លឿនរៀបចំប្រពន្ធធារាសាស្ត្រឱ្យត្រឹមត្រូវ និងមានប្រសិទ្ធភាព កុំរង់ចាំតែទឹកភ្លៀង៖ «ក្រសួងអភិវឌ្ឍជនបទ ត្រូវតែមានវិធានការចុះស្រាវជ្រាវតាមដានតំបន់ដាច់ស្រយាល ដែលមានប្រជាពលរដ្ឋរស់នៅ ហើយមានផែនការធ្វើការអភិវឌ្ឍ ទីជនបទឲ្យបានប្រសើរនៅក្នុងការផ្តល់នូវផាសុកភាពចំពោះការរស់នៅរបស់ប្រជាពលរដ្ឋ ដូចជា មានទឹកប្រើប្រាស់គ្រប់គ្រាន់ មានភ្លើង និងផ្លូវជាដើម»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាល បានត្រៀមរួចរាល់ហើយ ក្នុងការជួយប្រពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ក្នុងនោះមានដូចជាគណៈកម្មការគ្រប់គ្រង គ្រោះមហន្តរាយ និងកាកបាទក្រហមកម្ពុជាជាដើម៖ «បើតាមខ្ញុំដឹង រដ្ឋាភិបាលបានត្រៀមរួចស្រេចទៅហើយ ហើយក្រសួងធនធានទឹក មានតាំងពីឡាន មានតាំងពីអាត្រាក់ទ័រ និងគ្រឿងចក្រធំៗ សម្រាប់ជីកស្រះជួយដោះស្រាយ»។
អាស៊ីសេរី បានព្យាយាមទាក់ទងអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា ជាច្រើនលើកប៉ុន្តែលោកមិនទទួលទូរស័ព្ទ។
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានចេញសារាចរមួយកាលពីថ្ងៃទី១៧ ខែមករា កន្លងទៅ ដោយអនុញ្ញាតឱ្យកសិករធ្វើស្រូវប្រាំងបានតែ ១ដងប៉ុណ្ណោះ និងត្រូវដាំដំណាំរួមផ្សំផ្សេងទៀតដើម្បីទុកផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃ និងអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់នៅពេលចាំបាច់។
របាយការណ៍ហានិភ័យឆ្នាំ២០១៥ របស់អង្គការសហប្រជាជាតិ ឱ្យដឹងថា ប្រទេសកម្ពុជា គឺជាប្រទេសទី៩ ដែលងាយរងគ្រោះជាងគេ ដោយសារគ្រោះមហន្តរាយនៅលើពិភពលោក ដែលជាឧបសគ្គដល់ដំណើរការអភិវឌ្ឍសម្រាប់ប្រទេសនេះ។ ករណីនេះ បានធ្វើឱ្យខូចខាតដល់វិស័យសំខាន់ៗ មួយចំនួន ដូចជា កសិកម្ម សេដ្ឋកិច្ច សុខភាព និងអប់រំជាដើម។ ជាងនេះទៀត បើតាមតួលេខព្យាករណ៍របស់អង្គការសុខភាពពិភពលោក នៅរវាងពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ការប្រែប្រួលអាកាសធាតុ នឹងអាចបង្កឱ្យមានមនុស្សស្លាប់បន្ថែមប្រមាណ ២៥ម៉ឺននាក់ (២៥០.០០០នាក់) ក្នុងមួយឆ្នាំៗ ក្នុងនោះជិត ៤ម៉ឺននាក់ (៣៨.០០០នាក់) ស្លាប់ដោយសារកម្ដៅខ្លាំង ជិត ៥ម៉ឺននាក់ (៤៨.០០០នាក់) ដោយការរាករូស ៦ម៉ឺននាក់ដោយរោគគ្រុនចាញ់ និងជិត ១០ម៉ឺននាក់ (៩៥.០០០នាក់) ជាកុមារដោយសារកង្វះចំណីអាហារ។
ប្រជាពលរដ្ឋក្នុងខេត្តមួយចំនួនអះអាងថា ក្នុងដំណាក់កំពុងជួបគ្រោះរាំងស្ងួតនេះ ពួកគេមិនទាន់ឃើញរបបក្រុងភ្នំពេញ អាចជួយអ្វីដល់ប្រជាពលរដ្ឋឱ្យឃើញជាក់ស្ដែងទេ។ ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ក៏រិះគន់ថា របបក្រុងភ្នំពេញខ្វះសមត្ថភាព គ្មានចំណាត់ការច្បាស់លាស់ក្នុងការប្រើប្រាស់ទឹកឱ្យមានប្រសិទ្ធភាព ដូចជា ប្រព័ន្ធធារាសាស្ត្រ ការរៀបចំប្រព័ន្ធទឹកបង្ហូរចូលស្រែ ឬទាញដើម្បីប្រយោជន៍ដល់វិស័យកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់កសិករកម្ពុជា ខណៈដែល មានក្រសួងជាច្រើនដូចជាក្រសួងធនធានទឹក ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
