មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលធ្លាប់បានដាស់តឿនជាញឹកញាប់ឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវតែចាត់វិធានការបង្ក្រាបសកម្មភាពកាប់ឈើខុសច្បាប់គ្រប់រូបភាព នៅលើតំបន់ឧទ្យានជាតិភ្នំគូលែន ដែលជាតំបន់ប្រវត្តិសាស្ត្រ និងសំបូរទៅដោយសម្បត្តិបេតិកភណ្ឌផង។ ក៏ប៉ុន្តែតាំងតែពី ៣-៤ឆ្នាំមុន រហូតមកដល់ពេលនេះ សកម្មភាពកាប់ឈើខុសច្បាប់នៅតែបន្តកើតមាននៅតំបន់ភ្នំគូលែនដដែល។
រយៈពេល ២-៣ថ្ងៃមកនេះ បញ្ហាកាប់ឈើខុសច្បាប់ធ្វើឱ្យក្រុមប្រជាពលរដ្ឋ និងមន្ត្រីឧទ្យានុរក្សបរិស្ថាន កំពុងចោទប្រកាន់គ្នាទៅវិញទៅមក។
ប្រជាសហគមន៍ការពារឈើមួយចំនួននៅភូមិសង្កែឡាក់ នៃឃុំខ្នងភ្នំ ស្រុកស្វាយលើ បានចោទប្រកាន់មន្ត្រីបរិស្ថានម្នាក់ ថាជាអ្នកដែលជាប់ពាក់ព័ន្ធ និងការកាប់ឈើធ្វើអាជីវកម្មខុសច្បាប់នៅតាមតំបន់ខ្លះនៃភ្នំគូលែន។
ប្រជាសហគមន៍ការពារព្រៃឈើនៅភូមិសង្កែឡាក់ ម្នាក់ ក្នុងចំណោមជាច្រើនទៀត ដែលមិនហ៊ានបញ្ចេញឈ្មោះ បានអះអាងកាលពីរសៀលថ្ងៃច័ន្ទ ទី១៤ ខែកញ្ញា ថា មន្ត្រីបរិស្ថានម្នាក់ឈ្មោះ យិត ភូ មានជាប់ពាក់ព័ន្ធ និងការកាប់ឈើខុសច្បាប់ នៅម្ដុំភូមិសង្កែឡាក់ និងភូមិខ្លាឃ្មុំ នៃតំបន់ភ្នំគូលែន។
បុរសដដែលបញ្ជាក់ថា កាលពី ៤ថ្ងៃមុនសហគមន៍ការពារព្រៃឈើ បានសហការជាមួយសមត្ថកិច្ចចុះចាប់ និងរឹបអូសយកបានឈើចំនួន ៣ម៉ែត្រគូប នៅក្នុងផ្ទះមន្ត្រីបរិស្ថាននោះ៖ «មន្ត្រីបរិស្ថាន យិត ភូ គេទៅកាប់ព្រៃឈើ អារហើយ ដល់ប្រជាពលរដ្ឋទៅកាប់ផង គឺគេចាប់របស់ប្រជាពលរដ្ឋដល់ខ្លួនឯងមិនចាប់ទេ។ ខ្ញុំបានសហការជាមួយកម្លាំងស្ថាប័នផ្សេង ទៅចាប់បានឈើចំនួន ៣ម៉ែត្រគូប»។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីឧទ្យានុរក្ស បរិស្ថាន លោក យិត ភូ ដើម្បីសុំការពន្យល់ជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋបានថាយ៉ាងណានៅឡើយ។
ចំណែកប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប លោក ភួង លីណា បានទទួលស្គាល់ថា ឈ្មោះ យិត ភូ គឺពិតជាមន្ត្រីរបស់លោកមែន ក៏ប៉ុន្តែលោកបដិសេធចោលដោយថា មន្ត្រីរបស់លោកមិនជាប់ពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់ដូចការចោទប្រកាន់នោះទេ។
ប្រធានមន្ទីរបរិស្ថាន ដដែលបញ្ជាក់ថា មន្ត្រីរបស់លោកគឺជាអ្នកការពារព្រៃឈើ មិនមែនអ្នកកាប់ឈើទេ ក៏ប៉ុន្តែអ្នកភូមិទៅវិញទេដែលចូលទៅកាប់ឈើមិនបាន ហើយរកលេសចោទប្រកាន់មន្ត្រីរបស់លោក៖ «ប្រជាពលរដ្ឋកាប់ខ្លួនឯង គាត់ទម្លាក់កំហុសមកលើគេ អ៊ីចឹងខ្ញុំមិនទាន់ថាយ៉ាងម៉េចទេ ពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ប៉ុន្តែមន្ត្រីខ្ញុំ មិនមានពាក់ព័ន្ធនឹងបទល្មើសអស់ហ្នឹងឡើយ»។
យ៉ាងណាក៏ដោយ មេឃុំខ្នងភ្នំ លោក ឈឿម តាំង បានគាំទ្រចំពោះប្រជាពលរដ្ឋ ដោយលោកអះអាងថា កាលពី ៣-៤ថ្ងៃមុន គឺប្រជាពលរដ្ឋបានមកប្ដឹងរូបលោកអំពីរឿងដែលមន្ត្រីបរិស្ថានកាប់ឈើខុសច្បាប់នេះ។ លោកមេឃុំខ្នងភ្នំ បញ្ជាក់ទៀតថា បន្ទាប់ពីប្រជាពលរដ្ឋបានប្ដឹងជុំវិញរឿងដែលមន្ត្រីបរិស្ថានកាប់ឈើខុសច្បាប់នោះ គឺសមត្ថកិច្ចបានចុះទៅពិនិត្យដល់ផ្ទះ ហើយរកឃើញឈើមួយចំនួនកំពុងរក្សាទុកខុសច្បាប់នៅក្នុងបរិវេណផ្ទះរបស់មន្ត្រីបរិស្ថានរូបនោះមែន។
ច្បាប់ស្ដីពីព្រៃឈើបានចែងថា ជនណាក៏ដោយឱ្យតែកាប់បំផ្លាញព្រៃឈើ ត្រូវមានទោសដោយមិនគិតថា អ្នកនោះមានតួនាទីក្នុងរដ្ឋាភិបាល ឬក៏មិនមានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។