រដ្ឋាភិបាល «ត្រូវ​ឈប់​ឲ្យ​ឈ្មួញ​បំផ្លាញ​ធនធាន​ធម្មជាតិ» ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ការ​បម្រែបម្រួល​អាកាសធាតុ

2024.05.18
រដ្ឋាភិបាល «ត្រូវ​ឈប់​ឲ្យ​ឈ្មួញ​បំផ្លាញ​ធនធាន​ធម្មជាតិ» ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ការ​បម្រែបម្រួល​អាកាសធាតុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង​ សុផល្លែត។
រូប៖ ហ្វេសប៊ុកលោក អ៊ាង​ សុផល្លែត

សកម្មជន​បរិស្ថាន និង​អ្នកឃ្លាំមើល​ធនធាន​ធម្មជាតិ​ថា រដ្ឋាភិបាល​ត្រូវ​ឈប់​បណ្ដែតបណ្ដោយ និង​អនុញ្ញាត​ឲ្យ​ក្រុម​ឈ្មួញ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ដើម្បី​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​ជាតិ ក្នុង​ការ​បន្សាំ និង​ការ​បម្រែបម្រួល​អាកាសធាតុ។ការ​លើក​ឡើង​នេះ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រកាស​ថា កម្ពុជា​ត្រូវ​ការ​លុយ​ជាង ៧​ពាន់​លាន​ដុល្លារ ដើម្បី​បន្សាំ​និង​កាត់​បន្ថយ​ការ​បម្រែបម្រួល​អាកាសធាតុ​នៅ​កម្ពុជា។

សកម្មជន​បរិស្ថាន និង​អ្នក​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ លើក​ឡើង​ស្រដៀង​គ្នា​ថា ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​ជាតិ និង​ទៅ​ខ្ចី​បំណុល​បរទេស​រាប់​ពាន់​លាន​ដុល្លារ ចំណាយ​ទៅ​លើ​ការ​បម្រែបម្រួល​អាកាសធាតុ រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​គម្រោង​វិនិយោគ​ទាំង​ឡាយ​ណា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​បំផ្លិចបំផ្លាញ​នូវ​ធនធាន​ធម្មជាតិ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ថា រដ្ឋាភិបាល​ត្រូវ​តែ​បញ្ឈប់​រាល់​សកម្មភាព​របស់​ក្រុម​ឈ្មួញ​ឧកញ៉ា អ្នក​មាន​លុយ​មាន​អំណាច កុំ​ឲ្យ​បន្ត​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​ត​ទៅ​ទៀត ទើប​អាច​កាត់​បន្ថយ​ការ​បម្រែបម្រួល​អាកាសធាតុ និង​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​ជាតិ​ទៅលើ​ការ​ភាព​បន្សាំ​ខ្លួន​ជាមួយ​នឹង​អាកាសធាតុ​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​ខាង​មុខ។ លើស​ពី​នោះ​លោក​ថា រដ្ឋាភិបាល​ត្រូវ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​សកម្មជន​ការពារ​បរិស្ថាន ធ្វើ​យ៉ាង​ណា​រួមគ្នា​ការពារ​នូវ​ធនធាន​ធម្មជាតិ ជា​ពិសេស​ព្រៃឈើ និង ស្ដារ​ព្រៃឈើ​ឡើង​វិញ ដើម្បី​ទប់ទល់​នឹង​ការ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​បណ្ដា​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ធំ​ៗ និង​ធានា​នូវ​និរន្តរភាព​នៃ​អាកាសធាតុ​នៅ​កម្ពុជា។

លោក លី ចាន់ដារ៉ាវុត«ការ​ដែល​យើង​បាត់បង់​លុយ​ជាង​៧​ពាន់​លាន​ដុល្លារ​ហ្នឹង ហើយ​វា​ជា​ការ​ខ្ជះខ្ជាយ​លុយ​របស់​រដ្ឋ ប្រសិនបើ​យើង​រក្សា​ធនធាន​ធម្មជាតិ​យើង​បាន​ប្រហែល​ជា​យើង​មិន​ត្រូវ​ការ​លុយ​ជាង​៧​ពាន់​លាន​ដុល្លារ​នេះ​ទេ ហើយ​លុយ​ដែល​យើង​បាត់បង់​ទៅ​វា​ចូល​ទៅ​ក្នុង​ហោប៉ៅ​របស់​អ្នក​មាន​អំណាច ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ ព្រោះ​ខណៈ​លុយ​ជាង​៧​ពាន់​លាន​ដុល្លារ ដែល​យើង​ត្រូវ​យក​មក​បន្សាំ​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ យើង​នឹង​យក​ឈ្មោះ​រដ្ឋ​ទៅ​ខ្ចី ហើយ​យើង​នឹង​ជំពាក់​លុយ​គេ​ជាង​៧​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ក្នុង​ករណី​ថា គាត់​ទៅ​ខ្ចី​ពី​បរទេស»

ស្រដៀង​គ្នា​នេះ​ដែរ អ្នកស្រាវជ្រាវ និង​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង ព្រួយ​បារម្ភ​ខ្លាច​រដ្ឋាភិបាល​នឹង​ទៅ​ខ្ចី​បំណុល​ពី​បរទេស​យក​ទៅ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ដូច្នេះ​វា​នឹង​ក្លាយ​ជា​បន្ទុក​ដល់​ពលរដ្ឋ​បន្ថែម​ទៀត។ ចំណែក​រដ្ឋាភិបាល​នៅ​តែ​បន្ត​ឲ្យ​ក្រុម​ឈ្មួញ​ទាំង​នោះ​រកស៊ី​បំផ្លាញ​ធនធាន​ធម្មជាតិ ដែល​ជា​កត្តា​ឲ្យ​ប្រទេស​កម្ពុជា បម្រែបម្រួល​អាកាសធាតុ​លឿន និង​ធ្ងន់ធ្ងរ​ជាង​នេះ ហើយ​អ្នក​ដែល​នាំ​ឲ្យ​កម្ពុជា​ជួប​នូវ​បញ្ហា​ទាំង​អស់​នេះ មិន​ត្រូវ​បាន​អនុវត្ត​ច្បាប់​ទៅ​លើ​ពួកគេ​នោះ​ទេ ផ្ទុយទៅវិញ​ពួកគេ​អ្នក​ធនធាន​ធម្មជាតិ​ទាំង​នោះ​ត្រូវ​បាន​តែងតាំង​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ថែម​ទៀត។

លោក សេង សុខហេង៖ «ហើយ​ទទឹម​នេះ យើង​មើល​ឃើញ​ថា​ក្រុម​ឧក្រិដ្ឋជន​មួយ​ចំនួន​ដែល​ល្បី​ខាង​កាប់​ឈើ បំផ្លាញ​ធនធាន​ធម្មជាតិ ដែល​ជា​កត្តា​ធ្វើឲ្យ​មាន​ការ​បម្រែបម្រួល​អាកាសធាតុ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស នៅ​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក មិន​ត្រូវ​ទទួល​បាន​ការ​ដាក់​ទោស​ទណ្ឌ​ទេ ផ្ទុយ​ទៅ​វិញ​ទទួល​បាន​ការ​តែងតាំង​និង​តួនាទី​ធំ​ៗ​ជា​បន្តបន្ទាប់»

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា នៅ​ក្នុង​វេទិកា​ពិភពលោក​ស្ដី​ពី​សកម្មភាព​អាកាសធាតុ ឆ្នាំ​២០២៤ ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បាន​ប៉ាន់​ប្រមាណ​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​ការ​ថវិកា​ជាង​៧​ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ចំណាយ​ទៅ​លើ​កម្មវិធី​បន្សាំ​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ ក្នុង​នោះ​៥,៨​ពាន់​លាន​ដុល្លារ សម្រាប់​កាត់​បន្ថយ​ការ​រំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ លោក​ថា កា​បម្រែបម្រួល​អាកាសធាតុ និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ និង​បរិស្ថាន និង​ការ​បាត់បង់​ជីវចម្រុះ បណ្ដាល​ឱ្យ​មាន​ការ​ឡើង​កម្ដៅ ខ្យល់ព្យុះ ទឹកជំនន់ ភាព​រាំងស្ងួត និង​អាកាសធាតុ​មិន​ប្រក្រតី​ជា​ច្រើន​ទៀត។

ទាក់​ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​បរិស្ថាន​នៃ អង្គការ​ជេស្វីតសឺវីសកម្ពុជា​(Jesuit Service Cambodia) កញ្ញា ប៉ាញ ចិន្ដា យល់​ឃើញ​ថា បញ្ហា​បម្រែបម្រួល​អាកាសធាតុ​បច្ចុប្បន្ន​នៅ​កម្ពុជា​កាន់​តែ​អាក្រក់ ហើយ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវចម្រុះ និង​ពលរដ្ឋ​ក្រីក្រ​នៅ​តាម​ជនបទ។ កញ្ញា​ថា ដើម្បី​កាត់បន្ថយ​និង​ទប់ស្កាត់​ការ​បម្រែបម្រួល​អាកាសធាតុ រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែរក្សា​ធនធាន​ធម្មជាតិ។

កញ្ញា ប៉ាញ ចិន្ដា៖ «សូម​ឲ្យ​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ថែរក្សា​ធនធាន​ធម្មជាតិ ដើម្បី​ជា​កត្តា​មួយ​ក្នុង​ការ​រួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់​ការ​បម្រែបម្រួល​អាកាសធាតុ​កាន់​តែ​អាក្រក់​ឡើង​នៅ​ថ្ងៃ​អនាគត»

ក្នុង​រយៈពេល​ជាង ២​ទសវត្ស​មកនេះ​គឺ​ចាប់ពី​ឆ្នាំ​២០០១ រហូត​ដល់​ឆ្នាំ​២០២៣ កម្ពុជា​បាត់បង់​គម្រប​ព្រៃឈើ​រហូតដល់​ទៅ​ជិត ៣​លាន​ហិកតារ (,៨៣​លាន​ហិកតារ​ស្មើនឹង​ប្រមាណ ៣២នៃ​គម្រប​ព្រៃឈើ​សរុប​ជាង ៧​លាន​ហិកតារ​។ របាយការណ៍​របស់​សាកលវិទ្យាល័យ​ម៉ារីឡែន (Maryland ) កាលពី​ថ្ងៃទី​៤ ខែ​មេសា ដែល​បាន​ប្រមូល​ទិន្នន័យ តាមរយៈ​ប្រព័ន្ធ​ផ្កាយ​រណប​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០២៣ កម្ពុជា​បាត់បង់​ព្រៃឈើ​ជាង ១​សែន ២​ម៉ឺន​ហិកតារ (១២១.០០០) ក្នុង​តំបន់​អភិរក្ស​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​។ កត្តា​ធ្វើ​ឲ្យ​បាត់បង់​គម្រប​ព្រៃឈើ​ទាំង​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ជួប​បញ្ហា​បម្រែបម្រួល​អាកាសធាតុ មាន​ការ​ឡើង​កម្ដៅ ភ្លៀង​មិន​ទៀត​ទាត់ ខ្យល់​ព្យុះ ទឹកជំនន់ ភាព​រាំងស្ងួត​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។