ក្រុមគ្រួសារលោក ឈុត វុទ្ធី សកម្មជនបរិស្ថាន និងមន្ត្រីសង្គមស៊ីវិលប្រមាណ ៤០នាក់នាំគ្នាប្រារព្ធធ្វើខួបលើកទី៧ នៃឃាតកម្មលោក ឈុត វុទ្ធី នៅថ្ងៃទី២៦ ខែមេសានេះ។ ការធ្វើពិធីសាសនានេះ ក៏មានការឃ្លាំមើលពីសមត្ថកិច្ចមូលដ្ឋាននៅកន្លែងប្រារព្ធពិធីនោះដែរ។
ក្នុងឱកាសគម្រប់ ៧ឆ្នាំ នៃឃាតកម្មបាញ់សម្លាប់សកម្មជនបរិស្ថានដ៏ល្បីឈ្មោះ លោក ឈុត វុទ្ធី ក្រុមគ្រួសារលោក ឈុត វុទ្ធី សកម្មជនបរិស្ថាន និងមន្ត្រីសង្គមស៊ីវិលនាំគ្នាទាមទាររកយុត្តិធម៌ជូន លោក ឈុត វុទ្ធី។ មន្ត្រីសិទ្ធិមនុស្សស្នើសុំទៅសមត្ថកិច្ចនៃរបបក្រុងភ្នំពេញឱ្យធ្វើការស៊ើបអង្កេតយ៉ាងពិតប្រាកដ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
កូនប្រុស លោក ឈុត វុទ្ធី គឺលោក ឆឺយ ឧត្តមរស្មី ប្រាប់អាស៊ីសេរីថា លោកសប្បាយចិត្តដែលមានសកម្មជនបរិស្ថាន មន្ត្រីសង្គមស៊ីវិលបានចូលរួមបុណ្យគោរពវិញ្ញាណក្ខន្ធគម្រប់ ៧ឆ្នាំនៃការស្លាប់របស់ឪពុកលោក។ ជុំវិញការទាមទារយុត្តិធម៌ដល់ឪពុក កូនប្រុសច្បងរបស់លោក ឈុត វុទ្ធី រូបនេះ និយាយថា លោកគ្មានសង្ឃឹមថា រដ្ឋាភិបាលលោក ហ៊ុន សែន មានចេតនាក្នុងការស្វែងរកឃាតកពិតមកទទួលទោសនោះទេ៖ «អរគុណបងប្អូនសង្គមស៊ីវិល និងសកម្មជនបរិស្ថានទាំងអស់ ដែលបានចូលរួមពិធីថ្ងៃនេះ ទោះតិចក្ដីច្រើនក្ដីខ្ញុំសប្បាយ ខ្ញុំក៏មានសារលើកទឹកដល់អ្នកសកម្មជនបរិស្ថាន ដើម្បីសង្គមជាតិទាំងអស់ឲ្យបន្តឆន្ទៈទៅមុខទៀត»។
ពិធីបុណ្យគម្រប់ ៧ឆ្នាំនៃការបាញ់សម្លាប់ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ដែលប្រារព្ធធ្វើនៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩ នេះ គឺបានរៀបចំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាទីកន្លែងបញ្ចុះសពលោក ឈុត វុទ្ធី។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (Licadho) លោក អំ សំអាត សង្កេតឃើញថា រយៈពេល ៧ឆ្នាំមកនេះ សំណុំរឿងឃាតកម្មលើលោក ឈុត វុទ្ធី គ្មានការវិវឌ្ឍអ្វីគួរឲ្យកត់សម្គាល់នោះទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើទៅសមត្ថកិច្ចពន្លឿនការស៊ើបអង្កេតរបស់ខ្លួន៖ «មើលទៅរយៈពេល ៧ឆ្នាំហើយ ដែលភាពជឿនលឿននៃការស៊ើបអង្កេតលើលោក ឈុត វុទ្ធី នៅមិនទាន់ឃើញទេ ក្រៅពីតែការកាត់ទោសយុវជនម្នាក់ ដែលជាប់ទោសតែប៉ុន្មានខែហ្នឹង»។
លោក ឈុត វុទ្ធី ត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងរថយន្តរបស់លោកកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅចំណុចវាលបី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បន្ទាប់ពី លោក និងអ្នកកាសែតពីររូបទៀត បានចូលទៅថតរូបភាពគំនរឈើរបស់ក្រុមហ៊ុនកាប់ឈើ ដែលគេស្គាល់ឈ្មោះថា ក្រុមហ៊ុន ធីមប៊ើរ ហ្គ្រីន (Timber Green)នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។
របាយការណ៍របស់សមត្ថកិច្ចបង្ហាញថា ឃាតកបាញ់សម្លាប់លោក ឈុត វុទ្ធី គឺជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ឈ្មោះ អ៊ិន រតនា។ របាយការណ៍នោះបញ្ជាក់ថា ក្រោយបាញ់សម្លាប់ លោក ឈុត វុទ្ធី រួចហើយ អ៊ិន រតនា ក៏បានបាញ់សម្លាប់ខ្លួនឯងចំនួន២គ្រាប់។ ប៉ុន្តែក្រុមគ្រួសារលោក ឈុត វុទ្ធី និងមន្ត្រីសង្គមស៊ីវិលមិនជឿលើការអះអាងនេះទេ និងទាមទារឲ្យរបបក្រុងភ្នំពេញ បង្កើតក្រុមស៊ើបអង្កេតករណីឃាតកម្មលើលោក ឈុត វុទ្ធី ដើម្បីរកឃាតកពិត និងអ្នកនៅពី ក្រោយរឿងនេះ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន អះអាងប្រាប់អាស៊ីសេរីដឹងកាលពីថ្ងៃទី២៣ ខែមេសាថា សំណុំរឿងលោក ឈុត វុទ្ធី នៅតែស្ថិតក្នុងការស៊ើបអង្កេត។ ប៉ុន្តែមិនលោកអាចបញ្ជាក់ថា ត្រូវការពេលវេលាប៉ុន្មានទៀតនោះទេ។ លោកបន្តថា សមត្ថកិច្ចតែងតែខិតខំស្រាវជ្រាវ ដើម្បីរកការពិតនៃរឿងនេះ៖ «ចង់ជម្រាបអ៊ីចេះប្អូន ពាក់ព័ន្ធករណីឃាតកម្ម ខ្ញុំមិននិយាយថា អ្នកណាៗ ទេ ឲ្យតែប្រជាពលរដ្ឋឲ្យតែជនគ្រប់រូបរស់នៅក្នុងប្រទេសកម្ពុជា យើងសុទ្ធតែដុតដៃដុតជើងរក។ ប៉ុន្តែយើងខ្ញុំទទួលស្គាល់ថា ក្នុងមួយរយករណី យើងខ្ញុំមិនទាន់មានសមត្ថភាពបង្ក្រាបបានទាំងមួយរយករណីទេ»។
ផ្ទុយពីការអះអាងរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ កូនប្រុសលោក ឈុត វុទ្ធី គឺលោក ឆឺយ ឧត្តមរស្មី ប្រាប់ថា លោកមិនជឿលើការលើកឡើងនេះឡើយ។ លោកបន្តថា រយៈពេល ៧ឆ្នាំកន្លងមកនេះ តុលាការមិនដែលកោះហៅលោក ឬម្ដាយរបស់លោកម្ដងឡើយណាជុំវិញសំណុំរឿងឪពុករបស់លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។