អាជ្ញាធរជលផលកម្ពុជាប្រកាសបិទការនេសាទត្រីកាម៉ុង សម្រាប់រដូវនេសាទឆ្នាំ២០១៩ រហូតដល់ចុងខែមីនា ខាងមុខ។
ប្រធានរដ្ឋបាលជលផល លោក អេង ជាសាន បញ្ជាក់នៅក្នុងសេចក្ដីដំណឹងកាលពីថ្ងៃទី១៤ មករា ថា រយៈពេល ២ ខែកន្លះនេះ គឺជារដូវពងកូនបន្តពូជរបស់ត្រីកាម៉ុង “ប្លាធូ” ដែលរស់នៅក្នុងដែននេសាទសមុទ្ររបស់កម្ពុជា ដូច្នេះពលរដ្ឋដែលប្រកបរបរនេសាទនេសាទត្រីប្រភេទនេះ ត្រូវបញ្ឈប់សកម្មភាព នេសាទត្រីកាម៉ុង “ប្លាធូ” នេះ ចាប់ពីថ្ងៃទី១៥ មករា ដល់ថ្ងៃទី៣១ មីនា ជាកំហិត។
រដ្ឋបាលជលពលរំពឹងថា ពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង “ប្លាធូ” ទាំង អស់ នឹងអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ដើម្បីរួមចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រឱ្យបានគង់វង្ស។
ត្រីកាម៉ុង “ប្លាធូ” គឺជាអាហារដ៏ពេញនិយមមួយរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានលក់ស្ទើរគ្រប់ទីផ្សារនៅទូទាំងប្រទេស ហើយមានពលរដ្ឋខ្លះនិយមហៅត្រីនេះថា ជាត្រីចំហុយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
