ប្រជាពលរដ្ឋនៅស្រុកបាណន់ ខេត្តបាត់ដំបង បារម្ភពីផលប៉ះពាល់នៃការបំផ្ទុះភ្នំយកថ្មរបស់ក្រុមហ៊ុនឯកជនចំនួន៥ ដែលធ្វើឱ្យប្រេះស្រាំផ្ទះពួកគាត់ជាបន្តបន្ទាប់ ខណៈដែលអាជ្ញាធរពាក់ព័ន្ធហាក់មិនអើពើក្នុងការដោះស្រាយជុំវិញបញ្ហានេះ។ ពលរដ្ឋអះអាងថា បើសិនជាការធ្វើអាជីវកម្មថ្មភ្នំ កាន់តែខ្លាំង បណ្ដាលឱ្យរំខានដល់ជីវភាពរស់នៅរបស់ពួកគាត់ហើយនឹងបាត់បង់ភ្នំធម្មជាតិដែលពលរដ្ឋធ្លាប់អាស្រ័យផលកន្លងទៅ។
ព្រៃភ្នំធម្មជាតិជាច្រើនកន្លែងនៅស្រុកបាណន់ ត្រូវបានក្រុមហ៊ុនឯកជនបើកគ្រឿងចក្រធ្វើអាជីវកម្មថ្ម ដោយគ្មានការហាមឃាត់ពីសំណាក់អាជ្ញាធរឡើយ ដែលធ្វើឱ្យពលរដ្ឋបារម្ភថា នឹងហិនហោចព្រៃភ្នំនៅតាមតំបន់នានា។ ពលរដ្ឋសង្កេតឃើញថា ការបំផ្ទុះភ្នំយកថ្មធ្វើអាជីវកម្មនេះ ហាក់មានសន្ទុះកាន់តែខ្លាំង ដោយមិនបារម្ភពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបរិស្ថាននៅពេលខាងមុននោះឡើយ។
ប្រជាពលរដ្ឋឱ្យដឹងថា ក្រុមហ៊ុនដែលឈរជើងធ្វើអាជីវកម្មជិត ២០ឆ្នាំមកនេះ បច្ចុប្បន្នកំពុងពង្រីកឥទ្ធិពលនៅតំបន់ការដ្ឋានកិនថ្មយ៉ាងតឹងរ៉ឹងដើម្បីរឹតត្បិតមិនឱ្យជនប្លែកមុខ និងអ្នកសារព័ត៌មានចូលទៅតំបន់នោះឡើយ។ អ្នកភូមិអះអាងថា ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន ហេង ឆាតខនស្ត្រាក់សិន (Heng Chat Construction Co., Ltd.) ក្រុមហ៊ុន លឹម ម៉េង គ្រុប (LIM MENG GROUP Co., Ltd.) ក្រុមហ៊ុន តាំង ថៃឡុង (Tang Thailong Co., Ltd.) ក្រុមហ៊ុន ធី ឡុង (Thy Long) និងក្រុមហ៊ុនអ្នកមានអំណាចមួយចំនួនទៀតដែលអ្នកភូមិស្គាល់ឈ្មោះថា ថៅកែលី។
ពលរដ្ឋរងផលប៉ះពាល់ដោយសារការធ្វើអាជីវកម្មថ្មភ្នំនៅក្រោយផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ លោក ស សុខុម ឱ្យដឹងថា ផលប៉ះពាល់ពីការបំផ្ទុះភ្នំនេះបណ្ដាលឱ្យផ្ទះរបស់លោកមានការញ័រ និងប្រេះសាំងសសរផ្ទះ រួមនឹងជញ្ជាំងផ្ទះជាដើម។ លោកបន្តថា ផ្ទះដែលជួបបញ្ហាទាំងនោះភាគច្រើនជាផ្ទះដែលធ្វើពីស៊ីម៉ងត៍ ឬផ្ទះសាងសង់ពីថ្មឥដ្ឋខាងក្រោម ចំណែកខាងលើធ្វើពីឈើជាដើម។
បុរសវ័យ ៦០ឆ្នាំប្លាយរូបនេះអះអាងថា ប្រជាពលរដ្ឋចំនួន ២ភូមិគឺ ភូមិតាគ្រាម និងភូមិប៉ោយស្វាយដែលកំពុងរងផលប៉ះពាល់ ធ្លាប់លើកឡើងពីបញ្ហាទាំងនេះដល់អាជ្ញាធរពាក់ព័ន្ធ មានវេទិកាសាធារណៈម្ដងជាពីរដងរួចមកហើយ ប៉ុន្តែអាជ្ញាធរហាក់មិនខ្វល់ខ្វាយដោះស្រាយនោះទេ «ផ្ទះខ្ញុំប្រេះច្រើនខាងលើ ច្រើនកន្លែង កន្លែងខ្លះទៅក៏បិទវិញទៅ កន្លែងខ្លះទៅក៏នៅមានដូចនៅសសរផ្ទះខ្ញុំអ៊ីហ្នឹង ប្រេះការ៉ូ ប្រេះអ៊ីហ្នឹង។ ប្រេះការ៉ូបិទសសរ ហើយនៅតាមជញ្ជាំងផ្ទះអ៊ីហ្នឹងក៏នៅមានស្រាំពេញតែហ្នឹង ព្រោះពេលបំផ្ទុះម្ដងៗ សូម្បីតែទ្វាដែកក្នុងនេះរង្គើរវើកហ្មង ស័ង្កសីអីលាន់ ហើយការបំផ្ទុះនឹងមានរាល់ថ្ងៃ»។
លោក ស សុខុម ឱ្យដឹងថា ការបំផ្ទុះភ្នំនេះមានតាំងពីឆ្មាំ២០០៥ ប៉ុន្តែកាលនោះ ក្រុមហ៊ុនចាប់ផ្ដើមបំផ្ទុះនៅទិសខាងលិច ដែលមិនសូវញ័រដល់ផ្ទះរបស់លោក។ ដោយឡែក ៣ឆ្នាំចុងក្រោយនេះ ស្រទាប់ភ្នំកាន់តែស្ដើងទៅបន្តិចម្ដងៗ ធ្វើឱ្យញ័រប៉ះពាល់ផ្ទះពលរដ្ឋជាច្រើនគ្រួសារ។ លោកបន្តថា កន្លងទៅពលរដ្ឋធ្លាប់តវ៉ាបិទផ្លូវម្ដងហើយ ដោយសារតែក្រុមហ៊ុនដឹកថ្មបង្កឱ្យហុយដី និងសំឡេងរំខានដល់ការរស់នៅរបស់ពលរដ្ឋ ហើយក្រោយមកក៏បានដោះស្រាយ ដោយធ្វើផ្លូវកៅស៊ូ។ ចំណែកបញ្ហាញ័រដីប៉ះពាល់ផ្ទះពលរដ្ឋនេះមិនទាន់មានដំណោះស្រាយនៅឡើយទេ៖ «សំណូមពររបស់ខ្ញុំគ្រាន់តែចង់ឱ្យការបំផ្ទុះហ្នឹងកុំឱ្យវាញ័រខ្លាំងកាត់បន្ថយការបំផ្ទុះឱ្យនៅតិចជាងហ្នឹង ឬក៏មិនបំផ្ទុះបានរឹតតែល្អ ព្រោះប្រជាពលរដ្ឋប៉ះពាល់រឿងភាពញ័រនឹងច្រើន ច្រើនគ្នា»។
ស្រដៀងគ្នានេះ ពលរដ្ឋមា្នក់ទៀតទើបតែបញ្ចប់ការសាងសង់ផ្ទះថ្មរបស់ខ្លួនបានជាង ៣ខែ ដែលមានកម្ពស់ពីរជាន់ ជាអ្នកជិតខាងជាប់របងផ្ទះជាមួយនឹងលោក លោក សុខុម ដែរនោះ គឺលោក ប៉ុន រំដួល លើកឡើងទាំងក្ដីអស់សង្ឃឹមថា ការបំផ្ទុះភ្នំយកថ្មនេះ ធ្វើឱ្យលោក ក៏ដូចជាពលរដ្ឋផ្សេងទៀត បារម្ភពីផ្ទះរបស់ខ្លួនដែលសាងសង់ហើយថ្មីៗ រងការខូចខាត។ លោកបន្តថា ក្រុមហ៊ុនបានបំផ្ទុះថ្មរៀងរាល់ថ្ងៃ ពេលខ្លះបំផ្ទុះចាប់ផ្ដើមពីម៉ោង ១រសៀល ដល់ម៉ោង ៦ល្ងាច។
ពលរដ្ឋរស់នៅភូមិប៉ោយស្វាយរូបនេះបារម្ភថា ពេលអនាគតភ្នំធម្មជាតិ ដែលធ្លាប់តែជាកន្លែងអាស្រ័យអនុផលព្រៃឈើនឹងរងការបាត់បង់ រួមនិងបញ្ហាបម្រែបម្រួលអាកាសធាតុនឹងកើតមានឡើង៖ «វាប៉ះពាល់រឿងរង្គើផ្ទះ វាប្រេះផ្ទះហ្នឹង វាប្រេះជាក់ស្ដែងដូចផ្ទះខ្ញុំអីមើល កញ្ជក់អីប្រេះអស់ ហើយណាមួយខ្លាចតែបន្តិចទៅខ្លាចបាញ់ ចេះតែបាញ់មកហ្នឹងអស់ភ្នំ អស់អីកាច់ទំពាំង កាច់អីហូប ព្រោះព្រៃអស់ហ្នឹងសុទ្ធតែព្រៃយើងកាច់ទំពាំងកាច់អីហូប។ ហើយឥឡូវឃើញគេបាញ់ព័ន្ធៗ ភ្នំចង់អស់ហើយ។ ភ្នំមួយៗ សុទ្ធតែរបស់គេអស់ហើយ បាញ់ព័ទ្ធរបង»។
ឆ្លើយតបជុំវិញរឿងនេះ មេឃុំតាគ្រាម លោក នៃ ពៅ បដិសេធមិនឆ្លើយ ហើយចុចទូរស័ព្ទបិទនៅពេលដែលសាកសួរពីផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ដោយសារតែការធ្វើអាជីវកម្មថ្មភ្នំតាគ្រាម។ អភិបាលខេត្តបាត់ដំបង លោក សុខ លូ ក៏មិនអាចទាក់ទងបានទេ នៅថ្ងៃទី២៥ ខែសីហា ដោយសារហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ចំណែកប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង លោក កត បូរ៉ាន ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីយ៉ាងខ្លីថា មុនធ្វើអាជីវកម្មក្រុមហ៊ុនបានសិក្សាពីផលប៉ះពាល់បរិស្ថានពីក្រសួងពាក់ព័ន្ធរួចហើយ មិនមានផលប៉ះពាល់ណាមួយដល់ប្រជាពលរដ្ឋនោះទេ។
ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួល សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) នៅខេត្តបាត់ដំបង លោក យិន ម៉េងលី ប្រាប់វិទ្យុអាស៊ីសេរីថា ជុំវិញបញ្ហាធ្វើអាជីវកម្មថ្មភ្នំតាគ្រាមនេះមិនមែនជារឿងថ្មីនោះទេ ជារឿងចាស់យូរមកហើយ ប៉ុន្តែអាជ្ញាធរហាក់មិនអើពើដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ។ លោកសង្កេតឃើញថា ការអភិវឌ្ឍគ្មានបុគ្គលណាមួយហាមឃាត់នោះទេ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធគួររក្សានូវស្ថិរភាព និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ។ លើសពីនេះ លោកថា អាជ្ញាធរទាំងនោះតែងតែរត់គេចបញ្ហាដោយមិនបានដោះស្រាយជូនពលរដ្ឋឱ្យបានត្រឹមត្រូវ៖ «អ៊ីចឹងអាជ្ញាធរគាត់គប្បីតែមានវិធានការជាមួយនឹងក្រុមហ៊ុនដើម្បីធ្វើយ៉ាងម៉េចឱ្យដំណើរការអភិវឌ្ឍវាអាចដំណើរការបាន ហើយប្រជាពលរដ្ឋរស់នៅដោយសុខដុមរមនា កុំឱ្យវាមានបញ្ហា ហើយបើឃុំ ឬស្រុកដោះមិនចេញទេ យើងឋានានុក្រមគឺខេត្តទៀត យកបញ្ហាទាំងនោះមកពិភាក្សាជាមួយខេត្តមក បើសិនជាក្រុមហ៊ុននោះវាធំជាងស្រុក ធំជាងឃុំ យើងយកបញ្ហាមកជាមួយខេត្តមក»។
អ្នកភូមិឱ្យដឹងថា ភ្នំដែលគេកំពុងជីកគាស់កាយស្ទើរតែបាត់រូបរាងរួមមាន មានភ្នំតាគ្រាម ភ្នំថ្មក្រហម ភ្នំអន្សែ ភ្នំប៉ើយស្វាយ ភ្នំពពូល ភ្នំតាត្រងោល ភ្នំគូទឈ្នៀង ភ្នំដូងប្រេង និងភ្នំគល់ជាដើម។ ភ្នំធម្មជាតិទាំងនេះគឺប្រភពចំណូលយ៉ាងសំខាន់សម្រាប់ពលរដ្ឋរាប់រយគ្រួសារ និងធ្លាប់ផ្តល់ម្លប់បៃតងស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរ ប៉ុន្តែបច្ចុប្បន្នបានក្លាយជាការដ្ឋានជីកគាស់កាយ និងកិនថ្ម ដោយមានគ្រឿងចក្ររាប់សិបគ្រឿង ដឹកជញ្ជូនថ្មធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេងស្ទើរជារៀងរាល់ថ្ងៃ។ អ្នកស្រុកបាណន់ចាត់ទុកភ្នំធម្មជាតិទាំងនោះជានិមិត្តរូបភូមិកំណើតរបស់ពួកគេ ដែលពេលនេះកំពុងឈានទៅរកការបាត់បង់ទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
