នៅខេត្តព្រះសីហនុ ជំនន់ទឹកភ្លៀងនៅក្នុងស្រុកព្រៃនប់បណ្ដាលឲ្យកុមារីអាយុជាង ១ឆ្នាំម្នាក់បានស្លាប់ និងប្រជាពលរដ្ឋ ១.៩៨៨នាក់ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។ ជំនន់ទឹកភ្លៀងនេះបង្កឡើងដោយព្យុះទី១១ ឈ្មោះ នូល (Noul) ដែលបណ្ដាលឲ្យភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ចាប់តាំងពីថ្ងៃទី១៨ ខែសីហា។
របាយការណ៍បឋមរបស់អាជ្ញាធរខេត្តព្រះសីហុន បង្ហាញថា ជំនន់ទឹកភ្លៀងនៅស្រុកព្រៃនប់ បណ្ដាលឲ្យស្លាប់កុមារីម្នាក់ ជាន់លិចផ្ទះប្រជាពលរដ្ឋ ៤៧២រយគ្រួសារ ស្មើនឹងមនុស្សជិត ២ពាន់នាក់ រស់នៅក្នុងឃុំចំនួន៤ គឺឃុំព្រៃនប់ ឃុំទួលទទឹង ឃុំអណ្ដូងថ្ម និងឃុំសំរ៉ុង ស្ថិតនៅស្រុកព្រៃនប់។
រីឯស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១៩ ខែកញ្ញាថា ស្ថានភាពជំនន់ទឹកភ្លៀងបានស្រកចុះវិញជាបន្តបន្ទាប់ដោយមិនស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភទៀតនោះទេ។ លោក បញ្ជាក់ថា អភិបាលខេត្ត លោក គួច ចំរើន បានដឹកនាំកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ចុះជួយសង្គ្រោះ និងអន្តរាគមន៍នៅតាមភូមិ-ឃុំនីមួយៗ ដែលកំពុងរងគ្រោះនីមួយៗ។
អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មានប្រសាសន៍ថា ជារឿងភ្ញាក់ផ្អើលដែលឃុំមួយចំនួនក្នុងស្រុកព្រៃនប់រងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ពីព្រោះពីមុនមក មិនធ្លាប់មានករណីបែបនោះទេ។ អ្នកស្រី យល់ថា ការងាយរងគ្រោះដោយទឹកជំនន់ភ្លៀងនេះ អាចបណ្ដាលមកពីការអភិវឌ្ឍសំណងអគារផ្សេងៗ ដោយអ្នកវិនិយោគជនជាតិចិន រួមទាំងអាជ្ញាធរមិនបានស្ដារប្រព័ន្ធរំដោះទឹកឲ្យធំទូលាយសម្រាប់ទឹកហូរចាក់ចូលទៅក្នុងសមុទ្រ៖ «
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ព្យុះ នូល បានវាយលុកចូលប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ដែលធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។ សម្រាប់បណ្ដាខេត្តនៅតំបន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន រួមជាមួយខ្យល់បង្គួរអាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។ រីឯតំបន់ជាប់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើនប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ ក្រសួងជំនាញ អំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។